សួន ចិន្ដា៖ ផ្ទះខ្ញុំត្រូវបានដុតបំផ្លាញ

ខ្ញុំឈ្មោះ សួន ចិន្ដា អាយុ៤៦ឆ្នាំ កើតនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានឪពុកឈ្មោះ ឃិន ថា អាយុ៧៦ឆ្នាំ កំពុងរស់នៅស្រុកកំណើតក្នុងភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ចំណែកម្ដាយឈ្មោះ ផាន់ ចាន់ណា អាយុ៧២ឆ្នាំ។ ខ្ញុំមានបងប្អូនស្រីចំនួន៤នាក់។ ខ្ញុំគឺជាកូនទី១ នៅក្នុងគ្រួសារ ចំណែកប្អូនៗខ្ញុំមានឈ្មោះដូចជា ថា ស្រីនាង, ថា សុផា និង ថា ផល្លា។ ខ្ញុំមានប្តីឈ្មោះ សេង ហ្វីន អាយុ៤៥ឆ្នាំ សព្វថ្ងៃធ្វើជាកងទ័ព។ ប្ដីខ្ញុំមានស្រុកកំណើតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រោយរៀបការរួច ប្ដីប្រពន្ធខ្ញុំមានកូនចំនួន៣នាក់ គឺស្រី២នាក់ និងប្រុសម្នាក់ ចំណែកខ្ញុំសព្វថ្ងៃប្រកបមុខរបរលក់បាយ។

កាលពីក្មេង ខ្ញុំរៀនបានត្រឹមថ្នាក់ទី៨។ ក្រោយមកខ្ញុំបានឈប់រៀនដោយសារតែឪពុកម្ដាយរបស់ខ្ញុំបានលែងលះគ្នា ហើយខ្ញុំត្រូវជួយម្តាយរកស៊ីចិញ្ចឹមប្អូនៗ។ ខ្ញុំបានដើរស៊ីឈ្នួលបោកខោអាវ និង ជូតផ្ទះសម្បែងឱ្យអ្នកភូមិបានប្រហែលកន្លះឆ្នាំ ទើបម្ដាយខ្ញុំហៅខ្ញុំ និងប្អូនស្រីទី២ ឱ្យមករស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ពេលខ្ញុំមករស់នៅក្នុងភូមិសង្គមថ្មីដំបូង ខ្ញុំបានឃើញម្ដាយរបស់ខ្ញុំធ្វើការងារនៅក្នុងចម្ការកៅស៊ូ។

នៅឆ្នាំ២០០២ ម្ដាយរបស់ខ្ញុំបានរៀបចំឱ្យខ្ញុំមានគ្រួសារ។ បន្ទាប់ពីខ្ញុំរៀបការរួច ខ្ញុំបានបែកចេញពីម្ដាយមកប្រកបមុខរបរលក់បន្លែ និងលក់ចាប់ហួយបន្តិចបន្តួច។ ចំណែកប្ដីរបស់ខ្ញុំគឺជាកងទ័ពនៅក្នុងកងពលតូចអន្តរាគមន៍លេខ១៤ ដែលមានទីតាំងនៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ប្រធានកងពលតូចរបស់ប្តីខ្ញុំឈ្មោះ គឹម សេងងន។ នៅឆ្នាំ២០១៩ ខ្ញុំ និងប្ដីបានសម្រេចចិត្តលែងលះគ្នា ដោយសារតែការរស់នៅមិនចុះសម្រុងនឹងគ្នា។ បន្ទាប់ពីលែងលះជាមួយប្ដី ខ្ញុំបានខិតខំប្រឹងរកស៊ីចិញ្ចឹមកូនទាំងលំបាកវេទនា។

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ទាហានថៃបានដឹករថពាសដែក និងដឹកជញ្ជូនទាហានជាច្រើនយកមកដាក់នៅតាមព្រំដែនក្បែរឃុំថ្មដា។ នៅវេលាម៉ោង៥:៣០នាទីទៀបភ្លឺ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំ និងម្ដាយរបស់ខ្ញុំ បានរៀបចំសម្លៀកបំពាក់និងរបស់របរប្រើប្រាស់មួយចំនួន ដើម្បីភៀសខ្លួនទៅរកកន្លែងដែលមានសុវត្ថិភាព។ បន្ទាប់ពីរៀបចំអីវ៉ាន់រួចរាល់ ខ្ញុំ និងម្ដាយបានឡើងជិះម៉ូតូឌុបកូនៗ ចាកចេញពីភូមិសង្គមថ្មី។ បន្ទាប់ពីជិះម៉ូតូអស់រយៈ២ម៉ោង ខ្ញុំ និងម្ដាយ បានទៅដល់វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខណៈពេលចូលមកស្នាក់នៅក្នុងជំរំភៀសសឹកលើកដំបូង ខ្ញុំបានឃើញប្រជាជនជាច្រើនបានចូលមកស្នាក់នៅជាបន្តបន្ទាប់។

អំឡុងពេលនោះ លោកគ្រូ អ្នកគ្រូ និងក្រុមការងារស្រុកវាលវែង បានចុះមកជួយរៀបចំកន្លែងស្នាក់នៅ និងចែកអាហារហូបចុកដល់ខ្ញុំ និងប្រជាជនភៀសសឹកឯទៀត។ បន្ទាប់ពីខ្ញុំស្នាក់នៅក្នុងជំរំភៀសសឹកបានប្រហែលកន្លះខែ សភាពការណ៍នៅតាមព្រំដែនថ្មដាមានសភាពស្ងប់ស្ងាត់ឡើងវិញ។ ខណៈពេលនោះ ខ្ញុំ និងកូនបានជិះម៉ូតូចាកចេញពីជំរំភៀសសឹកវិលត្រឡប់ទៅរស់នៅផ្ទះ ដែលស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ វិញ។

នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃបានចល័តសព្វាវុធធុនធ្ងន់ និងបានដាក់ពង្រាយទាហានយ៉ាងច្រើនលើសលប់ចូលមកក្បែរព្រំដែនឃុំថ្មដាបន្តទៀត។ ខណៈពេលនោះនៅតាមព្រំដែនថ្មដា ចាប់ផ្ដើមមានភាពតានតឹងសាឡើងវិញ។ បន្ទាប់ពីមានសភាពការណ៍មិនស្រួល មេភូមិសង្គមថ្មីឈ្មោះ រ៉េត និងមេឃុំថ្មដាឈ្មោះ ព្រំ ង៉ុន បានប្រកាសប្រាប់ប្រជាជនឱ្យភៀសខ្លួនចេញពីភូមិសង្គមថ្មីជាបន្ទាន់ ពីព្រោះទាហានថៃអាចនឹងបើកការវាយប្រហារចូលមកក្នុងឃុំថ្មដាម្ដងទៀត។ នៅវេលាម៉ោង៤:០០នាទីទៀបភ្លឺ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ខ្ញុំបានដាស់កូនឱ្យក្រោកពីដំណេក រួចបានដឹកកូនទាំងយប់ចាកចេញពីភូមិសង្គមថ្មី សំដៅទៅរកកន្លែងដែលមានសុវត្ថិភាព ដែលមានទីតាំងនៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ។ ក្រោយពីមានបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងទាហានថៃលើកទី២ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប្រជាជនដែលរស់នៅឃុំថ្មដា បានចាកចេញពីជំរំភៀសសឹកវិលត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញ។ ខ្ញុំ និងកូនបានជិះម៉ូតូចាកចេញពីជំរំភៀសសឹក ដើម្បីវិលត្រឡប់ទៅរស់នៅផ្ទះខ្លួនឯងវិញ។ ខណៈពេលជិះម៉ូតូចូលទៅដល់ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ខ្ញុំបានឃើញទាហានថៃបានដាក់ទូរកុងតឺន័រ និងរាយបន្លាលួសព័ទ្ធយកដី និងផ្ទះរបស់ប្រជាជនខ្មែរ។ ខ្ញុំបានជិះម៉ូតូសំដៅទៅផ្ទះរបស់ខ្ញុំ។ ពេលធ្វើដំណើរចូលទៅដល់មុខផ្ទះ ខ្ញុំមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង ពីព្រោះផ្ទះរបស់ខ្ញុំត្រូវបានដុតបំផ្លាញឆេះគ្មានសល់។ ពេលនោះខ្ញុំគិតអ្វីមិនចេញ ខ្ញុំគិតតែអង្គុយយំព្រោះស្ដាយផ្ទះសម្បែងដែលខំរកមកយ៉ាងលំបាក។ បន្ទាប់មក ខ្ញុំ និងកូនបានជិះម៉ូតូវិលត្រឡប់មករស់នៅជំរំភៀសសឹក ដែលមានទីតាំងនៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយវិញ។ បច្ចុប្បន្ន ខ្ញុំបន្តស្នាក់នៅជំរំភៀសសឹក ព្រោះតែសភាពការណ៍នៅតាមព្រំដែនមិនទាន់ស្ងប់ស្ងាត់ ហើយខ្ញុំមិនទាន់មានលទ្ធភាពសាងសង់ផ្ទះសម្បែងរស់នៅវិញ។

អត្ថបទ ៖ ចាន់ ណារិទ្ធ បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖