គណៈកម្មការស៊ើបអង្កេតស្វែងរកការពិតមួយ រដ្ឋមន្ត្រីការបរទេសថៃ ស៊ីហស័ក្តិ ភួងកេតកែវ មានចេតនាព្យាយាមបំភ្លៃភស្តុតាង

គណៈកម្មការស៊ើបអង្កេតស្វែងរកការពិតមួយដែលគ្រប់គ្រងទៅលើការប្រើប្រាស់គ្រាប់យុទ្ធភណ្ឌនៅក្នុងសង្គ្រាមនេះគឺជាជំហានដ៏ល្អមួយ ក្នុងការនាំមកនូវសន្តិភាពក្នុងតំបន់ និងជាការលើកកម្ពស់ឲ្យមានភាពយល់ដឹងអំពីចំណុចសំខាន់នៃកិច្ចការទាំងនេះនៅក្នុងច្បាប់អន្តរជាតិ ប៉ុន្តែលុះត្រាតែគណៈកម្មការនេះអនុវត្តជាមួយនឹងការប្តេជ្ញាចិត្តពិតប្រាកដក្នុងការស្វែងរកសន្តិភាព និងស៊ើបអង្កេតដោយគ្មានការរឹតត្បិតណាមួយ រួមបញ្ចូលទាំងការស៊ើបអង្កេតស្រាវជ្រាវទាក់ទងទៅនឹងការប្រើប្រាស់គ្រាប់បែកចង្កោម អាវុធគីមី គ្រាប់មីន និងគ្រឿងផ្ទុះទាំងអស់នៅក្នុងតំបន់ជម្លោះ។

ប្រសិនបើលក្ខខណ្ឌណាមួយខាងលើមិនត្រូវបានរាប់បញ្ចូលទេនោះ គណៈកម្មការស៊ើបអង្កេតស្វែងរកការពិតមួយនេះគឺគ្រាន់តែជាការប៉ុនប៉ងសាជាថ្មីរបស់ប្រទេសថៃ ដែលមានចេតនាព្យាយាមបំភ្លៃភស្តុតាងទាក់ទងនឹងការភ័ន្តច្រឡំរបស់ខ្លួនអំពីប្រវត្តិសាស្រ្តតំបន់ និងគេចវេះពីការចោទប្រកាន់មកលើខ្លួនអំពីការរំលោភបំពានច្បាប់អន្តរជាតិតែប៉ុណ្ណោះ។

យើងត្រូវចងចាំថាទោះបីជាមានឬមិនមានគណៈកម្មការនេះក៏ដោយ ក៏បច្ចុប្បន្នប្រទេសថៃនៅតែរំលោភបំពានលើកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាក្នុងការបញ្ចប់    អរិភាព ដោយមានការធានានិងចូលរួមពីសហរដ្ឋអាមេរិក។ ដូច្នេះខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតគណៈកម្មការថ្មីនេះគួរតែទទួលបានការគាំទ្រ ទោះបីជាយ៉ាងនេះក៏ដោយ ក៏គណៈកម្មការនេះមិនអាចឲ្យប្រទេសថៃរួចផុតពីកាតព្វកិច្ចដែលខ្លួនមានជាមួយប្រទេសកម្ពុជា សហរដ្ឋអាមេរិក ម៉ាឡេស៊ី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងការបន្តដំណើរការស្វែងរកសន្តិភាពឡើយ។ ផែ្នកសំខាន់មួយនៃដំណើរការស្វែងរកសន្តិភាពគឺការដោះលែងវីរកងទ័ពកម្ពុជាទាំង១៨នាក់ ឲ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ការបន្តឃុំខ្លួនវីរកងទ័ពកម្ពុជាទាំងនោះដោយគ្មានហេតុផលច្បាស់លាស់ នៅតែបន្តជាភស្តុតាងជាក់ស្តែងដែលប្រទេសថៃកំពុងអនុវត្តយុទ្ធសាស្រ្តនយោបាយរបស់ខ្លួន ជាជាងការគោរពគោលការណ៍មនុស្សធម៌។

សម្រាប់ប្រទេសថៃ ការស្វែងរកសន្តិភាពគឺប្រហែលពិបាកសម្រេចបានជាងការបង្កសង្គ្រាម  ពីព្រោះប្រទេសថៃមិនត្រឹមតែទាមទារឲ្យមានការប្តេជ្ញាចិត្តក្នុងការស្វែងរកសន្តិភាពតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាមទារឲ្យមានរដ្ឋាភិបាលដែលមានស្ថិរភាព ភាពចាស់ទុំ ហើយមានសមត្ថភាពមួយដែលនៅទីបំផុតអាចសម្រេចបាននូវសន្តិភាព។

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖