ពិព័រណ៍ស្ថាបត្យកម្មធំប្រចាំឆ្នាំត្រូវបានរៀបចំឡើងរយៈពេលពីរថ្ងៃគឺពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល Phnom Penh Factory ក្រោមអត្ថន័យនៃភាពតូចតាច។ នៅក្នុងពិព័រណ៍នេះមានការចូលពីបណ្តាអ្នកលក់ ដៃគូដាក់តាំងបង្ហាញដ៏សម្បូរបែបដែលត្រូវបានជើសយ៉ាងសម្រិតសម្រាំង ចាប់ពីសម្ភារសំណង់ និងការរចនាស្ថាបត្យកម្មល្បីៗ រហូតដល់ផលិតផលធ្វើដោយដៃ រុក្ខជាតិលម្អ និងអាហារភេសជ្ជៈ។
មជ្ឈមណ្ឌលឯកសារកម្ពុជាបានចូលរួមដាក់តាំងបង្ហាញពីគម្រោងរបស់ខ្លួន រួមមាន ១) ពិព័រណ៍រុក្ខជាតិកម្រ ដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបានធ្វើការសិក្សាស្រាវជ្រាវជាច្រើនឆ្នាំមកហើយ និងសង្ឃឹមថារុក្ខជាតិមួយចំនួនអាចប្រើប្រាស់ជាឱសថសម្រាប់ជួយដល់សុខភាពលក្ខណៈគ្រួសារ ចំពោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ មជ្ឈមណ្ឌលឯកសារកម្ពុជាបានបង្កើតបន្ទប់ពិសោធន៍រុក្ខជាតិមួយ ដែលសិក្សាលើរុក្ខជាតិកម្រនៅក្នុងប្រទេសកម្ពុជា និងរុក្ខជាតិជាច្រើនប្រភេទទៀតមកពីបណ្ដាប្រទេសដទៃ ដើម្បីបង្កាត់ពូជ និងអាចប្រើប្រាស់ជាឱសថ។ ២) ការតាំងបង្ហាញផលិតផលសិប្បកម្មក្នុងគម្រោងសូត្រចាម ឬពណ៌នៃការចងចាំ ដូចជា ផ្ទាំងក្រណាត់សូត្រ និងក្រមាសូត្រ រំលេចដោយរចនាគោមសំពតដ៏ស្រស់ស្អាត ដែលជាស្នាដៃផលិតដោយស្រ្តីជនជាតិចាម មកពីខេត្តកំពង់ចាម។ ៣) ការតាំងបង្ហាញស្នាដៃគម្រោងស្ថាបត្យកម្មព្រះរាជបណ្ណាល័យហ្លួងម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម «ពោធិ៍ចិនតុងកើតឡើងវិញ ការបំប្លែង អាកាសយានដ្ឋានចាស់ភ្នំពេញឱ្យក្លាយទៅជាទីក្រុងអេប៉ុង» ដឹកនាំដោយលោក ទិត្យ សត្យាវង្ស, កញ្ញា លាង ចន្ធី, កញ្ញា លឹម វណ្ណសូលីហ្សា និងលោក វន រ័ត្នវិសាល កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។
គម្រោងនេះ គឺជាគំនិតផ្តួចផ្តើមមួយដើម្បីផ្លាស់ប្តូរអតីតអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងទៅជាសួនច្បារទីក្រុងអេប៉ុង។ គម្រោងនេះអនុវត្តគោលការណ៍ស្នូលនៃការរចនាទីក្រុងដែលងាយរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលត្រូវបានគេហៅថាជាគំរូ «ទីក្រុងអេប៉ុង» ដោយអនុញ្ញាតឱ្យទេសភាពស្រូបយក រក្សាទុក ត្រង និងបញ្ចេញទឹកភ្លៀងដោយធម្មជាតិ។ អតីតអាកាសយានដ្ឋាននឹងក្លាយជាផ្លូវដើរដែលអាចជ្រាបទឹកបានជាមួយនឹងច្រករបៀងបៃតង ដែលទឹកភ្លៀងជ្រាបចូលតាមរយៈផ្លូវជីវសាស្រ្ត សួនច្បារទឹកភ្លៀង និងផ្លូវក្រាលកៅស៊ូ។ ផ្នែកធំនៃតំបន់អាកាសយានដ្ឋាននឹងត្រូវបានផ្លាស់ប្តូរទៅជាតំបន់សើម បឹងស្តុកទឹក និងតំបន់ទំនាបលិចទឹកដែលអាចកាត់បន្ថយទឹកភ្លៀង ខណៈពេលដែលតំបន់នេះគាំទ្រដល់ជីវចម្រុះ និងសត្វព្រៃដែរ។
ការបង្កើតឡើងវិញនៃអាកាសយានដ្ឋានពោធិ៍ចិនតុងគឺច្រើនជាងការអភិវឌ្ឍន៍ប្រព័ន្ធជលសាស្ត្រទំនើបដែលគាំទ្រដល់បរិស្ថានក្នុងស្រុក និងសហគមន៍ទីក្រុង/ជនបទ។ គម្រោងនេះគឺជាគំនិតរចនាទីក្រុងដែលផ្តោតលើប្រជាជន ដែលនឹងកំណត់ស្តង់ដារសម្រាប់គម្រោងអភិវឌ្ឍន៍នាពេលអនាគត។ គំនិតនៃតំបន់បៃតងដែលមានស្រមោលនឹងកាត់បន្ថយកំដៅទីក្រុង ខណៈពេលដែលបើកកន្លែងសាធារណៈ កន្លែងកម្សាន្ត ទីលានកីឡា និងសួនច្បារវប្បធម៌សម្រាប់ការប្រើប្រាស់ជាសាធារណៈពេញមួយឆ្នាំ។ គម្រោងនេះនឹងជួយបំពេញតម្រូវការនៃការអភិវឌ្ឍន៍ទីក្រុងនាពេលអនាគតប្រកបដោយចីរភាព ជាមួយនឹងសារសំខាន់នៃភាពធន់នឹងអាកាសធាតុ ការអភិរក្សជីវៈចម្រុះ និងបេតិកភណ្ឌពិសិដ្ឋរបស់ប្រទេសកម្ពុជា។ ប្រទេសកម្ពុជាអាចកំណត់ស្តង់ដារសម្រាប់ការអភិវឌ្ឍន៍ទីក្រុងប្រកបដោយចីរភាព ដោយការផ្លាស់ប្តូរទីតាំងប្រវត្តិសាស្ត្រមួយនៅក្នុងការរចនាទីក្រុងដែលងាយរងគ្រោះដោយទឹកជំនន់ ដែលមិនត្រឹមតែគាំទ្រដល់រាជធានី និងសហគមន៍ក្នុងតំបន់តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបរិស្ថាន និងបេតិកភណ្ឌរបស់ប្រទេសសម្រាប់មនុស្សជំនាន់ក្រោយទៀតផង។ នៅក្នុងគម្រោងនេះ គឺមានរួមបញ្ចូលអគារប្រវត្តិសាស្រ្ត ព្រះរាជបណ្ណាល័យហ្លួងម៉ែ, ទីតាំងរំឭកវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជា ដែលបានពលីនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ, សាលពិព័រណ៍រូបថតមេដឹកនាំពិភពលោកដែលបានធ្វើដំណើរមកដល់ព្រលានយន្តហោះពោធិ៍ចិនតុង និងមជ្ឈមណ្ឌលភស្តុភារកម្ម។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកព្រះរាជបណ្ណាល័យហ្លួងម៉ែ មានប្រសាសន៍ថា ទីតាំងស្តូបរំឭកវិញ្ញាណក្ខន្ធនេះបង្កើតឡើងក្នុងគោលបំណងដើម្បីការចងចាំនូវវីរភាពដ៏ក្លាហានចំពោះការពលីជីវិតរបស់វីរកងទ័ពក្នុងការការពារទឹកដីប្រទេសកម្ពុជាជាច្រើនជំនាន់ និងជាកន្លែងសម្រាប់អ្នកជំនាន់ក្រោយបានសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្ត និងគំរូដ៏អង់អាចរបស់វីរកងទ័ពក្នុងការការពារទឹកដីពីការឈ្លានពាន និងយាយីពីសត្រូវ។ ការរចនាកន្លែងនេះយកលំនាំតាមស្រះទឹកនៅប្រាសាទព្រះវិហារ ដោយនៅលើជញ្ជាំងថ្មម៉ាប មានឆ្លាក់ឈ្មោះវីរកងទ័ពដែលបានពលីជីវិតក្នុងសមរភូមិតាមព្រំដែន ក្នុងបុព្វហេតុជាតិមាតុភូមិ។ អ្នកទស្សនាអាចមកទីកន្លែងនេះដើម្បីសម្តែងការដឹងគុណ និងគោរពវិញ្ញាណក្ខន្ធដល់វីរកងទ័ព។
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ កន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីព្រះរាជណាចក្រកម្ពុជា ស្នើឱ្យរដ្ឋមន្រ្តីក្រសួងការពារជាតិ ទៀ សីហា និង ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ពិភាក្សាលើទីតាំងសម្រាប់ការសាងសង់ស្តូបរំឭកដល់វិញ្ញាណក្ខន្ធកងទ័ព និង នគរបាលការពារព្រំដែន ដែលពលីការពារព្រំដែន។ សម្តេចមហាបវរធិបតីថ្លែងថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការឈ្លានពានរបស់ថៃ នឹងត្រូវចារនៅឯវិមានឈ្នះ-ឈ្នះ ប៉ុន្តែស្ដូបសម្រាប់រំឭកវិញ្ញាណក្ខន្ធ នឹងត្រូវសាងសង់ដាច់ដោយឡែក ដើម្បីជាការរំឭកដល់កូនចៅជំនាន់ក្រោយជាប្រចាំ។
អត្ថបទ ៖ សោម ប៊ុនថន ប្រធានក្រុមទស្សនាវដ្តីស្វែងរកការពិត
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា





















