ខ្ញុំឈ្មោះ ធូក សារឿន អាយុ៧៥ឆ្នាំ រស់នៅភូមិភីរី ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។ សព្វថ្ងៃ ខ្ញុំគឺជាមេភូមិមើលការខុសត្រូវ និងសុខទុក្ខប្រជាជន។ កាលពីរបប លន់ នល់ ខ្ញុំប្រកបរបរ ធាក់ស៊ីក្លូនៅទីក្រុងភ្នំពេញ ហើយនៅក្នុងរបបខ្មែរក្រហម ខ្ញុំគឺជាប្រជាជន ១៧ មេសា។ ខ្ញុំមានប្រពន្ធឈ្មោះ គុជ គឺន អាយុ៧៣ឆ្នាំ សព្វថ្ងៃគឺមេផ្ទះ និងមានកូនចំនួន៩នាក់ គឺស្រី៣នាក់ និងប្រុស៦នាក់។
កាលពីរបបខ្មែរក្រហម ខ្ញុំរស់នៅនិងរកស៊ីនៅទីក្រុងភ្នំពេញ។ បន្ទាប់ពីកងទ័ពខ្មែរក្រហមឡើងគ្រប់គ្រងប្រទេសនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសខ្ញុំពីទីក្រុងភ្នំពេញ ឱ្យទៅនៅភូមិថ្មី ឃុំថ្មី ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។ ក្រោយមក ខ្មែរក្រហមចាត់តាំងខ្ញុំឱ្យចូលក្នុងកងចល័តនៅឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។ ការងារប្រចាំថ្ងៃរបស់ខ្ញុំ គឺជីកដី និងរែកដីយកទៅចាក់ធ្វើស្ពាន។ ពេលសង់ស្ពានរួចរាល់ ខ្មែរក្រហមបញ្ជូនខ្ញុំទៅក្នុងកងឈានមុខធ្វើស្រែនៅភូមិដើមឫស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ពេលនោះ ខ្ញុំត្រូវរស់នៅបែកពីក្រុមគ្រួសារ ធ្វើឱ្យខ្ញុំនឹករឭកឪពុកម្តាយយ៉ាងខ្លាំង។ ថ្ងៃមួយ អ្នកធ្វើការជាមួយខ្ញុំនៅក្នុងកងឈានមុខដែលខ្ញុំមិនចាំឈ្មោះ ត្រូវឈ្លបខ្មែរក្រហមចាប់ខ្លួនដោយសារតែគាត់រិះគន់អង្គការអំពីរបបអាហារហូបចុកប្រចាំថ្ងៃ។
នៅក្នុងរបបខ្មែរក្រហម «ទោះឃ្លានយើងឃ្លានយ៉ាងណា គឺមិនត្រូវស្រែកទាមទារអាហារ ទោះមិនឆ្អែត គឺត្រូវប្រាប់ថាឆ្អែត ទោះបីមិនឆ្ងាញ់ គឺត្រូវប្រាប់ថាឆ្ងាញ់ ទើបយើងអាចនៅមានជីវិត» ប៉ុន្តែអ្នកនៅក្នុងកងចល័តឈានមុខជាមួយខ្ញុំមានទំនាស់ជាមួយកម្មាភិបាលខ្មែរក្រហម ព្រោះគាត់ខិតខំធ្វើការហត់នឿយយ៉ាងខ្លាំង ប៉ុន្តែហូបតែបបររាវៗ ទើបគាត់រិះគន់ថា «ហូបមិនឆ្អែត» ហើយកងឈ្លបស្តាប់ឮ។ នៅអំឡុងរដូវរំហើយថ្ងៃមួយ ប្រធានកងហៅខ្ញុំ និងសមាជិកកងចល័តឈានមុខទៅប្រជុំនៅវត្ដថ្មី និងអានប្រវត្ដិរូបសមាជិកកងចល័តម្នាក់ៗឱ្យមកប្រជុំស្ដាប់ ហើយពេលនោះខ្ញុំសង្កេតឃើញកងឈ្លបឈរព័ន្ធជុំវិញកន្លែងប្រជុំ។ បន្ទាប់ពីអានប្រវត្តិរូបចប់ ឈ្លបហៅសមាជិកកងដែលមានប្រវត្តិរូបមិនល្អមកចងស្លាបសេក និងបណ្ដើរចេញទៅ។ ហេតុការណ៍ចាប់មនុស្សនៅវត្តថ្មី ក្នុងស្រុកកណ្តាលស្ទឹងនេះ ធ្វើឱ្យខ្ញុំរន្ធត់យ៉ាងខ្លាំង។ កាលនោះ វត្តថ្មីមានជង្រុកស្រូវធំណាស់ ហើយខ្ញុំត្រូវទៅអង្គុយប្រជុំនៅក្បែរជង្រុកស្រូវ។ នៅក្នុងរបបខ្មែរក្រហមប្រជាជនត្រូវចេះលាក់ការណ៍ ហើយគាប់ជួនខ្ញុំមិនសូវនិយាយស្ដីច្រើន ទើបខ្ញុំមានជីវិតរស់។ កាលនោះខ្ញុំគឺជាប្រជាជនថ្មី ដូច្នេះខ្ញុំខិតខំធ្វើការងារខ្លាំងណាស់ ទើបរួចផុតពីការចោទប្រកាន់។ ក្រោយមក ប្រធានសហករណ៍បានចាត់តាំងខ្ញុំឱ្យទៅជួយបោកបែនស្រូវដោយមានមេកងម្នាក់គ្រប់គ្រងពីលើ។ នៅសម័យនោះ ប្រជាជនធ្វើការនៅតាមកងភាគច្រើនកើតមានជំងឺហើម និងគ្រុនញាក់ជាញឹកញាប់ ដោយសារមិនមានអាហារហូបចុកគ្រប់គ្រាន់ និងរស់នៅគ្មានអនាម័យ។
នៅចុងឆ្នាំ១៩៧៨ កងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយចូលមក ដូច្នេះខ្មែរក្រហមបានកែនខ្ញុំ និងប្រជាជនផ្សេងទៀតឡើងលើភ្នំ។ ប្រសិនបើខ្មែរក្រហមឃើញនរណាម្នាក់រត់គេចខ្លួន ខ្មែរក្រហមនឹងសម្លាប់ចោលមិនខាន។ ខ្ញុំបានឡើងភ្នំតាមការគំរាមកំហែងរបស់ខ្មែរក្រហម និងបាននាំម្ដាយទៅជាមួយ។ ខ្ញុំបាន យកគោនៅក្នុងកងបោកបែនរបស់ខ្ញុំដើម្បីអូសម្តាយឡើងលើភ្នំ។ នៅអំឡុងពេលខ្ញុំរត់ភៀសខ្លួន កងទ័ពស្ម័គ្រចិត្តវៀតណាមបានផ្លោងគ្រាប់ចូលមកដើម្បីបណ្តេញខ្មែរក្រហម។ ខ្មែរក្រហមមិនអនុញ្ញាតឱ្យខ្ញុំឈប់សម្រាកឡើយ គឺឱ្យបន្តដំណើរទៅមុខឱ្យដល់គោលដៅ។ ពេលនោះ មានប្រជាជន៣គ្រួសារបានរត់គេចខ្លយនត្រឡប់មកក្រោយវិញ ប៉ុន្តែត្រូវខ្មែរក្រហមចាប់បាន។ មួយរយៈក្រោយមក ទើបខ្មែរក្រហមចេញទៅបាត់អស់ ហើយខ្ញុំត្រឡប់មកស្រុកកំណើតវិញ។
រឿងរ៉ាវដែលកើតឡើងនៅក្នុងរបបខ្មែរក្រហម តែងតែស្ថិតនៅក្នុងការចងចាំរបស់ខ្ញុំ ទោះបីជារបបនោះបានកន្លងផុតជាច្រើនឆ្នាំទៅហើយ។ ខ្ញុំមិនចង់ឱ្យប្រទេសជាតិកើតមានសង្គ្រាមទេ ព្រោះពិបាកវេទនាខ្លាំងណាស់ ពិសេសក្មេងៗជំនាន់ក្រោយ។
អត្ថបទ ៖ ហ៊ីម ស្រីមាន អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



