មជ្ឈមណ្ឌលឯកសារខេត្តតាកែវ រៀបចំវេទិកាអប់រំស្តីអំពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សវិទ្យាល័យសម្តេចក្រុមព្រះអង្គរនាប

នៅសល់ប៉ុន្មានថ្ងៃទៀតគឺជាថ្ងៃគម្រប់ខួបលើកទី៤៦ ថ្ងៃទី២០ ខែមិថុនា គឺជាថ្ងៃដែលសមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤រូបទៀត ចាកចេញទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រនិងប្រមូលកម្លាំងអ្នកស្នេហាជាតិក្នុងការរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហម។ នៅថ្ងៃទី១៣ និងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ បានរៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ឡើង ដើម្បីឲ្យយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។

វេទិកាលើកនេះ បាននាំមកនូវប្រធានបទស្តីអំពី «ទំនាក់ទំនងការបរទេស» និង «គោលការណ៍៨ចំណុចរបស់ខ្មែរក្រហម» ដែលឈានដល់ការបំផ្លិចបំផ្លាញជីវិតមនុស្ស។ អ្នកចូលរួមនៅក្នុងវេទិកាទាំងពីរលើកគឺជាសិស្សានុសិស្សមកពីវិទ្យាល័យសម្តេចក្រុមព្រះអង្គរនាប ចំនួន៧០នាក់ ក្រោមការដឹកនាំពីគ្រូបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យា។

ចាប់ផ្ដើមដំបូង គ្រូឧទ្ទេស ផេង ពង្សរ៉ាស៊ី បានណែនាំខ្លួន ទីតាំងការងាររបស់មជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ និងបង្ហាញពីវត្ថុបំណងវេទិកាថ្នាក់រៀនចំនួន៤ចំណុចគឺ ទី១) ឈ្វែងយល់បន្ថែមពីបរិបទប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ទី២) ឈ្វេងយល់ន័យបន្ថែមអំពីនិយមន័យអំពើប្រល័យពូជសាសន៍ និងកត្តាគ្រោះថ្នាក់ជាក់លាក់មួយចំនួននាំឲ្យកើតអំពើប្រល័យពូជសាសន៍ ទី៣) ប្រើប្រាស់ចំណេះដឹងដែលសិក្សារួច ដើម្បីចូលរួមទប់ស្កាត់អំពើប្រល័យពូជសាសន៍វិលត្រឡប់មកវិញនាពេលអនាគត និងទី៤) លើកទឹកចិត្តឲ្យមានការផ្លាស់ប្ដូរការគិតពីការប្រើប្រាស់អំពើហិង្សាឲ្យទៅជាការពន្លត់អំពើហិង្សា។

បន្ទាប់មក គ្រូឧទ្ទេសបានផ្ដល់ពេលវេលាជាងមួយម៉ោងដល់សិស្សានុសិស្សដើម្បីសួរសំណួរទាក់ទងនឹងប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ហើយរាល់សំណួរទាំងអស់គឺត្រូវបានឆ្លើយយ៉ាងក្បោះក្បាយ។ សំណួរទាំងនោះមាន ដូចជា ១) ចំពោះស្រ្ដីដែលសម្រាលកូន តើអង្គការអនុញ្ញាតឲ្យឈប់សម្រាកធ្វើការរយៈពេលប៉ុន្មានខែ? ២) តើហេតុអ្វីសម័យខ្មែរក្រហម អ្នកដែលមានចំណេះដឹងគឺបានត្រឹមតែជាប្រជាជនធម្មតា ហើយអ្នកដែលមិនមានចំណេះដឹង អាចឡើងតួនាទីធំ? ៣) នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានជនបរទេសរស់នៅប្រទេសកម្ពុជាដែរឬទេ? ៤) ហេតុអ្វីបានជាខ្មែរក្រហមឲ្យប្រជាជនស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ? ៥)ហេតុដូចម្ដេចបានជាតួនាទីអប់រំកុមារគឺជារបស់អង្គការ? ហេតុដូចម្ដេចបានជាមិនឲ្យឪពុកម្ដាយជាអ្នកអប់រំកូននៅក្នុងរបបខ្មែរក្រហម? ៦) តើខ្មែរក្រហមគឺជានរណា? ខ្មែរក្រហមឡើងកាន់អំណាចដោយរបៀបណា? ៧) តើវិស័យពាណិជ្ជកម្មនៅក្នុងរបបខ្មែរក្រហមដំណើរការយ៉ាងដូចម្ដេច? ៨) តើនៅពេលដែលរបបខ្មែរក្រហមដួលរលំ ប្រទេសកម្ពុជាជួបនូវគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ? ៩) នៅពេលប្រជាជនចូលរួមផ្តួលរំលំរបបសាធារណរដ្ឋខ្មែរ តើព្រះបាទ នរោត្ដម សីហនុ បានដឹងថា ប៉ុល ពត មានបំណងដឹកនាំប្រជាជនទៅកាន់កុម្មុយនីស្តដែរឬទេ? ១០) តើរបបអាហារកងទ័ពដូចប្រជាជនដែរឬទេក្នុងរបបខ្មែរក្រហម? ១១) នៅពេលប្រទេសយើងសម្លាប់ប្រជាជនខ្មែរគ្នាឯង តើប្រទេសជិតខាងលូកដៃចូលដែរឬទេ? ១២) ហេតុអ្វីបានជាប្រទេសវៀតណាមចូលជួយប្រជាជនកម្ពុជា? ១៣) តើ ប៉ុល ពត និងវៀតណាមមានទំនាក់ទំនងអ្វីជាមួយគ្នា? ១៤) កម្ពុជាបានទទួលជំនួយពីប្រទេសណាខ្លះ នៅក្នុងរបបខ្មែរក្រហម? ១៥) តើដំណាំជាកម្មសិទ្ធិរបស់ប្រជាជន ហេតុអ្វីបានជាប្រជាជនគ្មានសិទ្ធិបេះហូប? ១៦) ហេតុដូចម្ដេចបានជាខ្មែរក្រហមផ្សព្វផ្សាយមនោគមវិជ្ជាដល់និស្សិតនៅទីក្រុង និងគ្រូបង្រៀន? ១៧) ហេតុអ្វីរបប ប៉ុល ពត ឲ្យកុមារប្រើប្រាស់កាំភ្លើង? ១៨) ហេតុអ្វីបានជាថ្នាក់លើបញ្ជាឲ្យកងទ័ពធ្វើទឹកមុខមាំនៅពេលដែល ប៉ុល ពត វាយដណ្ដើមចូលទីក្រុងភ្នំពេញបាននៅថ្ងៃទី១៧ មេសា ១៩៧៥? ១៩) តើហេតុអ្វីបានជាខ្មែរក្រហមចាត់ទុកវៀតណាមជាសត្រូវទីមួយ និងចាត់ទុកចិនជាមិត្តល្អបំផុត? ២០) ហេតុអ្វីបានជា ប៉ុល ពត អាចវាយផ្ដួលរំលំរបបសាធារណខ្មែរបាន? ២១) អ្នកទោសបែបណាក្នុងសម័យ ប៉ុល ពត ដែលត្រូវបានចាប់ខ្លួនយកដាក់ក្នុងគុកទួលស្លែង?

បន្ទាប់ពីសម្រាករយៈពេលខ្លី លោក ផេង ពង្សរ៉ាស៊ី បានបន្តធ្វើបទបង្ហាញអំពី «គោលនយោបាយ៨ចំណុចរបស់ខ្មែរក្រហម» និង «ទំនាក់ទំនងការបរទេសកម្ពុជាប្រជាធិបតេយ្យ»។ លោក ផេង ពង្សរ៉ាស៊ី បានសង្ខេបរាល់គោលការណ៍ទាំង៨ចំណុចដោយភ្ជាប់ជាមួយការលើកឧទាហរណ៍បន្ថែមជាច្រើនមកបញ្ជាក់ដើម្បីឲ្យសិស្សានុសិស្សកាន់តែយល់ច្បាស់ថែមទៀត។ ជាមួយគ្នានេះដែរ លោក ផេង ពង្សរ៉ាស៊ី បានលើកយកប្រធានបទសំខាន់មួយទៀតមកធ្វើបទបង្ហាញគឺ «ទំនាក់ទំនងការបរទេសរបស់កម្ពុជាប្រជាធិបតេយ្យ» នៅជំពូកទី១១ នៃសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។ នៅក្នុងផ្នែកនេះ សិស្សានុសិស្សមួយចំនួនត្រូវបានលើកទឹកចិត្តឲ្យឡើងអានកថាខណ្ឌនីមួយៗ ហើយសិស្សខ្លះទៀតឡើងសង្ខេបកថាខណ្ឌទាំងនោះ។ លោក ផេង ពង្សរ៉ាស៊ី គឺជាអ្នកសម្របសម្រួល និងពន្យល់បន្ថែមលើកថាខណ្ឌនីមួយៗ ដើម្បីបង្កើនការយល់ដឹងរបស់សិស្សពីទំនាក់ទំនងរវាងចិននិងកម្ពុជាប្រជាធិបតេយ្យ ដូចខាងក្រោម ៖

  • ប្រវត្តិសង្ខេបទំនាក់ទំនងកម្ពុជា-ចិន ៖ នៅឆ្នាំ១៩៥៥ ព្រះបាទ នរោត្ដម សីហនុ បានជួបជាមួយនាយករដ្ឋមន្រ្ដីចិន ជូ អេនឡាយ ជាលើកដំបូងបង្អស់ នៅទីក្រុង បានឌុង ប្រទេសឥណ្ឌូនេស៊ី ក្នុងសន្និសិទ្ធស្ដីពី «ចលនាមិនចូលបក្សសម្ព័ន្ធ»។ ក្នុងឆ្នាំ១៩៥៦ ព្រះបាទ នរោត្ដម សីហនុ យាងទៅធ្វើទស្សនកិច្ចលើកដំបូងនៅប្រទេសចិន ហើយលោកនាយករដ្ឋមន្រ្ដីចិន ជូ អេនឡាយ ក៏បានមកទស្សនកិច្ចនៅកម្ពុជាវិញ តាមការអញ្ជើញរបស់ព្រះបាទ នរោត្ដម សីហនុ។ ភាគីចិនចាត់ទុកការផ្លាស់ដូរដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រទេសទាំងពីរថា ជារឿងកម្រមួយក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងការទូតនៅលើពិភពលោក ដោយសារតែទស្សនកិច្ចនេះធ្វើឡើងមុនពេលដែលប្រទេសទាំងពីរ មិនទាន់បង្កើតចំណងការទូតជាផ្លូវការនៅឡើយ។ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ចំណងការទូតនេះកាន់តែរីកធំធាត់ចាប់ពីពេលនោះមក។
  • ជំនួយចិនគាំទ្រការផ្ដួលរំលំរបប លន់ នល់៖ នៅពេលរបបរាជានិយមនៅកម្ពុជា ដួលរលំនៅឆ្នាំ១៩៧០ ដោយសាររដ្ឋប្រហាររបស់សេនាប្រមុខ លន់ នល់ គណបក្សកុម្មុយនីស្តចិន ដឹកនាំដោយ ម៉ៅ សេទុង បានគាំទ្ររដ្ឋាភិបាលនិរទេសរបស់ព្រះបាទ នរោត្ដម សីហនុ យ៉ាងពេញទំហឹង ក្នុងការដឹកនាំចលនាតស៊ូប្រឆាំងរបបសាធារណរដ្ឋខ្មែរ។
  • អាមេរិក និងរុស្ស៊ី ក្នុងក្រសែភ្នែក ប៉ុល ពត ៖ គឺត្រូវបានចាត់ទុកថាជាប្រទេសដែលគំរាមកំហែង និងចង់ត្រួតត្រាប្រទេសកម្ពុជា ហើយ ប៉ុល ពត បានបញ្ជាក់នៅឆ្នាំ១៩៧៧ ថា «យើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ទល់នឹងការប៉ុនប៉ងឈ្លានពាន និង សកម្មភាពរបស់សត្រូវជាយថាហេតុ»។
  • ប្រទេសចិន ក្នុងក្រសែភ្នែក ប៉ុល ពត ៖ គឺជាមិត្តដ៏អស្ចារ្យ ព្រោះប្រទេសចិនបានផ្ដល់នូវសមភាព ការគាំទ្រ ការគោរពគ្នាទៅវិញទៅមក គាំទ្រនយោបាយរបស់ ប៉ុល ពត អស់ពីចិត្តនិងបានជួយវិភាគវណ្ណៈក្នុងសង្គមដើម្បីការកំណត់វណ្ណៈ និងបែងចែករវាងមិត្ត និងសត្រូវនៅកម្ពុជាក្នុងបរិបទនៃបដិវត្តន៍ប្រជាធិបតេយ្យថ្មី។ ចិនគឺជាប្រភពជំនួយចម្បងបំផុតរបស់ខ្មែរក្រហម ក្នុងនោះមាន ដូចជា ជំនួយលើវិស័យសេដ្ឋកិច្ច, យោធា, ទំនាក់ទំនងពាណិជ្ជកម្ម រួមទាំងការជួយធ្វើសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីដល់របបកម្ពុជាប្រជាធិបតេយ្យ។

វេទិកាថ្នាក់រៀននេះបញ្ចប់នៅម៉ោង១១កន្លះព្រឹក។ នៅពេលរសៀល សិស្សានុសិស្សទាំងអស់បានបន្តធ្វើទស្សនកិច្ចសិក្សាទៅកាន់ ៖ ១) ទីតាំងទួលធាតុគឺជាទីកន្លែងដែលសិស្សា​នុសិស្សបានរៀនសូត្របន្ថែមពីសំណងរួមដែលអ្នករស់រានមានជីវិតសមនឹងទទួលបាន ក្រោយពីតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមបញ្ចប់ទៅ។ លោក ផេង ពង្សរ៉ាស៊ី បានពន្យល់ដល់សិស្សានុសិស្សពីមូលហេតុនាំឲ្យមានការសាងសង់សំណង់ចេតិយ និងផ្ទាំងពាក្យស្លោកការចងចាំ នៅលើទីទួលធាតុនេះ ២) មន្ទីរសន្តិសុខស្រុក១០៥ ឬមន្ទីរសន្តិសុខក្រាំងតាចាន់ គឺជាទីតាំងសម្លាប់មនុស្ស ឃុំឃាំងមនុស្ស និងធ្វើទារុណកម្មមនុស្សយ៉ាងឃោរឃៅ។ នៅទីនោះ សិស្សានុសិស្សបានឈ្វេងយល់បន្ថែមពីភ័ស្តុតាងជាក់ស្តែងមួយចំនួនដូចជា ស្លាក​ស្នាមរណ្តៅសាកសព និងមន្ទីរបូជនីយដ្ឋានធ្វើពីថ្មមួយនៅចំកណ្តាលទីតាំងសារមន្ទីរក្រាំងតាចាន់ដែលមានតម្កល់ឆ្អឹងលលាដ៏ក្បាល និងឆ្អឹងស្មងដៃជើងរបស់សាកសព។ បន្ទាប់ពីដំណើរទស្សកិច្ចនេះសិស្សបង្ហាញនូវចំណាប់អារម្មណ៍ដូចខាងក្រោម ៖

អង ហ្កានី អាយុ១៨ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យសម្ដេចក្រុមព្រះអង្គរនាប បានរៀបរាប់ថា ខ្ញុំបានយល់ដឹងច្រើនពីទំនាក់ទំនងការបរទេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យជាមួយប្រទេសចិន ដែលបានផ្ដល់ជំនួយជាច្រើនមកកម្ពុជា។ ខ្ញុំបានយល់ដឹងពីទំនាក់ទំនងរវាងរបបកម្ពុជាប្រជាធិបតេយ្យជាមួយវៀតណាម ដែលមានភាពមិនចុះសម្រុងជាមួយគ្នា។ ខ្ញុំយល់ថាកម្ពុជាប្រជាធិបតេយ្យជាមួយប្រទេសចិនគឺ មានភាពស្អិតរមួតជាមួយគ្នាយ៉ាងខ្លាំង ដោយសារតែចិនបានផ្ដល់ជំនួយជាច្រើន ទើបធ្វើឲ្យមានការចុះសម្រុងជាមួយគ្នា។

កប បញ្ញា អាយុ១៨ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យសម្ដេចក្រុមព្រះអង្គរនាបបានលើកឡើងថា ខ្ញុំបានយល់ដឹងពីរបបខ្មែរក្រហមគ្រប់គ្រងប្រទេសកម្ពុជាដែលធ្វើឲ្យប្រជាជនជួបការលំបាក។ ខ្ញុំបានដឹងពីរបបអាហារ និងការធ្វើទារុណកម្មមកលើប្រជាជនខ្មែរ។ ខ្ញុំ យល់ថាប្រទេសកម្ពុជាជាមួយប្រទេសចិនគឺមានទំនាក់ទំនងល្អ ដោយសារប្រទេសចិនបានផ្ដល់នូវគ្រឿងសព្វាវុធជាច្រើនមកខ្មែរក្រហម។

យ៉ង់ ធីតា អាយុ១៨ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យសម្ដេចក្រុមព្រះអង្គរនាប បានឲ្យដឹងថា ក្រោយពីនាងខ្ញុំបានចូលរួមក្នុងវេទិកាថ្នាក់រៀនចុងសប្ដាហ៍រយៈពេលមួយព្រឹក ខ្ញុំទទួលបានចំណេះដឹងច្រើនពីរបបគ្រប់គ្រងនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាជនយ៉ាងរង្គាល។ ខ្ញុំយល់ថាមេរៀនទាក់ទងរបបខ្មែរក្រហមមានសារសំខាន់ដើម្បីកូនចៅជំនាន់ក្រោយ និងសិស្សកុំឲ្យប្រើប្រាស់អំពើហិង្សា។ ដើម្បីទប់ស្កាត់កុំឲ្យមានរបបខ្មែរក្រហម យើងត្រូវចេះអធ្យាស្រ័យគ្នាទៅវិញទៅមក និងត្រូវឲ្យយុវជនជំនាន់ក្រោយសិក្សាឲ្យបានកាន់តែច្រើនដើម្បីយល់ដឹងពីផលប៉ះពាល់។ បន្ទាប់មកឲ្យសិស្សសិក្សាពីរបបខ្មែរក្រហមបានទូលំទូលាយ កុំឲ្យជាន់ដានប្រវត្តិសាស្រ្តតទៅទៀត។

ភុំ សិរីផាន្នា អាយុ១៨ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យសម្ដេចក្រុមព្រះអង្គរនាប បានរៀបរាប់ថា ក្រោយពីខ្ញុំបានចូលរួមក្នុងវេទិកាថ្នាក់រៀនចុងសប្ដាហ៍ ខ្ញុំទទួលបានចំណេះដឹងថ្មីៗជាច្រើនទាក់ទងរបបកម្ពុជាប្រជាធិបតេយ្យ។ ប្រជាជនជាច្រើនទទួលរងទុក្ខលំបាក ដោយគ្មានសិទ្ធិសេរីភាព គ្មានសិទ្ធិបញ្ចេញមតិ និងគ្មានសិទ្ធិតវ៉ាគ្រប់បែបយ៉ាង។ ដើម្បីចូលរួមទប់ស្កាត់របបខ្មែរក្រហមកុំឲ្យកើតឡើងម្ដងទៀត យើងត្រូវនាំគ្នាកាត់បន្ថយការប្រើប្រាស់អំពើហិង្សានៅក្នុងគ្រួសារនៅក្នុងសង្គម និងចេះសាមគ្គីគ្នា ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។

អត្ថបទ ៖ ង៉ាន់ វីន បុគ្គលិកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖