នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង បានរៀបចំវេទិកាអន្តរជំនាន់ស្ដីពីបទពិសោធន៍ជីវិតរបស់និគមជនសង្គមរាស្រ្តនិយម និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដោយមានការចូលរួមពីសិស្សានុសិស្ស រៀនថ្នាក់ទី១០ នៃវិទ្យាល័យបុរីអូរស្វាយសែនជ័យ ចំនួន២០នាក់ នៅទីតាំងអគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដែលជាសាខារបស់ព្រះរាជបណ្ណាល័យហ្លួងម៉ែ។ វេទិកានេះមានការចូលរួមចែករំលែកពីវាគ្មិនឈ្មោះ នៅ បូ អាយុ៧៨ឆ្នាំ គឺជានិគមជនសង្គមរាស្រ្តនិយម និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
វត្ថុបំណងនៃវេទិកាអន្តរជំនាន់ គឺផ្ដល់ឱ្យសិស្សានុសិស្សជំនាន់ក្រោយអាចសិក្សាស្វែងយល់ និងរៀនសូត្រផ្ទាល់ពីបទពិសោធន៍ជីវិតដ៏ជូរចត់ និងមិនអាចបំភ្លេចបានរបស់វាគ្មិនដែលជានិគមជនសម័យសង្គមរាស្ត្រនិយម និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ការផ្សាភ្ជាប់ទំនាក់ទំនងរវាងមនុស្សជំនាន់មុន (អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម) និងមនុស្សជំនាន់ក្រោយ តាមរយៈការបង្កើតឱ្យមានកិច្ចសន្ទនា ដើម្បីបញ្រ្ជាបចំណេះដឹងអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ បណ្តុះស្មារតីនៃការចងចាំ ការពារ និងទប់ស្កាត់ កុំឱ្យរបបប្រល័យពូជសាសន៍ខ្មែរក្រហម កើតឡើងសារជាថ្មីម្តងទៀត និងការយល់ដឹងពីតម្លៃនៃសន្តិភាព និងចុងក្រោយគឺលើកទឹកចិត្តសិស្សានុសិស្សទាំងអស់ឱ្យមកប្រើប្រាស់បណ្ណាល័យ និងគ្រឿង បរិក្ខាសិក្សាផ្សេងៗនៅអគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ក្នុងការសិក្សាស្រាវជ្រាវ និងស្វែងយល់។
មុនចាប់ផ្ដើមវេទិកាអន្តរជំនាន់ ស្រេង លីដា បុគ្គលិកប្រចាំការនៅអគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) បានទទួលស្វាគមន៍វាគ្មិន និងសិស្សានុសិស្សយ៉ាងកក់ក្ដៅ និងបានធ្វើបទបង្ហាញអំពីប្រវត្តិសាស្រ្តសហគមន៍អូរស្វាយ និងគោលបំណងនៃការសាងសង់អគារ, ទូក និងផែ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍សហគមន៍។
បន្ទាប់មក និគមជន និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅ បូ បានចែករំលែកបទពិសោធន៍របស់ខ្លួនថា៖ ខ្ញុំឈ្មោះ នៅ បូ អាយុ៧៨ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តព្រះវិហារ ប៉ុន្តែបច្ចុប្បន្នខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ នាង នៅ និងម្ដាយឈ្មោះ ឌៀវ អេង។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រី៣នាក់។
នៅឆ្នាំ១៩៦៨ ខ្ញុំបានរៀបការជាមួយប្ដីឈ្មោះ ឈឿន ឆន និងមានកូនចំនួន៤នាក់ ក្នុងនោះមានកូនប្រុសម្នាក់។ ហេតុផលដែលគ្រួសាររបស់ខ្ញុំបានផ្លាស់មករស់នៅបុរីអូរស្វាយ គឺដោយសារតែឪពុករបស់ខ្ញុំជាទាហានចូលនិវត្តន៍ ដែលធ្លាប់បានឈរជើងនៅតាមព្រំដែន។ កាលនោះ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានធ្វើការប្រកាសជ្រើសរើសទាហានទាំងអស់ ដែលបានចូលនិវត្តន៍ ដើម្បីមករស់នៅបុរីអូរស្វាយ។ ទាហានចូលនិវត្តន៍ និងគ្រួសារ ត្រូវបានបញ្ជូនមករស់នៅបុរីអូរស្វាយ និងទទួលបានរបបដូចជា ផ្ទះកាឡុង (ផ្ទះនិគមជន), ដីធ្វើស្រែចម្ការ, គ្រាប់ពូជ និងថវិកាប្រចាំខែជាដើម។
ក្រោយមកទៀត មានគ្រួសារប្រជាជនក្រីក្រដែលរស់នៅតាមបណ្ដាខេត្តនានា ត្រូវបានជ្រើសរើស និងបញ្ជូនមករស់នៅបុរីអូរស្វាយជាបន្តបន្ទាប់។ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានកែនប្រមូលនាយទាហានចូលនិវត្តន៍ និង គ្រួសារប្រជាជនដែលមានជីវភាពក្រីក្រមករស់នៅបុរីអូរស្វាយ ក្នុងគោលបំណង ការពារបុព្វហេតុទឹកដីពីការឈ្លានពាននៃប្រទេសជិតខាង។ និគមជនទាំងអស់ទទួលបានការគាំទ្រឧបត្ថម្ភ ក្នុងការចាប់ផ្ដើមជីវភាពរស់នៅលើទឹកដីបុរីអូរស្វាយ ដោយមានការប្រមូលទិញទិន្នផលស្រូវ និងដំណាំកសិកម្មផ្សេងៗ ដើម្បីដាក់លក់នៅទីផ្សារសហគមន៍។ ក្រៅពីការដាំដំណាំកសិកម្ម, បុរីអូរស្វាយគឺមានរោងចក្រផលិតស្ករអំពៅ និងរោងចក្រតម្បាញ។ ខ្ញុំគឺជាអ្នកត្បាញក្នុងរោងតម្បាញក្រណាត់ ហើយប្រជាជនទាំងអស់មានការងារធ្វើរៀងខ្លួនៗ។ នៅបុរីអូរស្វាយ លោក ម៉ៅ សង្ឃេម គឺជាអ្នករៀបចំ និងកសាងសមិទ្ធផលនានា ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់សម្ដេចព្រះ នរោត្តម សីហនុ។ ប្រជាជនបុរីអូរស្វាយ ត្រូវអនុវត្តតាមច្បាប់ដ៏សំខាន់មួយ គឺប្រជាជនមិនអាចប្រើប្រាស់ និងនិយាយភាសាឡាវនោះទេ ដោយមូលហេតុថា មានការលើកឡើងថា «ទីកន្លែងណាដែលមានប្រជាជននិយាយភាសាឡាវ ទីកន្លែងនោះគឺជាទឹកដីឡាវ»។ ហេតុដូច្នេះ ការនិយាយភាសាឡាវ និងការស្លៀកសម្លៀកបំពាក់ឡាវ គឺត្រូវបានហាមឃាត់ជាកំហិត។ ការរស់នៅបុរីអូរស្វាយ ក្នុងដំណាក់កាលដំបូងគឺមានភាពលំបាក ពីព្រោះមិនមានសម្ភារ និងរបស់ប្រើប្រាស់ជាប្រចាំថ្ងៃគ្រប់គ្រាន់។ បន្ថែមលើនេះទៀត ប្រជាជនជួបបញ្ហាជំងឺគ្រុនចាញ់ ដែលបណ្ដាលឱ្យមានប្រជាជនជាច្រើនបានស្លាប់។ ទោះបីជាយ៉ាងណាក៏ដោយ ប្រជាជនបន្តរស់នៅ និងបន្តធ្វើជាខែលការពារទឹកដីពីការឈ្លានពានរបស់ប្រទេសជិតខាង។ សម្ដេចព្រះ នរោត្តម សីហុន បានប្រោសព្រះរាជទាននូវជំនួយបន្ទាន់ជាបន្តបន្ទាប់ ដែលរួមមាន ថ្នាំពេទ្យ ស្បៀងអាហារ និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗ។
នៅឆ្នាំ១៩៦៨ សម្ដេចព្រះ នរោត្តម សីហុន បានយាងមកសម្ពោធសមិទ្ធផលដែលបានកសាងរួចមាន មន្ទីរពេទ្យ, ផ្ទះកាឡុង, ស្ដូបអនុស្សាវរីយ៍, មន្ទីរចាត់ការ និងផ្សារសហគមន៍ជាដើម។ នៅពេលនោះ ខ្ញុំក៏បានទៅទទួលព្រះរាជដំណើររបស់សម្ដេចព្រះ នរោត្តម សីហនុ និងទទួលបានព្រះរាជអំណោយជាក្រណាត់សមួយដុំ ដែលមានបក្សអក្សរថា «សង្គមរាស្រ្តនិយម»។
បន្ទាប់ពីរដ្ឋប្រហារលន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ តំបន់បុរីអូរស្វាយបានក្លាយទៅជាសមរភូមិប្រយុទ្ធរវាងទាហាន លន់ នល់ គាំទ្រដោយអាមេរិក និងកងទ័ពខ្មែរក្រហម ហើយត្រូវទទួលរងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង។ អ្នកភូមិនៅបុរីអូរស្វាយរស់នៅក្នុងស្ថានភាពពិបាកខ្លាំងណាស់ ពីព្រោះរាល់ពេលដែលមានការទម្លាក់គ្រាប់មកម្ដងៗ អ្នកភូមិទាំងអស់ត្រូវរត់ចូលរណ្ដៅលេណដ្ឋាន ដើម្បីគេចពីអំបែងគ្រាប់បែក។ ការទម្លាក់គ្រាប់បែករបស់ទាហានអាមេរិក និងទាហានលន់ នល់ បានបណ្ដាលឱ្យមានការស្លាប់ប្រជាជន និងបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម័ន្ធនានានៅបុរីអូរស្វាយ។ ការទម្លាក់គ្រាប់បែកលែងកើតមានឡើងតទៅទៀត បន្ទាប់ពីកងទ័ពខ្មែរក្រហមបានគ្រប់គ្រងទាំងស្រុងនៅបុរីអូរស្វាយ និងភូមិសាស្រ្តនានាក្នុងខេត្តស្ទឹងត្រែង។ នៅពេលនោះ ខ្ញុំទើបតែសម្រាលកូនបានប្រហែលជា៣ខែ។ បើទោះបីជាខ្ញុំទើបតែសម្រាលកូនយ៉ាងណាក្ដី, ខ្មែរក្រហមនៅតែបង្ខំខ្ញុំឱ្យធ្វើការងារដែលជាហេតុធ្វើឱ្យកូនរបស់ខ្ញុំមិនសូវបានបៅដោះគ្រប់គ្រាន់។ ការងារនៅពេលនោះ គឺគ្មានពេលសម្រាកគ្រប់គ្រាន់នោះឡើយ និងមិនមានអាហារហូបចុកគ្រប់គ្រាន់។ ខ្ញុំហូបតែបាយលាយចេកមួយចានចង្កឹះ ដើម្បីចម្អែតក្រពះ និងបន្តរស់តទៅទៀតដើម្បីជួបមុខកូន។ ដោយសារតែអត់ឃ្លានខ្លាំងពេក ពេលយប់ ខ្ញុំតែងតែលួចជីកដំឡូង និងមើមក្ដួចយកមកស្ងោរហូប។ ពេលខ្លះ ខ្ញុំបានបាយហូប ពីព្រោះប្ដីរបស់ខ្ញុំគឺជាអ្នកដឹកជញ្ជូនអង្ករ និងស្បៀង ដូច្នេះហើយគាត់បានលួចយកអង្ករខ្លះយកមកឱ្យខ្ញុំ។ នៅថ្ងៃមួយ ខ្ញុំទទួលបានដំណឹងថា ឪពុករបស់ខ្ញុំត្រូវបានខ្មែរក្រហមចាប់យកទៅរៀនសូត្រ។ ម្ដាយ និងបងប្អូនផ្សេងទៀត បានដឹងដំណឹងនេះ ប៉ុន្ដែមិនអាចធ្វើអ្វីបានក្រៅពីនាំគ្នាយំអាណិតស្រណោះឪពុកឡើយ។ សំណាងល្អ ខ្មែរក្រហមបានដោះលែងឪពុករបស់ខ្ញុំឱ្យវិលត្រឡប់មកផ្ទះវិញ ដោយសារតែការចាប់ច្រឡំមនុស្ស។ ខ្ញុំធ្លាប់បានឃើញខ្មែរក្រហមយកទូកមកដឹកប្រជាជន។ ខ្ញុំមិនដឹងថាខ្មែរក្រហមដឹកប្រជាជនទៅកន្លែងណាទេ តាមខ្ញុំយល់ប្រហែលជាវាយសម្លាប់ទម្លាក់ចូលក្នុងទន្លេ ពីព្រោះអ្នកទាំងនោះមិនឃើញត្រឡប់មកវិញទេ។
នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានកៀរខ្ញុំ និងប្រជាជនផ្សេងទៀតទៅជាមួយ។ ប៉ុន្តែខ្ញុំនិងគ្រួសារ បានលួចរត់ចេញពីភូមិញើនដោយថ្មើរជើងត្រឡប់មកបុរីអូរស្វាយវិញ។ ដោយសារតែមានការភិតភ័យពីសុវត្ថិភាព ខ្ញុំ និងប្ដីបាននាំកូនៗ ឆ្លងទន្លេមេគង្គទៅដល់ភូមិព្រះរំកិល និងបន្តទៅស្រុកឆែប ខេត្តព្រះវិហារ។ គ្រួសារខ្ញុំបានឡើងទៅដល់ភ្នំដងផ្លិត។ បន្ទាប់ពីស្នាក់នៅលើភ្នំដងផ្លិត បានប្រហែល៤ថ្ងៃ ខ្ញុំឃើញរថយន្តកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិ និងកងទ័ពវៀតណាមជាច្រើនមកដល់ជើងភ្នំ និងបាន ប្រកាសថា៖ «បងប្អូនយើងរួចផុតអស់ហើយ! សូមបងប្អូនវិលត្រឡប់ទៅភូមិស្រុករបស់បងប្អូនវិញចុះ!»។ ខ្ញុំ និងគ្រួសារបាននាំគ្នាចុះពីលើភ្នំ និងទៅរស់នៅគុជចំបក ដោយបានប្រកបរបរធ្វើស្រែចម្ការរយៈពេលមួយឆ្នាំ ទើបសម្រេចចិត្តវិលត្រឡប់មករស់នៅបុរីអូរស្វាយរហូតដល់ពេលបច្ចុប្បន្ននេះ។
ចុងបញ្ចប់នៃវេទិកាអន្តរជំនាន់ស្ដីពីបទពិសោធន៍ជីវិតរបស់និគមជនសង្គមរាស្រ្តនិយម និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺសិស្សានុសិស្សបានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនដូចខាងក្រោម៖
សែ ស្រីនាង បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា៖ «ក្នុងនាមជាយុវនារីជំនាន់ក្រោយ ខ្ញុំពិតជារំភើប និងក្ដុកក្ដួលយ៉ាងខ្លាំង ពេលបានស្តាប់ការនិយាយ និងការបកស្រាយពីប្រវត្តិសាស្រ្តសហគមន៍ អូរស្វាយ រឿងរ៉ាវកើតឡើងក្នុងពេលសង្រ្គាម និងរបបខ្មែរក្រហម។ ថ្ងៃនេះ ខ្ញុំបានដឹងអំពីការកកើតដំបូងនៅបុរីអូរស្វាយ, ទុក្ខលំបាកក្នុងពេលសង្រ្គាម និងស្ថានភាពរស់នៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ អ្វីដែលធ្វើឱ្យខ្ញុំមានការភ្ញាក់ស្មារតី គឺលោកតាលោកយាយ និងអ៊ំៗដែលបានមកដល់បុរីអូរស្វាយដំបូង គឺដើម្បីចូលរួមការពារទឹកដីកម្ពុជា។ បើទោះបីជាគាត់ឆ្លងកាត់ទុក្ខលំបាក ក្នុងពេលវេលាសង្រ្គាម និងរបបខ្មែរក្រហមយ៉ាងណាក្ដី, ខ្ញុំឃើញភាពរឹងមាំ និងការបន្តប្តេជ្ញាចិត្តរបស់គាត់ដើម្បីការពារទឹកដីព្រំដែន»។
វ៉ាឌី កក្កដា លើកឡើងថា៖ «ក្នុងថ្ងៃនេះ នាងខ្ញុំបានចូលរួម និងស្ដាប់ការចែករំលែកអំពីជីវប្រវត្តិរបស់យាយ នៅ បូ ដោយផ្ទាល់។ យាយ បូ រៀបរាប់ពីការរស់នៅយ៉ាងលំបាក ក្រោមការត្រួតត្រារបស់ខ្មែរក្រហម។ ខ្ញុំយល់ថា យាយតាបានរងទុក្ខវេទនាដោយការស្រេកឃ្លាន និងការបង្ខិតបង្ខំឱ្យធ្វើការហួសកម្លាំង គ្មានពេលសម្រាក រីឯប្រទេសជាតិរងការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ខ្ញុំពិតជាមានការកោតសរសើរចំពោះការតស៊ូ រួបរួមសាមគ្គី ដើម្បីកសាងភូមិ ឃុំ ស្រុក រហូតដល់សព្វថ្ងៃនេះ និងធ្វើឱ្យប្រទេសជាតិមានសុខសន្ដិភាព»។
ថេត ស្រីណូ រៀបរាប់ថា៖ «ថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលបានចូលរួម និងស្ដាប់អំពីប្រវត្តិបុរីអូរស្វាយ និងហេតុការណ៍ពិតកាលពីរបបខ្មែរក្រហមរបស់ យាយ នៅ បូ។ ខ្ញុំពិតជាមានចិត្តអាណិតយាយ និងក្រុមគ្រួសារ ក៏ដូចជាប្រជាជនដែលធ្លាប់រស់នៅឆ្លងកាត់របបខ្មែរក្រហមជាពន់ពេក»។
សុក សោភាព លើកឡើងថា៖ «ក្រោយពីនាងខ្ញុំបានស្ដាប់ការបកស្រាយទាក់ទងការរស់នៅ និងការជួបប្រទះភាពលំបាកក្នុងសម័យសង្រ្គាម នាងខ្ញុំបានគិតដល់ក្រុមគ្រួសារខ្ញុំ ព្រមទាំងយាយ នៅ បូ ដែលបានឆ្លងកាត់រឿងរ៉ាវជីវិតពិត។ យាយខ្វះខាតអាហារបរិភោគ សម្រាកមិនបានគ្រប់គ្រាន់ ត្រូវធ្វើការច្រើនហួសកម្លាំង មិនបានជួបមុខឪពុកម្តាយបងប្អូន និងត្រូវរស់នៅបែកបាក់គ្រួសារ។ បន្ទាប់ពីរបបខ្មែរក្រហម យាយ បូ មានសិទ្ធិគ្រប់គ្រាន់ និងអាចរស់នៅជួបជុំក្រុមគ្រួសារវិញ។
អត្ថបទ៖ ស្រេង លីដា បុគ្គលិកប្រចាំការនៅអគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា











