កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៦ កន្លងមក លោក Reagan Ashley មន្ត្រីការិយាល័យអភិវឌ្ឍន៍ យុវជន នៃអង្គការ «បេសកកម្មគ្រិស្តសាសនាកម្ពុជា (Cambodia Christian Ministries – CCM)» និងជាអតីតយុវជនស្ម័គ្រចិត្ត Peace Corps តាមរយៈការស្នើមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីសុំកិច្ចសហការធ្វើបទបង្ហាញចែករំលែកចំណេះដឹងអំពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដល់សិស្សានុសិស្សកម្រិតអនុវិទ្យាល័យ ក្រោមការគ្រប់គ្រងរបស់ អង្គការបេសកកម្មគ្រិស្តសាសនាកម្ពុជា។ លោក Reagan Ashley បានបញ្ជាក់ថា កុមារភាគច្រើននៅក្នុងអង្គការ គឺចំណេះដឹងនៅមានកម្រិតទាក់ទងនឹងប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម។
ជាការឆ្លើយតប មជ្ឈមណ្ឌលឯកសារកម្ពុជាបានចាត់តាំង ផេង ពង្សរ៉ាស៊ី ឱ្យទទួលបន្ទុកកិច្ចការងារបង្រៀន និងចែករំលែកការអប់រំប្រវត្តិសាស្ត្រខ្មែរក្រហមដល់កុមារទាំងនោះ។
នៅវេលាម៉ោង១ រសៀល ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៦ លោក ផេង ពង្សរ៉ាស៊ី បានធ្វើដំណើរទៅដល់ទីតាំងអង្គការដែលស្ថិតនៅលើផ្ទៃដីធំទូលាយ ហ៊ុមព័ទ្ធទៅដោយជួរភ្នំ និងវាលស្រែ ស្ថិតក្នុងភូមិក្រាំងធំ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ លោក Reagan Ashley បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានណែនាំលោក ផេង ពង្សរ៉ាស៊ី ជូនដល់ក្រុមគ្រូបង្រៀន អ្នកគ្រប់គ្រង និងសិស្សានុសិស្សដែលកំពុងរង់ចាំនៅក្នុងបរិវេណអង្គការ។
នៅវេលាម៉ោង១:២០នារីរសៀល លោក ផេង ពង្សរ៉ា ចាប់ផ្តើមកម្មវិធី និងការវាស់ស្ទង់ចំណេះដឹងមុនបទបង្ហាញ តាមរយៈការធ្វើបទបង្ហាញ និងការពិភាក្សានៅក្នុងសាលប្រជុំដោយមានសិស្សានុសិស្ស និងបុគ្គលិកអង្គការ សរុបជាង៣០នាក់ ចូលរួម។ លោក ផេង ពង្សរ៉ា រ៉ាស៊ី បានចាប់ផ្តើមដោយការវាស់ស្ទង់ចំណេះដឹងមូលដ្ឋានរបស់សិស្ស។ ជាលទ្ធផល សិស្សឈ្មោះ មុន្នី រៀនថ្នាក់ទី១១ បានស្ម័គ្រចិត្តឆ្លើយតប ដោយបានលើកឡើងពីការជម្លៀសប្រជាជនដោយបង្ខំ និងហេតុផល៣យ៉ាងដែលខ្មែរក្រហមយកមកធ្វើជាលេស។ ក្រៅពីសិស្ស មុន្នី និងសិស្សប្រុស២នាក់ទៀត ដែលឆ្លើយត្រូវខ្លះ និងខុសខ្លះ ដោយឡែក សិស្សដទៃទៀតមិនទាន់ហ៊ានឡើងឆ្លើយសំណួរនៅ ទេ។
នៅអំឡុងពេលធ្វើបទបង្ហាញ និងពិភាក្សាអំពីកម្រិតចំណេះដឹងរបស់សិស្ស លោក ផេង ពង្សរ៉ាស៊ី បានពន្យល់ក្បោះក្បាយលើព្រឹត្តិការណ៍ «ការជម្លៀសដោយបង្ខំ» និង «គោលការណ៍៨ចំណុច» របស់ខ្មែរក្រហម។ លោកបានបកស្រាយពាក្យគន្លឹះ ដូចជា ៖ អង្គការ, សត្រូវ, ខ្មែរក្រហម, កងឈ្លប, មន្ទីរសន្តិសុខ, ការសម្លាប់រង្គាល។ ព្រមទាំងពាក្យស្លោកបដិវត្តន៍ ដូចជា ៖ «គ្មានទេសញ្ញាបត្រ គឺមានតែសញ្ញាឃើញ», «បើចង់បានសញ្ញាបត្រ ត្រូវទៅយកនៅភ្លឺស្រែ» ដើម្បីបង្ហាញពី «ភាសាបដិវត្តន៍» និង «មនោគមន៍វិជ្ជាខ្មែរក្រហម» ដែលបានអូសទាញកុមារឱ្យធ្លាក់ក្នុងជំនឿងប់ងល់ និងបាត់បង់ឱកាសសិក្សា។ បន្ទាប់មក អ្នកចូលរួមទាំងអស់បានទស្សនាវីដេអូឯកសារខ្លីស្តីពី «កុមារកម្ពុជា» ដែលបានថតនៅក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ភ្លាមៗ។
នៅម៉ោង៣:៣០នាទី រសៀល លោក ផេង ពង្សរ៉ាសី បានវាស់ស្ទង់ចំណេះសិស្សក្រោយបទបង្ហាញ និងបានសង្ខេបខ្លឹមសារឡើងវិញ ព្រមទាំងដឹកនាំការពិភាក្សាលើប្រធានបទ «ការទប់ស្កាត់អំពើប្រល័យពូជសាសន៍» ដែលជាតួនាទីសំខាន់របស់យុវជន។ ក្នុងការវាស់ស្ទង់ចំណេះដឹងក្រោយបទបង្ហាញ សិស្សានុសិស្សទាំងអស់បានចូលរួមឆ្លើយសំណួរត្រួតពិនិត្យព្រមៗគ្នា ដោយទទួលបានចម្លើយត្រឹមត្រូវទាំងអស់ ហើយកម្មវិធីត្រូវបានបញ្ចប់ដោយជោគជ័យ។
ព័ត៌មានបន្ថែមអំពីអង្គការ និងការិយាល័យពាក់ព័ន្ធ
«អង្គការបេសកកម្មគ្រិស្ដសាសនាកម្ពុជា» (CCM) គឺជាអង្គការសាសនា និងសប្បុរសធម៌មិនស្វែងរកប្រាក់ចំណេញ ចុះបញ្ជីស្របតាមក្រមពន្ធដារសហរដ្ឋអាមេរិក 501(c)(3) បង្កើតឡើងដោយលោក Mike Meierhofer និងនាយកប្រតិបត្តិការ លោក ហ៊ុន សុខុម។ អង្គការបានជួយដោះស្រាយតម្រូវការផ្នែកសម្ភារ និងផ្លូវចិត្តដល់ប្រជាជនក្រីក្រតាមសហគមន៍ដាច់ស្រយាល តាមរយៈការផ្តល់សេវាព្យាបាលជំងឺភ្នែក-ធ្មេញ ជីកអណ្តូងទឹកស្អាត និងផ្តល់ការថែទាំ អាហារ សម្លៀកបំពាក់ដល់កុមារកំព្រា។
អំពី «ការិយាល័យអភិវឌ្ឍន៍យុវជន» នៃអង្គការ CCM៖ ទទួលបន្ទុកតម្រង់ទិស និងអប់រំកុមារងាយរងគ្រោះក្រោមកម្មវិធី «ភូមិកុមារព្រះយេស៊ូ» (Jesus Children Village) ដែលបានបង្កើតតាំងពីឆ្នាំ ២០១៣។ ការិយាល័យនេះអនុវត្តបេសកកម្មតាមរយៈ៖ ១) រៀបចំកិច្ចតែងការបង្រៀនដែលមានរចនាសម្ព័ន្ធច្បាស់លាស់និងទាក់ទាញ ស្របតាមវិទ្យាសាស្ត្រអប់រំទំនើប ដើម្បីគាំទ្រដល់ការសិក្សារបស់យុវជន។ ២) រៀបចំ និងសម្របសម្រួលការបង្រៀនប្រចាំថ្ងៃនៅក្នុងថ្នាក់រៀន រួមជាមួយដៃគូ និងគ្រូបង្រៀនកម្ពុជានៅក្នុងមូលដ្ឋាន។ ៣) ដឹកនាំ និងតាមដានគម្រោងភាពជាអ្នកដឹកនាំរបស់យុវជនក្នុងមូលដ្ឋាន ដោយផ្តល់អំណាចដល់សិស្សក្នុងការផ្តួចផ្តើម និងអនុវត្តគម្រោងសហគមន៍ផ្ទាល់ខ្លួន ដើម្បីលើកកម្ពស់ឯករាជ្យភាព និងការផ្លាស់ប្តូរសហគមន៍ក្នុងរយៈពេលវែង និង ៤) គាំទ្រដល់ការលូតលាស់គ្រប់ជ្រុងជ្រោយរបស់កុមារកំព្រា «កុមារព្រះយេស៊ូ» ដោយធានាថាកុមារទាំងនោះទទួលបានជោគជ័យក្នុងការសិក្សា ព្រមទាំងបង្កើនការអប់រំផ្លូវចិត្ត និងសាសនា។
អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា









