«កាលអាយុប្រហែល១៧ឆ្នាំ ខ្ញុំធ្លាប់បានចាប់ព្រះហស្ដសម្ដេចតាពេលព្រះអង្គយាងមកបុរីអូរស្វាយ។ មិនយូរប៉ុន្មាន សង្គ្រាមបានកើតឡើង និងមានការទម្លាក់គ្រាប់បែកចំពេលខ្ញុំកំពុងរៀបការ។ ក្រោយមក ខ្មែរក្រហមបានចាប់ប្ដីខ្ញុំយកទៅវាយសម្លាប់ ខណៈខ្ញុំកំពុងមានផ្ទៃពោះកូនដំបូង៩ខែ។ រឿងរ៉ាវឈឺចាប់នេះ នៅតែដកជាប់ក្នុងចិត្តខ្ញុំមិនអាចបំភ្លេចបានឡើយ»។
ខ្ញុំឈ្មោះ ឆាយ លាង អាយុ៧២ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្ដាល ប៉ុន្តែបច្ចុប្បន្ន ខ្ញុំរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ ឃួន ឈួន និងម្ដាយឈ្មោះ ប៊ុន សយ។ ឪពុកម្តាយខ្ញុំបានស្លាប់អស់ហើយ។ ខ្ញុំគឺជាកូនទោលនៅក្នុងគ្រួសារ។ បច្ចុប្បន្នខ្ញុំមានកូនស្រីចំនួន២នាក់។
កាលពីក្មេង ខ្ញុំរៀនសូត្របានត្រឹមថ្នាក់ទី១ ហេតុនេះខ្ញុំពុំចេះអក្សរទេ។ ប្ដីទីមួយរបស់ខ្ញុំ ឈ្មោះ ធូន គឺជាទាហាន ប្រចាំនៅអូរស្វាយ។ ខ្ញុំបានរៀបការត្រឹមត្រូវតាមប្រពៃណីទំនៀមទម្លាប់ ដោយមានខាន់ស្លាចំនួន៥ជី។ អំឡុងពេលរៀបការក្នុងឆ្នាំ១៩៧០ គឺមានយន្តហោះអាមេរិកមកទម្លាក់គ្រាប់បែកនៅក្បែររោងការរបស់ខ្ញុំ បណ្ដាលឱ្យព្រះសង្ឃ និងអាចារ្យរត់បែកខ្ញែកគ្នា។
មូលហេតុដែលក្រុមគ្រួសារខ្ញុំផ្លាស់មករស់នៅបុរីអូរស្វាយ គឺដោយសារព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ បានប្រកាសអំពាវនាវឱ្យប្រជាជនមកពីគ្រប់ខេត្ត មករស់នៅជុំគ្នានៅអូរស្វាយដោយព្រះអង្គចែកដីធ្លីឱ្យ។ គោលបំណងចម្បងបំផុត ដែលសម្ដេចព្រះ នរោត្តម សីហនុ ប្រមូលប្រជាជនមករស់នៅបុរីអូរស្វាយ គឺដើម្បីការពារខ្សែបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសឡាវ។ ពេលមកដល់ដំបូង មានតែ ក្រុមគោឡុង (ក្រុមនិគមជន)។ ក្រុមនិគមជននាំគ្នាជួយអភិវឌ្ឍន៍នៅអូរស្វាយ ដោយបានកសាងសាលាឆទាន បន្ទាយទាហាន និងប៉ុស្តិ៍យាមការពារព្រំដែនឡាវ។ សម្តេចព្រះនរោត្តម សីហនុ បានជួយចិញ្ចឹមក្រុមនិគមជន ដោយផ្ដល់ជាអង្ករ ប្រហុក អំបិល ចែកក្បាលដីទំហំ៤០ម៉ែត្រក្នុងមួយគ្រួសារ និងប្រាក់ខែឱ្យនិគមជន។ កាលនោះ តំបន់អូរស្វាយកើតជំងឺគ្រុនចាញ់ខ្លាំងណាស់ ដូច្នេះប្រជាជនបានធ្លាក់ខ្លួន និងស្លាប់ស្ទើរជារៀងរាល់ថ្ងៃ។ ប្រជាជនខ្លះដែលទ្រាំទ្រនឹងជំងឺរាតត្បាតនេះមិនបាន បាននាំគ្នាត្រឡប់ទៅស្រុកកំណើតវិញ។
កាលពីសម័យសង្គមរាស្ត្រនិយម ខ្ញុំមានវ័យជំទង់ ខ្ញុំបានដឹងថាសម្ដេចព្រះ នរោត្តម សីហនុ យាងមកកាន់បុរីអូរស្វាយតាមយន្តហោះ។ ព្រះអង្គបានបោះក្រណាត់សង្គមរាស្ត្រនិយមពីលើយន្តហោះឱ្យប្រជារាស្រ្ត។ ពេលព្រះអង្គចុះមកដល់ដី ខ្ញុំមានភ័ព្វសំណាងបានចូលទៅចាប់ព្រះហស្ដរបស់ព្រះអង្គផ្ទាល់។ ពេលនោះ មានប្រជាជនច្រើនកុះករមកពីគ្រប់ទិសទីមកចាំទទួលព្រះអង្គ។ មកដល់ឆ្នាំ១៩៧០ តំបន់អូរស្វាយត្រូវរងការទម្លាក់គ្រាប់បែកពីសំណាក់យន្តហោះអាមេរិក ហើយកងទ័ពរំដោះខ្មែរក្រហមបានចូលមកឃោសនា។ គ្រួសារខ្ញុំបាននាំគ្នាជីកលេណដ្ឋានដើម្បីលាក់ខ្លួននៅអូរល្វា។ ខ្ញុំមិនហ៊ានបង្កាត់ភ្លើងដាំបាយទេ ព្រោះខ្លាចមានផ្សែង ហើយយន្តហោះ (រាងដូចទ្រុងជ្រូក) មកយកការណ៍ និងទម្លាក់គ្រាប់បែក។ ខ្ញុំ និងប្រជាជនក្នុងភូមិនាំគ្នារត់ចូលលាក់ខ្លួនក្នុងលេណដ្ឋានភ្លាមៗ ពេលឮសំឡេងយន្តហោះ។ ថ្ងៃមួយយាយ យ៉ន ដែលឈរនៅច្រកចូលលេណដ្ឋាន ត្រូវទាហានជិះលើយន្តហោះបាញ់បណ្ដាលឱ្យគាត់បាក់ជើង។
នៅទីនោះ កងទ័ពរំដោះខ្មែរក្រហមបានចោទប្រកាន់ប្ដីរបស់ខ្ញុំថា ខ្មាំង និងបានដេញដោលសួរនាំអំពីប្រវត្តិការងាររបស់គាត់។ ដោយសារប្ដីរបស់ខ្ញុំគឺជាមនុស្សស្មោះត្រង់ គាត់បានប្រាប់អំពីបុណ្យស័ក្តិ និងតួនាទីរបស់គាត់ពីសង្គមចាស់ ហើយឈ្លបខ្មែរក្រហមបាននាំគាត់ចេញទៅ។ ឈ្លបខ្មែរក្រហមកុហកខ្ញុំថា «មកនាំប្ដីខ្ញុំទៅរៀនសូត្រ» ហើយក្រោយមក កងទ័ពរំដោះខ្មែរក្រហមបានមកសួររកប្តីរបស់ខ្ញុំទៀត។ ពេលនោះ ខ្ញុំកំពុងមានផ្ទៃពោះកូនដំបូង៩ខែ។ ក្រោយមក ទើបអ្នកភូមិដែលបានដឹងរឿងប្តីរបស់ខ្ញុំ បានមកលួចខ្សឹបប្រាប់ខ្ញុំថា ប្ដីរបស់ខ្ញុំត្រូវឈ្លបខ្មែរក្រហមវាយចំនួន៣ដំបងស្លាប់នៅខាងកើតវត្ត។ នៅអំឡុងពេលនោះ ឈ្លបខ្មែរក្រហមបានចាប់មនុស្សជាច្រើនទៀតយកទៅសម្លាប់ រួមមាន តាយាត់ តាអ៊ុន តាស៊ុន និង តាសួន។ បន្ទាប់ពីប្ដីខ្ញុំស្លាប់ យោធាខ្មែរក្រហមបានមកតាមដានខ្ញុំ។ ក្រោយមក ខ្ញុំសម្រាលបានកូនម្នាក់ ប៉ុន្តែកូនខ្ញុំបានស្លាប់បន្តទៀត។ ពេលខ្ញុំបាត់បង់ប្ដី និងកូន ខ្ញុំមិនហ៊ានយំឡើយ ព្រោះខ្លាចឈ្លបខ្មែរក្រហមក្នុងភូមិដឹង។
នៅពេលកងទ័ពរំដោះខ្មែរក្រហមឡើងគ្រប់គ្រងប្រទេស ក្នុងឆ្នាំ១៩៧៥ ប្រជាជននៅបុរីអូរស្វាយទាំងអស់ត្រូវខ្មែរក្រហមជម្លៀសឱ្យទៅនៅតំបន់ «ញើន» ដោយអនុញ្ញាតឱ្យយកតែសម្លៀកបំពាក់ជាប់ខ្លួនត្រឹមតែមួយសម្រាប់តែប៉ុណ្ណោះ។ ចំណែកទ្រព្យសម្បត្តិផ្ទាល់ខ្លួន រួមមាន មាសប្រាក់ គោ ក្របី ត្រូវបានខ្មែរក្រហមរឹបអូសដាក់ជាទ្រព្យសម្បត្តិរួមទាំងអស់ ហើយសូម្បីតែដំឡូងដែលដាំនៅជុំវិញផ្ទះ ក៏ប្រជាជនមិនហ៊ានជីកយកមកហូបដែរព្រោះខ្លាចអង្គការយកទៅកសាង។ ខ្ញុំបានជិះរថយន្តទៅដល់ត្រើយម្ខាងទន្លេ រួចបន្តធ្វើដំណើរដោយថ្មើរជើងពេញមួយថ្ងៃទើបទៅដល់ញើន។
នៅទីនោះ ប្រធានកងឈ្មោះ ចាន់ ធន បានធ្វើបាប និងបង្ខំខ្ញុំឱ្យធ្វើការធ្ងន់ធ្ងរគ្មានពេលសម្រាកឡើយ។ ខ្ញុំត្រូវលើកភ្លឺស្រែ លើកទំនប់ គាស់គល់ឈើ ស្ទូង ដក និងក្រងស្បូវ។ ប្រធានកងបានដាក់ការងារបន្ថែមឱ្យខ្ញុំធ្វើជាបន្តបន្ទាប់ ធ្វើឱ្យខ្ញុំធ្វើការងារស្ទើរតែមិនរួច។ ខ្មែរក្រហមបានហាមឃាត់ការនិយាយលេងសើចជាដាច់ខាត ហើយបើល្មើសនឹងវិន័យឈ្លបនឹងយកទៅកសាង ឬយកទៅសម្លាប់មិនខាន។ របបអាហារនៅរបបខ្មែរក្រហម គឺមានតែសម្លដើមចេក លាយគល់ល្ហុង គ្មានរសជាតិឡើយ។ ចំណែកថ្នាំព្យាបាលជំងឺ គឺមានតែថ្នាំអាចម៍ទន្សាយតែប៉ុណ្ណោះ។
ក្រោយមក ខ្មែរក្រហមបានឱ្យខ្ញុំរៀបការជាមួយបុរសម្នាក់ទៀតឈ្មោះ សុខ ដោយមានប្រជាជនក្នុងភូមិចូលរួម ប៉ុន្តែគ្មានពិធីសែនព្រេនឡើយ។ ទោះបីជាខ្ញុំមានផ្ទៃពោះ ខ្មែរក្រហមមិនអនុញ្ញាតឱ្យខ្ញុំឈប់សម្រាកឡើយ។ ក្រោយមក ខ្ញុំនិងប្តីបានលែងលះគ្នាវិញ។ លុះកូនខ្ញុំធំបន្តិច ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យធ្វើជីលេខ១ (ជីលាមកមនុស្ស) នៅភូមិអូររុន និងត្រពាំងបារាំង។ រៀងរាល់ព្រឹក ខ្ញុំត្រូវដើរចូកលាមកតាមផ្ទះប្រជាជនយកមកហាលឱ្យស្ងួតដើម្បីលាយជាមួយដីដំបូក។ នៅពេលស្រេកឃ្លានខ្លាំងពេក ប្រជាជននៅសហករណ៍បានសហការគ្នាដាំបាយហូប ដោយលាក់ការមិនឱ្យកងឈ្លបដឹងឡើយ។
នៅដើមឆ្នាំ១៩៧៩ ខ្មែរក្រហមបានរៀបចំឱ្យខ្ញុំរៀបការជាមួយបុរសម្នាក់ទៀត ប៉ុន្តែសំណាងល្អ កងទ័ពវៀតណាមបានវាយចូលមក ទើបពិធីរៀបការរបស់ខ្ញុំអាកខានទៅវិញ។ ខ្មែរក្រហមបានកៀរខ្ញុំចេញពីតំបន់ញើន ទៅព្រះរំកិល កំពង់សាមី និងកំពង់ស្រឡៅ ដោយធ្វើដំណើរថ្មើរជើងតាមបណ្ដោយព្រំដែនឡាវ។ ក្រោយមក ខ្ញុំបានជួបកងទ័ពវៀតណាម ហើយកងទ័ពវៀតណាមបានចែកនំចំណីឱ្យខ្ញុំហូប។ ខ្ញុំបានបន្តដំណើរដោយគ្មានគោលដៅទៅដល់ខេត្តព្រៃវែង រួចបន្តទៅស្រុកកំណើតនៅខេត្តកណ្ដាល មុននឹងសម្រេចចិត្តវិលត្រឡប់មករស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ វិញ។
សព្វថ្ងៃសុខភាពរបស់ខ្ញុំកាន់តែទ្រុឌទ្រោម និងមានជំងឺប្រចាំកាយ។ ប៉ុន្តែខ្ញុំមិនបានទៅព្យាបាលនៅមន្ទីរពេទ្យទេ គឺខ្ញុំព្យាបាលដោយប្រើប្រាស់ថ្នាំបុរាណខ្មែរ។
អត្ថបទ ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



