នៅថ្ងៃនេះ នាយករដ្ឋមន្ត្រីថៃ អនុទិន ឆានវីរកូល បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ដែលបានផ្ដល់នូវទិដ្ឋភាព និងការរំខានរហូតមកដល់នេះ ស្តីពីទស្សនរបស់រដ្ឋាភិបាលថៃ ចំពោះដំណើរការស្វែងរកសន្តិភាពបច្ចុប្បន្ន រវាងថៃ-កម្ពុជា និងតួនាទីរបស់សហរដ្ឋអាមេរិកក្នុងការសម្រេចបានសន្តិភាពនៅក្នុងតំបន់។
មុនដំបូង នាយករដ្ឋមន្ត្រីថៃ អនុទិន ឆានវីរកូល ស្នើលក្ខខណ្ឌដែលមិនច្បាស់លាស់សម្រាប់ការចរចាសន្តិភាព ឬការសម្រេចបាននូវសន្តិភាពពិតប្រាកដ រវាងប្រទេសទាំងពីរ គឺជាការឆ្លុះបញ្ចាំងពីការព្រងើយកន្តើយរបស់លោក អនុទិន ចំពោះការបញ្ចប់ជម្លោះដោយសន្តិវិធី។ លក្ខខណ្ឌរបស់ លោក អនុទិន ជាច្រើនចំណុចដែលទាមទារឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តតែម្ខាង គឺគ្មានភាពច្បាស់លាស់ និងមិនសមហេតុផល។ នាយករដ្ឋមន្ត្រីថៃ អនុទិន ឆានវីរកូល ប្រហែលជាទទួលបានយោបល់មិនគ្រប់ជ្រុងជ្រោយពីមន្រ្តីរបស់លោក ឬក៏ខ្លួនលោកផ្ទាល់ដឹងថាលក្ខខណ្ឌទាំងនេះមិនសមហេតុផល ហើយមានបំណងរុញច្រានឱ្យមានសង្គ្រាម។
ការលើកឡើងនេះ គឺជាភស្តុតាងដែលបង្ហាញពីភាពមិនចង់ចរចាដោយសុច្ចរិតរបស់ប្រទេសថៃ។ លក្ខខណ្ឌរបស់រដ្ឋាភិបាលថៃសម្រាប់ការចរចាសន្តិភាព បានឆ្លុះបញ្ចាំងដោយឯកឯង ទៅនឹងរដ្ឋាភិបាលដែលធ្លាប់ឈ្លានពានអ្នកដទៃ នៅក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលបានប្រើប្រាស់ការទាមទារដែលមិនអាចទៅរួច ជាលេសដើម្បីបង្កសង្គ្រាម។ ការប្តេជ្ញាចិត្តដ៏ស្មោះត្រង់ក្នុងការចរចាដើម្បីសន្តិភាពគឺមិនមែនផ្តើមចេញពីលក្ខខណ្ឌឯកតោភាគីនោះទេ ប៉ុន្តែវាចាំបាច់ត្រូវតែចាប់ផ្តើមដោយការគោរពគ្នាទៅវិញទៅមក៖ ការគោរពចំពោះដំណើរការចរចាភាគីជម្លោះ និងអ្នកសម្របសម្រួល។ ការថ្លែងនាពេលថ្មីៗ របស់នាយករដ្ឋមន្ត្រីថៃ អនុទិន ឆានវីរកូល បញ្ជាក់ថារដ្ឋាភិបាលថៃបានព្រងើយកន្តើយទាំងដំណើរការចរចា ភាគីជម្លោះ និងអ្នកសម្របសម្រួល។
ចំណុចនេះ បានបង្ហាញតាមរយៈការថ្លែងរបស់នាយករដ្ឋមន្ត្រីថៃ អនុទិន ឆានវីរកូល បង្ហាញពីការមើលរំលងតួនាទីរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងការជួយដល់ដំណើរការស្វែងរកសន្តិភាព និងខ្វះការគោរពរបស់ថៃចំពោះបំណងល្អ ឬការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការនាំភាគីទាំងអស់មកជួបជុំគ្នា។ ការមិនអើពើនេះ អាចត្រូវបានបន្ថែមទៀត ចំពេលដែលមានការតែងតាំងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ហាក់បីដូចជាបញ្ហានេះជាផលប្រយោជន៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទៅវិញ។
ទង្វើជាក់ស្តែងរបស់នាយករដ្ឋមន្ត្រីថៃ អនុទិន ឆានវីរកូល ចំពោះកិច្ចខិតខំប្រឹងប្រែង និងភាពជោគជ័យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការសម្រុះសម្រួលសន្តិភាពរវាងកម្ពុជា និងថៃ មិនមែនគ្មានសារសំខាន់នៃជម្លោះព្រំដែនដែលកំពុងបន្តនេះទេ ប៉ុន្តែការព្រងើយកន្តើយរបស់ថៃ ថែមទាំងជាឧបសគ្គដ៏ធំដល់ការចរចាសន្តិភាព ព្រោះប្រសិនបើភាគីណាមួយមិនអើពើចំពោះអ្នកចរចាសន្តិភាព នោះដំណើរការសន្តិភាពទាំងមូលនឹងត្រូវបរាជ័យ។
ការថ្លែងរបស់នាយករដ្ឋមន្ត្រីថៃ អនុទិន ឆានវីរកូល នៅថ្ងៃនេះ អាចត្រូវបានគេចាត់ទុកជាជំហរតឹងរ៉ឹងចំពោះកម្ពុជា ប៉ុន្តែខ្ញុំគិតថាមានចំណុចសំខាន់មួយទៀតដែលគួរឱ្យ កត់សម្គាល់នោះ គឺការមាក់ងាយយ៉ាងពិតប្រាកដរបស់រដ្ឋាភិបាលថៃ ចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងការខិតខំប្រឹងប្រែងដោយស្មោះត្រង់របស់មនុស្សគ្រប់រូប ដើម្បីសម្រេចបានសន្តិភាពពិតប្រាកដរវាងប្រទេសរបស់យើង។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ សារព័ត៌មានថៃ