ខ្ញុំឈ្មោះ ម៉ែន គា កើតក្នុងឆ្នាំ១៩៥២ នៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សព្វថ្ងៃ ខ្ញុំគឺជាមេភូមិអង្គឫស្សី។ ខ្ញុំមានឪពុកឈ្មោះ ម៉ែន ឃឹម និងម្តាយឈ្មោះ ឃួន ភឹម។ ខ្ញុំមានបងប្អូនចំនួន៩នាក់ គឺស្រី៤នាក់ និងប្រុស៥នាក់ ហើយខ្ញុំគឺជាកូនពៅ។ កាលពីតូច ខ្ញុំរៀននៅសាលាក្នុងភូមិ ដល់ថ្នាក់ទី១០ពីសង្គមចាស់ក៏ឈប់រៀន។ នៅពេល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ចេញពីតំណែង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្ញុំមានអាយុ១៨ឆ្នាំ។ ខ្ញុំបានឮសម្តេចព្រះនរោត្តម សីហនុ ប្រកាសប្រាប់កូនចៅទាំងអស់ឱ្យចូលព្រៃម៉ាគីតស៊ូប្រឆាំងនឹងរបប លន់ នល់។ ខ្ញុំ និងយុវជនក្នុងភូមិប្រមាណជាង១០បានចាកចេញពីផ្ទះ ទៅចូលរួមជាមួយចលនាតស៊ូតាមការអំពាវនាវរបស់ព្រះអង្គ។ ដំបូង ខ្ញុំនៅហ្វឹកហាត់ក្បួនយុទ្ធសាស្រ្តយោធា នៅក្នុងភូមិស្វាយ ក្នុងស្វាយជ្រំ ជាមួយកងទ័ពវៀតណាម។ ក្រោយមក ទើបខាងចលនាតស៊ូខ្មែរក្រហមបានរៀបចំឱ្យមានអង្គភាពទ័ពខ្មែរហៅថា សេប្រាំ (C5) ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពស្រុកស្វាយជ្រំ សហការជាមួយកងទ័ពវៀតណាមខាងជើង (វៀតកុង) ដើម្បីវាយកងទ័ព លន់ នល់ និងទាហានវៀតណាមខាងត្បូង (ធីវគី) ដែលគាំទ្រដោយអាមេរិក។ អំឡុងពេលនោះ ខ្ញុំបានផ្ទេរពីអង្គភាពទ័ពវៀតណាម មកនៅក្នុងអង្គភាពទ័ពរបស់ខ្មែរវិញ។
នៅពេលកងទ័ពបដិវត្តន៍ខ្មែរក្រហមវាយដណ្តើមបានជ័យជម្នះលើរបប លន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អង្គភាពយោធាស្រុកស្វាយជ្រំរបស់ខ្ញុំ ត្រូវបានចាត់តាំងឱ្យនៅកងបង្កបង្កើនផលរបស់ទ័ព គឺគ្រប់គ្រង និងប្រមូលជីលាមកមនុស្ស សត្វទុកសម្រាប់ធ្វើជីដាក់ស្រូវនិងដំណាំ ដោយក្នុងមួយក្រុមមានសមាជិក១២នាក់។ ខ្ញុំត្រូវបររទេះដឹកជញ្ជូនជីយកមកទុកនៅក្នុងកង ដូចជាប្រជាជននៅតាមសហករណ៍ដែរ។ ចំណែករបបអាហារខ្ញុំហូបមិនបានគ្រប់គ្រាន់ទេ ព្រោះខាងចុងភៅចែកអង្ករឱ្យយោធាម្នាក់កន្លះកំប៉ុងក្នុងមួយពេលសម្រាប់ហូប។ ក្នុងមួយសប្តាហ៍ខ្ញុំហូបបាយបានតែមួយថ្ងៃតែប៉ុណ្ណោះ គឺថ្ងៃអាទិត្យ ក្រៅពីនោះខ្ញុំហូបបបរជាមួយសម្លម្ជូរដើមចេក និងម្ជូរត្រកួន។ នៅក្នុងរបបខ្មែរក្រហម ចុងភៅស្លមិនសូវដាក់សាច់ទេ គឺដាក់តែប្រហុក។ ទោះបីខ្ញុំគឺជាកងទ័ព ប៉ុន្តែខ្មែរក្រហមបានបំពាក់បំប៉នគោលជំហរឱ្យខ្ញុំលះបង់វណ្ណៈឱ្យអស់ និងរស់នៅដូចប្រជាជនដែរ គឺមិនមានទ្រព្យសម្បត្តិ ឬរបស់របរផ្ទាល់ខ្លួនឡើយ។ រីឯរបបអាហារហូបចុកថ្នាក់លើបានកំណត់ ដូច្នេះខ្ញុំមិនអាចប្រកែកតវ៉ាបានឡើយ។ ក្រៅពីការងារប្រមូលជី ខ្ញុំត្រូវធ្វើការងារដកស្ទូង និងច្រូតស្រូវនៅក្នុងអង្គភាព។ ថ្ងៃមួយ ពេលខ្ញុំសុំច្បាប់អង្គភាពយោធាស្រុកស្វាយជ្រំមកលេងផ្ទះ ខ្ញុំបានឃើញខ្មែរក្រហមរុះព្រះវិហារ កុដិ និងវាយបំផ្លាញព្រះពុទ្ធបដិមាមួយចំនួននៅភូមិអង្គឫស្សី។ ខ្មែរក្រហមបានយកទីតាំងវត្តអង្គឫស្សី សម្រាប់កងសន្តិសុខ និងឆ្មាំគុកខ្មែរក្រហមឃុំឃាំង និងធ្វើទារុណកម្មប្រជាជន ១៧ មេសា ដែលជម្លៀសមកពីទីក្រុងភ្នំពេញ និងក្រុងស្វាយរៀង និងត្រូវបានចោទប្រកាន់ថាជាខ្មាំង។ នៅពេលយប់ឆ្មាំគុកបានដាក់ខ្នោះជើងអ្នកទោសទាំងអស់ភ្ជាប់ទៅនឹងរនុកដែកវែងជាជួរ និងឱ្យដេកក្បាលទល់គ្នា។ នៅពេលថ្ងៃ ឆ្មាំគុកបញ្ជូនអ្នកទោសទាំងអស់ទៅធ្វើការងារពលកម្មនៅតាមសហករណ៍នានា ប៉ុន្តែមិនបានផ្តល់របបអាហារឱ្យអ្នកទោសទាំងនោះស្មើនឹងប្រជាជនឡើយ។ អ្នកទោសភាគច្រើនបានស្លាប់ និងមួយចំនួនទៀតបានធ្លាក់ខ្លួនឈឺធ្ងន់ ហើយត្រូវឆ្មាំគុកសែងយកទៅវាយសម្លាប់ជាមួយត្បូងចប និងគល់ឫស្សី រួចហើយកប់ចោលនៅទួលខាងត្បូងវត្តអង្គឫស្សីតែម្តង។ គុកវត្តអង្គឫស្សីគឺជាគុកធំជាងគេនៅក្នុងឃុំស្វាយធំ ស្រុកស្វាយជ្រំ។
ក្រោយមក អង្គភាពបានបញ្ជូនខ្ញុំពីស្រុកស្វាយជ្រំទៅការពារព្រំដែនជាប់វៀតណាមក្នុងស្រុកចន្រ្ទា។ អំឡុងពេលនោះ ខ្មែរក្រហមបានប្រកាសប្រាប់ប្រជាជន និងកងទ័ពថានឹងវាយវៀតណាម ដើម្បីទាមទារយកទឹកដីកម្ពុជាត្រឡប់មកវិញ។ នៅឆ្នាំ១៩៧៧ ខ្ញុំនិងអង្គភាពទ័ពខ្មែរក្រហមបានវាយតទល់ជាមួយកងទ័ពវៀតណាម ហើយត្រូវកងទ័ពវៀតណាមបាញ់បណ្តាលឱ្យខ្ញុំដាច់សរសៃជើង និងបាក់ឆ្អឹងស្មងជើងមួយកំណាត់។ អង្គភាពយោធាខ្មែរក្រហមបានបញ្ជូនខ្ញុំពីសមរភូមិទៅព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញ។ ខ្ញុំសម្រាកព្យាបាលនៅមន្ទីរពេទ្យមិនទាន់ជាសះស្បើយផង ស្រាប់តែកងទ័ពវៀតណាមវាយចូលមកតាមព្រំដែននៅចុងឆ្នាំ១៩៧៨។ ខ្មែរក្រហមបានបញ្ជាឱ្យប្រធានពេទ្យបញ្ជូនយោធារងរបួសដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យទាំងអស់តាមរថភ្លើងឆ្ពោះទៅកាន់ខេត្តបាត់ដំបង។ នៅពេលខ្ញុំទៅដល់ក្រុងបាត់ដំបង យន្តហោះកងទ័ពវៀតណាមបានហោះមកទម្លាក់គ្រាប់បែកចំឃ្លាំងគ្រាប់របស់ខ្មែរក្រហមបណ្តាលឱ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។ ពេលនោះក្រុមគ្រូពេទ្យ និងអ្នកជំងឺបានរត់បែកខ្ញែកគ្នាចូលក្នុងព្រៃលាក់ខ្លួន ចំណែកខ្ញុំបានភៀសខ្លួនបន្តទៅដល់ប៉ៃលិន។ នៅទីនោះ ខ្ញុំឃើញតែសត្វពាហនៈ ជ្រូក មាន់ទារ គោ ដោយឡែកប្រជាជន និងកម្មាភិបាលខ្មែរក្រហមបានចាកចេញទៅរស់នៅតាមព្រំដែនថៃអស់ហើយព្រោះខ្លាចកងទ័ពវៀតណាម។ ខ្ញុំនិងយោធាខ្មែរក្រហមពិការ រួមទាំងពេទ្យមួយចំនួនបាននាំគ្នាចូលយកឆ្នាំង និងអង្ករនៅតាមសហករណ៍មកដាំបាយហូប។ ខ្ញុំរស់នៅប៉ៃលិនបានមួយរយៈ ទើបកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាម បាចត្រាក់ដែលមានខ្លឹមសារថា សូមពុកម៉ែបងប្អូនវិលត្រឡប់មកស្រុកកំណើតវិញ ព្រោះប្រទេសជាតិបានរំដោះហើយ។ ខ្ញុំបានធ្វើដំណើរចេញពីប៉ៃលិនសំដៅមកខេត្តកំពង់ស្ពឺ ក៏ជួបនឹងកងទ័ពវៀតណាមនៅតាមផ្លូវ។ កងទ័ពវៀតណាមបានសួរខ្ញុំ និងអ្នកភៀសខ្លួនផ្សេងទៀតថា បងប្អូនរស់នៅទីកន្លែងណា? ខ្ញុំបានប្រាប់ថានៅខេត្តស្វាយរៀង។ ខណៈនោះ កងទ័ពវៀតណាមនាំខ្ញុំនិងអ្នកជម្លៀសផ្សេងទៀតនៅអង្គភាពទ័ពវៀតណាម និងបានដាំបាយឱ្យយើងហូបម្នាក់មួយឆ្អែត បន្ទាប់មកទើបបញ្ជូនយើងទៅកន្លែងអប់រំនយោបាយស្ថិតនៅជាប់ផ្លូវជាតិលេខ៤។ កងទ័ពវៀតណាមបានប្រាប់ខ្ញុំនិងអ្នកភៀសខ្លួនផ្សេងទៀតកុំឱ្យភ័យបារម្ភ ហើយនៅថ្ងៃបន្ទាប់ ខ្ញុំនិងអ្នកភៀសខ្លួន បានដើរបន្តឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ។ ខ្ញុំបានទៅបើកអង្ករពីរដ្ឋអំណាចនៅម្តុំទួលគោកបានចំនួន៥គីឡូ បន្ទាប់មក ខ្ញុំដើរសំដៅមកខេត្តព្រៃវែងនិងរស់នៅជាមួយបងបានមួយរយៈ ទើបត្រឡប់មករស់នៅស្រុកកំណើតក្នុងខេត្តស្វាយរៀងវិញ។ ខ្ញុំបានធ្វើចូលធ្វើការងារក្នុងក្រុមប្រវាស់ដៃ ហើយក្រោយមកទើបប្រជាជនជ្រើសរើសឱ្យខ្ញុំធ្វើជាមេភូមិ។ សព្វថ្ងៃខ្ញុំមានជំងឺតេតាណូស ដោយសារអំបែងគ្រាប់បន្សល់នៅក្នុងខ្លួនតាំងពីសម័យសង្រ្គាម និងមានជំងឺលើសឈាម។
អត្ថបទ ៖ សោម ប៊ុនថន ប្រធានក្រុមទស្សនាវដ្តីស្វែងរកការពិត
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



