ខ្ញុំឈ្មោះ បុម វន្នី អាយុ៦២ឆ្នាំ សព្វថ្ងៃខ្ញុំគឺជាគ្រូបង្រៀន រស់នៅភូមិអណ្ដែងសាំងខ្មែរ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។ ខ្ញុំគឺជាកូនពៅក្នុងគ្រួសារដែលមានបងប្អូនបង្កើតចំនួន៣នាក់។ កាលពីក្មេង ខ្ញុំរៀនដល់ថ្នាក់ទី៨ នៅសាលាបឋមសិក្សា ជីខ្មា។ នៅឆ្នាំ១៩៧៣ ខ្មែរក្រហមបានជម្លៀសក្រុមគ្រួសាររបស់ខ្ញុំ រួមទាំងប្រជាជនរស់នៅក្នុងទីរួមខេត្តតាកែវចេញពីភូមិ។ មិនយូរប៉ុន្មាន ខ្មែរក្រហមជម្លៀសប្រជាជនរស់ទាំងប៉ែកខាងត្បូងខេត្តតាកែវ ឱ្យទៅរស់នៅស្រុកអង្គរជ័យ ខេត្តកំពត។ ការជម្លៀសចុះឡើង ធ្វើឱ្យកុមារពុំបានរៀនសូត្រជាប់លាប់ឡើយ។ នៅពេលនោះស្រុកទេសជួបភាពចលាចល ហើយគ្រួសារខ្ញុំត្រូវជម្លៀសពីកន្លែងមួយទៅកន្លែងមួយទៀតដើម្បីគេចចេញពីការទម្លាក់គ្រាប់បែករបស់អាមេរិក ចំណែកបងៗរបស់ខ្ញុំចំនួន២នាក់ រស់នៅទីក្រុងភ្នំពេញ។
នៅឆ្នាំ១៩៧៤ កងទ័ពរំដោះខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យចូលធ្វើជានីរសារ។ តួនាទីរបស់ខ្ញុំ គឺនាំយកសំបុត្ររបស់មេឃុំទៅប្រគល់ឱ្យកម្មាភិបាលខ្មែរក្រហមដែលធ្វើការតាមកង និងតាមភូមិឆ្ងាយៗ ដូចជា នៅកំពង់អំពិល ស្រុកបូរីជលសារ ខេត្តតាកែវ ជាដើម។ មេឃុំខាងកងទ័ពរំដោះខ្មែរក្រហម គឺមានសិទ្ធិអំណាចខ្លាំងណាស់ ថែមទាំងមានខ្សែបណ្តាញសម្រាប់ផ្ញើសារ ឬបញ្ជូនព័ត៌មានតាមរយៈការសរសេរសំបុត្រលើក្រដាសទៅកម្មាភិបាលថ្នាក់ក្រោម។ មេឃុំភាគច្រើន គឺសុទ្ធតែជាអ្នកចេះអក្សរល្មមអាចធ្វើការទំនាក់ទំនងពីតំបន់មួយទៅតំបន់មួយទៀត។ រាល់សំបុត្រគឺត្រូវបានបិទស្រោមជិតៗ ហើយខ្ញុំពុំដែលហ៊ានបើកមើលឡើយ ប៉ុន្តែខ្ញុំសង្កេតឃើញថា នៅលើខ្នងសំបុត្រមានសរសេរថា «ជូនចំពោះសមមិត្តនេះឬមិត្តនោះ»។ អ្នកដែលអង្គការជ្រើសរើសឱ្យធ្វើជាមេឃុំ ឬប្រធានភូមិ គឺជាប្រជាជនរស់នៅក្នុងមូលដ្ឋាន។ ប៉ុន្តែក្រោយមក មេឃុំមួយចំនួន ត្រូវខ្មែរក្រហមចាប់ខ្លួន និងបញ្ជូនទៅសម្លាប់ដូចប្រជាជនទូទៅដែរ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រុមគ្រួសារបងប្រុសខ្ញុំទាំងពីរនាក់ដែលរស់នៅភ្នំពេញ ត្រូវខ្មែរក្រហមជម្លៀសឱ្យមករស់នៅភូមិខ្ពបត្របែក ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ បន្ទាប់មក ខ្មែរក្រហមចាត់តាំងបងៗរបស់ខ្ញុំទៅជីកប្រឡាយជាមួយប្រជាជនជម្លៀសដទៃទៀត។ បងៗរបស់ខ្ញុំគឺជាអតីតគ្រូបង្រៀននៅភ្នំពេញ ត្រូវធ្វើការងារយ៉ាងលំបាកវេទនា និងអត់ឃ្លានបំផុត។ បងៗរបស់ខ្ញុំមានការភ័យខ្លាចខ្មែរក្រហមចាប់គាត់យកទៅសម្លាប់ ព្រោះគាត់គឺជាគ្រូបង្រៀនក្នុងរបប លន់ នល់។ ដោយឡែក ឪពុកម្តាយរបស់ខ្ញុំ គឺជាប្រជាជនមូលដ្ឋាន។ ខ្មែរក្រហមចាត់តាំងឪពុកខ្ញុំឱ្យធ្វើការនៅក្នុងកងសេដ្ឋកិច្ច គឺមានភារកិច្ចដឹកជញ្ជូនស្បៀងអាហារទៅផ្គត់ផ្គង់ប្រជាជននៅតំបន់ឆ្ងាយៗ រីឯម្តាយខ្ញុំធ្វើជាចុងភៅដាំបាយឱ្យប្រជាជននៅតាមការដ្ឋាន។ ហេតុដូច្នេះ ខ្ញុំបានហូបចុកឆ្អែតស្ទើរគ្រប់ពេល និងមានម្ហូបឆ្ងាញ់ៗហូបទៀតផង។ ខ្ញុំធ្លាប់ឃើញជនជាតិចិនមួយចំនួនចុះមកត្រួតពិនិត្យតាមសហករណ៍ ដូចជា ការដ្ឋានជីកប្រឡាយ និងធ្វើស្រែ ព្រមទាំងធ្លាប់ឃើញ តាម៉ុក គឺជាអ្នកគ្រប់គ្រងថ្នាក់ភូមិភាគចេញចូលក្នុងសហករណ៍ជាញឹកញាប់។
នៅចុងឆ្នាំ១៩៧៨ ពេលកងទ័ពស្ម័គ្រចិត្តវៀតណាមវាយចូលមក ខ្ញុំបានឈប់ពីនីរសារ។ ខ្ញុំនិងឪពុកម្តាយត្រូវខ្មែរក្រហមបង្ខំឱ្យចាកចេញទៅកាន់ខេត្តកំពត។ រហូតដល់ដើមឆ្នាំ១៩៧៩ ខ្ញុំនិងគ្រួសារបានភៀសខ្លួនទៅស្រុកទិញបៀង ខេត្តអានយ៉ាង ប្រទេសវៀតណាម។ រហូតដល់ចុងខែមករា ឆ្នាំ១៩៧៩ ទើប ខ្ញុំនិងគ្រួសារធ្វើវិលត្រឡប់មកផ្ទះ និងបានជួបជុំសាច់ញាតិនៅស្រុកកំណើតវិញ។
ខ្ញុំបានចូលរៀនបន្តនៅថ្នាក់ទី៧ នៅសាលាព្រៃសណ្តែក។ នៅឆ្នាំ១៩៨២ ខ្ញុំបានប្រឡងជាប់ជាគ្រូបង្រៀនកម្រិតបឋមសិក្សា។ អំឡុងពេលបំពេញភារកិច្ចជាគ្រូបង្រៀន ខ្ញុំបានខិតខំរៀនសូត្របន្ថែមរហូតប្រឡងជាប់បាក់ឌុប ជាប់ក្របខ័ណ្ឌជាគ្រូបង្រៀនពេញសិទ្ធិ និងបានបណ្តុះបណ្តាលបន្ថែមរហូតក្លាយជាគ្រូបង្រៀនកម្រិតឧត្តម។
ដោយសារខ្ញុំមានវ័យក្មេងអំឡុងរបបខ្មែរក្រហម ដូច្នេះខ្ញុំពុំសូវជួបការលំបាកដូចឪពុកម្តាយខ្ញុំទេ។ ខ្ញុំធ្វើអ្វីៗតាមបញ្ជារបស់ខ្មែរក្រហម ហើយពេលឃើញប្រជាជនស្លៀកពាក់ខោអាវខ្មៅៗខ្ញុំគិតថាស្អាតខ្លាំងណាស់។ ខ្ញុំពិតជាចង់ឱ្យក្មេងៗជំនាន់ក្រោយបានស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម ព្រោះយុវជនបានដឹងត្រឹមតែតាមរយៈឯកសារ ប៉ុន្តែមិនបានស្វែងយល់ច្បាស់លាស់ដូចប្រជាជនដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហមផ្ទាល់ទេ។
បច្ចុប្បន្នខ្ញុំមានជំងឺលើសជាតិខ្លាញ់ និងលើសឈាម។ ខ្ញុំគិតថា មូលហេតុដែលធ្វើឱ្យខ្ញុំមានជំងឺ គឺបណ្តាលមកពីរបបអាហារហូបចុកប្រចាំថ្ងៃ ដូចជា ផឹកភេសជ្ជៈ គ្រឿងកំប៉ុង បូករួមជាមួយអាយុរបស់ខ្ញុំកាន់តែច្រើន។ រាល់ថ្ងៃខ្ញុំបានជ្រើសរើសការតបអាហារដែលមានសារធាតុខ្លាញ់ច្រើន កាត់បន្ថយការហូបភេសជ្ជៈកំប៉ុង ហាត់ប្រាណជាប្រចាំ ព្រមទាំងមានប្រើប្រាស់ថ្នាំពេទ្យ និងថ្នាំបុរាណខ្មែរដើម្បីព្យាបាលជំងឺ។
អត្ថបទ ៖ ជីម សុខគា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



