ប្រពន្ធរបស់វីរកងទ័ព ម៉ៅ កុលស្យ បានស្លាប់ដោយសារជំងឺគាំងបេះដូងបីឆ្នាំមុនអំឡុងពេលធ្វើការងារនៅរោងចក្រ បន្ទាប់មក វីរកងទ័ព ម៉ៅ កុលស្យ បានពលីតាមក្រោយអំឡុងពេលឈរជើងការពារទឹកដីប្រទេសកម្ពុជាពីការឈ្លានពានពីកងទ័ពថៃ នៅតំបន់បឹងត្រកួន ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។ ការស្លាប់របស់វីរកងទ័ព ម៉ៅ កុលស្យ បានបន្សល់ទុកកូនស្រីកំព្រាចំនួន២នាក់ ឱ្យម្តាយចាស់ជរាចិញ្ចឹមថែទាំបន្ត។
ម្តាយរបស់វីរកងទ័ព ម៉ៅ កុលស្យ ឈ្មោះ ម៉ៅ ថុល អាយុ៧២ឆ្នាំ សព្វថ្ងៃរស់នៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានរៀបរាប់ថា៖
ខ្ញុំមានកូនចំនួន៧នាក់ ហើយ ម៉ៅ កុលស្យ គឺជាកូនប្រុសទីពីរនៅក្នុងគ្រួសារ។ កូនប្រុសរបស់ខ្ញុំបានយកត្រកូលតាមខ្ញុំ និងមិនយកត្រកូលតាមឪពុកឈ្មោះ នួន សុផល ឡើយ ព្រោះឪពុកកាច់។ កាលពីតូច កូនរបស់ខ្ញុំចូលរៀននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យស្ថិតនៅក្នុងឃុំបាសាក់។ កូនប្រុសរបស់ខ្ញុំរៀនរហូតប្រឡងជាប់អនុវិទ្យាល័យ ហើយត្រូវទៅរៀនបន្តនៅវិទ្យាល័យស្វាយរៀង ដែលមានចម្ងាយប្រមាណ៨គីឡូម៉ែត្រពីផ្ទះ។ កាលនោះខ្ញុំមានជីវភាពលំបាកខ្លាំងណាស់ និងមិនមានលទ្ធភាពទិញកង់ឱ្យកូនជិះឡើយ ដូច្នេះកូនរបស់ខ្ញុំក៏សម្រេចចិត្តឈប់រៀន។ បន្ទាប់មក កូនរបស់ខ្ញុំមកសុំអនុញ្ញាតពីខ្ញុំបួសជាព្រះសង្ឃនៅវត្តសិរីសោភាដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផ្ទះ។ កូនរបស់ខ្ញុំបួសបានរយៈពេល៥ព្រះវស្សាក៏សឹក រួចហើយទៅធ្វើការងារជាសន្តិសុខនៅទីក្រុងភ្នំពេញ។ ក្រោយមក កូនរបស់ខ្ញុំបានស្នើខ្ញុំចូលស្តីដណ្តឹងប្រពន្ធឈ្មោះ អ៊ុក សារៀម រស់នៅក្នុងភូមិជាមួយគ្នា ហើយបន្ទាប់ពីរៀបការរួចមានកូនស្រីចំនួនពីរនាក់។
នៅឆ្នាំ២០១១ កូនរបស់ខ្ញុំបានដាក់ពាក្យចូលបម្រើកងទ័ពផ្នែកសឹករងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ តាំងពីចូលបម្រើកងទ័ព កូនប្រុសរបស់ខ្ញុំមកលេងខ្ញុំ និងប្រពន្ធកូន តែនៅពេលបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្យ និងពេលមានកិច្ចការសំខាន់ក្នុងគ្រួសារតែប៉ុណ្ណោះ។ ខ្ញុំបានទៅលេងកូនប្រុសនៅស្រុកថ្មពួកបានពីរដងដែរ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កូនប្រសាររបស់ខ្ញុំដែលធ្វើការនៅរោងចក្របានរៀបចំខ្លួន និងទៅអ៊ុតសក់ បម្រុងធ្វើដំណើរទៅលេងប្តីដែលប្រចាំការនៅព្រំដែនក្នុងស្រុកថ្មពួក នៅថ្ងៃឈប់សម្រាកបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ។ ជាអកុសល្យ កូនប្រសាររបស់ខ្ញុំបានគាំងបេះដូងពេលកំពុងធ្វើការ ហើយនៅថ្ងៃបន្ទាប់បានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ប៉ុន្តែដោយសារជំងឺកូនប្រសាររបស់ខ្ញុំធ្ងន់ធ្ងរពេក ទើបក្រុមគ្រូពេទ្យមិនអាចជួយសង្រ្គោះបាន។ កូនប្រសាររបស់ខ្ញុំបានស្លាប់ ដោយបន្សល់ទុកកូនស្រីពីរនាក់។ កូនប្រុសរបស់ខ្ញុំមករៀបចំធ្វើបុណ្យសពឱ្យប្រពន្ធនៅស្រុកកំណើត តាមប្រពៃណីព្រះពុទ្ធសាសនាចប់រួចរាល់ ទើបត្រឡប់ទៅអង្គភាពវិញ។
នៅខែកញ្ញា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃបុណ្យភ្ជុំបិណ្ឌកូនប្រុសរបស់ខ្ញុំបានសុំច្បាប់មេបញ្ជាការមកលេងខ្ញុំ និងកូនស្រីទាំងពីររបស់ខ្លួន។ កូនប្រុសរបស់ខ្ញុំបានសង់រោងចិញ្ចឹមមាន់ រោងសម្រាប់អង្គុយលេង និងធ្វើចង្ហាន់ឱ្យខ្ញុំយកទៅប្រគេនព្រះសង្ឃនៅវត្តសេរីសោភាដែលធ្លាប់បួសរៀនកន្លងមក។ នៅពេលយប់ កូនប្រុសរបស់ខ្ញុំបាននិយាយទៅកាន់កូនស្រីពៅរបស់ខ្លួនឈ្មោះ ម៉ៅ សុខពិសី អាយុ១៥ឆ្នាំ រៀនថ្នាក់ទី៩ និងរស់នៅជាមួយខ្ញុំថា «កូនត្រូវរៀនឱ្យចប់មហាវិទ្យាល័យ ព្រោះកូនរស់នៅជាមួយយាយ និងមានយាយចិញ្ចឹមបីបាច់» ចំណែកកូនស្រីច្បង ម៉ៅ រដ្ឋា អាយុ១៧ឆ្នាំ ឈប់រៀន៤ឆ្នាំហើយ។ ពិសី តបទៅឪពុកថា «ពេលរៀនចប់ថ្នាក់ទី៩ កូនចង់ឈប់រៀន និងចូលធ្វើការងារនៅរោងចក្រដើម្បីយកលុយជួយប៉ា និងជួយយាយព្រោះយាយមិនមានលុយទេ»។ កូនប្រុសរបស់ខ្ញុំបានណែនាំកូនស្រីថា «ប៉ាមានប្រាក់ខែ ប្រសិនបើប៉ាស្លាប់ក៏មានប្រាក់របស់អង្គភាពឧត្ថម្ភប៉ាដែរ ដូច្នេះកូនអាចយកប្រាក់របស់ប៉ាទៅរៀនបន្តរហូតដល់ចប់»។
ខ្ញុំបារម្ភអំពីសុវត្ថិភាពកូនប្រុសរបស់ខ្ញុំយ៉ាងខ្លាំង នៅពេលកូនរបស់ខ្ញុំត្រឡប់ទៅឈរជើងការពារទឹកដីនៅតំបន់បឹងត្រកួនវិញ ព្រោះជម្លោះរវាងប្រទេសកម្ពុជានិងថៃនៅតានតឹងខ្លាំង ទោះបីមានបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយក៏ដោយ។
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានវាយប្រហារមកលើប្រទេសកម្ពុជាជាលើកទីពីរ។ ពេលនោះ ខ្ញុំបានទូរសព្ទទៅសួរសុខទុកកូនរបស់ខ្ញុំជាប្រចាំ ហើយរៀងរាល់យប់ខ្ញុំបានអុជធូបបន់ស្រន់ឱ្យកូនរបស់ខ្ញុំបានសេចក្តីសុខ។ កូនរបស់ខ្ញុំបានប្រាប់ខ្ញុំថា «ថៃប្រើយន្តហោះទម្លាក់គ្រាប់បែក ដ្រូន និងរថក្រោះបាញ់ផ្លោងចូលមកយ៉ាងសន្ធប់ និងធ្លាក់ចម្ងាយប្រមាណ៥ទៅ១០ម៉ែត្រពីលេណដ្ឋានរបស់កូនតែប៉ុណ្ណោះ»។ កងទ័ពថ្មើរជើងថៃបានវាយចូលដល់តំបន់បឹង និងបោះទីតាំងនៅទៅទីនោះ ចំណែកកូនរបស់ខ្ញុំបានឈរជើងតតាំងដោយមិនដកថយឡើយ។ កូនរបស់ខ្ញុំប្រាប់ថា សំណាងល្អ កងកម្លាំងគាំទ្របានបាញ់ផ្លោងគ្រាប់បេអឹម-២១ទៅលើកងថៃបណ្តាលឱ្យស្លាប់ ហើយអ្នកនៅរស់ទាំងប៉ុន្មានបានរត់គេចខ្លួនចូលទៅក្នុងទឹកដីថៃអស់។
នៅព្រឹកព្រលឹមស្រាងៗថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ខ្ញុំបានទូរសព្ទទៅកូនប្រុស ប៉ុន្តែកូនប្រុសខ្ញុំមិនបានលើកទូរសព្ទទេ។ រហូតដល់ម៉ោង៨ព្រឹកថ្ងៃដដែល កូនប្រុសរបស់ខ្ញុំបានទូរសព្ទមកខ្ញុំវិញ និងប្រាប់ខ្ញុំ កូនកំពុងត្រៀមប្រយុទ្ធ។ ខ្ញុំបានប្រាប់កូនឱ្យហូបបាយឱ្យឆ្អែត ហើយបើទាហានថៃចូលមកច្រើន កូនត្រូវរត់គេចខ្លួន ប៉ុន្តែកូនខ្ញុំប្រាប់មកខ្ញុំវិញថា កូនមិនអាចរត់ចោលកូនចៅនៅក្នុងកងជាមួយគ្នាបានទេ។
នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានទម្លាក់គ្រាប់បែកពីយន្តហោះអេហ្វ១៦ ដ្រូន និងបញ្ជូនរថក្រោះ រួមទាំងកងទ័ពថ្មើជើងយ៉ាងសន្ធឹកសន្ធាប់ វាយប្រហារមកលើទីតាំងកូនប្រុសរបស់ខ្ញុំនៅតំបន់បឹងត្រកួនជាលើកទីពីរ បណ្តាលឱ្យមេបញ្ជាការកូនប្រុសរបស់ខ្ញុំម្នាក់ និងយុទ្ធជន៣នាក់ស្លាប់នៅក្នុងលេណដ្ឋាន ហើយម្នាក់ទៀតរងរបួសបាក់ភ្លៅ។ កូនប្រុសរបស់ខ្ញុំបានអៀវយុទ្ធជនដែលរងរបួស រួមជាមួយយុទ្ធជននៅក្នុងអង្គភាពផ្សេងទៀតដែលនៅរស់ រត់គេចចេញខ្លួន ព្រោះកងទ័ពថៃបានបញ្ជាដ្រូនទម្លាក់គ្រាប់ចូលមកកាន់តែច្រើន។ កូនប្រុសរបស់ខ្ញុំបានលួនចូលក្នុងលូទឹកដើម្បីលាក់ខ្លួន។ ខណៈនោះ ដ្រូនរបស់កងទ័ពថៃមកទម្លាក់គ្រាប់បែកបន្ថែមទៀតបណ្តាលឱ្យយុទ្ធជនឈរនៅក្បែរលូទឹកចំនួន៥នាក់ស្លាប់។ ចំណែកកូនប្រុសខ្ញុំត្រូវរបួសត្រង់ដៃ និងឆ្អឹងជំនី ហើយត្រូវយុទ្ធជនចំនួន៣នាក់គ្រារត់គេចខ្លួនបន្តទៀត។ កូនប្រុសខ្ញុំដើរទាំងមានរបួសបានចម្ងាយប្រមាណ១០០ម៉ែត្រពីលូទឹក ដ្រូនរបស់កងទ័ពថៃក៏ហោះដេញតាមពីក្រោយ ទើបកូនប្រុសខ្ញុំឱ្យយុទ្ធជនដែលជួយគ្រារត់គេចខ្លួនមុន ហើយឱ្យទុកគាត់នៅក្រោមដើមអាកាស្យាម្នាក់ឯង។
ខ្ញុំមិនអាចទាក់ទងកូនប្រុសបានទៀតទេ ដូច្នេះខ្ញុំបានទូរសព្ទទៅកូនស្រីរបស់ខ្ញុំម្នាក់ទៀតដែលទៅរស់នៅ និងរកស៊ីនៅបឹងត្រកួនដែរ ឱ្យជួយស៊ើបសួរដំណឹងពីបងប្រុស។ កូនស្រីរបស់ខ្ញុំបានសួរទៅអង្គភាពកូនប្រុសរបស់ខ្ញុំ និងសួរតាមមន្ទីរពេទ្យក្នុងខេត្តបន្ទាយមានជ័យនៅតែមិនមានដំណឹង។ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ទើបខ្ញុំទទួលដំណឹងថាកូនប្រុសរបស់ខ្ញុំបានស្លាប់ហើយ ប៉ុន្តែមិនអាចចូលទៅយកសាកសពបានទេព្រោះកងទ័ពថៃនៅបន្តបាញ់សន្ធាប់ចូលតំបន់បឹងត្រកួន។ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ទើបអង្គភាពចូលទៅយកសាកសពបាន ហើយខ្ញុំបានស្នើសុំទៅអង្គភាពយោធាឱ្យបញ្ជូនសាកសពកូនប្រុសរបស់ខ្ញុំត្រឡប់មកស្រុកកំណើតនៅភូមិបាសាក់វិញ។ នៅវេលាម៉ោង១០យប់ថ្ងៃដដែល អង្គភាពយោធាបានដឹកសាកសពកូនប្រុសរបស់ខ្ញុំពីស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មកដល់ផ្ទះខ្ញុំនៅខេត្តស្វាយរៀង។ សាកសពកូនប្រុសរបស់ខ្ញុំហើមមើលលែងស្គាល់ទៅហើយ និងត្រូវបូជាទាំងយប់។
កូនប្រុសរបស់ខ្ញុំ ម៉ៅ កុសល្យ អាយុ៤២ឆ្នាំ មានឋានន្តរស័ក្តិវរសេនីយ៍ត្រី និងជាមេបញ្ជាការរងកងអនុសេនាតូចទី២ កងអនុសេនាធំទី១ ផ្នែកសឹករងស្រុកថ្មពួក តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ ខ្ញុំសោកស្តាយខ្លាំងណាស់ដែលកូនប្រុសរបស់ខ្ញុំស្លាប់តែប៉ុន្មានថ្ងៃតែប៉ុណ្ណោះមុនបទឈប់បាញ់៧២ម៉ោងដែលត្រូវអនុវត្តចាប់ពីម៉ោង១២ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កូនប្រុសខ្ញុំស្លាប់ដោយមិនបានបាញ់តបតជាមួយកងទ័ពថៃឡើយ។
រាល់ថ្ងៃខ្ញុំមានជំងឺបេះដូង ហើយត្រូវក្រោកនៅវេលាម៉ោង៣ទៀបភ្លឺដើម្បីដាំបបរបន្តិចបន្តួចលក់នៅខាងមុខផ្ទះ។ ខ្ញុំលក់បបរមួយចានមួយពាន់រៀលតែប៉ុណ្ណោះឱ្យប្រជាជនក្នុងភូមិ ដើម្បីយកប្រាក់ផ្គត់ផ្គង់គ្រួសារ និងចិញ្ចឹមចៅៗ ហើយខ្ញុំនឹងចែកដីកេររបស់ខ្ញុំទៅឱ្យចៅស្រីកំព្រាទាំងពីរនាក់នៅពេលខ្ញុំអស់ជីវិតទៅ។
អត្ថបទ ៖ សោម ប៊ុនថន ប្រធានក្រុមទស្សនាវដ្តីស្វែងរកការពិត
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា









