សកម្មភាពក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ចូលរួមសម្របសម្រួលក្រុមការងារទឹករ៉ែធម្មជាតិ កាយា ចែកអំណោយដល់ជនភៀសសឹកក្នុងឃុំប្រម៉ោយ

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានជួយសម្របសម្រួល បុគ្គលិកក្រុមហ៊ុនទឹករ៉ែធម្មជាតិកាយា ប្រចាំទីក្រុងភ្នំពេញ ចំនួន៥នាក់ ដែលបានស្នើសុំឱ្យក្រុមការងារដឹកនាំទៅសួរសុខទុក្ខប្រជាជនភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌលជនភៀសសឹកក្នុងវិទ្យាល័យហ៊ុន សែន ប្រម៉ោយ។ ក្នុងពេលកន្លងមក ក្រុមការងារទឹករ៉ែធម្មជាតិកាយាបានទំនាក់ទំនងមកក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងដើម្បីសួរនាំព័ត៌មានទាក់ទងនឹងចំនួនប្រជាជនភៀសសឹក និងស្នើសុំឱ្យជួយសម្របសម្រួលដល់ក្រុមការងារទឹករ៉ែធម្មជាតិកាយាក្នុងពេលចែកជូនអំណោយដល់ប្រជាជនភៀសសឹក។

ក្រុមការងារទឹករ៉ែធម្មជាតិកាយា បានឱ្យដឹងថា ក្រុមហ៊ុនបានឃើញ និងស្គាល់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងតាមរយៈការអានអត្ថបទចុះផ្សាយអំពីការចុះសម្ភាសន៍ប្រជាជនភៀសសឹកឃុំថ្មដា ដែលកំពុងស្នាក់នៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្រុមការងារទឹករ៉ែធម្មជាតិកាយាបានបន្តថា ក្រុមហ៊ុនបានធ្វើការស្រាវជ្រាវ និងជឿជាក់លើបទសម្ភាសន៍ដែលមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានចុះជួបសួរសុខទុក្ខប្រជាជនភៀសសឹក ទើបធ្វើការទំនាក់ទំនងមកក្រុមការងារដើម្បីនាំយកអំណោយផ្ដល់ជូនប្រជាជនភៀសសឹកដោយផ្ទាល់។

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ លោក ចាន់ ណារិទ្ធ បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានចុះទៅសួរសុខទុក្ខ និងចូលរួមសហការជាមួយក្រុមការងារមកពីក្រុមហ៊ុនទឹករ៉ែធម្មជាតិកាយា ផ្តល់អំណោយមួយចំនួនដូចជាអង្ករ ទឹកសុទ្ធ សម្ភារសិក្សា និងគ្រឿងបរិភោគ ជូនដល់ប្រជាជនភៀសសឹកចំនួន៧៣គ្រួសារ ដែលភាគច្រើនជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងកូនចៅក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សូមបញ្ជាក់ថា ជនភៀសសឹកទាំងនេះ មានទីលំនៅស្ថិតក្នុងភូមិសង្គមថ្មី និងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ដែលជាតំបន់សមរភូមិរវាងកម្ពុជា-ថៃ និងត្រូវបានទាហានថៃដាក់លួសបន្លាហ៊ុមព័ទ្ធយកផ្ទះ ដី និងតូបលក់ដូរ បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

អត្ថបទ ៖ ចាន់ ណារិទ្ធ បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖