ខ្ញុំឈ្មោះ អុច អន អាយុ៧២ឆ្នាំ សព្វថ្ងៃរស់នៅភូមិតាកោ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ អ៊ុច បុង និង ម្តាយឈ្មោះ ហ៊ូ រ៉ូ។ ខ្ញុំមានបងប្អូនចំនួន៣នាក់ ក្នុងនោះមានស្រីពីរនាក់ និងប្រុសម្នាក់ ប៉ុន្ដែស្លាប់អស់ម្នាក់ក្នុងរបបខ្មែរក្រហម។ ខ្ញុំគឺជាកូនស្រីច្បងនៅក្នុងគ្រួសារ។ កាលនៅពីតូច ខ្ញុំពុំបានរៀនសូត្រទេ ព្រោះជីវភាពគ្រួសាររបស់ខ្ញុំមានការខ្វះខាត។
នៅអំឡុងពេលសង្គ្រាម និងការទម្លាក់គ្រាប់បែក គ្រួសាររបស់ខ្ញុំបានរត់ចេញពីភូមិជាច្រើនលើកព្រោះខ្លាចមានគ្រោះថ្នាក់ពីការទម្លាក់គ្រាប់ និងពុំបានប្រកបមុខរបរអ្វីឡើយ។ ជារឿយៗ គ្រួសាររបស់ខ្ញុំ បានរត់គេចទៅរស់នៅភូមិស្រឡូង ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បណ្តោះអាសន្ន។ លុះដល់សភាពការណ៍ស្ងប់ស្ងាត់ ទើបគ្រួសាររបស់ខ្ញុំវិលត្រឡប់មករស់នៅផ្ទះក្នុងភូមិតាកោវិញ។
មិនយូរប៉ុន្មាន កងទ័ពខ្មែរក្រហមបានចូលមកដល់ភូមិរបស់ខ្ញុំ។ ខ្មែរក្រហម បានចាត់តាំងប្រជាជនឱ្យធ្វើការងារតាមក្រុម និងកង ដោយប្រជាជនខ្លះនៅកងស្ទូង ប្រជាជនខ្លះនៅកងកិនស្រូវ និងប្រជាជនខ្លះទៀតនៅកងដាំដំណាំ កងជីកប្រឡាយ និងកងលើកប្រព័ន្ធភ្លឺស្រែ។ ចំណែកខ្ញុំ ត្រូវខ្មែរក្រហមបញ្ជូនទៅធ្វើការនៅការដ្ឋានឆ្ងាយៗពីភូមិ គឺលើកប្រព័ន្ធភ្លឺស្រែនៅភូមិត្របែក ឃុំពានរោង ស្រុកស្វាយ អន្ទរ ខេត្តព្រៃវែង។ នៅពេលនោះហើយដែលប្រជាជននៅក្នុងភូមិ និងនៅតាមកងចល័ត ចាប់ផ្តើមហូបបាយរួមគ្នា។ ខ្ញុំចងចាំមិនភ្លេចឡើយ រាល់ពេលដែលចុងភៅស្លសម្លម្ជូរដើមចេកម្តងៗ ខ្ញុំហូបពុំចូលទេ ព្រោះខ្ញុំធុំក្លិនដើមចេក ភ្លាម គឺរកកល់ចង់ក្អួត។ ដូច្នេះ ខ្ញុំហូបតែបាយទទេ ឬហូបជាមួយអំបិលបន្តិចបន្តួចតែប៉ុណ្ណោះ។ ជួនកាលខ្ញុំទៅសុំអំបិលពីចុងភៅ ប៉ុន្តែពេលខ្លះចុងភៅមិនឱ្យខ្ញុំទេ។ នៅថ្ងៃណាដែលមានសម្លប្រហើរផ្សេងក្រៅពីសម្លម្ជូរដើមចេក គឺខ្ញុំសប្បាយរីករាយខ្លាំងណាស់ ព្រោះខ្ញុំអាចហូបបាន។
ក្រោយពីក្រុមខ្ញុំលើកប្រព័ន្ធភ្លឺស្រែនៅភូមិត្របែក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ហើយ រួចរាល់ ប្រធានកងបានចាត់តាំងឱ្យខ្ញុំទៅជីកព្រែក នៅក្បែរព្រំដែន កម្ពុជា-វៀតណាម។ កាលនោះ ខ្មែរក្រហមបញ្ជូនកងចល័តគ្រប់ស្រុកក្នុងខេត្តព្រៃវែង ឱ្យទៅជីកប្រឡាយនៅក្បែរព្រំដែនកម្ពុជា-វៀតណាម។ ការជីកប្រឡាយ គឺនឿយហត់ និងតឹងរឹងខ្លាំងណាស់។ មានពេលមួយដោយសារតែខ្ញុំហេវហត់អស់កម្លាំង ខ្ញុំបានអង្គុយមួយភ្លែត ស្រាប់តែភ្លាមៗនោះ ប្រធានឃុំឈ្មោះ សុខ ដែលដឹកនាំក្រុមរបស់ខ្ញុំ និងមកពីភូមិជាមួយខ្ញុំ បានមកគំរាមខ្ញុំថា បើខ្ញុំនៅតែអង្គុយ និងមិនធ្វើការ ប្រយ័ត្នមានអ្នកយកទៅរាយការណ៍ឱ្យអង្គការ។ លុះពេលល្ងាច នៅពេលទៅប្រជុំជីវភាព ប្រធានឃុំឈ្មោះ សុខ រាយការណ៍អំពីខ្ញុំនៅក្នុងអង្គប្រជុំតែម្តង។ សុខ បាននិយាយទិតៀនខ្ញុំថា ធ្វើការមិនដិតដល់ ថែមទាំងខ្ជិលច្រអូសទៀត។ ចំណែកខ្ញុំគិតតែអង្គុយឈ្ងោកមុខចុះ និងពុំហ៊ានតមាត់ទេ រហូតដល់ការប្រជុំបានបញ្ចប់ ព្រោះខ្លាចអង្គការយកទៅរៀនសូត្រ។ ចាប់តាំងពីពេលនោះមក ខ្ញុំខិតខំធ្វើការទាំងថ្ងៃទាំងយប់ ពុំដែលហ៊ានឈប់សម្រាកឡើយ។ អស់រយៈពេល២ខែកន្លងផុតទៅ ការងារជីកប្រឡាយនៅព្រំដែនកម្ពុជា-វៀតណាម បានបញ្ចប់ ទើបខ្ញុំ និងសមាជិកកងចល័តផ្សេងទៀតវិលត្រឡប់មកភូមិវិញ។
មិនយូរប៉ុន្មាន អង្គការបានរៀបការឱ្យខ្ញុំជាមួយប្តីរបស់ខ្ញុំសព្វថ្ងៃឈ្មោះ គឹម មួន។ ខ្ញុំនិងប្តីបានឡើងប្ដេជ្ញាចិត្តទៅតាមការរៀបចំរបស់អង្គការនៅភូមិត្នោតទ្រេត សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។ នៅក្នុងថ្ងៃអង្គការរៀបការឱ្យខ្ញុំ គឺអង្គការរៀបការឱ្យប្តីប្រពន្ធចំនួន៤០គូផ្សេងទៀត។ អង្គការបានជប់លៀងឱ្យខ្ញុំរួមទាំងប្ដីប្រពន្ធដែលទើបរៀបការថ្មីៗដោយដាំបាយឱ្យហូប។ លើសពីនេះ អង្គការបានអនុញ្ញាតឱ្យឪពុកម្តាយទាំងសងខាងបានមកចូលរួមដែរ។ នៅក្នុងពិធីប្ដេជ្ញា អង្គការបានចាត់តាំងឱ្យប្តីប្រពន្ធទាំងអស់និយាយប្តេជ្ញាថា ស្រឡាញ់គ្នាអស់មួយជីវិត ទោះបីជាអ្នកទាំងនោះពុំដែលស្រឡាញ់គ្នាពីមុនមក។ បន្ទាប់ពីរៀបការរួច ខ្ញុំត្រូវមករស់នៅជាមួយប្តីនៅក្នុងផ្ទះតូចមួយ ដែលពីមុនផ្ទះនេះ គឺជាផ្ទះធំរបស់ខ្ញុំ ប៉ុន្តែត្រូវខ្មែរក្រហមរុះរើចេញ រួចយកឈើមកសាងសង់ជាផ្ទះតូចៗឱ្យខ្ញុំ និងប្រជាជនផ្សេងទៀតស្នាក់នៅ។
ក្រោយពីខ្ញុំរៀបការរួច ការងាររបស់ខ្ញុំធូរស្រាលជាងមុនបន្ដិច ព្រោះប្រធានកងលែងចល័តខ្ញុំឱ្យទៅធ្វើការនៅការដ្ឋានឆ្ងាយៗទៀត។ ប្រធានកងបានប្រើខ្ញុំឱ្យ ដក ស្ទូង កិនស្រូវ រែងអង្ករ និងដាំដំណាំនៅក្នុងភូមិ។ ការរស់នៅ និងការធ្វើការនៅក្នុងភូមិមានស្ថានភាពល្អប្រសើរ និងមិនមានអ្នកស្តីបន្ទោសឡើយ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី កងឈ្លបខ្មែរក្រហមមកលួចស្តាប់ និងយកការណ៍ពីខ្ញុំនិងប្តី នៅក្រោមផ្ទះស្ទើររៀងរាល់យប់ គឺចាប់តាំងពីខ្ញុំមានផ្ទៃពោះរហូតដល់ខ្ញុំសម្រាលកូនរួច។ ជាក់ស្តែង នៅយប់មួយបន្ទាប់ពីខ្ញុំឆ្លងទន្លេ ប្តីរបស់ខ្ញុំបានដាំទឹកឱ្យខ្ញុំផឹក ស្រាប់តែកងឈ្លបបើកទ្វារចូលមកផ្ទះខ្ញុំភ្លាម ហើយមកបើកគម្របឆ្នាំងមើល ព្រោះខ្លាចខ្ញុំលួចស្ងោរមាន់ ឬដាំបាយហូប។ លុះពេលកងឈ្លបបើកគម្របឆ្នាំងទៅពុំឃើញមានអ្វីទើបត្រឡប់ទៅវិញ។
នៅដើមខែមករា ឆ្នាំ១៩៧៩ ខ្ញុំឃើញកងទ័ពស្ម័គ្រចិត្តវៀតណាមចូលមកដល់ភូមិដើម្បីវាយផ្ដួលរំលំរបបខ្មែរក្រហម។ ពេលនោះ ខ្ញុំមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង ប៉ុន្តែខ្ញុំ និងប្តីពុំបានរត់ភៀសខ្លួនទៅណាឡើយ ព្រោះដឹងថាកងទ័ពវៀតណាមមិនធ្វើបាបយើងឡើយ។ ខ្ញុំ និងប្តីបន្តរស់នៅក្នុងភូមិរហូតដល់កងទ័ពវៀតណាមទទួលបានជោគជ័យទាំងស្រុងលើរបបខ្មែរក្រហម។
ខ្ញុំធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ដូច្នេះខ្ញុំមិនចង់រំឭករឿងឈឺចាប់នេះទៀតទេ។ ប្អូនប្រុសរបស់ខ្ញុំ ទើបតែមានអាយុ១២ឆ្នាំ ត្រូវខ្មែរក្រហមបញ្ជូនចូលធ្វើកងទ័ព ក្រោយព្រឹត្តិការណ៍ខ្មែរក្រហមដេញចាប់ សោភឹម លេខាភូមិភាគបូព៌ាបន្តិច។ រហូតមកដល់ពេលនេះប្អូនប្រុសរបស់ខ្ញុំ បានបាត់ខ្លួនរហូត។
អត្ថបទ ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



