ខ្មែរក្រហមឈប់ឱ្យខ្ញុំបង្រៀនសិស្ស ដោយសារខ្ញុំយកបទចម្រៀងកាលពីសង្គមចាស់ មកច្រៀងលេង

ខ្ញុំឈ្មោះ សំ ទឹម អាយុ៧៥ឆ្នាំ រស់នៅភូមិតាកោ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ សំ សឹម និងម្តាយឈ្មោះ ហ៊ន មួន។ ខ្ញុំមានបងប្អូនចំនួន៩នាក់ គឺស្រី៧នាក់ និងប្រុស២នាក់ ប៉ុន្ដែស្លាប់អស់ម្នាក់ដោយសារជំងឺសើស្បែក។

នៅឆ្នាំ១៩៦០ ខ្ញុំមានអាយុ៨ឆ្នាំ បានចូលរៀនដំបូងនៅសាលាវត្តតាកោ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ក្រោយមក ដោយសារតែជីវភាពក្រីក្រលំបាក និងពុំមានអ្នកជួយធ្វើស្រែប្រាំងឪពុកម្តាយ ទើប​ខ្ញុំឈប់រៀននៅត្រឹមថ្នាក់ឧត្តមឋាន គឺថ្នាក់ទី៩ពីសង្គមចាស់។

នៅឆ្នាំ១៩៦៦ ខ្ញុំបានបួសជាព្រះសង្ឃនៅវត្តតាកោ។ ខ្ញុំបួសបានរយៈពេល៣ព្រះវស្សា ម្តាយខ្ញុំ បានមកប្រាប់ខ្ញុំឱ្យសឹកដើម្បីទៅជួយធ្វើស្រែគាត់វិញ។ ប៉ុន្តែខ្ញុំមិនទាន់ទាំងបានជួយការងារគាត់ផង ស្រាប់​តែ​ធ្លាក់ខ្លួនឈឺមួយរយៈ។

នៅឆ្នាំ១៩៧០ ក្រោយមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ខ្ញុំឃើញប្រជាជននៅខេត្តកំពង់ចាមធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ។ បាតុករបាននាំគ្នាស្រែកថា ជយោសម្តេចឪ នរណាមិនទៅ​ កាប់ចោល។ ក្រោយមកទៀត ខ្ញុំឃើញមានការបំផុសបំផុលឱ្យប្រជាជននៅក្នុងភូមិចូលរួមបម្រើក្នុងជួរកងទ័ពជាមួយកងទ័ពវៀតកុង។ ដោយសារខ្ញុំចង់ឱ្យសម្តេចព្រះ នរោត្តម សីហនុ វិលត្រឡប់មកសោយរាជ្យវិញ ទើបខ្ញុំរួមជាមួយមិត្តភក្តិចំនួន២នាក់ទៀតបានស្នើកងទ័ពរំដោះ ចូលធ្វើជាកងទ័ព ប៉ុន្តែកងទ័ពរំដោះបានប្រាប់ខ្ញុំឱ្យទៅសុំអង្គការថ្នាក់លើ ព្រោះថ្នាក់ស្រុកមានកងទ័ពគ្រប់ចំនួនហើយ។ ដូច្នេះ ខ្ញុំបានវិលត្រឡប់មកផ្ទះវិញ។ ពេលនោះ ឪពុករបស់ខ្ញុំបានប្រាប់ខ្ញុំថា ប្រសិនជាខ្ញុំចង់ទៅធ្វើជាកងទ័ព គឺខ្ញុំបានធ្វើត្រឹមតែជាអ្នកយាមតែប៉ុណ្ណោះ។ នៅពេលខ្ញុំឮសម្តីឪពុករបស់ខ្ញុំនិយាយដូច្នេះ ខ្ញុំសម្រេចចិត្តឈប់ស្នើសុំជាកងទ័ព។ នៅឆ្នាំ១៩៧២ ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យធ្វើជាគ្រូបង្រៀនកុមារនៅក្នុងភូមិ។

បន្ទាប់ពីខ្មែរក្រហមទទួលជ័យជម្នះ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមលែងឱ្យខ្ញុំធ្វើជាគ្រូបង្រៀនតទៅទៀត ដោយសារតែខ្ញុំយកបទចម្រៀងកាលពីសង្គមចាស់មកច្រៀង។ នៅអំឡុងពេលនោះ ប្រធានឃុំបានហៅគ្រូៗទាំងអស់ទៅបង្វឹកឱ្យចេះច្រៀងបទបដិវត្តន៍ជាច្រើនបទ ក្នុងគោលបំណងបំភ្លេចចោលនូវចម្រៀងកាលពីសង្គមចាស់ ហើយងាកមកច្រៀង និងបង្រៀនសិស្សឱ្យច្រៀងចម្រៀងបដិវត្តន៍ជំនួសវិញ។ ចំណែកខ្ញុំពេលសម្រាកពីម៉ោងបង្រៀន ហើយចេញទៅរែកដី ខ្ញុំចេះតែរអិលមាត់ច្រៀងចម្រៀងកាលពីសង្គមចាស់ ដែលជាហេតុធ្វើឱ្យអង្គការបញ្ឈប់ខ្ញុំ និងលែងឱ្យខ្ញុំធ្វើជាគ្រូបង្រៀនតទៅទៀត ព្រោះខ្លាចប៉ះពាល់ដល់ក្មេងជំនាន់ក្រោយ ខ្លាចក្មេងជំនាន់ក្រោយស្គាល់សង្គមចាស់ និងស្គាល់ការសប្បាយរីករាយ ភ្លេចអំពីការតស៊ូវាយរបប លន់ នល់។ លើសពីនេះ ខ្មែរក្រហមបានទិតៀនខ្ញុំថា នៅជាប់កម្អែលចាស់ មិនទាន់ដាច់ស្រឡះ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យធ្វើជាប្រធាន-ខ។ តួនាទីជាប្រធាន-ខ គឺខ្ញុំត្រូវដឹកនាំក្រុមម៉ែៗ ក្រុមបងស្រី និងក្រុមប្រុសៗ សរុបចំនួន២០នាក់ ឱ្យធ្វើស្រែក្នុងភូមិ។ កាលនោះ ខ្ញុំមិនមានអាហារហូបឆ្អែតទេ ប៉ុន្តែខ្ញុំតស៊ូរស់រហូតមកដល់សព្វថ្ងៃ។ ជួនកាលក្នុងមួយថ្ងៃ ខ្ញុំហូបផ្លែចេកតែមួយផ្លែតែប៉ុណ្ណោះ។ ចំណែកឯការងារវិញ ខ្ញុំពុំដែលធ្វើឱ្យទាស់ចិត្តប្រធានកងឡើយ។ លើសពីនេះ នៅពេលកូនក្រុមភ្ជួររាស់ ដកស្ទូង ឬ ច្រូតកាត់ គឺខ្ញុំត្រូវចុះធ្វើជាមួយកូនក្រុមជាប់ជានិច្ច បើខ្ញុំមិនធ្វើទេ ប្រាកដជាត្រូវកូនក្រុមធ្វើការទិតៀននៅក្នុងអង្គប្រជុំជាក់ជាពុំខានឡើយ។

នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យធ្វើការនៅក្នុងកងចល័ត និងត្រូវទៅជីកព្រែក នៅភូមិអូរកណ្តោល ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ថ្ងៃមួយពេលដែលខ្ញុំកំពុងជីកប្រឡាយ ខ្ញុំឃើញនារីម្នាក់កើតជំងឺស្រឺត ប្រកាច់ធ្លាក់ពីមាត់ប្រឡាយចុះទៅក្រោមជម្រៅ៧ម៉ែត្រ។ ខ្ញុំភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញគាត់ធ្លាក់ទៅដល់ក្រោម ហើយងើបឡើងធ្វើការវិញហាក់ដូចជាពុំឈឺចាប់ឡើយ។ ចំណែកខ្ញុំខំប្រឹងធ្វើការបន្តទៀត។ មិនយូរប៉ុន្មាន ខ្ញុំបានធ្លាក់ខ្លួនឈឺគ្រុនសន្ធប់ ដូច្នេះខ្មែរក្រហមបានបញ្ជូនខ្ញុំទៅព្យាបាលនៅមន្ទីរពេទ្យរយៈពេលកន្លះខែ ទើបបញ្ជូនខ្ញុំត្រឡប់មកផ្ទះវិញ។ នៅពេលដែលខ្ញុំមកដល់ផ្ទះ ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យទៅកាប់ឧស នៅភូមិពាមស្តី ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង និងតំបន់ផ្សេងៗទៀតដែលមានព្រៃដុះច្រើន។

បន្ទាប់ពីកើតមានព្រឹត្តិការណ៍ចោទប្រកាន់ថា សោ ភឹម ក្បត់ ខ្ញុំឃើញកងទ័ពមកពីភូមិភាគនិរតី បានចូលមកចាប់កងឈ្លប ប្រធានកង និង ប្រធានឃុំ នៅតំបន់របស់ខ្ញុំយកទៅសម្លាប់ចោល។ ចំណែកប្អូនស្រីរបស់ខ្ញុំត្រូវកងទ័ពមកពីភូមិភាគនិរតីបញ្ជូនទៅខេត្តពោធិ៍សាត់ ព្រោះគាត់មានប្តីធ្វើជាកងឈ្លបក្រោមការដឹកនាំរបស់ សោ ភឹម។ នៅពេលនោះ ឪពុកម្តាយរបស់ខ្ញុំអាណិតកូនជាខ្លាំង ព្រោះខ្លាចកូនមានគ្រោះថ្នាក់ ទើបសម្រេចចិត្តស្នើសុំខ្មែរក្រហមទៅរស់នៅខេត្តពោធិ៍សាត់ជាមួយកូនដែរ។ ឪពុករបស់ខ្ញុំបានស្លាប់នៅទីនោះ គឺសល់តែម្តាយ និងប្អូនស្រីរបស់ខ្ញុំតែប៉ុណ្ណោះដែលមានជីវិតបានវិលត្រឡប់ស្រុកកំណើតវិញ។

ចំណែកខ្ញុំនៅធ្វើស្រែក្នុងភូមិ និងកាប់ឧសឱ្យអង្គការរហូតដល់របបខ្មែរក្រហមដួលរលំ នៅដើមខែមករា ឆ្នាំ១៩៧៩។

អត្ថបទ ៖ ថុន ស្រីពេជ្រ​ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖