ខ្ញុំឈ្មោះ អ៊ុន ហ៊ីង អាយុ៥៨ឆ្នាំ កើតនៅភូមិជំនុំពល ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម (ខេត្តត្បូងឃ្មុំ)។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិឃុំដដែល។ ខ្ញុំមានឪពុកឈ្មោះ មី អ៊ុន ស្លាប់រយៈពេល៣ឆ្នាំមកហើយដោយសារចាស់ជរា និងម្តាយឈ្មោះ អាត ស្លាប់។ ខ្ញុំមានបងប្អូនចំនួន៤នាក់ គឺស្រី៣នាក់ និងប្រុសម្នាក់ ហើយខ្ញុំគឺជាកូនទីពីរនៅក្នុងគ្រួសារ។ ខ្ញុំបានរៀបការជាមួយប្តីឈ្មោះ ជូរ និងមានកូនចំនួនពីរនាក់ គឺស្រីម្នាក់ និងប្រុសម្នាក់។
កាលពីកុមារខ្ញុំមិនបានរៀនសូត្រទេ ព្រោះពេលនោះប្រទេសមានសង្គ្រាម។ នៅពេលខ្មែរក្រហមឡើងកាន់អំណាច ខ្មែរក្រហមបានចូលមកប្រមូលទ្រព្យសម្បត្តិដាក់ជាសមូហភាព និងបង្កើតជាសហករណ៍ក្នុងភូមិជំនុំពល ឃុំជាំតាម៉ៅ ស្រុកមេមត់។ ខ្មែរក្រហមបង្កើតកងកុមារ កងចល័តយុវជន-យុវនារី កងពូៗ កងមីងៗ និងកងចាស់ៗ គឺមើលថែកុមារក្នុងភូមិ។
នៅក្នុងភូមិ មានគ្រូបង្រៀនម្នាក់ឈ្មោះ នាថ តែងតែប្រមូលកុមារចំនួន១០ ទៅ ១៥នាក់ ឱ្យចូលរៀនក្រោមដើមចាន់គិរី ប៉ុន្តែកុមារក្នុងសម័យខ្មែរក្រហមរៀនតិចជាងធ្វើការងារ។ ខ្ញុំនិងកុមារផ្សេងទៀត រៀនតែមួយម៉ោងតែប៉ុណ្ណោះក្នុងមួយថ្ងៃ ក្រៅពីនោះត្រូវចេញទៅដកស្មៅនៅស្រែ បាចជីស្រូវ កាប់ដើមទន្ទ្រានខែត្រ ប្រមូលលាមកសត្វ និងលាមកមនុស្សទុកធ្វើជី។ នៅវេលាម៉ោង១១ព្រឹក សំឡេងកញ្ចែតែងតែបន្លឺឡើងដើម្បីឱ្យកុមារក្នុងភូមិត្រៀមកាន់ចាន ស្លាបព្រាយកទៅបើករបបបាយ ឬបបរ។ ខ្ញុំកាន់ចានរត់ទៅបើកបាយលាយជាមួយផ្លែចេក ដោយឡែកឪពុកម្តាយខ្ញុំបានចេញទៅធ្វើការឆ្ងាយពីភូមិ ហើយល្ងាចទើបគាត់ត្រឡប់មកដល់ផ្ទះ។
នៅឆ្នាំ១៩៧៧ ខ្មែរក្រហមជម្លៀសគ្រួសារខ្ញុំ និងប្រជាជនផ្សេងទៀតចេញពីភូមិជំនុំពល ឃុំជាំតាម៉ៅ ឱ្យទៅរស់នៅភូមិស្រែស្រណុក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។ នៅទីនោះ ខ្មែរក្រហមចាត់តាំងឪពុកម្តាយខ្ញុំឱ្យធ្វើការក្នុងកងចល័ត កាប់ឆ្ការព្រៃ និងរានដីធ្វើស្រែ។ នៅខែវស្សាមានភ្លៀងធ្លាក់ច្រើន ខ្មែរក្រហមបង្ខំឪពុកខ្ញុំទៅភ្ជួររាស់ ម្តាយខ្ញុំដកសំណាប និងស្ទូងស្រូវ ជាមួយកងចល័តមកពីតំបន់ផ្សេង ចំណែកខ្ញុំខ្មែរក្រហមចាត់តាំងឱ្យឃ្វាលក្របី។ ខ្ញុំខ្លាចព្រៃដែលស្ងាត់ជ្រងំខ្លាំងណាស់ ដូច្នេះខ្ញុំមិនហ៊ានដើរទៅណាឆ្ងាយពីក្មេងៗឃ្វាលក្របីដូចគ្នាឡើយ។ រហូតដល់ពេលព្រលប់ទើបខ្ញុំ និងក្មេងៗនាំគ្នាដេញក្របីចូលក្រោលវិញ។
នៅឆ្នាំ១៩៧៨ ខ្មែរក្រហមជម្លៀសគ្រួសារខ្ញុំ និងប្រជាជនផ្សេងទៀតពីភូមិស្រែស្រណុក ដោយគ្រួសារខ្ញុំមិនបានយកស្រូវ អង្ករ ឬសម្ភារមានតម្លៃទៅជាមួយឡើយ។ គ្រួសារខ្ញុំយកអង្ករបានតែមួយឪទឹនលាក់ក្នុងបង្វិចខោអាវ។ ខ្ញុំដើររយៈពេលពីរយប់ពីរថ្ងៃទើបទៅដល់ភូមិវាលកន្សែង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ពេលទៅដល់ទីនោះ ឪពុកខ្ញុំទៅកាប់កូនឈើតូចៗ និងកាប់ស្លឹកទ្រាំងប្រក់រោងតូចមួយដើម្បីជ្រកភ្លៀងបណ្តោះអាសន្ន។ ខ្ញុំត្រូវខ្មែរក្រហមបង្ខំឱ្យធ្វើការធ្ងន់ធ្ងរគ្មានពេលឈប់សម្រាក ចំណែករបបអាហារក្នុងមួយថ្ងៃ ខ្ញុំទទួលបានបបរមួយកាតែប៉ុណ្ណោះ ទើបធ្វើឱ្យរាងកាយខ្ញុំស្គម គ្មានកម្លាំង រហូតខ្ញុំធ្លាក់ខ្លួនឈឺមិនបានចេញទៅដកស្មៅនៅស្រែដូចកុមារផ្សេងទៀត។ ឈ្មោះ ផៃ គឺជាប្រធានកងកុមារនៅភូមិវាលកន្សែង ឃុំកំពង់ដំរី ស្រុកឆ្លូង បានប្រជុំ និងស្រង់វត្តមានកុមារមកធ្វើការរាល់ថ្ងៃ ដោយឡែកខ្ញុំមិនបានទៅធ្វើការ ពេលដល់ម៉ោងខ្ញុំទៅបើកបបរនៅសហករណ៍ ត្រូវឈ្មោះ ផៃ ចាប់ខ្ញុំវាយជាមួយរំពាត់ផ្តៅ និងបង្អត់អាហារមួយថ្ងៃ។ ផៃ និយាយទៅកាន់កងកុមារថា មនុស្សខ្ជិលធ្វើការងារ ពុតត្បុតធ្វើជាឈឺ ពេលដល់ម៉ោងមកបើករបប ដូច្នេះយើងត្រូវធ្វើទារុណកម្មលើមិត្ត ហ៊ីង (ខ្ញុំ) ទុកជាគំរូដល់អ្នកនៅក្នុងកងកុំឱ្យប្រព្រឹត្តតាម។ បន្ទាប់ពី ផៃ វាយធ្វើទារុណកម្មរួច ខ្ញុំដើរទៅរោងតូចមួយរង់ចាំម្តាយត្រឡប់មកពីធ្វើការវិញ។ រហូតដល់ព្រលប់ម្តាយរបស់ខ្ញុំមកដល់ ហើយពេលឃើញខ្ញុំមានស្លាកស្នាមរំពាត់ពេញខ្លួន គាត់បានយំឱបខ្ញុំ បន្ទាប់មកគាត់ទៅរកថ្នាំមកលាបលើរបួសរបស់ខ្ញុំ។ ម្តាយខ្ញុំសួរខ្ញុំថា តើឈឺទេកូន? អ្នកណាវាយកូន? ខ្ញុំបានរៀបរាប់ប្រាប់ម្តាយតាមដំណើររឿង ហើយម្តាយខ្ញុំបានត្រឹមអាណិតប៉ុន្តែមិនអាចធ្វើអ្វីប្រធានកងកុមារបានឡើយ។ ម្តាយរបស់ខ្ញុំបានប្រាប់ខ្ញុំឱ្យស៊ូទ្រាំ ព្រោះមិនយូរទេយើងនឹងចាកចេញពីកន្លែងនេះ។ រយៈពេលប្រហែលមួយសប្តាហ៍ក្រោយមក ជំងឺខ្ញុំបានធូរស្រាល ហើយអាចទៅធ្វើការដូចមុន។
មិនយូរប៉ុន្មាន ខ្មែរក្រហមជម្លៀសប្រជាជនចេញពីសហករណ៍ ព្រោះកងទ័ពស្ម័គ្រចិត្តវៀតណាមវាយសម្រុកចូលមក ធ្វើឱ្យយោធាខ្មែរក្រហមមិនអាចទប់ទល់ជាប់។ យោធាខ្មែរក្រហមកៀរប្រជាជនទៅដល់ឃុំកំពង់គ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានចំនួនពីរថ្ងៃ ស្រាប់តែបាក់ទ័ពរត់គេចខ្លួនបាត់អស់ ដូច្នេះខ្ញុំធ្វើដំណើរត្រឡប់មកភូមិកំណើតវិញ។ ខ្ញុំដើរតាមផ្លូវដល់ភូមិប្រមា ឃុំដំរំផុង ទើបជួបកង០៩ របស់រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម ហើយកង០៩បានចែកស្រូវឱ្យខ្ញុំនិងប្រជាជនក្នុងម្នាក់ៗពីរប៉ោត។ ពេលមកដល់ភូមិកំណើត ឪពុកម្តាយខ្ញុំរំលែកស្រូវមួយចំណែកទុកហូបព្រោះយើងខ្វះខាតខ្លាំង និងមួយចំណែកទៀតទុកសម្រាប់ធ្វើពូជ។
អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



