កម្ពុជាត្រូវការវិទ្យាស្ថាន-សារមន្ទីរស្តីអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍មួយ៖ ការបង្កើតវិទ្យាស្ថានស្លឹកនឹងបំពេញនូវតម្រូវការនេះ ព្រមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀត

ឆ្នាំ​ក្រោយ គឺជា​ខួបលើក​ទី៥០ នៃ​ការ​កាន់កាប់​ទីក្រុង​ភ្នំពេញ​របស់​កង​កម្លាំង​ខ្មែរក្រហម ដែល​រុញច្រាន​ប្រទេស​កម្ពុជាឲ្យធ្លាក់​ទៅក្នុង​នរកនារយៈ​កាលជិត​បួន​ឆ្នាំ​បន្ទាប់មក​។ ការដឹកនាំរបស់​ខ្មែរក្រហម បាន​នាំកម្ពុជាឈាន​ទៅកាន់​ទំព័រ​ប្រវត្តិសាស្ត្រឃោរឃៅ​ដ៏​សោក​សង្រេង។ យើង​អាចនឹង​មិនដែល​ដឹង​ច្បាស់អំពី​ចំនួនជាក់​លាក់​នៃ​​ប្រជាជន​កម្ពុជា​ដែល​បាន​បាត់បង់ជីវិត ប៉ុន្តែ​បើ​គ្រាន់​តែ​ក្រឡេក​មើលទៅកាន់ចំនួន​ប៉ាន់​ប្រមាណ ចំនួន​ប្រជាជន​ដែល​បាត់​បង់​ជីវិត គឺច្រើន​​លើសលប់ណាស់​ទៅហើយ។ ជាទូទៅ ប្រជាជន​កម្ពុជាទាំងអស់ ដែល​រួម​បញ្ចូល​ទាំងអតីតកម្មាភិបាល​ខ្មែរក្រហម គឺសុទ្ធសឹង​តែ​ជា​ជន​រង​គ្រោះ​នៃ​របប​ខ្មែរក្រហម។​ ខុសប្លែកពី​ឧក្រិដ្ឋកម្ម​ឃោរឃៅ​ដទៃ​ទៀត​ដែល​ប្រព្រឹត្តទៅ​នៅជុំ​វិញពិភពលោក ការ​បាត់​បង់​ជីវិត​របស់​ប្រជាជន​កម្ពុជា​នៅក្នុង​របប​ខ្មែរក្រហម​ គឺ​មិនមែន​ដោយសារ​តែការសម្លាប់​រង្គាលទាំងអស់នោះទេ។ ទោះបីជា​យ៉ាង​ណាក្តី ខណៈ​ដែល​​ព្រឹត្តិការណ៍​ឃោរឃៅនានា​កើតមានឡើង របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​បាន​ចាត់​ថ្នាក់​ថា​ជា​របប​ដ៏ព្រៃផ្សៃ​ និង​បង្កជា​ការស្លាប់​ ក៏ដូច​ជា​បន្សល់​ទុក្ខ​វិនាស​កម្ម​លើ​ជន​រងគ្រោះ​ច្រើនបង្អស់​មួយ​ក្នុង​ចំណោ​ម​ព្រឹត្តិការណ៍​ឃោរឃៅនានា​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ។

កេរដំណែល​បន្សល់​ដោយ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត គឺមិនមែនកើតមាន​តែ​ចំពោះ​ប្រជា​ជន​កម្ពុជាតែ​ប៉ុណ្ណោះទេ ក៏​ប៉ុន្តែ​ថែមទាំង​ជះឥទ្ធិពល​លើ​មនុស្ស​ជាតិទៀត​ផង។ គួរ​ឲ្យសោកស្តាយ បន្ទាប់​ពី​រយៈកាល​ជាង​ប្រាំទសវត្សរ៍​កន្លង​មក ប្រទេស​កម្ពុជា ពុំ​ទាន់​មាន «វិទ្យាស្ថាន-សារមន្ទីរ​» សមស្របមួយ ដើម្បី​រំឭកដល់​ជនរងគ្រោះ ដូចទៅនឹង​ទីតាំង​រំឭកសម្រាប់​ជន​រងគ្រោះ​​ហូឡូខសត៍ (ការសម្លាប់​រង្គាល​នៅ​អឺរ៉ុប), អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​អាមេនី, បូជនីយដ្ឋាន​រំឭក ហូឡូដូម័រ សម្រាប់​ជនរងគ្រោះពីអំពើ​ប្រល័យ​ពូជសាសន៍លើ​ជនជាតិ​អ៊ុយក្រែន និង​អំពើ​ប្រល័យពូជសាសន៍​រ៉្វាន់​ដាជាដើម។

ពិចារណា​ទៅ​លើ​ព្រឹត្តិការណ៍ដែល​កើតមាន​នៅក្នុង​អំឡុង​កាល​ដ៏​ខ្មៅ​ងងឹត​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា កម្ពុជាគួរបង្កើតជា​​ទីតាំង​ប្រកបដោយ​សោភ័ណភាព​តាមបែប​បទ​ស្ថាបត្យកម្ម ដែលទទួលស្គាល់​ជា​ផ្លូវ​ការមួយ។ ទីតាំងនេះ មិនមែនត្រឹមតែ​មាន​តួនាទីជា​បូជនីយដ្ឋាន​រំឭកអំពី​អតីតកាលតែ​ប៉ុណ្ណោះទេ ក៏​ប៉ុន្តែ​ថែម​ទាំងបម្រើ​តួនាទីជា​សារមន្ទីរមួយ ដូចទៅនឹង​សារមន្ទីរ​ដទៃទៀត ដែល​តាំងបង្ហាញ​នូវ​រូបថត និង​វត្ថុតាង​នានា។ ប្រទេស​កម្ពុជា, ជន​រងគ្រោះ និង​អ្នក​រស់​រាន​មានជីវិត​ពីរ​បប​ខ្មែរក្រហម, កូនចៅ​ជំនាន់​ក្រោយរបស់គេ​ ក៏ដូចជា​មនុស្ស​ជាតិ ត្រូវ​ការ «​វិទ្យាស្ថាន-សារមន្ទីរ​» មួយ ដែល​ផ្តល់​ជាព័ត៌មាន, ជំរុញលើក​ទឹកចិត្ត​ និង​ធ្វើ​អន្តរកម្ម​ជាមួយនឹង​អ្នក​ទស្សនា និង​អ្នក​សិក្សា​ស្រាវជ្រាវ​នៅទូទាំង​សកល​លោក។

ទីតាំងនេះ​ នឹង​ផ្តល់​ជាការពិពណ៌នា​អំពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដូចជា តើខ្មែរក្រហម​ឡើង​កាន់អំណាច​ដោយ​របៀបណា? តើ​របប​កម្ពុជា​ប្រជាធិបតេយ្យអនុវត្ត​ គោលនយោបាយ​បំផ្លិចបំផ្លាញ​សង្គម​យ៉ាង​ខ្ទេចខ្ទាំ, បន្សុទ្ធកម្ម, ជម្លោះ​ជាមួយនឹង​ប្រទេស​ជិតខាង, អំពើ​ប្រល័យពូជសាសន៍​ប្រឆាំង​នឹងជនជាតិចាម និងជនជាតិវៀតណាម និងការធ្វើទុក្ខ​បុកម្នេញ​លើ​បញ្ញវន្តយ៉ាងដូច​ម្តេច? ការ​ដួល​រលំនៃ​របប​ខ្មែរក្រហម និង​ចលនា​តស៊ូជាច្រើនឆ្នាំ​​ក្រោយ​របប​នេះដួល​រលំ រហូត​ដល់​មាន​វត្តមាន​នៃ​សន្ធិសញ្ញាទីក្រុង​ប៉ារីស និង​នៅចុងបញ្ចប់​ គឺការ​បង្ក្រាប​ចលនានិង​អង្គការ​ចាត់​តាំង​​​ខ្មែរក្រហម​ទាំងស្រុង។ ទីតាំងនេះ ក៏​នឹងបំពេញ​​តួនាទីជាវិទ្យាស្ថាន​បម្រើដល់​ការ​​សិក្សា​ស្រាវជ្រាវ ការអប់រំ ក៏ដូចជា​ការរៀបចំជា​សន្និសីទ, ពិព័រណ៍ និង​ព្រឹត្តិការណ៍​វប្បធម៌នានា។ ទីតាំងនេះ គួរតែជា​បណ្ណសារដ្ឋាន​តម្កល់​នូវ​ប្រវត្តិសាស្ត្រ​ផ្ទាល់មាត់ដែរ។ បន្ថែម​លើសពីនេះទៅទៀត ទីតាំងនេះ​ ក្តោប​បញ្ចូល​នូវកម្មវិធី​សាធារណៈ ដែល​ទាក់​ទាញ​អ្នកសិក្សាស្រាវជ្រាវជំនាញ​ ​មកផ្លាស់​ប្តូរ​​បទពិសោធន៍។ ទីតាំងនេះ នឹង​ប្រាស្រ័យទាក់ទងជាមួយ​នឹង​សហគមន៍ ព្រមទាំង​អ្នករស់រាន​មាន​ជីវិត​ពីរបប​ខ្មែរក្រហម។ មិនតែប៉ុណ្ណោះ ទីតាំងនេះ នឹងបង្កើត​ទំនាក់​ទំនង​​ជាមួយ​នឹង​វិទ្យាស្ថាន-សារមន្ទីរ ដទៃទៀត ក្នុងការចែក​រំលែក​​បទពិសោធន៍ និង​សម្របសម្រួល​ដល់​កិច្ច​ខិត​ខំ​ប្រឹងប្រែង​លើកកម្ពស់​តម្លាភាព និង​ដោះស្រាយបញ្ហា​និទណ្ឌភាព។

នៅក្នុង​ប្រទេស​កម្ពុជា មាន​ស្តូប​ និង​បូជនីយដ្ឋាន​​រំឭក​ជាច្រើន​នៅទូទាំង​ប្រទេស។ ក្នុងនោះ មាន​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ទួលស្លែង ដែល​​កម្មាភិបាល​ខ្មែរក្រហម​ភាគច្រើន​ត្រូវ​បាន​ធ្វើទារុណកម្ម​និង​សម្លាប់។ ក្នុងនាម​ជាបូជនីយដ្ឋាន​​រំឭក សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ទួលស្លែង អាច​ផ្តល់​នូវ​សាច់រឿង​មួយចម្រៀក​តូចតែ​ប៉ុណ្ណោះ នោះគឺ អ្នកទោស​ចំនួន​​ប្រមាណ ១៨ ០០០នាក់​បាន​បាត់​បង់​ជីវិត។ ដូចគ្នានឹងនេះ​ដែរ មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក (ជាទូទៅ​ គឺជា​ទីតាំង ដែល​មានតែ​ ភ្ញៀវបរទេសចាប់​អារម្មណ៍ចំពោះ​ឧក្រិដ្ឋកម្ម​ឃោរឃៅរបស់​ខ្មែរក្រហម ទៅទស្សនា​តែប៉ុណ្ណោះ) សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ទួលស្លែង បំពេញ​មុខងារ​ដ៏សំខាន់​ក្នុង​ការ​អភិរក្ស និង​អប់រំអំពីអ្វី​ដែល​បាន​កើត​មានឡើងនៅទីតាំងនេះ ក៏​ប៉ុន្តែ បើយើងពិចារណាអំពី​ស្ថាន​ទម្ងន់​នៃ​ឧក្រិដ្ឋកម្មឃោរឃៅរបបខ្មែរក្រហម សារមន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យពូជសាសន៍ទួល​ស្លែង ពុំ​អាច​​ផ្តល់​ព័ត៌មាន​ប្រកប​ដោយ​ប្រសិទ្ធភាព និង​បាន​គ្រប់​គ្រាន់​អំពី​ព្រឹត្តិការណ៍ទាំង​មូល​ ដូចធនធាន​ដែល «​វិទ្យាស្ថាន-សារមន្ទីរ​» ស្តីពី​ឧក្រិដ្ឋកម្ម​ទ្រង់ទ្រាយ​ធំនិង​អំពើ​ប្រល័យ​ពូជសាសន៍អាច​ផ្តល់​ជូន។

កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬសាលាក្តី​ខ្មែរក្រហម ក្នុង​ការ​ស្រាយ​បំភ្លឺអំពី​ឧក្រិដ្ឋ​កម្មឃោរឃៅដែល​ប្រព្រឹត្តទៅ និង​នាំយក​មេ​ដឹកនាំ​ជាន់​ខ្ពស់​នៃរបប​ខ្មែរក្រហម​ដែល​នៅរស់រាន​មាន​ជីវិត មកកាត់​ទោស ជំរុញឲ្យមាន​មតិយល់​ឃើញ​ផ្សេងៗគ្នា ពីព្រោះថា​តុលាការ និង​សវនាការ អាច​​​ផ្តល់ត្រឹម​តែ​ជា​ការពិតអំពីប្រវត្តិសាស្ត្រ​ក៏ប៉ុន្តែ​មិនអាច​ដោះស្រាយលើ​បញ្ហា​ប្រឈមនានា។ សរុបមក ដែន​សមត្ថកិច្ច​របស់​អង្គជំនុំ​ជម្រះវិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ នៅមាន​កម្រិត គឺត្រឹម​រយៈកាល​បន្ទាប់ពីការ​កាន់​កាប់ទីក្រុងភ្នំពេញ​ដោយ​កងកម្លាំង​ខ្មែរក្រហម​ក្នុង​ឆ្នាំ​១៩៧៥ និង​នៅពេល​របប​ខ្មែរក្រហម​ដួល​រលំទៅនៅក្នុង​ឆ្នាំ​១៩៧៩ គឺជាពេល​ដែល​ខ្មែរក្រហម​បាន​រត់​ភៀស​ខ្លួនទៅកាន់​ព្រំដែន​ថៃតែប៉ុណ្ណោះ។ សំណុំ​រឿង​ទាំងអស់​នៅក្នុង​អង្គជំនុំ​ជម្រះត្រូវបាន​ដាក់​កំហិត​ឲ្យ​នៅក្នុងតែ​រយៈកាល​នេះ។ ដើមបណ្ដឹង​រដ្ឋ​ប្បវេណី ដែល​បាន​ផ្តល់​សក្ខីកម្ម​នៅក្នុង​សវនាការ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចែក​រំលែក​រឿងរាវ​ផ្ទាល់​ខ្លួន​តែបន្តិច​បន្តួច។ ដោយសារមាន​តែ​សំណុំ​រឿ​ងបួនករណី (ហើយ​មាន​តែ​ពីរ​សំណុំរឿង ​ដែល​បាន​ឆ្លងកាត់​សវនាការ) យើង​មិនអាចអះអាងថា បណ្ណសារឯកសារ​របស់​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជាអាច​រៀបរាប់​សាច់​រឿង​ឲ្យ​បាន​ពេញលេញទេ ទោះបីជា​ឯកសារ​ទាំងនោះ​មានសារសំខាន់​ក៏ពិតមែន។ យើង​ក៏​មិនអាច​អះអាងដែរថា សំណង​ជា​និមិត្តរូប សម្រេច​ដោយ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​ទទួល​បាន​ការ​សាទរ អាច​ផ្តល់​ជា​បរិក្ខា​និង​ទីតាំង​សម្រាប់​ថែរក្សា​ការចងចាំ និង​កេរដំណែល​នៃ​ឧក្រិដ្ឋកម្មឃោរឃៅរបស់​ខ្មែរក្រហម​ដែរ។ គួរ​ជាទីស្ញប់ស្ញែងចំពោះការបង្កើតជា​មជ្ឈមណ្ឌលធនធាន​ ដែល​ជា​ផ្នែក​មួយ​នៃ​កេរដំណែល​របស់​ អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដើម្បី​បន្ត​ពង្រីក​ការងារ​ផ្សព្វផ្សាយ និងអប់រំរបស់​ខ្លួន។ មជ្ឈមណ្ឌល​ធនធាន​នេះ ពិតជា​មានតម្លៃ​សម្រាប់​អ្នកជំនាញ​ និង​អ្នក​សិក្សា​ស្រាវជ្រាវ ក៏ប៉ុន្តែ អាណត្តិ និងសមត្ថភាពនៃ​​មជ្ឈមណ្ឌលធនធាន​នេះ នៅមានកម្រិត​នៅឡើយ។

មជ្ឈមណ្ឌលឯកសារកម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ​១៩៩៥ ដោយ​អ្នក​សិក្សា​ស្រាវជ្រាវមកពី​សាកល​វិទ្យាល័យ​ យ៉េល ក្រោមជំនួយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។ ដំបូង​ឡើយ មជ្ឈមណ្ឌលឯកសារ​កម្ពុជា ត្រូវ​បានបង្កើត​ឡើង​ ដើម្បី​ប្រមែប្រមូល​ចងក្រង​ឯកសារ​ដើម​ និង​វត្ថុតាង​ដែល​ពាក់​ព័ន្ធ​ទៅនឹង​អំឡុង​សម័យកាល​កម្ពុជា​ប្រជាធិបតេយ្យ ពីឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។ ក្រោយមក មជ្ឈមណ្ឌលឯកសារ​កម្ពុជា បាន​ប្រែក្លាយ​ខ្លួនទៅជា​ស្ថាប័នឯករាជ្យ​​ស្របច្បាប់​មួយ​នៅក្នុង​ឆ្នាំ​១៩៩៧។ មជ្ឈមណ្ឌលឯកសារ​កម្ពុជា បាន​ប្រមែប្រមូល​ចង​ក្រង តម្កល់នូវ​ឯកសារ​ស្តីពី​របប​ខ្មែរក្រហមជាច្រើន​លើ​សលប់ ក្នុង​នោះ​រួមមាន​ សក្ខីកម្ម និង​ប្រវត្តិសាស្ត្រ​ផ្ទាល់​មាត់​របស់​អ្នក​រស់​រាន​មានជីវិត​ពី​របប​ខ្មែរក្រហមជាដើម។ អមជាមួយ​នឹង​កម្មវិធីផ្សព្វផ្សាយគួរ​ជាទី​​ស្ងើចសរសើរ ក្នុង​ការ​បញ្ជ្រៀប​ចំណេះដឹង និង​បណ្តុះ​បណ្តាល​យុវជន-យុវនារី​កម្ពុជា​ នៅតាម​មូលដ្ឋាន​ទូទាំង​ប្រទេស​កម្ពុជា មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក៏​បាន​រៀបចំជា​សន្និសីទ​និង​ពិព័រណ៍នានា។ កម្មវិធីសិក្សា​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌលឯកសារ​កម្ពុជា ផ្តល់​ជា​ព័ត៌មាន​សព្វ​ជ្រុងជ្រោយ និងគាំពារ​ដល់​កម្មវិធី​អប់រំ​នៅ​សាលារៀន​សាធារណៈ ក៏ដូចជា​សកម្មភាព​លើកកម្ពស់​ការយល់​ដឹង​ជា​សាធារណៈ​នៅទូទាំង​ប្រទេស។ យើងអាច​និយាយ​ដោយ​សាមញ្ញបានថា មជ្ឈមណ្ឌលឯកសារ​កម្ពុជា បាន​ផ្តល់​ជា​សេវាកម្មជាច្រើន ដែលជា​តួនាទី​ «​​វិទ្យាស្ថាន-សារមន្ទីរ»។

សមត្ថភាព និង​បរិក្ខា​របស់​មជ្ឈមណ្ឌលឯកសារ​កម្ពុជានា​ពេល​បច្ចុប្បន្ន នៅមាន​កម្រិត​នៅឡើយ។ មជ្ឈមណ្ឌលឯកសារ​កម្ពុជា ក៏​បាន​យល់​ច្បាស់​អំពី​ចំណុច​នេះដែរ។ អាស្រ័យហេតុនេះ មជ្ឈមណ្ឌលឯកសារ​កម្ពុជា បាន​ចំណាយ​រយៈពេល​ជាច្រើនឆ្នាំលើ​គម្រោង «វិទ្យាស្ថាន-សារមន្ទីរ» ​ដ៏មោះមុត និង​ប្រកបដោយ​សោភ័ណភាពមួយ នោះគឺ វិទ្យាស្ថាន​ស្លឹករឹត។ បន្ថែម​ពីលើ​មុខងារ​ជា​បណ្ណសារ​ដ្ឋាន​តម្កល់​ឯកសារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា វិទ្យាស្ថាន​ស្លឹក​រឹត នឹង​រួម​បញ្ចូលនូវ​បណ្ណាល័យ, គ្រឹះស្ថាន​ឧត្តមសិក្សា​ស្តីពីអំពើប្រល័យពូជសាសន៍ និងសិទ្ធិមនុស្ស, មជ្ឈមណ្ឌល​ស្រាវជ្រាវ, មជ្ឈមណ្ឌលព័ត៌មាន​ និងសាល​សហសម័យ។ វិទ្យាស្ថាន​ស្លឹករឹត​ មានឆន្ទៈ​ឈានទៅសម្រេចបាន​តួនាទីជា «មជ្ឈមណ្ឌលនាំមុខ​គេ​ក្នុង​ទ្វីបអាស៊ី ដែល​សិក្សា​ស្រាវជ្រាវ​ប្រៀបធៀប វិភាគ និង​ពន្យល់​បកស្រាយអំពី​អំពើ​ប្រល័យពូជសាសន៍, ជម្លោះ​ និង​សិទ្ធិមនុស្ស» នៅក្នុង​ទីតាំងមួយដែល «ក្រសោប​បញ្ចូលគ្នា​នូវ​ការ​ចងចាំ, ការ​ធ្វើ​ឲ្យជាសះស្បើយ​ និង​ការស្តារ​ឡើង​វិញនូវ​តម្លៃ​និង​សោភ័ណភាពដ៏​អមតៈ​នៃមនុស្ស​ជាតិ​នៅក្នុង​ទ្វីបអាស៊ី»។ ជារួម បេសកកម្ម​របស់ ​វិទ្យាស្ថានស្លឹករឹត គឺ «បង្កើន​ការ​យល់​ដឹង​ និង​ចំណេះ​ដឹងរបស់​មនុស្សជាតិទៅលើ​ប្រធាន​បទនៃ​ឧក្រិដ្ឋ​កម្មឃោរឃៅ និង​នីតិរដ្ឋ» តាម​រយៈ​អ្នក​ជំនាញ, កម្មវិធី​អប់រំ, សេវាកម្ម, កម្មវិធី​សិក្សា​ស្រាវជ្រាវ, កម្មវិធីលើក​កម្ពស់​ការយល់​ដឹងទូទៅរបស់​មនស្ស និង​ឯកសារ​ប្រវត្តិសាស្ត្រ​ដែល​អាច​ទាញ​យក​បាន​តាម​ប្រព័ន្ធ​អនឡាញជា​សាធារណៈ។

វិទ្យាស្ថាន​ស្លឹករឹត អាច​នឹង​ត្រូវចំណាយ​រយៈពេល​ជាច្រើន​ឆ្នាំ​មុននឹងអាច​លេចចេញជារូបរាង។ ការអនុវត្ត​នូវ​គម្រោង​ការនេះ ទាមទារនូវ​ការ​រៀបចំផែនការ​ល្អិតល្អន់ និង​ធនធាន​ហិរញ្ញវត្ថុ ក៏ដូចជា​ការគាំទ្រពី​សំណាក់​រាជរដ្ឋា​ភិបាល​កម្ពុជា និង​សហគមន៍​អន្តរជាតិ។ អស់រយៈកាលជាង​មួយទសវត្សរ៍ទៅហើយ ចាប់តាំងពី​លោក ឆាំង យុ ដែល​ជា​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ប្រកាស​អំពីគម្រោង​ វិទ្យាស្ថាន​ស្លឹករឹតនេះ។ លោក​បាន​ខិត​ខំស្វះស្វែង និងបាន​ជំរុញ​ទឹកចិត្ត​​លោក​ស្រី ហ្សាហា ហាឌីដ ស្ថាបត្យករដ៏​មហស្ចារ្យ​និង​​ឈ្នះពានរង្វាន់​ជាច្រើនលើ​ពិភពលោក ឲ្យ​រចនាគម្រោងនេះ ដោយ​មិនគិត​កម្រៃ។ ជាអកុសល គម្រោងនេះ​​ ហាក់​ដូចជា​នៅនឹងទ្រឹ​ង ឬមាន​ការវិវត្ត​ទៅមុខ​ដូចជា​ជំហានសត្វ​​ខ្យង។

បញ្ហា​រាំងស្ទះ គឺជា​រឿង​ធម្មតា។ កិច្ចខិតខំ​ប្រឹងប្រែងជំរុញ​ឲ្យគម្រោង​ប្រភេទនេះ​ចាប់​ផ្តើមបាន កុំ​ថាឡើយ​បញ្ច​ប់​ចប់​សព្វគ្រប់ គឺជា​កាតព្វកិច្ច​ដ៏​មហិមាមួយ។ អមជាមួយនឹង​ការគាំទ្រ​និង​ទទួល​ស្គាល់​ជា​ផ្លូវ​ការ ព្រមទាំងទទួល​ហិរញ្ញប្បទាន​ពី​អ្នក​ឧបត្ថម្ភបរទេស ក៏ដូចជា​តាំងទីនៅក្នុង​ទីប្រជុំជន​ធំមួយនៅក្នុង​ទីក្រុង និង​ងាយស្រួល​សម្រាប់​ការ​ចូលទស្សនា​ វិទ្យាស្ថាន​ស្លឹករឹត គឺជា​សេចក្តីសង្ឃឹម​ដ៏​ប្រពៃ​បំផុត សម្រាប់ «​វិទ្យាស្ថាន-សារមន្ទីរ» ស្តីអំពី​​​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ដែលកើតមាន​ក្នុង​ប្រទេស​កម្ពុជា។

តើនេះគឺជាពេលវេលា​សក្តិសម​សម្រាប់​កម្ពុជា ក្នុងការរៀបចំបង្កើតជា​វិទ្យាស្ថាន-សារមន្ទីរ​ ដែល​បម្រើ​ដល់​ការ​ចងចាំអំពី​កេរដំណែល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ហើយឬនៅ? ចម្លើយនោះគឺ វត្តមាន​នៃ​ស្ថាប័នសារមន្ទីរនេះ គឺចាំបាច់​និង​គួរតែកើតឡើង​ភ្លាមៗ។ ពេលវេលា​គឺជា​លក្ខខណ្ឌ​ចាំបាច់​បំផុត។ នេះគឺជា​ឱកាសដ៏​សក្តិសម​បំផុត​​ក្នុង​ការ​បង្កើតជា​វិទ្យាស្ថាន​ស្លឹករឹតនេះឡើង ខណៈ​ដែល​មនុស្ស​មួយ​ជំនាន់​ដែល​បាន​រស់រាន​មានជីវិតពីរបប​ខ្មែរក្រហមនៅមានអាយុជីវិត​នៅឡើយ ហើយ​ដែល​កំពុង​ឃ្លាត​ចាក​ពីយើង​ទៅជា​បន្ត​បន្ទាប់​។ រាជរដ្ឋាភិបាលកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តី​ថ្មី​នៃ​ព្រះរាជាណាចក្រ ក៏ដូចជា​សហគមន៍អន្តរជាតិ គឺជា​បុគ្គល​ដ៏​ចាំ​បាច់​ក្នុងការ​គាំទ្រ​ និង​ផ្តល់​ជាជំនួយ​ដល់​ការ​បង្កើត​ និង​និរន្តរភាព​នៃ​វិទ្យាស្ថាន​ស្លឹករឹត។

អត្ថបទ ៖ ម៉ៃឃើល ជី. ខាណាវ៉ាស មេធាវីការពារក្តីព្រហ្មទណ្ឌ​អន្តរជាតិ និងជាសហមេធាវីការពារក្តីរបស់​ អៀង សារី និង ​មាស មុត

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖