ថ្លាង ចែន៖ ខ្ញុំភ្ញាក់ទះតុពេលសន្តិសុខសួរចម្លើយ

ខ្ញុំឈ្មោះ ថ្លាង ចែន អាយុ៨៧ឆ្នាំ កើតនៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុក​ឈ្មោះ​​ ឡូយ(ស្លាប់) និងម្ដាយឈ្មោះ ​អូន (ស្លាប់​)។ ខ្ញុំគឺជាកូនច្បងនៅក្នុងចំណោមបងប្អូនបង្កើតចំនួន៧នាក់ គឺប្រុស២នាក់ និងស្រី​៥នាក់។ បច្ចុប្បន្ន បងប្អូនរបស់ខ្ញុំនៅរស់​ចំនួន៤នាក់។ ខ្ញុំមានប្ដីឈ្មោះ ចែម (ស្លាប់) និងកូនប្រុសស្រី​១២នាក់ ប៉ុន្តែស្លាប់អស់៦នាក់។ កូនរបស់ខ្ញុំចំនួន៣នាក់ បានស្លាប់ដោយសារជំងឺនៅក្នុងរបបខ្មែរក្រហម។

កាលពីក្មេងខ្ញុំមិនដែលបានចូលរៀនទេ ព្រោះជំនាន់ឪពុកម្ដាយខ្ញុំមានគំនិតថាកូនស្រីគឺត្រូវរៀនធ្វើជាស្រ្តីមេផ្ទះ លើកលែងតែកូនប្រុសទើបអាច​រៀនសូត្របាន ព្រោះចាត់ទុកជាបង្គោលគ្រួសារ។

ចាប់ពីឆ្នាំ១៩៧១ ដល់១៩៧២ ខ្ញុំ​ឮសូរថាមានការទម្លាក់គ្រាប់បែកនៅតាមជួរភ្នំដំរីរមៀល។ ពេលនោះការប្រយុទ្ធចាប់ផ្ដើមកើតមានឡើងរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។ ​ ខ្ញុំបានដឹងថាមានការទម្លាក់គ្រាប់បែកនៅវត្តភ្នំស្រមោច ​ស្ថិត​នៅជាប់ព្រំប្រទល់ខេត្តកំពត និងខេត្តតាកែវ។ នៅពេលយប់ ខ្ញុំតែងតែឮសំឡេងគ្រាប់កាំភ្លើងល្វើយៗ​ពីចម្ងាយ និង​ឮសំឡេង​យន្ដហោះទម្លាក់គ្រាប់បែកកក្រើកញាប់ញ័រ។ ខ្ញុំ​ភ័យខ្លាំង​ណាស់ ហើយបានជីកលេណដ្ឋានដើម្បីការពារខ្លួន។

ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៦ ​ ខ្មែរក្រហមបានបញ្ជូនខ្ញុំឱ្យទៅធ្វើការតាមកងចល័ត។ ដោយសារខ្ញុំ​ គឺជាប្រជាជនមូលដ្ឋាន ខ្មែរក្រហមបានចាត់តាំង​ខ្ញុំ​ឱ្យទៅ​ធ្វើ​ស្រែចម្ការ ​ដកស្ទូង និងច្រូតស្រូវ។ ​​ ​ខ្ញុំរស់នៅបែកពីឪពុកម្ដាយបងប្អូន ​និងមិនដែលបានជួបជុំគ្នាឡើយ។ ​​ ក្នុងរបបខ្មែរក្រហម ខ្ញុំរស់នៅជាមួយកូន៣នាក់ ព្រោះប្ដី​របស់ខ្ញុំត្រូវបានអង្គការចាត់តាំងឱ្យទៅធ្វើការនៅតាមកងផ្សេងៗ និងមិនអាចត្រឡប់មកផ្ទះបានញឹកញាប់ឡើយ។ ក្រោយមក ខ្ញុំបាន​សម្រាលកូនទី៤ម្នាក់ទៀត។ ស្របពេលខ្ញុំមានកូនខ្ចី សរសៃមិនទាន់បានរឹងមាំ​ អង្គការបានបញ្ជូនខ្ញុំ​ឱ្យទៅ​ដាំកប្បាស និងរវៃកប្បាសដើម្បីត្បាញធ្វើ​ជាកន្សែង។ ការងារដាំកប្បាស និងរវៃកប្បាស  គឺអង្គការគិតថាជាការងារស្រាលបំផុតក្នុងរបបខ្មែរក្រហម។ ចំណែកការហូបចុក គឺមិនសូវខ្វះខាតទេ។ ខ្ញុំបាន​ហូបបាយ​​ជាប្រចាំ។ ​​ប្រធាន​ភូមិក្នុងរបបខ្មែរក្រហម មានតួនាទីជាអ្នកមើលការខុសត្រូវការងារទាំងអស់ ថែមទាំង​ស្រែកសំឡុត និងបង្ខំឱ្យប្រជាជនឱ្យធ្វើការលើសកម្លាំង។

នៅឆ្នាំ១៩៧៧ ប្ដីរបស់ខ្ញុំត្រូវបានអង្គការចាប់ខ្លួនយកទៅឃុំឃាំង​នៅមន្ទីរ-២០៤ ប៉ុន្ដែប្ដីរបស់ខ្ញុំ​គ្មាន​កំហុសទេ។ ខ្ញុំត្រូវនៅចិញ្ចឹមបីបាច់កូនតូចៗតែម្នាក់ឯង។ ប្រហែលជាកន្លះខែក្រោយមក សន្តិសុខខ្មែរក្រហមមកចាប់ខ្ញុំបញ្ជូនទៅឃុំឃាំងនៅមន្ទីរ-២០៤ ដូចប្ដីរបស់ខ្ញុំដែរ។ ខ្ញុំ​បានយកកូនតូចរបស់ខ្ញុំម្នាក់ទៅជាមួយ ព្រោះកូនរបស់ខ្ញុំនៅតូច និងត្រូវការបៅ។ ទោះបីជាខ្ញុំ និងប្ដីជាប់ឃុំឃំាងនៅមន្ទីរ-២០៤ ជាមួយគ្នាពិតមែន​ ប៉ុន្តែយើងមិនដែលបានជួបមុខគ្នាឡើយ។ ​ពេលអង្គការយកខ្ញុំទៅដល់មន្ទីរឃុំឃាំងបានរយៈពេលមួយថ្ងៃ គឺមានកងសន្ដិសុខមកយកខ្ញុំទៅទីតាំងសួរចម្លើយ។ នៅក្នុងបន្ទប់សួរចម្លើយ ខ្ញុំឃើញមានអ្នកសួរចម្លើយចំនួន៣នាក់ គឺមានតែប្រុសៗទាំងអស់។ ក្នុងនោះកម្មាភិបាលចំនួន២នាក់ មានកាន់កាំភ្លើងគ្រប់ដៃ បានមកឈរអមសងខាងខ្ញុំ ហើយម្នាក់ទៀតជាអ្នកសួរចម្លើយ។ បន្ទប់សួរចម្លើយមានរាងបួនជ្រុង មានសភាពស្ងប់ស្ងាត់ មានតុមួយ និងមានថូផ្កាដាក់នៅចំ​​កណ្ដាលតុ​។ អ្នកសួរចម្លើយបានសួរខ្ញុំថា៖«មីងធ្លាប់ធ្វើការងារអ្វី?» ខ្ញុំបានរៀបរាប់​​ការងារទាំងអស់ដែលខ្ញុំធ្លាប់បានធ្វើទៅកម្មាភិបាលនោះ។ បន្ទាប់មក សន្តិសុខសួរបន្តថា៖ «មីងធ្វើអ្វីខុស ត្រូវនឹកឱ្យឃើញ?» ខ្ញុំសួរទៅកាន់កម្មាភិបាលវិញថា៖ «ខ្ញុំមានទោសអី្វ បានជានាំខ្ញុំមកដាក់នៅទីនេះ? ខ្ញុំមានកូនតូចៗនៅផ្ទះជាច្រើននាក់ទៀតដែលត្រូវការខ្ញុំមើលថែ»។  ពេលនោះ​ ​​សន្តិសុខខ្មែរក្រហមបានទះតុ​​មួយទំហឹងឮសូរក្ឌាំង។ ខ្ញុំ​ភ្ញាក់​​ ហើយបានទះតុតបទៅវិញ។ សន្តិសុខនោះសើច ហើយឈប់សួរខ្ញុំទៀត។ ​ការសួរចម្លើយ គឺធ្វើឡើង​រយៈពេលមួយថ្ងៃម្ដង។ អ្នកទោសទាំងអស់ត្រូវបានសន្តិសុខ​ខ្មែរក្រហម​បញ្ជូនមកសួរចម្លើយម្នាក់ម្ដងៗទាល់តែគ្រប់គ្នា។

ខ្ញុំបានជាប់ឃុំឃាំងនៅមន្ទីរ-២០៤ រយៈពេល១០ថ្ងៃ។ ​​អ្នកទោស​ទាំងប្រុសទាំងស្រី ត្រូវជាប់ឃុំក្នុងបន្ទប់ដាច់ដោយឡែកពីគ្នា។ សកម្មភាព​សួរចម្លើយ​នៅតែបន្តសួរ​រហូតជារៀងរាល់ថ្ងៃ។ នៅក្នុងគុក ខ្ញុំបានហូបបាយ ប៉ុន្តែសន្តិសុខគុកគឺជាអ្នកកំណត់របបបាយឱ្យអ្នកទោស​។ ខ្ញុំគឺជាអ្នកទោសកម្រិតស្រាល។ ដូច្នេះ សន្តិសុខខ្មែរក្រហមមិនដែលវាយធ្វើបាបខ្ញុំទេ គ្រាន់តែស្រែកសំឡុតដាក់។ ​ ​លុះដល់រយៈពេល១០ថ្ងៃ ប្រធានសន្តិសុខ​ខ្មែរក្រហមបាន​ប្រាប់ខ្ញុំឱ្យត្រឡប់មកផ្ទះវិញ។ ខ្ញុំឆ្លើយថា៖ «ខ្ញុំមិនទៅផ្ទះទេ ទាល់តែខ្ញុំ​ទៅជាមួយប្ដី ទើបខ្ញុំទៅ​»។​ ភ្លាមៗនោះ​ កម្មាភិបាល​បានស្រែកសំឡុតដាក់ខ្ញុំថា «ទៅមុន និងទៅក្រោយ អត់ឮទេ!»។ ខ្ញុំបានចេញពីមន្ទីរ-២០៤ ​វិលត្រឡប់មកស្រុកកំណើតវិញ។ ចំណែកប្ដីរបស់ខ្ញុំ ត្រូវ​ខ្មែរក្រហមបញ្ជូនបន្ត​ឱ្យទៅធ្វើកងទ័ពនៅបន្ទាយលង្វែក​ស្ថិតនៅខេត្តកំពង់ឆ្នាំង។ ​រយៈពេល២ខែក្រោយមក​ ខ្ញុំនិងកូនៗ ត្រូវ​ខ្មែរក្រហមបញ្ជូនតាមរថយន្ដឱ្យទៅរស់នៅបន្ទាយលង្វែកដែរ។  ​ខ្ញុំមិនបានជួបប្ដីរបស់ខ្ញុំទេ។  ​ ខ្ញុំ​ត្រូវទៅដកសំណាប ដាំដំណាំ និងធ្វើកន្ទេល។ ចូលដល់រដូវប្រាំង ខ្ញុំបានទៅច្រូតស្រូវថែមទៀត។ នៅ​ក្នុងកងរបស់ខ្ញុំមានមនុស្សច្រើនណាស់ ខ្ញុំចាំមិនអស់ទេ។​ ​ខ្ញុំបានហូបបាយ ប៉ុន្តែត្រូវកំណត់វាល់វែកដដែល។ ខ្ញុំហូបបាយ​ពីរពេលក្នុងមួយថ្ងៃ គឺពេលព្រឹក និងល្ងាច។ ខ្ញុំត្រូវរស់នៅជុំគ្នាជាមួយប្រជាជនឯទៀត។ ​នៅថ្ងៃមួយ ខ្ញុំ​បានលួចមើលការប្ដេជ្ញារបស់គូស្រករថ្មីដែលខ្មែរក្រហមរៀបការឱ្យ។ កម្មាភិបាលខ្មែរក្រហម ​បានហៅបុរស និងស្រ្តីចំនួន២០គូរ ឱ្យឡើងធ្វើការប្ដេជ្ញារួមរស់ជាប្ដីប្រពន្ធអស់មួយ​ជីវិត។ ​ ប៉ុន្តែអ្នកនោះភាគច្រើនសុទ្ធតែត្រូវខ្មែរក្រហម​បង្ខំឱ្យរៀបការ។

​អំឡុង​ឆ្នាំ១៩៧៩ ខ្ញុំមិនបានត្រឡប់មកវិញជាមួយប្ដីរបស់ខ្ញុំទេ។ ខ្ញុំនិង​កូនតូចៗបានត្រឡប់មកផ្ទះសម្បែងវិញមុន ដោយធ្វើដំណើរ​ឆ្លងកាត់តាមជើងភ្នំមួយទៅជើងភ្នំមួយទៀត។ ខ្ញុំ​បានជួបជាមួយកងទ័ពវៀតណាម ​ហើយកងទ័ពវៀតណាមនោះបានជួយចម្លងខ្ញុំ និងកូនតាមទូកមកដល់ខេត្តកោះកុង។ ​ខ្ញុំ និងកូនៗបាន​រស់នៅកោះកុងរយៈពេលមួយខែ។ ​បន្ទាប់មកទៀត ខ្ញុំបានបន្ដធ្វើដំណើរតាមទូកមកដល់​កំពង់សោម និងត្រូវស្នាក់នៅទីនោះរយៈពេលមួយខែទៀត។ ក្រោយមក កងទ័ព​វៀតណាមបានជូនខ្ញុំមកដល់ខេត្តកំពត។ ខ្ញុំឈប់សម្រាកនៅទីនោះមួយយប់។ លុះ​ស្អែកឡើង ខ្ញុំ និងកូនៗត្រូវបន្តដំណើរដោយថ្មើរជើងឆ្លងកាត់តាមភ្នំយ៉ាងលំបាកវេទនា។ ​​ខ្ញុំត្រូវនាំកូនៗសម្រាកនៅតាម​ជើងភ្នំ។ កងទ័ព​វៀតណាមមិនបានធ្វើបាបខ្ញុំទេ ថែមទាំងបានរៀបចំបាយទឹកនំចំណីឱ្យហូប​ និងចែកអង្ករឱ្យ​ខ្ញុំ និងប្រជាជនឯទៀតសម្រាប់ទុកហូបក្នុងពេលធ្វើដំណើរ។ ក្រោយរបបខ្មែរក្រហមដួលរលំ ខ្ញុំត្រេកអរយ៉ាងខ្លាំង ព្រោះ​ជីវិតរបស់ខ្ញុំហាក់ដូចជាបានរស់ឡើងវិញម្ដងទៀត។ ​

អត្ថបទ ៖ ជីម សុខគា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖