គម្រោងសូត្រចាម ឬ ពណ៌នៃការចងចាំ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដាក់តាំងបង្ហាញផលិតផល ក្នុងវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៥ ក្រោមមូលបទ៖ «អាស់សាលាមូអាណៃគុមកម្ពុជា» គោលដៅប្រកបដោយសុវត្ថិភាព ភាពកក់ក្ដៅ និងទំនុកចិត្ត

ពីថ្ងៃទី៩ ដល់១១ ខែតុលា ឆ្នាំ២០២៥ ផលិតផលនៃគម្រោង«សូត្រចាម» ឬ «ពណ៌នៃការចងចាំ» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ក៏ចូលរួមចំណែកដាក់តាំងបង្ហាញស្នាដៃសិល្បៈតម្បាញក្រណាត់សូត្រ ដែលបង្កើតឡើងជា ក្បូរក្បាច់ រចនាបថ ជាគោមដ៏ស្រស់ស្អាត និងពណ៌ ដោយស្រ្តីជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ជនជាតិចាម រស់នៅក្នុងខេត្តកំពង់ចាម នៃវេទិកាតាំងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៥ ក្រោមមូលបទ៖ «អាស់សាលាមូអាណៃគុមកម្ពុជា» ក្នុងគោលដៅប្រកបដោយសុវត្ថិភាព ភាពកក់ក្ដៅ និងទំនុកចិត្ត នៅក្នុងបរិវេណនៃវិហារអាល់សារកាល់ ឬ វិហារឥស្លាមបឹងកក់។

គោលបំណងនៃគម្រោងសូត្រចាម គឺចង់បង្ហាញពីបេតិកភណ្ឌវប្បធម៌ និងពហុវប្បធម៌ ប្រពៃណី របស់ជនជាតិចាម ការប្រកបមុខរបរពីជីដូនជីតា បន្តមកកូនចៅជនជាតិចាមក្នុងបច្ចុប្បន្ន និងវត្ដមានដែលសេសសល់តាមរយៈការចងចាំ និងអាចរចនាឡើងវិញបានទៅជាក្រណាត់សូត្រ ផលិតដោយដៃ និងលក្ខណៈពិសេសក្នុងការជ្រលក់ពណ៌ជាដើម។ គម្រោងសូត្រចាម ក៏បានចូលរួមជួយផ្សព្វផ្សាយមួយផ្នែកនៃសក្តានុពលទេសចរណ៍សម្រាប់ទីផ្សារទេសចរមូស្លីម, បើកចំហជើងមេឃទទួលភ្ញៀវគ្រប់ទិសទីទាំងអ្នកទេសចរ និងអ្នកវិនិយោគ​ក្នុងវិស័យទេសចរណ៍ និងការផ្ដល់បដិសណ្ឋារកិច្ចដើម្បីភាពងាយស្រួលដល់ទេសចរមូស្លីម, ពិនិត្យលទ្ធភាពរបស់ភាគីពាក់ព័ន្ធដើម្បីត្រៀមខ្លួនបំពេញនូវតម្រូវការដែលកំពុងកើនឡើងសម្រាប់ទីផ្សារទេសចរមូស្លីម, និងលើក​ទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធដើម្បីបង្កើត​ និងអនុវត្តយុទ្ធសាស្រ្តសម្រាប់ជំរុញ​កំណើនទេសចរណ៍ប្រកបដោយបរិយាបន្ន និងនិរន្តរភាពនៅកម្ពុជា។

ក្នុងពិធីកាត់ខ្សែបូសម្ពោធស្ដង់ពិព័រណ៍ទេសចរណ៍មូស្លីម និងការអញ្ជើញមកដល់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កិច្ចដំបូងនៃវេទិកា គឺអ្នកសម្រួលសម្របតម្រូវឱ្យអ្នកចូលរួមទាំងអស់ធ្វើការស្មិងស្មាធិ៍ គោរពដឹងគុណចំពោះវីរពលីដែលបានបូជាជីវិតនៅក្នុងសមរភូមិជម្លោះកម្ពុជា-ថៃ នៅចន្លោះពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ បន្ទាប់មក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ចាប់ផ្ដើមថ្លែងសុន្ទរកថា ដោយការគោរពដឹងគុណដល់វីរកងទ័ពដែលបានពលីជីវិតនៅក្នុងសមរភូមិ និងវីរកងពលដែលកំពុងឈរជើងនៅតាមខ្សែបន្ទាប់ព្រំដែន ការពារដែនអធិបតេយ្យភាពកម្ពុជា។ ឯកឧត្តម បានថ្លែងថាភ្ញៀវទេសចរមូស្លឹមតម្រូវឱ្យមានការគិតគូរដោយយកចិត្តទុកដាក់លើបញ្ហាផ្សេងៗ ដូចជា អាហារដ្ឋានហាឡាល់ កន្លែងថ្វាយបង្គំ កន្លែងស្នាក់នៅ និងជាពិសេសបន្ទប់ទឹកគឺត្រូវមានភាពស្រស់ស្អាត ប្រកបដោយអនាម័យជាដើម។

ក្រៅពីនោះ ម្ចាស់អាជីវកម្មបានចូលរួមចែករំលែកអំពីបទពិសោធន៍នៃភាពជោគជ័យ និងកាលានុវត្តភាពក្នុងវិស័យទេសចរណ៍, ការត្រៀមទទួលលក្ខណៈសម្បត្តិទេសចរមូស្លីម និងការផ្ដល់សេវាកម្ម ដើម្បីទាក់ទាញសក្ដានុពលទេសចរមូស្លីម។ ផ្សាភ្ជាប់និងការផ្តល់សេវាកម្ម និងទាក់ទាញសក្តានុពលទេសចរមូស្លីម អ្នកស្រី សូ ហ្វារីណា នាយិការងនៃមជ្ឈមណ្ឌលឯកសាកម្ពុជា បានចែករំលែកក្នុងកិច្ចពិភាក្សាថា​ គម្រោងសូត្រចាម ឬ ពណ៌នៃការចងចាំ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានត្រៀមខ្លួនជាស្រេច ក្នុងការស្វាគមន៍ទេសចរណ៍ ដោយរៀបចំការិយាល័យកណ្តាលស្ថិតនៅទីក្រុងភ្នំពេញ និងនៅតាមបណ្ដាខេត្តចំនួន៣ទីតាំង មានដូចជា៖ ខេត្តកំពង់ចាម, ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ និង ស្រុកបុរីអូរស្វាយ-សែនជ័យ។

បន្ទាប់ពីកិច្ចពិភាក្សាត្រូវបានបញ្ចប់អ្នកចូលរួមបានទស្សនាស្តង់ពិព័រណ៍ជាច្រើន ដូចជាស្តង់ពិព័រណ៍ម្ហូបអាហារហាឡាល់ ផលិតផលក្នុងស្រុក សិប្បកម្ម សេវាកម្ម អាជីវកម្ម និងស្តង់ពិព័រណ៍ផលិតផលតម្បាញ«សូត្រចាម» ឬ «ពណ៌នៃការចងចាំ»។ ពណ៌ និងរចនាបថក្រណាត់សូត្រចាម បានធ្វើឱ្យភ្ញៀវជនជាតិចាម ដែលមានអាយុចាប់៥០ឆ្នាំឡើងទៅ រំឭកពីការចងចាំនៃសំពត់សូត្រដែលគាត់ធ្លាប់ស្លៀក ឬជាសំពត់កេររបស់ជីដូនរបស់គាត់បន្សល់ជូនកូនចៅជំនាន់ក្រោយ។

គួររំឭកផងដែរថាគម្រោង «សូត្រចាម» ឬ «ពណ៌នៃការចងចាំ» ត្រូវបានបង្កើតឡើងដោយមជ្ឈ មណ្ឌលឯកសារកម្ពុជា នៅក្នុងឆ្នាំ២០២១ ដែលគាំទ្រផ្នែកហិរញ្ញវត្ថុដោយទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលរបស់ប្រទេសតួកគី (TIKA) តាមរយៈស្ថានទូតតួកគីប្រចាំកម្ពុជា។ គោលបំណងនៃគម្រោងនេះគឺដើម្បីថែរក្សាស្នាដៃត្បាញសូត្រ ការប្រើប្រាស់ពណ៌ និងគោម តាមរយៈការចងចាំរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអាចបង្កើតប្រាក់ចំណូលសម្រាប់សហគមន៍។ គោលដៅគម្រោងសូត្រចាមនេះ គឺធ្វើយ៉ាងណាឱ្យមានការរំឭកឡើងវិញ និងទទួលស្គាល់អំពីស្នាដៃតម្បាញនេះ ទាំងក្នុង និងក្រៅប្រទេស។

អត្ថបទ៖ មីន សាណាស់ អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖