នៅចន្លោះពីថ្ងៃទី២៣ដល់២៧ ខែវិចិ្ឆកា ឆ្នាំ២០២១ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានចុះសម្ភាសន៍ប្រជាជនចំនួន៨គ្រួសារ រស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តាមរយៈគម្រោងវេទិកាប្រវត្តិសាស្រ្តគ្រួសារដែលជាសកម្មភាពបន្តពីខែតុលា ឆ្នាំ២០២១។
ភូមិសាទុំ គឺជាភូមិមួយស្ថិតនៅជាប់ព្រំដែនកម្ពុជា-វៀតណាម និងជាអតីតសមរភូមិប្រយុទ្ធរវាងទាហានសហរដ្ឋអាមេរិក និងកងទ័ពវៀតកុងនៅអំឡុងទសវត្សរ៍ចុងឆ្នាំ១៩៦០ និងដើមឆ្នាំ១៩៧០។ ប្រជាជនក្នុងភូមិសាទុំបានឲ្យដឹងថានៅចុងឆ្នាំ១៩៦០ កងទ័ពវៀតកុងបានសាងសង់បន្ទាយ និងមន្ទីរពេទ្យធំមួយកន្លែងស្ថិតនៅចម្ងាយប្រមាណ៤គីឡូម៉ែត្រប៉ែកខាងជើងភូមិសាទុំ។ បន្ទាយ និងមន្ទីរពេទ្យនោះស្ថិតនៅក្នុងព្រៃក្បាលជាំជ្រៃ ព្រៃកញ្ជន់ ក្បែរត្រពាំងទឹកមួយ។ នៅពេលនោះមានកងទ័ពវៀតកុងត្រូវរបួសនៅតាមសមរភូមិជាច្រើនត្រូវបានដឹកមកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ។ នៅអំឡុងពេលនោះក៏មានប្រជាជនក្នុងភូមិសាទុំមួយចំនួនបានទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរបស់វៀតកុងនោះដែរ។ ប្រជាជនក្នុងភូមិសាទុំដែលមានអាយុលើសពី៦០ឆ្នាំភាគច្រើនបានស្គាល់បន្ទាយ និងមន្ទីរពេទ្យរបស់កងទ័ពវៀតកុងយ៉ាងច្បាស់ ពីព្រោះប្រជាជនទាំងនោះធ្លាប់បានទៅលេង ឬយកបន្លែបង្ការទៅលក់ឲ្យកងទ័ពវៀតកុងនៅក្នុងបរិវេណមន្ទីរពេទ្យ។ ប្រជាជនក្នុងភូមិសាទុំបានឲ្យដឹងទៀតថា នៅក្នុងឆ្នាំ១៩៦៩ ឬឆ្នាំ១៩៧០ យន្តហោះបេ៥២របស់ទាហានសហរដ្ឋអាមេរិកបានមកទម្លាក់គ្រាប់បែកលើបន្ទាយ និងមន្ទីរពេទ្យដែលធ្វើឲ្យកងទ័ពវៀតកុងជាច្រើនបានស្លាប់ និងរបួស។ ចំណែកកងទ័ពដែលនៅសេសសល់បានរត់គេចខ្លួនចេញពីបន្ទាយ និងមន្ទីរពេទ្យអស់តែម្តង។ នៅអំឡុងឆ្នាំ១៩៨៥ ឬឆ្នាំ១៩៨៦ កងទ័វៀតណាមបានចុះមកពិនិត្យទីតាំងបន្ទាយ និងមន្ទីរពេទ្យក្នុងភូមិសាទុំ ហើយបានគាស់យកសាកសពកងទ័ពវៀតកុងដែលកប់នៅក្បែរបន្ទាយ និងមន្ទីរពេទ្យនាំយកទៅប្រទេសវៀតណាមវិញ។ ខាងក្រោមគឺរឿងរ៉ាវសង្ខេបរបស់ប្រជាជនដែលបានរៀបរាប់ប្រាប់ក្រុមការងារគម្រោងប្រវត្តិសាស្រ្តគ្រួសារ៖
១) ឃាន ស៊ាន់ ៖
ខ្ញុំឈ្មោះ ឃាន ស៊ាន់ ភេទប្រុស អាយុ៤៩ឆ្នាំ មានស្រុកកំណើតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំរស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុករបស់ខ្ញុំឈ្មោះ ម៉ៅ ឃាន និងម្តាយឈ្មោះ ស្លូត កៃ។ ខ្ញុំមានបងប្អូនបង្កើតចំនួន១០នាក់គឺស្រី៣នាក់ និងប្រុស៧នាក់។ ខ្ញុំធ្វើជាមេភូមិសាទុំ ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន។ ឪពុករបស់ខ្ញុំបាននិយាយថា នៅឆ្នាំ១៩៦៩ ម្តាយមីងរបស់ខ្ញុំត្រូវគ្រាប់ផ្លោងស្លាប់។ គ្រាប់ផ្លោងនោះបានបាញ់ចេញពីព្រំដែនវៀតណាមសំដៅមកភូមិសាទុំ នៅខណៈពេលនោះម្តាយរបស់ខ្ញុំក៏ត្រូវរបួស និងត្រូវយកទៅព្យាបាលនៅមន្ទីរពេទ្យរបស់វៀតកុងនៅក្នុងក្បាលព្រៃជាំជ្រៃ ដែលមានចម្ងាយប្រមាណជា៣គឺឡូម៉ែត្រប៉ែកខាងជើងភូមិសាទុំ។ អ្នកភូមិរបស់ខ្ញុំកាលពីមុនសង់ផ្ទះតូចៗរស់នៅប្រមូលផ្តុំគ្នារបៀបជាកុលសម្ពន្ធ។ ចំណែកមុខរបររបស់អ្នកភូមិគឺអាស្រ័យផលលើព្រៃឈើ គឺរកជ័រទឹក និងជ័រចុង។
ក្រោយរបបខ្មែរក្រហមដួលរលំឆ្នាំ១៩៧៩ ខ្ញុំនិងក្មេងៗដទៃទៀតនៅក្នុងភូមិបានរត់លេងក្នុងព្រៃ និងបានឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើន។ ខ្ញុំនិងក្មេងៗបានដុតគ្រាប់ទាំងនោះឲ្យផ្ទុះ ហើយពេលត្រឡប់មកផ្ទះវិញត្រូវឪពុកខ្ញុំស្តីបន្ទោស ពីព្រោះគាត់ខ្លាចមានគ្រោះថ្នាក់ដែលបណ្តាលឲ្យរងរបួសឬស្លាប់។ កាលពីប៉ុន្មានឆ្នាំមុននេះ ខ្ញុំ និងគណៈកម្មាធិការភូមិបានសម្រេចអភិរក្សវាលមួយកន្លែងមានឈ្មោះថា វាលខ្ជោល គឺជាទីតាំងប្រវត្តិសាស្រ្តទុកសម្រាប់ឲ្យក្មេងៗជំនាន់ក្រោយបានឃើញ។ ទីវាលនោះគឺជាកន្លែងដែលកងទ័ពសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកបេ៥២ ហើយនៅមានសេសសល់រណ្តៅ គ្រាប់បេ៥២ជាច្រើនកន្លែង។ យើងបានឯកភាពគ្នាថាមិនអនុញ្ញាតឲ្យប្រជាជនកាប់ឆ្ការ ឬឈូសលុបទីតាំងរណ្ដៅគ្រាប់បែកបេ៥២នេះទេ គឺទុកសម្រាប់ឲ្យក្មេងជំនាន់ក្រោយបានស្គាល់។
នៅអំឡុងឆ្នាំ១៩៨៥ និងឆ្នាំ១៩៨៦ កងទ័ពវៀតណាមបានចុះមកបោះទីតាំងបន្ទាយ និងមន្ទីរពេទ្យក្នុងភូមិសាទុំ ដោយគាស់យកសាកសពកងទ័ពវៀតកុងដែលបានកប់នៅក្បែរបន្ទាយ និងមន្ទីរពេទ្យត្រឡប់ទៅប្រទេសវៀតណាមវិញ។
២) ឯម ឆន ៖
ខ្ញុំឈ្មោះ ឯម ឆន ឬ ម៉ើ ឆន ភេទប្រុស អាយុ៦១ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំរស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ ម៉ើ និងម្តាយឈ្មោះ យុំ។ ខ្ញុំមានកូនចំនួន៥នាក់ គឺប្រុសចំនួន៤នាក់ ស្រីចំនួន១នាក់។ កាលពីតូចខ្ញុំរៀនបានត្រឹមថ្នាក់ទី២ ដោយសារតែមានការទម្លាក់គ្រាប់បែកញឹកញាប់ និងការបាញ់ផ្លោងរវាងទាហានសហរដ្ឋអាមេរិកនិងកងទ័ពវៀតកុង។ នៅចុងឆ្នាំ១៩៦០ កងទ័ពវៀតកុងបានមកបោះទីតាំងនៅតាមព្រំដែនកម្ពុជាវៀតណាម និងចូលមកក្នុងទឹកដីប្រទេសកម្ពុជាសាងសង់បន្ទាយ ព្រមទាំងមន្ទីរពេទ្យនៅក្នុងព្រៃ ដូចជា ព្រៃក្បាលជាំជ្រៃ និងព្រៃកញ្ជាន់ ជាដើម។ កងទ័ពវៀតកុងបានប្រមូលទិញអង្ករ គោ ក្របី ជ្រូក និងបន្លែរបង្ការពីប្រជាជនកម្ពុជាសម្រាប់ជាស្បៀងដល់កងទ័ពរបស់ខ្លួន។ មន្ទីរពេទ្យរបស់វៀតកុងដែលសាងសង់នៅក្នុងព្រៃកញ្ជាន់ គឺជីកទៅក្រោមដីដើម្បីធ្វើជាកន្លែងវះកាត់ ហើយខាងលើដីប្រក់តង់ សម្រាប់ឲ្យអ្នកជំងឺសម្រាក។ អ្នកជំងឺភាគច្រើនជាកងទ័ពវៀតកុងដែលត្រូវរបួស និងប្រជាជនដែលត្រូវរបួសដោយសារគ្រាប់ផ្លោងរបស់សហរដ្ឋអាមេរិក និងទាហានធីវគី។ នៅពេលមានការទម្លាក់គ្រាប់បែកបេ៥២កាន់តែច្រើននៅក្នុងព្រៃក្បែរៗភូមិសាទុំ ប្រជាជនបានភៀសខ្លួនចេញពីភូមិមកស្នាក់នៅភូមិដូងដែលជាភូមិមួយមានចម្ងាយប្រហែល១០គីឡូម៉ែត្រប៉ែកខាងលិចភូមិសាទុំ។ នៅក្នុងឆ្នាំ១៩៧៤ ពេលសភាពការស្ងប់ស្ងាត លែងមានការទម្លាក់គ្រាប់បែក និងយន្តហោះក្បែរភូមិ ទើបប្រជាជនមករស់នៅក្នុងភូមិសាទុំវិញ។ ប្រជាជនបានបន្តប្រកបរបរដាំស្រូវសម្រាប់ចិញ្ចឹមជីវិត។ នៅពេលដែលខ្មែរក្រហមចូលមកគ្រប់គ្រងក្នុងភូមិរបស់ខ្ញុំក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមចាត់តាំងខ្ញុំឲ្យចូលក្នុងកងចល័ត ធ្វើស្រែ លើកភ្លឺស្រែ លើកទំនប់ និងជីប្រឡាយ។
នៅដើមឆ្នាំ១៩៧៦ ខ្មែរក្រហមបានចាត់តាំងឲ្យខ្ញុំទៅរែកដីធ្វើទំនប់នៅបឹងក្រចាប់ ស្ថិតនៅក្នុងស្រុកត្បូងឃ្មុំ ក្បែរស្ពានមាត់ខ្មួងជាមួយយុវជនប្រហែល៣០នាក់ផ្សេងទៀតនៅក្នុងភូមិ។ នៅពាក់កណ្តាលឆ្នាំ១៩៧៦ ខ្មែរក្រហមបានជ្រើសខ្ញុំឲ្យទៅធ្វើទាហាន នៅខេត្តព្រៃវែង។ ខ្ញុំបានហាត់រៀនយុទ្ធសាស្ត្រយោធានៅសាលាស២០៣ ក្នុងខេត្តព្រៃវែង រយៈពេល៦ខែ។ បន្ទាប់មកខ្ញុំបានបន្តស្នាក់នៅខេត្តព្រៃវែងរយៈពេល៦ខែទៀត។ ប៉ុន្តែខ្ញុំមិនបានចូលសមរភូមិប្រយុទ្ធទេ ដោយខ្ញុំត្រូវបានជ្រើសឲ្យចូលធ្វើកម្មករជួសជុលសម្ភារយុទ្ធភ័ណ្ឌចាស់ៗ។ នៅក្នុងមួយក្រុមរបស់ខ្ញុំមានសមាជិកចន្លោះពី២០ ទៅ៣០នាក់។ សម្ភារដែលជួសជុល រួមមាន កាំភ្លើង និងសម្ភារសម្រាប់បម្រើដល់ការប្រយុទ្ធ។ អង្គភាពរបស់ខ្ញុំមានប្រធានឈ្មោះ ហេង។ ក្រោយព្រឹត្តការណ៍ចោទប្រកាន់ភូមិភាគបូព៌ាក្បត់ កងទ័ពមកពីភូមិភាគនិរតីបានជម្លៀសខ្ញុំនិងកម្មករផ្សេងៗទៀតទៅព្រែកពោធិ៍ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ នៅព្រែកពោធិ៍ខ្ញុំនិងសមាជិកដទៃទៀតត្រូវបានចាត់តាំងឲ្យធ្វើស្រែរយៈពេលមួយឆ្នាំ ទើបកងទ័ពវៀតណាមចូលមកដល់ប្រទេសកម្ពុជា។ នៅពេលខ្មែរក្រហមដួលរលំ ខ្ញុំបានត្រឡប់មកស្រុកកំណើតវិញ ប៉ុន្តែមិនបានជួបជាមួយឪពុកម្តាយទេ ព្រោះឪពុកម្តាយខ្ញុំត្រូវខ្មែរក្រហមជម្លៀសឲ្យទៅខេត្តក្រចេះ។ រយៈពេលកន្លះខែ ទើបឪពុកម្តាយខ្ញុំត្រឡប់មកដល់ស្រុកកំណើតវិញ។ ខ្ញុំរៀបការនៅឆ្នាំ១៩៨៨ និងបានរស់នៅភូមិសាទុំរហូតដល់សព្វថ្ងៃ។
៣) តូច អ៊ន ៖
ខ្ញុំឈ្មោះ តូច អ៊ន អាយុ៩១ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅភូមិស្រម៉រ ឃុំទឹកជ្រៅ ស្រុកដំបែរ ខេត្តកំពង់ចាម។ សព្វថ្ងៃ ខ្ញុំរស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានតែបងប្រុសម្នាក់។ កាលខ្ញុំនៅក្មេងខ្ញុំមិនបានរៀនសូត្រទេ ដោយសារនៅក្នុងភូមិកំណើតរបស់ខ្ញុំមិនមានសាលារៀន។ ខ្ញុំនៅផ្ទះធ្វើស្រែចម្ការជាមួយឪពុកម្ដាយ។ ក្រោយមកខ្ញុំចេញពីផ្ទះធ្វើការជាអ្នករត់តុកាហ្វេ និងវាយសារ៉ាស្បែកជើងនៅសួងក្នុងស្រុកត្បូងឃ្មុំ។ ក្រោយមកខ្ញុំបានចូលធ្វើទាហានជាមួយបារាំងនៅសួងបានរយៈពេល៥ឆ្នាំ និងខ្ញុំរៀបការជាមួយប្រពន្ធរបស់ខ្ញុំឈ្មោះសួន (ស្លាប់)។ ក្រោយមកខ្ញុំផ្លាស់មករស់នៅក្នុងភូមិមួង ឃុំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម និងបានរៀបការប្រពន្ធទី២ទៀត។ នៅមួងខ្ញុំ និងក្រុមគ្រួសារបានប្រកបរបរធ្វើស្រែចម្ការដូចអ្នកភូមិដទៃទៀតដែរ។ នៅក្នុងឆ្នាំ១៩៧៤ ខ្ញុំ និងក្រុមគ្រួសារបានផ្លាស់មករស់នៅក្នុងភូមិសាទុំ ដោយសារនៅភូមិមួង មានចលនាខ្មែរក្រហមចូលមកអុកឡុកយាយីប្រជាជនរស់នៅក្នុងភូមិ និងតាមចាប់ខ្ញុំ ។ ពេលខ្មែរក្រហមចូលកាន់អំណាចនៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យភ្ជួរស្រែ និងធ្វើស្រែចម្ការ។ នៅភូមិសាទុំខ្ញុំហូបមិនគ្រប់គ្រាន់ឡើយ គឺមួយថ្ងៃខ្ញុំហូបពីរពេលប៉ុណ្ណោះ។
នៅឆ្នាំ១៩៧៦ ខ្មែរក្រហមបានជម្លៀសខ្ញុំនិងប្រពន្ធកូនទៅ រស់នៅភូមិព្រែកតាហុប ឃុំជំនីក ស្រុកក្រូចឆ្មារ។ នៅទីនោះខ្មែរក្រហមចាត់តាំងឲ្យខ្ញុំឃ្វាលក្របី និងភ្ជួរស្រែ។ ថ្ងៃមួយខ្ញុំបានជេរក្របីថា «អារីក មីចម្រើន»។ បន្ទាប់មកក៏មានអ្នកទៅរាយការណ៍ប្រាប់ប្រធានកងតូច និងមានឈ្លបពីរនាក់ កាន់កាំភ្លើង៣ដើមសួររកខ្ញុំ។ ខណៈពេលនោះខ្ញុំកំពុងតែជម្រះស្មៅ កងឈ្លបបាននាំខ្ញុំទៅកាន់សាលាស្រុកក្រូចឆ្មារ។ នៅពេលនោះខ្ញុំបានជួបគណៈស្រុកក្រូចឆ្មារដែលខ្ញុំធ្លាប់បានជួបកាលពីពេលមុន។ គណៈស្រុកបានសួរឈ្លបថា មានរឿងអីបានជាចាប់គាត់? កងឈ្លបរាយការណ៍ប្រាប់គណៈស្រុកតាមដំណើររឿងរួច គណៈស្រុកឆ្លើយថាខ្ញុំតែងតែនិយាយតែអីចឹង និងបញ្ជាឲ្យកងឈ្លបដោះលែងខ្ញុំត្រឡប់មកវិញ។ ពេលខ្ញុំរស់នៅស្រុកក្រូចឆ្មារ គឺត្រូវក្រោកម៉ោង៤ភ្លឺទៅភ្ជួរស្រែ ហើយនៅម៉ោង១០ សម្រាកព្រោះមេឃក្ដៅក្របីដើរមិនរួច។ រហូតដល់ម៉ោង ២ឬ៣រសៀលទើបខ្ញុំចុះភ្ផួរបន្តទៀត។ ខ្ញុំរស់នៅក្រូចឆ្មារបានមួយរយៈក៏ត្រឡប់មកនៅឃុំជាំតាម៉ៅ។ ប៉ុន្មានថ្ងៃក្រោយមក ខ្មែរក្រហមបានជម្លៀសខ្ញុំបន្តទៅនៅស្រុកស្នួល ខេត្តក្រចេះ ដែលជាកន្លែងលំបាកវេទនា ហើយប្រជាជនជាច្រើននាក់បានស្លាប់ដោយអត់អាហារ។ នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបន្តជម្លៀសខ្ញុំទៅនៅភូមិភាគកណ្តាលដោយធ្វើដំណើរតាមកាណូតពីខេត្តក្រចេះទៅស្រុកស្ទឹងត្រង់ និងបន្តទៅរស់នៅក្នុងស្រុកចំការលើ។ ក្រោយពេលខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ ខ្ញុំនិងក្រុមគ្រួសារបានត្រឡប់មកនៅភូមិសាទុំ ដោយប្រកបរបរកាប់ដីធ្វើស្រែ និងដាំដំណាំ។
៤) សៀវ ម៉ៅ ៖
ខ្ញុំឈ្មោះ សៀវ ម៉ៅ ភេទស្រី អាយុ៦៩ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅភូមិសាទុំ ឃុំជាំក្រវៀន ខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំរស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ម្ដាយរបស់ខ្ញុំឈ្មោះ សាន់ និងឪពុកឈ្មោះ ស៊ីវ។ ខ្ញុំមានបងប្អូនចំនួន៧នាក់ គឺស្រីចំនួន៤ និងប្រុសចំនួន៣។ ប្ដីរបស់ខ្ញុំឈ្មោះ ឃ្លោក រស់ ហើយយើងមានកូនចំនួន១៣នាក់ គឺស្រី១០នាក់ និងប្រុសចំនួន៣នាក់។ កាលពីខ្ញុំនៅក្មេងខ្ញុំមិនបានរៀនសូត្រទេ ដោយសារមិនទាន់មានសាលារៀននៅក្នុងភូមិ។ ដូច្នេះខ្ញុំត្រូវនៅផ្ទះជួយធ្វើកិច្ចការផ្ទះ និងជួយធ្វើស្រែចម្ការឪពុកម្ដាយ។ កាលណោះក្នុងភូមិមានកងទ័ពវៀតកុងចូលមកក្នុងព្រៃក្បែរភូមិសាទុំដើម្បីទិញអង្ករ និងបន្លែបង្ការពីអ្នកភូមិ។ ពេលមានទ័ពវៀតកុងចូលក្នុងភូមិ ក៏មានយន្តហោះអាមេរិកមកទម្លាក់គ្រាប់បែកដើម្បីដេញកងទ័ពវៀតកុង។ នៅឆ្នាំ១៩៦៨ ខ្ញុំនិងអ្នកភូមិដទៃទៀតបានរត់ភៀសខ្លួនទៅភូមិត្រមូង។ ទៅដល់ទីនោះខ្ញុំនិងគ្រួសារធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។ នៅឆ្នាំ១៩៧០ ខ្ញុំបានរៀបការជាមួយនឹងប្ដីរបស់ខ្ញុំដែលបានរត់មកពីភូមិសាទុំជាមួយគ្នា។ ខ្ញុំរៀបការមិនបានប៉ុន្មានផង ក៏មានទាហានអាមេរិកទៅដល់ត្រមូងទៀត។ បន្ទាប់មកខ្ញុំ និងក្រុមគ្រួសារបានរត់ភៀសខ្លួនទៅកន្លែងផ្សេងទៀត។ នៅឆ្នាំ១៩៧៣ ខ្ញុំ និងគ្រួសារត្រឡប់មកនៅភូមិសាទុំវិញ។ នៅពេលនោះខ្ញុំ និងគ្រួសារត្រូវបានចាត់តាំងឲ្យធ្វើស្រែចម្ការប្រវាស់ដៃជាមួយអ្នកភូមិផ្សេងទៀត។ បន្ទាប់ពីធ្វើប្រវាស់ដៃបានមួយរយៈ ខ្មែរក្រហមបានចាត់តាំងប្រជាជននៅក្នុងភូមិឲ្យធ្វើការងាររួម និងហូបរួមនៅក្នុងសហករណ៍។
នៅចុងឆ្នាំ១៩៧៧ ខ្មែរក្រហមបានជម្លៀសខ្ញុំ និងអ្នកភូមិទាំងអស់ឲ្យទៅរស់នៅភូមិចឹង ឃុំស្រែរនាម ស្រុកស្នួល ខេត្តក្រចេះ។ នៅទីនោះពិបាកវេទនាខ្លាំងណាស់ ដោយសារខ្មែរក្រហមចោទប្រជាជនជម្លៀសពីភូមិភាគបូព៌ាថា ក្បាលយួនខ្លួនខ្មែរ។ ខ្មែរក្រហមបានបង្ខំប្រជាជនជម្លៀសទាំងនោះឲ្យធ្វើការងារធ្ងន់ៗ ដូចជា គាស់គល់ឈើ ធ្វើស្រែ និងហូបតែទឹកបបររាវៗដែលជាហេតុនាំឲ្យប្រជាជនស្លាប់ជាច្រើននាក់។ នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀសខ្ញុំ និងអ្នកភូមិដទៃទៀតទៅស្រុចំការលើ ដោយធ្វើដំណើរតាមកាណូតពីខេត្តក្រចេះមកឈប់នៅស្រុកស្ទឹងត្រង់។ បន្ទាប់មកខ្ញុំជិះឡានពីស្ទឹងត្រង់ ទៅស្រុកចំការលើបន្តទៀត។ បន្ទាប់ពីកងទ័ពវៀតណាមចូលមកដល់ប្រទេសកម្ពុជានៅឆ្នាំ១៩៧៩ ខ្ញុំ និងក្រុមគ្រួសារបានធ្វើដំណើរពីស្រុកចំការលើមកស្រុកមេមត់វិញ។ ពេលត្រឡប់មកវិញ ខ្ញុំមិនទាន់ចូលស្រុកកំណើតទេ ព្រោះខ្លាចជាន់មីន។ ខ្ញុំរង់ចាំរហូតដល់អ្នកស្រុកដុតភូមិដើមី្បបំបែកមីនអស់ទើបខ្ញុំចូលទៅភូមិ។ បន្ទាប់ពីមកដល់ភូមិខ្ញុំកាប់ចម្ការ ដាំដំណាំ និងធ្វើកៅស៊ូសម្រាប់ចិញ្ចឹមជីវិត។
៥) ពៅ ប៊ុច ៖
ខ្ញុំឈ្មោះ ពៅ ប៊ុច អាយុ៨៥ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅភូមិថ្មតាដោក ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំរស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះពៅ ប្រុក និង ម្ដាយឈ្មោះ ចឹក។ ខ្ញុំមានបងប្អូនបង្កើតចំនួន៣នាក់ គឺប្រុសចំនួន១នាក់ និងស្រីចំនួន២នាក់។ ប្រពន្ធរបស់ខ្ញុំឈ្មោះ សួន មុំ យើងមានកូនចំនួន៧នាក់ គឺស្រី៦ និងប្រុស១។ កាលពីខ្ញុំនៅក្មេងៗឪពុកម្តាយបានផ្លាស់មករស់នៅភូមិសាទុំ បន្ទាប់មកខ្ញុំទៅរស់នៅជាមួយគ្រួសារឪពុកធំនៅទីរួមស្រុកមេមត់ និងបានចូលរៀននៅសាលាវត្តមេមត់ក្នុងទីរួមស្រុកមេមត់។ បន្ទាប់ពីឈប់រៀន ខ្ញុំបានចូលធ្វើទាហានជើងក្រហមរបស់បារាំងនៅជប់ ស្រុកត្បូងឃ្មុំ។ បន្ទាប់ពីឈប់ធ្វើទាហានជើងក្រហម ខ្ញុំបានទៅធ្វើកម្មករនៅផ្ទះចិននៅទន្លេបិទបានរយៈពេលមួយឆ្នាំ។ ថៅកែចិននោះបញ្ជូនខ្ញុំឲ្យទៅរៀនជួសជុល និងបើកបរឡាននៅក្រុងកំពង់ចាម។ បន្ទាប់ពីរៀនចេះចប់ហើយ ខ្ញុំសុំអនុញាតថៅកែចិនមកលេងផ្ទះ ព្រោះនឹកផ្ទះ ប៉ុន្តែថៅកែចិនមិនអនុញាត ខ្ញុំក៏រត់ត្រឡប់មកផ្ទះវិញតែម្តង។
ក្នុងសម័យនោះនៅក្នុងភូមិសាទុំ សម្បូរសត្វខ្លាណាស់។ នៅពេលយប់ឡើង ខ្លាចូលមកខាំអូសជ្រូកយកទៅស៊ី ជាហេតុនាំឲ្យអ្នកភូមិមានការខ្លាចរអារនិងនាំកូនចៅស្នាក់នៅតែក្នុងផ្ទះនៅពេលយប់ គឺមិនហ៊ានចេញទៅក្រៅឡើយ។ នៅទសវត្សរ៍ឆ្នាំ១៩៦០ ខ្ញុំធ្លាប់រកស៊ីលក់អង្ករឲ្យកងទ័ពវៀតកុង ដែលចូលមកក្នុងទឹកដីកម្ពុជាក្បែរភូមិសាទុំ។ កងទ័ពវៀតកុងបានទិញអង្ករ ទិញបន្លែ គោ ក្របី និងឆ្កែ ពីអ្នកភូមិ។ កងទ័ពវៀតកុងបានសង់បន្ទាយ មន្ទីរពេទ្យជាច្រើនកន្លែងនៅក្នុងព្រៃក្បែរភូមិសាទុំ។ បន្ទាប់មកមានទាហានសហរដ្ឋអាមេរិកមកទម្លាក់គ្រាប់បែកជាច្រើន ជាហេតុធ្វើឲ្យប្រជាជនក្នុងភូមិភៀសខ្លួនទៅរស់នៅភូមិផ្សេងៗទៀត។ នៅឆ្នាំ១៩៧៤ ប្រជាជនក្នុងភូមិសាទុំបានត្រឡប់មករស់នៅក្នុងភូមិវិញ ហើយខ្មែរក្រហមបានចាប់ផ្ដើមប្រមូលប្រជាជនឲ្យធ្វើស្រែចម្ការប្រវាស់ដៃ។ បន្ទាប់ពីខ្មែរក្រហមចូលកាន់អំណាចនៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានបង្ខំឲ្យអ្នកភូមិប្រមូលរបស់របរដាក់រួមនៅក្នុងសហករណ៍ និងត្រូវធ្វើការងាររួម និងហូបរួម។ នៅពេលនោះខ្មែរក្រហមបានចាត់តាំងខ្ញុំធ្វើស្រែចម្ការ និងដកស្ទូង។ ខ្ញុំបានធ្វើស្រែនៅក្នុងភូមិបានជាង១ឆ្នាំ ខ្មែរក្រហមជម្លៀសខ្ញុំ និងប្រជាជនក្នុងភូមិសាទុំទាំងអស់ទៅរស់នៅក្នុងស្រុកស្នួល ខេត្តក្រចេះ ។ នៅទីនោះមានការអត់ឃ្លានខ្លាំង គឺខ្មែរក្រហមចាត់តាំងឲ្យខ្ញុំ និងប្រជាជនជម្លៀសធ្វើស្រែចម្ការ និងហូបតែទឹកបបររាវៗ។ នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀសខ្ញុំ និងអ្នកភូមិបន្តទៅថ្មគ្រែ ខេត្តក្រចេះ និងឡើងជិះកាណូតទៅស្រុកស្ទឹងត្រង់។ បន្ទាប់មកខ្ញុំជិះឡានបន្តទៅស្រុកចំការលើ ស្ថិតនៅក្នុងភូមិភាគកណ្តាល។ ខ្ញុំរស់នៅចំការលើបានជាងមួយខែកងទ័ពវៀតណាមបានចូលមកដល់ប្រទេសកម្ពុជា។ ខ្ញុំត្រឡប់ទៅមេមត់ ដោយដើររហូតដល់ស្រុកកំណើតខ្ញុំ។
៦) ឃ្លោក រស់ ៖
ខ្ញុំឈ្មោះ ឃ្លោក រស់ អាយុ៧៥ឆ្នាំ។ ខ្ញុំមានឪពុកឈ្មោះ ស្រេម ឃ្លោក និង ម្តាយឈ្មោះ ទូច និង មានបងប្អូនចំនួន៥នាក់។ ខ្ញុំមានកូនចំនួន៨នាក់ គឺប្រុសចំនួន៣នាក់ និងស្រីចំនួន៥នាក់។ សម័យនោះ ចាស់ៗនៅក្នុងភូមិដែលចេះអាន ចេះសរសេរ មកបង្រៀនក្មេងនៅតាមផ្ទះ។ ខ្ញុំរៀនបានរយៈពេលប្រហែល១ទៅ២ខែក៏ឈប់រៀន។ ខ្ញុំមិនទាន់ចេះអាន និងចេះសរសេរអក្សរច្បាស់លាស់ទេ។ នៅចុងឆ្នាំ១៩៦០ មានយន្តហោះសហរដ្ឋអាមេរិកមកទម្លាក់តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។ នៅឆ្នាំ១៩៦៦ មានទ័ពវៀតកុងបោះបន្ទាយនៅជុំវិញភូមិ គឺនៅព្រៃខ្ជោល ព្រៃរលាក មានព្រៃជញ្ជាត់ដៃ។ នាសម័យនោះប្រជាជនជីកលេណដ្ឋានលាក់ខ្លួនពេលគ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែក។ បន្ទាប់មកប្រជាជនរស់នៅភូមិសាទុំបានភៀសខ្លួនមកនៅភូមិដូង ឃុំជាំក្រវៀន ស្រុកមេមត់។ នៅឆ្នាំ១៩៧០ ប្រជាជនមួយចំនួនបានបន្តភៀសខ្លួនទៅរស់នៅភូមិក្បែរៗទីរួមស្រុកមេមត់។ ខ្ញុំ និងក្រុមគ្រួសារក៏បានភៀសខ្លួនទៅរស់នៅភូមិត្រមូងក្បែរទីរួមស្រុកមេមត់ដែរ។ នៅឆ្នាំ១៩៧០ ខ្ញុំបានរៀបការប្រពន្ធ ហើយរស់នៅនិងធ្វើស្រែចម្ការនៅឃុំរូង។
នៅឆ្នាំ១៩៧៣ ប្រជាជនបានត្រឡប់មករស់នៅស្រុកកំណើតនៅភូមិសាទុំវិញ ដោយពេលនោះមានប្រជាជនប្រមាណពី៣០ទៅ៤០គ្រួសារប៉ុណ្ណោះ។ កងកម្លាំងរណសិរ្សរួបរួមជាតិកម្ពុជា បានរៀបចំ ប្រជាជនឲ្យធ្វើការងារប្រវាស់ដៃគ្នាវិញ។ នៅពេលខ្មែរក្រហមឡើងកាន់អំណាចក្នុងឆ្នាំ១៩៧៥ ប្រជាជនត្រូវបានបង្ខំឲ្យចូលសហករណ៍និងត្រូវទៅធ្វើការងារស្រែចម្ការ។ នៅពេលដល់ម៉ោងហូបបាយប្រធានកងវាយជួងជាសញ្ញាឲ្យយើងទាំងអស់គ្នាទៅហូបបាយនៅរោងបាយសហរណ៍។ បន្ទាប់ពីហូបបាយពេលថ្ងៃត្រង់រួចយើងត្រូវចេញទៅវាលស្រែជីកប្រឡាយ ដោយមានអ្នកមកពីភូមិផ្សេងមកបង្រៀនធ្វើការងារលើកភ្លឺស្រែ និងជីកប្រឡាយ។ ខ្ញុំធ្វើការងារចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង១១:00ថ្ងៃ បន្ទាប់មកយើងសម្រាកហូបបាយថ្ងៃត្រង់។ នៅរវាងម៉ោង ១:00 ម៉ោង ២:00រសៀល ខ្ញុំត្រូវចូលធ្វើការវិញរហូតដល់ម៉ោង ៦:00 ល្ងាចទើបខ្មែក្រហមវាយជួងឲ្យយើងទៅហូបបបរ និងសម្រាក។ នៅរដូវច្រូតកាត់យើងត្រូវធ្វើការងារបន្ថែមដូចបោកបែនស្រូវនៅពេលយប់។
នៅឆ្នាំ១៩៧៦ ខ្មែរក្រហមចាត់តាំងខ្ញុំទៅលើកទំនប់បឹងចាប់រយៈពេលមួយឆ្នាំទើបត្រឡប់មកវិញ។ បន្ទាប់មកខ្មែរក្រហមចាត់តាំងឲ្យទៅធ្វើទំនប់បឹងក្រចាប់ជាលើកទី២ទៀត រយៈពេលពីរទៅបីខែទៀត។ នៅចុងឆ្នាំ១៩៧៧ខ្ញុំ និង ប្រពន្ធកូនត្រូវខ្មែរក្រហមជម្លៀសទៅភូមិតាអឹម ឃុំជាំតាម៉ៅ។ នៅទីនោះខ្មែរក្រហមឲ្យខ្ញុំហូបតែពោត និងទឹកបបរតែប៉ុណ្ណោះ។ ពេលនោះមនុស្សប្រុសឆាប់អស់កម្លាំងជាងមនុស្សស្រី ហើយពេលខ្លះដួលនៅនឹងកន្លែង។ នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមជម្លៀសខ្ញុំតាមកាណូតពីខេត្តក្រចេះមកស្រុកស្ទឹងត្រង់ និងបន្តជិះឡានមករស់នៅភូមិអូរក្រវ៉ាន់ ឃុំចម្ការអណ្ដូង ស្រុកចំការលើ។ ខ្ញុំនៅទីនោះបានប្រមាណរយៈពេល១ខែ ទើបកងទ័ពវៀតណាមចូលមកដល់ទើបខ្ញុំត្រឡប់មកផ្ទះវិញ។ នៅពេលដែលខ្ញុំត្រឡប់មកផ្ទះ ខ្ញុំបានទៅសុំគ្រាប់ស្រូវពូជពីប្រជាជនវៀតណាមយកមកដាំដុះសម្រាប់ចិញ្ចឹមជីវិត។
៧) ស៊ីវ ចាន់ ៖
ខ្ញុំឈ្មោះ ស៊ីវ ចាន់ ភេទស្រី អាយុ៧២ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំរស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុករបស់ខ្ញុំឈ្មោះ ស៊ីវ និងម្តាយឈ្មោះ សាន់។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ ស្រីចំនួន៤នាក់ និងប្រុសចំនួន៣នាក់។ សព្វថ្ងៃបងប្អូនរបស់ខ្ញុំនៅរានមានជីវិតចំនួន៤នាក់។ ប្តីរបស់ខ្ញុំឈ្មោះ ព្រឹក ឈៀង ហើយយើងមានកូនចំនួន៤នាក់ ស្រីចំនួន២នាក់ និងប្រុសចំនួន២នាក់។ កូនរបស់ខ្ញុំស្លាប់អស់ចំនួន៣នាក់ នៅក្នុងជំនាន់ខ្មែរក្រហមព្រោះអត់អាហាហូប។
កាលពីក្មេងៗខ្ញុំមិនបានរៀនសូត្រទេ ព្រោះតែក្នុងភូមិរបស់ខ្ញុំគ្មានសាលារៀន។ បើចង់ទៅរៀនខ្ញុំត្រូវដើរចម្ងាយ១០គីឡូម៉ែត្រ។ ដោយសារតែជីវភាពខ្វះខាត និងមានបងប្អូនច្រើន ខ្ញុំត្រូវជួយធ្វើចម្ការដាំស្រូវម្តាយឪពុក។ ពេលដែលឪពុកម្តាយខ្ញុំប្រមូលផល សណ្ដែក ល្ង ស្រូវ រួច យើងត្រូវដឹកតាមរទេះយកទៅដូរអំបិល ប្រហុក នៅផ្សារមេមត់។ ពេលទៅផ្សារមេមត់ម្តងៗខ្ញុំត្រូវដេកផ្លូវរយៈពេល២យប់ទើបត្រឡប់មកវិញ។ ពេលដែលទាហានសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកច្រើននៅក្នុងភូមិរបស់ខ្ញុំដើម្បីដេញកងទ័ពវៀតកុង ប្រជាជនក្នុងភូមិក៏ភៀសខ្លួនទៅនៅភូមិប្រិយ ឃុំជាំក្រវៀន រយៈពេលប្រហែល៣ឆ្នាំ ទើបមករស់នៅក្នុងភូមិសាទុំវិញ។ ពេលដែលខ្មែរក្រហមចូលមកគ្រប់គ្រង ខ្មែរក្រហមឲ្យខ្ញុំទៅធ្វើកាប់ដីដាំពោត។ ថ្ងៃមួយសហករណ៍មិនយកបាយទៅឲ្យអ្នកកាច់ពោត ដូច្នេះខ្ញុំនិងអ្នកកាច់ពោត បាននាំគ្នាលួចពោតហូប ហើយកប់ក្នុងដី ប៉ុន្តែមានអ្នកមកឃើញសំបកពោត ក៏រាយការណ៍ទៅកងឈ្លប និងគណៈឃុំជាំក្រវៀន ឈ្មោះ ចំរ៉ុង។ ឈ្លបប្រុងនឹងបាញ់សម្លាប់ខ្ញុំចោល ប៉ុន្តែប្រធានភូមិឈ្មោះ តាខ្លិច បានអង្វរថា កុំអាលសម្លាប់ ចាំពេលដែលខ្ញុំប្រព្រឹត្តខុសម្តងទៀតចាំសម្លាប់ចោល។ ខ្ញុំត្រូវកងឈ្លបទាត់ម្នាក់មួយជើង ហើយចាប់ពីពេលនោះ ខ្ញុំមិនហ៊ានលួចទៀតទេ។ រយៈពេលមួយឆ្នាំក្រោយមក ខ្មែរក្រហមបានជម្លៀសខ្ញុំឲ្យទៅខេត្តក្រចេះ។ នៅទីនោះ ឈ្មោះសូត្រ គឺជាជនជាតិស្ទៀង បានឲ្យខ្ញុំគាស់គល់ឈើ ដើម្បីរានដីធ្វើចម្ការ។ ខ្ញុំធ្វើការនៅក្នុងភូមិបានរយៈពេល៨ខែ កូនៗរបស់ខ្ញុំ៣នាក់បានស្លាប់ព្រោះតែមិនមានអាហារហូបគ្រប់គ្រាន់។ នៅពេលនោះមានកងទ័ពវៀតណាមចូលមក ខ្មែរក្រហមក៏ជម្លៀសខ្ញុំមកថ្មគ្រែ ហើយឆ្លងកាណូតមកកំពង់ចាមវិញ។ ខ្ញុំជិះឡានមកដល់ចំការលើ ទើបកងទ័ពវៀតណាមមកទាន់។ កងទ័ពវៀតណាមបានឲ្យខ្ញុំនិងអ្នកភូមិត្រឡប់មករស់នៅស្រុកកំណើតវិញ។ ពេលមកដល់ស្រុកកំណើតខ្ញុំបានដើរស៊ីឈ្នួលវៀតណាម និងកាប់ឬស្សីដើម្បីលក់ឲ្យវៀតណាម។ ខ្ញុំបានដើររើសដែក ក៏ដូចជាសំបកគ្រាប់របស់ទាហានសហរដ្ឋអាមេរិកលក់ទៅឲ្យឈ្មួញវៀតណាម។ រយៈពេល៣ឆ្នាំក្រោយមក ខ្ញុំបានបែកបាក់ជាមួយប្តីរបស់ខ្ញុំ ហើយខ្ញុំរស់នៅជាមួយកូនរហូតដល់សព្វថ្ងៃ។
អត្ថបទ និង រូបថត ៖ ឡុង ដានី, រី លក្ខិណា, គាត ស្រីឡែន