ពិធីបុណ្យកម្សាន្តភូមិ ឬ ចូលឆ្នាំភូមិរបស់ជនជាតិដើមភាគតិចស្ទៀងនៅភូមិក្តុលលើត្រូវបានប្រារព្ធធ្វើឡើងចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែមេសា រហូតដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ នៅផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ស្ថិតនៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ជនជាតិដើមភាគតិចស្ទៀងតែងតែធ្វើពិធី «បុណ្យកម្សាន្តភូមិ ឬចូលឆ្នាំភូមិ» ក្នុងរយៈពេល៣ យប់៣ថ្ងៃ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរត្រូវបានបញ្ចប់។ ទោះជាយ៉ាងណា «បុណ្យកម្សាន្តភូមិ ឬចូលឆ្នាំភូមិ» របស់ជនជាតិដើមភាគតិចស្ទៀងអាចមានការប្រែប្រួលខ្លះៗទៅតាមការសម្រេចរបស់ចាស់ទុំ និងអាជ្ញាធរក្នុងភូមិនីមួយៗ។
នៅក្នុងឆ្នាំ២០២៦នេះ គណៈកម្មការ និងអាជ្ញាធរភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ សម្រេចរៀបចំកម្មវិធីបុណ្យកម្សាន្តភូមិ ឬចូលឆ្នាំភូមិចំនួនបីថ្ងៃ។ មុនពេលថ្ងៃបុណ្យកម្សាន្តភូមិ ឬចូលឆ្នាំភូមិ មកដល់ យើងសង្កេតឃើញ ប្រជាជនដែលជាជនជាតិដើមភាគតិចស្ទៀងក្នុងភូមិក្តុលលើគ្រប់ផ្ទះ មានការមមាញឹកបោសសម្អាត រៀបចំតុបតែងភូមិឋាន ផ្ទះសម្បែងឱ្យមានសោភ័ណភាព និងទិញសម្លៀកបំពាក់ថ្មីៗសម្រាប់សមាជិកក្នុងក្រុមគ្រួសារ។ ចំពោះយុវជន យុវនារី ជនជាតិដើមភាគតិចស្ទៀង បាននាំគ្នាដើរបេះផ្លែឈើ ដូចជាផ្លែទុរេន ត្នោត ខ្នុរ ដូង ចេក ម្នាស់ ស្វាយ ល្ហុង និងផ្កាភ្ញី ដើម្បីយកមកតុបតែងនៅផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង។
កម្មវិធីបុណ្យកម្សាន្តភូមិ ឬចូលឆ្នាំភូមិជនជាតិដើមភាគតិចស្ទៀងនៅភូមិក្តុលលើចំនួន ៣ថ្ងៃមានដូចខាងក្រោម៖
ថ្ងៃទី១៖
ពិធីឡើងអ្នកតារបស់ជនជាតិដើមភាគតិចស្ទៀង គឺជាជំនឿប្រពៃណីដ៏សំខាន់មួយ ដែលអ្នកភូមិតែងតែប្រារព្ធធ្វើឡើងជាហូរហែតាំងពីយូរលង់ណាស់មកហើយ ដើម្បីបន់ស្រន់សុំសេចក្តីសុខ និងភោគផលកសិកម្ម។ តាមទំនៀមទម្លាប់ ពិធីនេះមានលក្ខណៈពិសេសដូចខាងក្រោម៖
-វត្ថុតំណាងអ្នកតា
ជនជាតិដើមភាគតិចស្ទៀងមានជំនឿលើវត្ថុស័ក្តិសិទ្ធិ និងអាទិទេពដែលថែរក្សាភូមិករ។ ក្នុងពិធីនេះ អ្នកភូមិយកថ្មចំនួនពីរដុំមកគូរមាត់ ភ្នែក និងច្រមុះ រួចដាក់នៅលើខ្ទមអ្នកតា ដើម្បីជាតំណាងឱ្យអ្នកមានឫទ្ធិអំណាច ឬបារមីដែលថែរក្សាទឹកដី ព្រៃភ្នំ និងសហគមន៍។
-គ្រឿងសំណែន
អ្នកភូមិមកជួបជុំគ្នា រៀបចំគ្រឿងដង្វាយដាក់ក្នុងខ្ទមអ្នកតា រួមមាន គ្រឿងបរិភោគ ដូចជា ក្បាលជ្រូកស្ងោរ, មាន់ស្ងោរ, បាយស, បាយក្រហម, នំចំណី និងអន្សម។ ភេសជ្ជៈ មានទឹកត្រឡាច ស្រាស និងស្រាថ្នាំជាដើម។ ការបន់ស្រន់ គឺអ្នកភូមិអញ្ជើញអារក្សអ្នកតាឱ្យមកទទួលដង្វាយ និងបន់ស្រន់សុំសេចក្តីសុខសប្បាយ ព្រមទាំងសុំទឹកភ្លៀងសម្រាប់ការបង្កបង្កើនផល។
-អត្ថន័យនៃពិធីឡើងអ្នកតា
ក្រៅពីសុំសេចក្តីសុខ ពិធីឡើងអ្នកតានេះគឺជាឱកាសសម្រាប់បងប្អូនជនជាតិដើមភាគតិចស្ទៀងក្នុងភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មកជួបជុំគ្នា បង្កើនសាមគ្គីភាព និងបង្ហាញពីការដឹងគុណចំពោះធម្មជាតិ និងបុព្វបុរសដែលបានថែរក្សាពួកគេ។
ថ្ងៃទី២៖
អ្នកភូមិបានយកចង្ហាន់ និងបច្ច័យមកប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅ។ បន្ទាប់មកមានការពូនភ្នំខ្សាច់ ដើម្បីសន្សំកុសល និងលាងជម្រះបាប។
ថ្ងៃទី៣៖
នៅថ្ងៃចុងក្រោយអ្នកភូមិតែងធ្វើពិធីស្រង់ព្រះ ដោយការស្រោចទឹកអប់លើព្រះពុទ្ធរូប ព្រះសង្ឃ ឪពុកម្តាយ និងចាស់ទុំ ដើម្បីសុំពរជ័យ និងសុំខមាទោសចំពោះកំហុសឆ្គងផ្សេងៗ។
នៅក្នុងពិធីបុណ្យកម្សាន្តភូមិ ឬចូលឆ្នាំភូមិនេះ អ្នកភូមិ ជាពិសេសយុវជន យុវនារី ក្នុងភូមិតែងតែជួបជុំគ្នាលេងល្បែងប្រជាប្រិយជាច្រើន ដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងការរាំលេងកម្សាន្តតាមចង្វាក់រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ជាដើម។
ចំណាប់អារម្មណ៍
វឹក អ៊ាង ភេទប្រុស អាយុ៥៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា ខ្ញុំបានចូលរួមកម្មវិធីបុណ្យកម្សាន្តភូមិ ឬចូលឆ្នាំភូមិជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះខ្ញុំឃើញប្រជាជនក្នុងភូមិសប្បាយរីករាយ បង្ហាញពីសាមគ្គីភាព និងបង្កើតភាពស្និទ្ធស្នាល។ ពិធីបុណ្យភូមិនេះបានជួយថែរក្សា ការពារប្រពៃណី និងទំនៀមទម្លាប់របស់ជនជាតិភាគតិចស្ទៀង។ វឹក អ៊ាង បានរំឭកថា បងប្អូនជនជាតិដើមភាគតិចស្ទៀងមិនបានរៀបចំធ្វើពិធីបុណ្យភូមិអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងរបបខ្មែរក្រហម។ រហូតដល់របបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ បងប្អូនជនជាតិដើមភាគតិចស្ទៀងបានត្រឡប់មកជួបជុំក្រុមគ្រួសារវិញ និងបាននាំគ្នាប្រារព្ធធ្វើបុណកម្សាន្តភូមិឡើងវិញ។ នៅក្នុងរបបខ្មែរក្រហមខ្ញុំនៅវ័យកុមារ ត្រូវរៀនពេលព្រឹក ហើយពេលរសៀលទៅឃ្វាលគោ ក្របី និងធ្វើជី។ ឈ្មោះ ប៊ីន គឺជាប្រធានសហករណ៍ក្នុងភូមិបានចាត់តាំងកងឈ្លបឱ្យដើរស៊ើបតាមផ្ទះប្រជាជន ក្រែងលោមានអ្នកលួចដាំបាយហូបដើម្បីចាប់មកណែនាំ ប៉ុន្តែនៅក្នុងភូមិគ្មានប្រជាជនណាហ៊ានធ្វើខុសវិន័យអង្គការឡើយ។ កន្លះខែក្រោយមក ខ្មែរក្រហមជម្លៀសខ្ញុំចេញពីភូមិក្តុលលើឱ្យទៅស្នាក់នៅភូមិស្រែតាពេជ្រ ឃុំជាំតាម៉ៅ ស្រុកមេមត់។ ខ្ញុំស្នាក់នៅទីនោះរយៈពេលប្រាំថ្ងៃ ទើបខ្មែរក្រហមជម្លៀសខ្ញុំបន្តទៅភូមិកូនក្រពើ ឃុំជាំតាម៉ៅ ហើយបន្ទាប់មកទៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ខ្ញុំមិនមានអាហារហូបគ្រប់គ្រាន់ទេ និងត្រូវធ្វើការងារពលកម្មធ្ងន់ធ្ងរ។ ខ្មែរក្រហមចែករបបបបរតែមួយកាតែប៉ុណ្ណោះក្នុងមួយគ្រួសារ។ ប្រជាជនជម្លៀសស្លាប់ច្រើនណាស់ដោយសារអត់អាហារ និងជំងឺ។ ពេលប្រជាជនឈឺថ្នាត់ម្តងៗមិនមានថ្នាំព្យាបាយទេ គឺម្នាក់ៗដេករង់ចាំតែថ្ងៃស្លាប់។ មិត្តភក្តិរបស់ខ្ញុំឈ្មោះ ខាត់ ត្រូវបានខ្មែរក្រហមវាយធ្វើទារុណកម្មក្នុងចំណោមអង្គប្រជុំ ដោយចោទថា មានបំណងរត់ទៅប្រទេសវៀតណាម។ ការពិត ខាត់ មិនបានរត់ទៅវៀតណាមទេ។ មិនយូរប៉ុន្មាន ខ្មែរក្រហមជម្លៀសខ្ញុំពីខេត្តក្រចេះ ទៅខេត្តកំពង់ចាម។ ក្រោយរបបខ្មែរក្រហមដួលរលំ ខ្ញុំជិះស្រឡាងមកឈប់នៅទន្លេបិត រួចធ្វើដំណើរដោយថ្មើរជើងរហូតដល់ស្រុកកំណើត។ ផ្ទះសម្បែងរបស់ខ្ញុំខូចខាតទាំងស្រុង ចំណែកភូមិហ៊ុំព័ទ្ធដោយព្រៃ និងគ្រាប់មិនទាន់ផ្ទុះនៅរាយប៉ាយមិនទាន់បោសសម្អាតទេ។ សព្វថ្ងៃខ្ញុំមានប្រពន្ធឈ្មោះ ប៉ាវ ពាល និងមានកូន៤នាក់។
សៅ ស្រីភាព អាយុឮ១៨ឆ្នាំ បានរៀបរាប់ថា ខ្ញុំពិតជាសប្បាយរីករាយដែលបានចូលរួមក្នុងពិធីបុណ្យចូលឆ្នាំភូមិ។ ខ្ញុំសង្កេតឃើញតា យាយ អ៊ំ ពូ មីង បង ដឹកនាំក្មេងៗជំនាន់ក្រោយរៀបចំធ្វើបុណ្យ ដើម្បីថែរក្សាប្រពៃណីពីដូនតារបស់ជនជាតិដើមភាគតិចស្ទៀង។ នៅពេលខ្ញុំដឹងក្តី ខ្ញុំឃើញតាយាយនៅក្នុងភូមិរៀបចំពិធីបុណ្យកម្សាន្តភូមិ ឬចូលឆ្នាំភូមិជារៀងរាល់ឆ្នាំបន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីខ្មែរចប់។ ខ្ញុំចាប់អារម្មណ៍ជាងគេ គឺពិធីឡើងអ្នកតាដែលប្រជាជនក្នុងភូមិត្រូវតែប្រារព្ធធ្វើដោយអ្នកចូលរួមគូរមុខប្លែកៗពីគ្នា កាន់ដំបង កាំភ្លើងកែច្នៃ វាយតាមជញ្ជាំងផ្ទះអ្នកភូមិ រួមទាំងវាយមាន់ ទា ដើម្បីដេញព្រាយ បិសាច ជំងឺអាសន្នរោគ កុំឱ្យមកយាយីអ្នកភូមិ និងសុំសេចក្តីសុខសប្បាយ មានភ្លៀងគ្រប់គ្រាប់សម្រាប់ដាំដុះដំណាំ។ ខ្ញុំសប្បាយរីករាយខ្លាំងណាស់ព្រោះអ្នកភូមិទាំងក្មេងចាស់មកជួបជុំយ៉ាងច្រើនកុះករក្នុងកម្មវិធីបុណ្យកម្សាន្តភូមិ និងលេងល្បែងប្រជាប្រិយនៅផ្ទះសហគមន៍ក្តុលលើ ឬសាលាគរុភណ្ឌស្ទៀង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ។
អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា














