ឈ្លបខ្មែរក្រហមកុហកថាយកប្ដីខ្ញុំទៅដាំចេកនៅអូរស្វាយ តាមពិតយកទៅសម្លាប់ចោល

«កាលនៅជំទង់ ខ្ញុំធ្លាប់ទៅទទួលព្រះរាជដំណើរសម្ដេចតាយាងមកសម្ពោធបុរីអូរស្វាយ ហើយពេលនោះគ្រួសារខ្ញុំរស់នៅជួបជុំគ្នាយ៉ាងរីករាយ។ ប៉ុន្តែក្រោយមក សេចក្ដីសុខទាំងនោះត្រូវបានជំនួសដោយភាពភ័យរន្ធត់ក្នុងរបបខ្មែរក្រហម នៅពេលដែលប្ដីរបស់ខ្ញុំត្រូវខ្មែរក្រហមចាប់យកទៅធ្វើទារុណ​កម្ម និងសម្លាប់យ៉ាងព្រៃផ្សៃ។ ខ្ញុំមិនហ៊ានយំស្រែក ឬស្រក់ទឹកភ្នែកទេ ព្រោះខ្លាចកងឈ្លបដែលយាម នៅក្រោមផ្ទះដឹង»។

ខ្ញុំឈ្មោះ ណាត ផា អាយុ៨២ឆ្នាំ កើតនៅកោះឈើទាលតូច។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំគឺជាកូនច្បងនៅក្នុងគ្រួសារដែលមានបងប្អូនបង្កើតចំនួន៨នាក់។ ប្អូនពៅរបស់ខ្ញុំម្នាក់ឈ្មោះ ណាត សាយ ធ្វើជាគ្រូពេទ្យនៅក្នុងរបបខ្មែរក្រហម។  ខ្ញុំមានប្ដីឈ្មោះ គេត (ត្រូវបានខ្មែរក្រហមសម្លាប់) និងមានកូនស្រីចំនួន២នាក់ គឺឈ្មោះ ហម និង ជី។ ចាប់តាំងពីប្ដីរបស់ខ្ញុំស្លាប់ទៅ ខ្ញុំមិនយកប្ដីទៀតទេ គឺនៅមេម៉ាយរហូតមកដល់សព្វថ្ងៃ។ រាល់ថ្ងៃ ខ្ញុំតែងតែធ្វើដំណើរឆ្លងទន្លេទៅវិញទៅមកជាប្រចាំ រវាងភូមិកោះព្នៅ និងភូមិអូរស្វាយ។ ខ្ញុំចូលចិត្តអង្គុយនៅឯផែរង់ចាំ និងបណ្ណាល័យបណ្ដែតទឹកនៅអូរស្វាយ ដើម្បីរង់ចាំទូកកូនមកទទួល ព្រោះទីនោះមានកន្លែងអង្គុយអានសៀវភៅ និងងាយស្រួលចុះឡើងទូក។

កាលពីខ្ញុំមានវ័យជំទង់ ប្រជាជននៅតំបន់អូរស្វាយ រស់នៅដោយភាពសប្បាយរីករាយ និងមានការអភិវឌ្ឍន៍រីកចម្រើនខ្លាំងណាស់ ដោយមានផ្ទះសម្បែងជាច្រើនត្រូវបានសាងសង់ឡើង។ កាលនោះ មិនទាន់មានកាណូតម៉ាស៊ីនឡើយ គឺប្រជាជនអុំទូកឈើទាំងអស់គ្នា ហេតុដូច្នេះនៅពេលមានពិធីបុណ្យទានធំៗម្តងៗ ម្ដាយរបស់ខ្ញុំមិនហ៊ានឱ្យខ្ញុំធ្វើដំណើរឆ្លងទន្លេមកលេងឡើយ ព្រោះបារម្ភខ្លាចមានគ្រោះថ្នាក់។ នៅក្នុងឱកាសដែលព្រះករុណា សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ យាងមកសម្ពោធបុរីអូរស្វាយ ខ្ញុំបានទៅទទួលព្រះរាជដំណើររបស់ទ្រង់ផ្ទាល់។ ពេលនោះ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទាំងប្រជាជននៅមូលដ្ឋាន និងប្រជាជនធ្វើដំណើរមកពីទីរួមខេត្តស្ទឹងត្រែង។ នៅថ្ងៃនោះ ឪពុករបស់ខ្ញុំបានទទួលក្រណាត់ដែលជាព្រះរាជទានពីព្រះហស្ដរបស់ព្រះអង្គ ចំណែកខ្ញុំពុំបានទទួលក្រណាត់ឡើយ។

ក្រោយមក ស្រាប់តែមានយន្តហោះអាមេរិកមកទម្លាក់គ្រាប់បែក ពេលខ្ញុំកំពុងរស់នៅលើកោះព្នៅ។ ឪពុករបស់ខ្ញុំបានជីកលេណដ្ឋានយ៉ាងរឹងមាំសម្រាប់ការពារអាយុជីវិតសមាជិកគ្រួសារ។ ពេលរសៀល គ្រួសារខ្ញុំត្រូវប្រញាប់ប្រញាល់ដាំបាយដាំទឹកឱ្យហើយរួចរាល់មុនពេលមេឃងងឹត ព្រោះភ័យខ្លាចយន្តហោះអាមេរិកមើលឃើញផ្សែងភ្លើង ហើយមកទម្លាក់គ្រាប់បែក។

មិនយូរប៉ុន្មាន ខ្មែរក្រហមបានចូលមកគ្រប់គ្រង  និងបានជម្លៀសអ្នកភូមិទាំងអស់ចេញពីផ្ទះសម្បែងឆ្ពោះ​ទៅកាន់តំបន់ «អូរននោង»។ នៅទីនោះ ទោះបីជាខ្ញុំបានជួបប្អូនៗបង្កើត ប៉ុន្តែខ្ញុំមិនហ៊ាននិយាយរកគ្នាឡើយ ព្រោះខ្លាចខ្មែរក្រហមចោទប្រកាន់។ ចំណែកទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ក្រុមគ្រួសារខ្ញុំត្រូវបានខ្មែរក្រហមរឹបអូសដាក់ចូលជាទ្រព្យសម្បត្តិរួមទាំងអស់ រួមមាន មាសប្រាក់ គោចំនួន៣០ក្បាល និងក្របីចំនួន៤០ក្បាល។ ការងាររបស់ខ្ញុំនៅអូរននោង គឺប្រធានកងប្រើខ្ញុំ និងសមាជិកក្នុងកងម្នាក់ទៀត ឱ្យបុកស្រូវឱ្យបាន៥០០គីឡូក្រាមក្នុងមួយថ្ងៃ ចាប់ពីម៉ោង៥ព្រឹក រហូតដល់មេឃព្រលប់។

ចំណែករបបអាហារដែលខ្មែរក្រហមផ្តល់ឱ្យគឺមានតែបាយលាយចេក ដំឡូង និងពោត។ ខ្ញុំមិនហ៊ានហូបបន្ថែមឡើយ សូម្បីតែដំឡូងដែលដាំនៅជុំវិញផ្ទះ ព្រោះខ្លាចឈ្លបយកទៅសម្លាប់។ នៅតាមផ្លូវពីអូរននោងមកភូមិ ខ្ញុំធ្លាប់ឃើញខ្មែរក្រហមសម្លាប់មនុស្ស ប៉ុន្តែខ្ញុំមិនហ៊ាននិយាយឡើយ។ ក្រោយមក ខ្មែរក្រហមបានមកហៅប្ដីរបស់ខ្ញុំពីកោះព្នៅ យកទៅបាត់។ មុនពេលយកប្តីខ្ញុំទៅ ឈ្លបខ្មែរក្រហមបានប្រាប់ខ្ញុំឱ្យដាំបាយទុកឱ្យប្តីយកទៅតាមខ្លួន ដោយកុហកថា «យកប្តីខ្ញុំទៅដាំចេកនៅអូរស្វាយ»។ ក្រោយមក ប្អូនរបស់ខ្ញុំបានមកលួចខ្សឹបប្រាប់ខ្ញុំថា ប្ដីរបស់ខ្ញុំត្រូវឈ្លបយកទៅសម្លាប់ហើយ ដោយយកបន្ទះឫស្សីដោតពីក្រោមធ្លាយដល់លើ។ ក្រោយពីដឹងថារបស់ប្ដីស្លាប់ ខ្ញុំរន្ធត់យ៉ាងខ្លាំង ប៉ុន្ដែខ្ញុំមិនហ៊ានយំឡើយព្រោះខ្លាចឈ្លបដឹង។ លើសពីនេះ ខ្មែរក្រហមបានចាត់តាំងកងឈ្លបចំនួន៥នាក់ មកយាមនិងឃ្លាំមើលនៅក្រោមផ្ទះរបស់ខ្ញុំរយៈពេល៥យប់ជាប់គ្នា ធ្វើឱ្យខ្ញុំមិនហ៊ាននិយាយស្តី និងបង្ហាញការឈឺចាប់របស់ខ្ញុំឡើយ។ ចំណែក កូនស្រីច្បងរបស់ខ្ញុំឈ្មោះ ហម ត្រូវបានខ្មែរក្រហមបង្ខំឱ្យរៀបការនៅក្នុងពិធីរៀបការសមូហភាពចំនួន១០គូ។ ខ្មែរក្រហមបានរៀបចំនំអន្សម និងឡើងនិយាយណែនាំដល់ភាគីខាងប្រុសនិងខាងស្រី រួចហើយផ្សំផ្គុំគ្នាជាប្តីប្រពន្ធ ដោយគ្មានការស្ម័គ្រចិត្តពីភាគីទាំងសងខាងឡើយ។

ខ្ញុំធ្វើការខាងបុកស្រូវនៅអូរននោងរហូតដល់ប្រទេសជាតិត្រូវបានរំដោះ ពេលនោះខ្មែរក្រហមបានកៀរខ្ញុំ និងសមាជិកក្រុមគ្រួសារខ្ញុំចេញពីអូរននោង សំដៅទៅអូរស្វាយ រួចជិះទូកបន្តទៅកាន់ព្រះរំកិល។ ក្រោយមក ខ្ញុំបានវិលត្រឡប់មករស់នៅលើដីកោះព្នៅវិញ។ ខ្ញុំចាប់ផ្តើមកសាងជីវិតសាជាថ្មី គឺត្រូវដើរច្រូតស្បូវ កាប់កូនឈើប៉ុនភ្លៅ យកមកសង់ខ្ទមតូចមួយសម្រាប់ស្នាក់នៅបណ្ដោះអាសន្ន ទម្រាំតែសាងសង់ផ្ទះស្នាក់នៅសមរម្យ។

រាល់ថ្ងៃ ខ្ញុំមានជំងឺប្រចាំកាយជាច្រើន ដូចជា ជំងឺបេះដូង ជំងឺក្អក ឈឺសន្លាក់ដៃជើង និង ភ្នែកឡើងស្រវាំងមើលមិនសូវច្បាស់ ដែលតម្រូវឱ្យមានការបន្តក់ថ្នាំការពារភ្នែកជាប្រចាំ។

អត្ថបទ ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖