ធុយ លី ៖ បងប្អូនបង្កើត៤នាក់ត្រូវខ្មែរក្រហមសម្លាប់ ព្រោះជាប់ពាក់ព័ន្ធជាមួយទាហាន លន់ នល់

ខ្ញុំឈ្មោះ ធុយ លី អាយុ៨២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិជើងទឹក «ក» សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ខ្ញុំគឺជាអតីតមន្ត្រីក្រសួងផែនការ (ចូលនិវត្តន៍)។ កាលពីមុន ខ្ញុំគឺជាសិស្ស និងបានប្រឡងបញ្ចប់ថ្នាក់នៅសម័យសង្គមរាស្ត្រនិយម ប៉ុន្តែពេលរបបខ្មែរក្រហមឡើងគ្រប់គ្រងប្រទេស ខ្មែរក្រហមចាត់តាំងខ្ញុំឱ្យធ្វើស្រែដូចប្រជាជនទូទៅ។ សព្វថ្ងៃខ្ញុំមានប្រពន្ធឈ្មោះ វ៉ម ស៊ីវ៉ន អាយុ៧៣ឆ្នាំ គឺជាស្ត្រីមេផ្ទះ។ ប្ដីប្រពន្ធខ្ញុំរៀបការនៅក្នុងឆ្នាំ១៩៧២ ហើយសព្វថ្ងៃមានកូនចំនួន៥នាក់ គឺប្រុស៣នាក់ និងស្រី២នាក់។ កូនៗរបស់មានមុខរបររៀងៗខ្លួន ដូចជា អ្នកលក់ដូរ គ្រូបង្រៀន មន្ត្រីឥណទាន និងមន្ត្រីក្រសួងផែនការ។

រាល់ថ្ងៃ ខ្ញុំនៅតែចងចាំមិនភ្លេចអំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម គឺការបាត់​បង់បងប្អូនបង្កើតរបស់ខ្ញុំជាច្រើននាក់ និងត្រូវរស់នៅក្នុងរបបដ៏វេទនា និងគ្មានសិទ្ធិសេរីភាព។ ខ្ញុំមានបងប្អូនបង្កើតសរុប១៣នាក់ ប៉ុន្តែបានស្លាប់អស់៦នាក់ ក្នុងនោះ២នាក់បានស្លាប់ក្នុងសម័យសង្គមរាស្ត្រនិយម និងបងប្អូនប្រុស៤នាក់ទៀតត្រូវខ្មែរក្រហសម្លាប់ ព្រោះជាប់ពាក់ព័ន្ធសែស្រឡាយទាហានក្នុងរបប លន់ នល់។ សម័យនោះ ប្រសិនបើខ្ញុំមិនបានចាកចេញពីស្រុកកំណើតទៅរស់នៅភូមិផ្សេងទេ បងប្អូនបង្កើតប្រុសៗទាំង៥នាក់ក្នុងគ្រួសារខ្ញុំ ពិតជាត្រូវខ្មែរក្រហមសម្លាប់ចោលទាំងអស់ជាមិនខាន។

កាលពីដំបូង ខ្ញុំរស់នៅទីក្រុងភ្នំពេញ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានប្រកាសជម្លៀសខ្ញុំ និងប្រជាជនដទៃទៀតដោយភូតកុហកថា «អាមេរិកនឹងមកទម្លាក់គ្រាប់បែក ដូច្នេះត្រូវចាកចេញតែរយៈពេលមួយសប្តាហ៍តែប៉ុណ្ណោះ»។ នៅអំឡុងពេលធ្វើដំណើរមកដល់វត្តនិរោធ (បច្ចុប្បន្នវត្តនិរោធរង្សី) ខ្ញុំបានឃើញកម្មាភិបាលខ្មែរក្រហមសរសេរអក្សរលើក្តារខៀនថា ប្រមូលអ្នកដែលមានស័ក្តិ ចាប់ពីស័ក្តិ១ឡើងទៅ។ ប្រជាជនខ្លះបានចាញ់ឧបាយកលនេះ ដោយយល់ច្រឡំថា អង្គការហៅទៅប្រគល់​ការងារឱ្យធ្វើវិញ ទើបនាំគ្នាទៅចុះឈ្មោះទាំងត្រេកអរ រួមទាំងអ្នកដែលមិនធ្លាប់ធ្វើការពីមុនមកដែរ ប៉ុន្តែជាលទ្ធផល អ្នកដែលទៅចុះឈ្មោះទាំងនោះត្រូវអង្គការប្រមូលយកទៅសម្លាប់ចោលទាំងអស់។

ខ្ញុំបានធ្វើដំណើរតាមផ្លូវជាតិលេខ១ និងឆ្លងកាត់ទៅស្រុកពារាំង និងស្រុកពោធិ៍រៀង ដោយដើរយឺតៗរង់ចាំអង្គការហៅឱ្យត្រឡប់ចូលទៅភ្នំពេញវិញ។ ប៉ុន្តែជាច្រើនថ្ងៃកន្លងផុតទៅ ខ្ញុំគ្មានសង្ឃឹមទាល់តែសោះ។ តាមផ្លូវ អង្គការបានសួរនាំពីប្រវត្តិរូប និងមុខរបររបស់ខ្ញុំ ហើយខ្ញុំបានឆ្លើយថា «ខ្ញុំនៅរៀន»។ ខ្ញុំធ្វើដំណើរទាំងយប់ទាំងថ្ងៃ គឺយប់ត្រង់ណាសម្រាកត្រង់នោះតែម្តង។ ខ្ញុំដើររហូតដល់ស្រុកពោធិ៍រៀង និងបានសម្រាក២ថ្ងៃនៅទីនោះ ទើបខ្ញុំបន្តដំណើរទៅដល់ស្រុកកំណើតដោយចំណាយពេលធ្វើដំណើររយៈពេលមួយខែ។ ពេលទៅដល់ស្រុកកំណើត អង្គការបានជម្លៀសខ្ញុំឱ្យទៅរស់នៅភូមិត្រពាំងតាមោក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងបង្ខំខ្ញុំឱ្យកាប់ដើមឈើ និងលើកភ្លឺស្រែ។

នៅឆ្នាំ១៩៧៦ អង្គការបានជម្លៀសប្រជាជននៅក្នុងភូមិខ្ញុំទៅ «តំបន់ដីខ្លាញ់» និងមានប្រជាជន ជាច្រើននាក់បានស្លាប់នៅទីនោះដោយសារអង្គការយកទៅសម្លាប់។ ប៉ុន្តែសំណាងល្អ ខ្មែរក្រហមមិនបានជម្លៀសខ្ញុំទៅទេ ព្រោះពេលនោះខ្ញុំបានផ្លាស់ទៅរស់នៅនិងធ្វើការនៅភូមិព្រៃកន្លោង ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ មានពូម្នាក់នៅភូមិព្រៃកន្លោង ដែលត្រូវជាមិត្តភក្តិរបស់ឪពុកខ្ញុំ បានដាស់តឿនខ្ញុំមិនឱ្យនិយាយស្តីអ្វីទាំងអស់ដែលនាំឱ្យប៉ះពាល់ដល់អង្គការ ។ ចាប់ពីថ្ងៃនោះមក ខ្ញុំរក្សាភាពស្ងៀមស្ងាត់ជានិច្ច។ ពេលសម្រាកពីការងារ ឬពេលទៅឃ្វាលគោ ខ្ញុំតែងតែនៅឆ្ងាយពីអ្នកឯទៀត ដើម្បីជៀសវាងការនិយាយស្តីច្រើននាំឱ្យមានកំហុស។ ចំពោះការហូបចុក ខ្ញុំទទួលបានត្រឹមតែរបបបបរបន្តិចបន្តួចប្រចាំថ្ងៃ ប៉ុន្តែមានពេលខ្លះ អង្គការចែកបាយឱ្យហូប។ ពេលខ្ញុំរស់នៅភូមិព្រៃកន្លោង ខ្ញុំអាចរកត្រីធ្វើម្ហូបដោយខ្លួនឯងបាន ដោយអង្គការគ្រាន់តែតម្រូវឱ្យយកម្ហូបទៅហូបជុំគ្នាជាមួយគ្រួសារនៅផ្ទះបាយរួម។ រាល់ពេលនឹកឃើញដល់របបខ្មែរក្រហម ខ្ញុំមានអារម្មណ៍ឈឺចាប់ និងខឹងស្អប់ខ្មែរក្រហមយ៉ាងខ្លាំង។

ក្រោយពេលរបបខ្មែរក្រហមដួលរលំភ្លាម ខ្ញុំបានត្រឡប់មកស្រុកកំណើតវិញ ពេលនោះមានតាម្នាក់ដែលជាអតីតខ្មែរក្រហមបាននិយាយមកកាន់ខ្ញុំថា៖ «នៅចាំតែឯងម្នាក់ទៀតតែប៉ុណ្ណោះ» ដែលពាក្យសម្តីនេះបង្ហាញយ៉ាងច្បាស់ថា អង្គការនៅតែមានបំណងសម្លាប់ខ្ញុំម្នាក់ទៀត។ សព្វថ្ងៃ ខ្ញុំមានជំងឺលើសឈាមដែលតម្រូវឱ្យខ្ញុំលេបថ្នាំព្យាបាលជាប្រចាំអស់រយៈពេលប្រមាណ៣០ឆ្នាំមកហើយ។

អត្ថបទ ៖ ជីម សុខគា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖