រឿងរ៉ាវរបស់វីរកងទ័ព ព្រំ ប៊ុនឡាំង និងក្រុមគ្រួសារ

ប្តីរបស់ខ្ញុំបានលះបង់ជីវិតទាំងវ័យក្មេង ដើម្បីការពារទឹកដីពីការឈ្លានពានរបស់សត្រូវ។ ខ្ញុំពិតជានឹក និងស្រណោះប្ដីរបស់ខ្ញុំខ្លាំងណាស់។ រាល់ថ្ងៃនៅពេលខ្ញុំមើលមុខកូន ខ្ញុំនឹកឃើញប្តី។ កូនខ្ញុំកំព្រាឪពុកតាំងពីនៅតូចៗ។ លោកស្រី ផេង ម៉ុនថា បានរៀបរាប់រឿងរ៉ាវក្រុមគ្រួសារ និងអនុស្សាវរីយ៍ជាមួយប្តីដែលបានពលីនៅសមរភូមិទិសប្រាសាទព្រះវិហារក្នុងខែធ្នូ ឆ្នាំ២០២៥ ដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ ផេង ម៉ុនថា អាយុ២៥ឆ្នាំ បច្ចុប្បន្នខ្ញុំរស់នៅភូមិ១០៩ ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ។ ប្តីរបស់ខ្ញុំឈ្មោះ ព្រំ ប៊ុនឡាំង អាយុ២៦ឆ្នាំ មានឋានន្តរសក្តិអនុសេនីយ៍ត្រី បានពលីនៅសមរភូមិទិសប្រាសាទព្រះវិហារ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។ ខ្ញុំមានកូនពីរនាក់ គឺកូនប្រុសច្បងឈ្មោះ លី ម៉េងឡាយ អាយុ២ឆ្នាំ ១០ខែ និងកូនស្រីពៅ លី មន្នីរ័ត្ន អាយុ៨ខែ។

ខ្ញុំ និងប្តីបានចាប់ផ្តើមមានទាក់ទង និងស្រឡាញ់គ្នាតាំងពីអំឡុងឆ្នាំ២០២០។ យើងទាំងពីរនាក់បានរៀបការនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។ មុនពេលរៀបការប្ដីរបស់ខ្ញុំបានខ្ចីលុយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយកន្លែងដើម្បីចូលស្ដីដណ្ដឹងខ្ញុំ ហើយលុយដែលបានខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះប្ដីខ្ញុំបានសងចប់សព្វគ្រប់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ។ មុនពេលរៀបការយើងមានក្តីស្រមៃចង់បានកូនចំនួន២នាក់គឺប្រុសម្នាក់ និងស្រីម្នាក់ និងសាងសង់ផ្ទះសមរម្យមួយសម្រាប់ក្រុមគ្រួសារដែលមានសមាជិក៤នាក់រស់នៅដោយភាពកក់ក្តៅ។

បន្ទាប់ពីរៀបការរួចមានរយៈពេលជិត៣ឆ្នាំ យើងមានកូនប្រុសម្នាក់ និងកូនស្រីម្នាក់សមដូចបំណង។ ទោះបីជាជីវភាពមិនសូវធូរធារ ប៉ុន្តែក្រុមគ្រួសារខ្ញុំពោរពេញដោយសុភមង្គល និងស្នាមញញឹម។ អនុស្សាវរីយ៍ដែលប្តីរបស់ខ្ញុំមានចំពោះប្រពន្ធកូន  គឺប្តីរបស់ខ្ញុំស្រឡាញ់ប្រពន្ធកូនខ្លាំងណាស់ និងបានបំពេញតួនាទីជាឪពុកដ៏ល្អម្នាក់។ ចាប់តាំងពីរៀបការរួច ប្តីរបស់ខ្ញុំមិនដែលធ្វើឱ្យក្រុមគ្រួសារពិបាកម្ដងណាឡើយ។ ប្តីខ្ញុំបានសន្យាជាមួយខ្ញុំថា ថ្ងៃណាមួយគាត់នឹងសាងសង់ផ្ទះមួយដែលអាចឱ្យក្រុមគ្រួសារខ្ញុំរស់នៅបានសមរម្យ មិនពិបាកដូចសព្វថ្ងៃនេះទេ។

ប្តីខ្ញុំមានស្រុកកំណើតនៅភូមិដំណាក់ចិន ឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហារ។ ប្តីខ្ញុំមានឪពុកឈ្មោះ យឹម ប្រឿនលី និងម្ដាយឈ្មោះ ឡេវ សុខន។ ប្តីរបស់ខ្ញុំមានបងប្អូនបង្កើតចំនួន៥នាក់ គឺ ទី១) ឈ្មោះ ព្រំ សុខេង (ស្រី) ទី២) ឈ្មោះ ព្រំ សុជឿន (ប្រុស) ទី៣) ឈ្មោះ ព្រំ វិជ្ជា (ប្រុស) ទី៤) ឈ្មោះ ព្រំ ផល្លា (ប្រុស) និងទី៥ ប្តីរបស់ខ្ញុំ ព្រំ ប៊ុនឡាំង។

ប្តីរបស់ខ្ញុំគឺជាកូនពៅក្នុងគ្រួសារដែលមានជីវភាពក្រីក្រ ប៉ុន្តែប្តីរបស់ខ្ញុំគឺជាក្មេងខិតខំរៀនសូត្រ និងមានក្តីស្រមៃចង់ចូលបម្រើកងទ័ព។ ប្តីរបស់ខ្ញុំបានចូលរៀននៅសាលាបឋមសិក្សាដំណាក់ចិន និងបានបន្តការសិក្សានៅវិទ្យាល័យរវៀង ក្នុងស្រុករវៀង ខេត្តព្រះវិហារ។ នៅឆ្នាំ២០១៨ ប្តីរបស់ខ្ញុំបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ប៉ុន្តែប្តីខ្ញុំមិនបានបន្តការសិក្សានៅថ្នាក់ឧត្តមទេ ដោយសារក្រុមគ្រួសារមានជីវភាពខ្វះខាត។

នៅឆ្នាំ២០១៩ ប្តីរបស់ខ្ញុំបានសម្រេចចូលបម្រើកងទ័ព ដើម្បីការពារប្រទេសជាតិ ដែលជាបំណងប្រាថ្នាតាំងពីនៅក្មេងមកម៉្លេះ។ ប្តីរបស់ខ្ញុំបានបម្រើការងារជាកងទ័ពនៅក្នុងអង្គភាពកងវរសេនាតូចអន្ត​រាគមន៍លេខ២៨១ កងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ដែលឈរជើងការពារព្រំដែនទិសទី១ នៅសមរភូមិទិសប្រាសាទព្រះវិហារ។

បន្ទាប់ពីមានការបាញ់សម្លាប់កងទ័ពកម្ពុជាម្នាក់ដែលមិនមានអាវុធនៅក្បែរលេណដ្ឋានក្នុងភូមិសាស្ត្រមុំបីនៃស្រុកជំាក្សាន្ត ខេត្តព្រះវិហារនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ អង្គភាពប្តីរបស់ខ្ញុំត្រូវបានមេបញ្ជាការបញ្ជូនពីសមរភូមិទិសព្រះវិហារទៅឈរជើងប្រចាំការនៅតំបន់មុំបី។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ប្តីខ្ញុំបានសុំអនុញ្ញាតច្បាប់ពីអង្គភាពមកមើលថែខ្ញុំដែលគ្រប់ខែ និងសម្រាលកូននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។

នៅអំឡុងពេលប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃលើកទី១ ចន្លោះពីថ្ងៃទី២៤ ដល់២៨ ខែកក្កដា ឆ្នាំ២០២៥ ប្តីរបស់ខ្ញុំត្រូវនៅផ្ទះមើលថែខ្ញុំ និងកូនង៉ែត មិនបានចូលរួមប្រយុទ្ធជាមួយសត្រូវឈ្លានពានទឹកដីទេ។ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ប្តីខ្ញុំបានវិលត្រឡប់ទៅអង្គភាពនៅសមរភូមិតំបន់មុំបី ស្រុកជាំក្សាន្តវិញ។

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ មេបញ្ជាការបានបញ្ជូនអង្គភាពប្តីខ្ញុំពីតំបន់មុំបីត្រឡប់មកឈរជើងនៅទិសទី១ សមរភូមិទិសប្រាសាទព្រះវិហារវិញ។ ទោះបីជាប្រចាំការនៅសមរភូមិមុខ ប្តីខ្ញុំតែងតែទូរសព្ទមកសួរសុខទុក្ខប្រពន្ធកូនជាប្រចាំជាពិសេសនៅពេលល្ងាច និងយប់។

ចាប់តាំងពីមានប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃលើកទី២ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ សភាពការនៅតាមសមរភូមិកាន់តែមានសភាពតឹងតែង។ ប្តីរបស់ខ្ញុំកាន់តែពិបាកទូរសព្ទមកសួរសុខទុក្ខប្រពន្ធកូន ពីព្រោះខ្លាចមានគ្រោះថ្នាក់។ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥  ដោយសារទូរសព្ទប្តីរបស់ខ្ញុំមិនមានទឹកប្រាក់គ្រប់គ្រាន់ក្នុងការហៅចេញ ប្តីខ្ញុំបានសុំមិត្តរួមអាវុធនៅក្នុងលេណដ្ឋានជាមួយគ្នាភ្ជាប់ប្រព័ន្ធអិនធឺណែត (WI-FI) រួចបានផ្ញើសារ និងរូបថតមួយចំនួនមកឱ្យខ្ញុំ។ សារដែលប្តីរបស់ខ្ញុំផ្ញើមកខ្ញុំគឺជាពាក្យពេជ្រធម្មតា ប៉ុន្តែពោរពេញដោយសេចក្ដីស្រឡាញ់ «ប្ដីសុខសប្បាយទេ អូនកុំបារម្ភ មើលថែកូន និងប្រាប់ម៉ែផង ប្ដីមិនអីទេ»។ ពាក្យសាមញ្ញទាំងនេះ បានក្លាយជាអនុស្សាវរីយ៍ចុងក្រោយ ដែលខ្ញុំរក្សាទុកក្នុងបេះដូងជារៀងរហូត។ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥ គ្រាប់កាំភ្លើងផ្លោងរបស់សត្រូវឈ្លានពានទឹកដីមួយគ្រាប់បានធ្លាក់មកត្រូវចំ និងបានបញ្ចប់ជីវិតប្តីរបស់ខ្ញុំដែលជាយុទ្ធជនក្លាហានមួយរូប។

សពប្តីខ្ញុំត្រូវបានដឹកត្រឡប់មកស្រុកកំណើតនៅភូមិដំណាក់ចិន ឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហារ ក្នុងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីរៀបចំធ្វើពិធីបុណ្យសពតាមប្រពៃណីខ្មែរ។ ចាប់តាំងពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃបុណ្យគម្រប់៧ថ្ងៃ គឺមានអ្នកភូមិ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំរដ្ឋាបាលស្រុករវៀង រដ្ឋបាលខេត្តព្រះវិហារ និងសិស្សានុសិស្ស និសិ្សតជាច្រើនកុះករមកចូលរួមរំលែកទុក្ខ។

កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ ខ្ញុំ និងក្រុមគ្រួសារបានរៀបចំធ្វើពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលដល់ប្តីរបស់ខ្ញុំ ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ហាក់បីដូចជាប្តីខ្ញុំស្ថិតនៅក្បែរៗខ្ញុំ និងកូនៗជារៀងរាល់ថ្ងៃ។ ប្តីរបស់ខ្ញុំបានពលី គឺជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែគ្រួសាររបស់ខ្ញុំតែប៉ុណ្ណោះទេ ប៉ុន្តែសង្គមជាតិទាំងមូលបានបាត់បង់មនុស្សល្អម្នាក់ដែរ។ ប្តីរបស់ខ្ញុំបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដី គឺជាមោទនភាពសម្រាប់ខ្ញុំ និងក្រុមគ្រួសារ ទោះបីខ្ញុំត្រូវរែកពុនក្នុងការមើលថែ និងចិញ្ចឹមកូនតូចៗទាំងពីរនាក់ក្នុងរយៈពេលវែងឆ្ងាយតទៅមុខទៀតក៏ដោយ។

នៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ខ្ញុំមិនមានអារម្មណ៍សប្បាយរីករាយដូចបងប្អូនដទៃទៀតឡើយ ចូលឆ្នាំថ្មីនេះខ្ញុំមិនមានប្ដីនៅក្បែរដូចចូលឆ្នាំមុនៗឡើយ។ នាងខ្ញុំនឹងខិតខំប្រឹងប្រែងចិញ្ចឹមកូនៗខ្ញុំឱ្យបានរៀនសូត្រខ្ពង់ខ្ពស់ និងមានផ្ទះរស់នៅសមរម្យ ដើម្បីបំពេញក្តីសុបិន្តប្តីរបស់ខ្ញុំកាលគាត់នៅមានជីវិត។

រឿងរ៉ាវរបស់ អនុសេនីយ៍ត្រី ព្រំ ប៊ុនឡាំង មិនមែនត្រឹមតែជាប្រវត្តិដ៏ឈឺចាប់របស់ក្រុមគ្រួសារលោកស្រី ផេង ម៉ុនថា នោះទេ ប៉ុន្តែគឺជារឿងរ៉ាវរបស់កងទ័ពដែលបានលះបង់ដ៏ធំធេងដើម្បីការពារជាតិមាតុភូមិ ចំពោះមុខសត្រូវការឈ្លានពានទឹកដី។ ឈ្មោះរបស់វីរកងទ័ព ព្រំ ប៊ុនឡាំង និងវីរកងទ័ពកម្ពុជាដទៃទៀតត្រូវបានប្រជាជនខ្មែរគ្រប់រូប ជាពិសេសយុវជនជំនាន់ក្រោយចងចាំជារៀងរហូត។

អត្ថបទ ៖ សា ហ្វី បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖