នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី សិស្សានុសិស្សរស់នៅតាម បណ្តាភូមិ និងកោះនានាក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានធ្វើដំណើរត្រឡប់មកកាន់សាលារៀនរៀងៗខ្លួន ដើម្បីបន្តការសិក្សារបស់ខ្លួន។ ក្រោយបញ្ចប់កម្មវិធីបើកបវេសនកាលនៅសាលា ប្អូនៗសិស្សានុសិស្សមកពីអនុវិទ្យាល័យអូរស្វាយ ចំនួន១៣នាក់ រួមមាន ៖ ភ័ក្ត្រ អាសា, វ៉ា យូរី, ណៅ ប៉ែងហម, វៀង ចែម, យ៉ាន សុផាន, រិទ្ធ ពិសិទ្ធ, សារី វ៉ាវីត, ធឿន សក្តិណា, បែន ស៊ីដា, សុន ឌីណា, ណារិទ្ធ សុឃីម, វែន ហ្វា, ធឿន សុខណា និង ខាង បាង បានអញ្ជើញមកទស្សនកិច្ចនៅអគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)។
ក្នុងឱកាសនោះលោក ស្រេង លីដា គឺជាអ្នកស្រាវជ្រាវ និងជាបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ប្រចាំការនៅអគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) បានបង្ហាញពីសកម្មភាពការងារប្រចាំថ្ងៃ និងចាក់បញ្ចាំងខ្សែភាពយន្តឯកសារ មានចំណងជើងថា «កុំស្មានបងភ្លេច ខ្មែរបាត់បង់តន្រ្តីរ៉ក់» ជូនប្អូនៗទស្សនា និងសិក្សាស្វែងយល់បន្ថែម។ ក្រោយការទស្សនាបានបញ្ចប់ ប្អូនៗសិស្សានុសិស្សបានបង្ហាញនូវអារម្មណ៍ និងទស្សនផ្ទាល់ខ្លួនដូចខាងក្រោម៖
ណៅ ប៉ែងហម គឺជាសិស្ស មកពីភូមិកោះឈើទាលតូច បានរៀបរាប់ទាំងស្នាមញញឹមថា៖ «ថ្ងៃនេះគឺជាថ្ងៃដំបូងដែលនាងខ្ញុំបានឡើងមកបន្តការសិក្សាថ្នាក់ទី៧ នៅអនុវិទ្យាល័យអូរស្វាយ និងជាលើកទីមួយ ដែលនាងខ្ញុំបានជិះទូកចម្លងរបស់ព្រះរាជបណ្ណាល័យហ្លួងម៉ែ នៃអគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)។ ពេលចូលមកដល់ទីនេះភ្លាម ខ្ញុំមានអារម្មណ៍រំភើប ព្រោះអគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) មានភាពស្រស់ស្អាត ភាពស្ងប់ស្ងាត់ និងការរៀបចំយ៉ាងមានរបៀបរៀបរយ។ ខ្ញុំមានភាពរីករាយពេលឃើញប្រវត្តិសាស្រ្ត ភាពរស់រវើកនៃសិល្បៈ តន្ត្រី និងភាពស៊ីវិល័យក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដែលប្លែកពីសម័យបច្ចុប្បន្ន។ ប៉ុន្តែទន្ទឹមនឹងភាពសប្បាយរីករាយ នាងខ្ញុំពិតជាមានអារម្មណ៍ក្តុកក្តួល និងសោកសៅជាខ្លាំងនៅពេលឃើញប្រទេសជាតិត្រូវធ្លាក់ចូលក្នុងមហន្តរាយនៃរបបខ្មែរក្រហម ដែលបានសម្លាប់ជីវិតមនុស្ស និងបំផ្លិចបំផ្លាញកេរដំណែលសិល្បៈវប្បធម៌ដ៏ល្អផូរផង់។
វែន ហ្វា អាយុ១៦ឆ្នាំ គឺជាសិស្សថ្នាក់ទី៨ មកពីភូមិកោះឈើទាលតូច បានលើកឡើងថា៖ «ថ្ងៃបើកបវេសនកាលដំបូងនេះ ពិតជាពិសេសសម្រាប់នាងខ្ញុំ ព្រោះក្រៅពីការជួបជុំលោកគ្រូអ្នកគ្រូ និងមិត្តភក្តិ នាងខ្ញុំមានឱកាសទស្សនាខ្សែភាពយន្តឯកសារ »កុំស្មានបងភ្លេច ខ្មែរបាត់បង់តន្រី្ដរ៉ក់» អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)។ នាងខ្ញុំពិតជាពេញចិត្តខ្សែភាពយន្តនេះខ្លាំងណាស់ ព្រោះបានផ្តល់ចំណេះដឹងយ៉ាងជ្រាលជ្រៅអំពីជីវប្រវត្តិនៃតារាចម្រៀងល្បីៗនៅសង្គមចាស់ បទចម្រៀង និងបានដឹងច្បាស់ពីការលះបង់ ការឆ្លងកាត់ការឈឺចាប់ និងទុក្ខលំបាកវេទនារបស់ប្រជាជនខ្មែរក្នុងពេលសង្គ្រាម។
អត្ថបទ ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា









