សិស្សានុសិស្សនៃវិទ្យាល័យអន្លង់វែង ចូលរួមទស្សនាខ្សែភាពយន្តឯកសារ «កុមារកម្ពុជា» នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ សិស្សានុសិស្សនៃវិទ្យាល័យអន្លង់វែងចំនួន៥នាក់ បានមកចូលរួមទស្សនាខ្សែភាពយន្តឯកសារ «កុមារកម្ពុជា» នៅទីតាំងការិយាល័យមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ខ្សែភាពយន្តនេះ បង្ហាញពីដំណើរជីវិតឥតគោលដៅរបស់កុមារតូចៗក្នុងប្រទេសកម្ពុជា ដែលឪពុកម្តាយបានស្លាប់ចោល បន្ទាប់ពីការដួលរលំរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩ និងការប្រៀបធៀបជីវិតកុមាររស់នៅបរទេស។

គោលបំណងនៃការបង្កើតវេទិកានេះឡើង គឺដើម្បីផ្ដល់នូវការរៀនសូត្រ និងបណ្តុះគំនិតពីភាពអាណិតអាសូរដល់ជីវិតរស់នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ជាពិសេសកុមារតូចៗដែលខ្មែរក្រហមបង្អត់អាហារ ការបំបែកចេញពីឪពុកម្តាយ ការបង្ខាំងការសិក្សារៀនសូត្រ ការបង្ខំឱ្យធ្វើការហួសកម្លាំង ការធ្វើទារុណកម្ម និងការសម្លាប់ដោយអយុត្តិធម៌។

ជាកិច្ចចាប់ផ្ដើម បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានពន្យល់អំពីសាច់រឿងនៅក្នុងខ្សែភាពយន្ត និងបានរៀបរាប់ពីខ្សែជីវិតក្មេងៗរស់នៅក្រោមរបបខ្មែរក្រហមប្រាប់ដល់សិស្សទាំង៥នាក់ ដើម្បីជាជំនួយដល់ការស្វែងយល់ពីខ្សែភាពយន្តបន្ថែមទៀត។ ក្នុងការពិភាក្សានេះ បណ្ឌិត លី សុខឃាង ក៏បានលើកទឹកចិត្តសិស្សឱ្យត្រិះរិះពិចារណាអំពីរឿងរ៉ាវដែលបានកើតឡើង ចំពោះកុមារនៅក្នុងរបបខ្មែរក្រហម និងប្រៀបធៀបជីវិតរស់នៅនាពេលបច្ចុប្បន្ន ទៅនឹងរឿងរ៉ាវដែលបានកើតឡើងកាលពី៥០ឆ្នាំមុន ព្រមទាំងបានបណ្តុះស្មារតីក្មេងជំនាន់ក្រោយឱ្យចេះអាណិតអាសូរចំពោះជីវិតលំបាកដែលក្មេងៗបានជួបប្រទះក្នុងរបបខ្មែក្រហម។ ខ្សែភាពយន្តខ្លីដែលមានរយៈពេលត្រឹមជាង៦នាទី បានធ្វើឱ្យសិស្សទាំងនោះនឹកគិតដល់រឿងរ៉ាវដែលបានកើតឡើងកាលពីអតីតកាលនៅក្នុងប្រទេសរបស់ខ្លួន និងបានបង្ហាញឱ្យឃើញពីការបាត់បង់អ្វីៗគ្រប់យ៉ាង ប្រសិនជាអ្នកទាំងនោះរស់នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។

បន្ថែមពីនេះ សិស្សានុសិស្ស បានស្វែងយល់ពីការប្រៀបធៀបនៃការរស់នៅរបស់កុមារកម្ពុជាកំឡុងពេលជួបសង្គ្រាមដែលត្រូវបានបិទសិទ្ធិសរីភាពទាំងស្រុង ផ្ទុយពីកុមារនៅបរទេស ការរស់នៅមានភាពប្រសើរឡើងដោយមានការមើលថែយ៉ាងល្អពីអាណាព្យាបាល ទទួលបានអាហារហូបចុក សម្លៀកបំពាក់ ការសិក្សាអប់រំ និងសេរីភាពពេញលេញបរិបូរណ៍ក្នុងវ័យកុមារ។

នៅក្នុងរបបខ្មែរក្រហម កុមារទាំងអស់ត្រូវបានបំបែកចេញពីឪពុកម្តាយឱ្យទៅរស់នៅក្នុងកងកុមារ បង្ខំឱ្យធ្វើការងារហួសកម្លាំង និងបំបិទការសិក្សារៀនសូត្រដែលជាតម្រូវការចាំបាច់សម្រាប់កុមារ ក្នុងការកសាងប្រទេស។ ក្រោយរបបខ្មែរក្រហមដួលរលំ កុមារកម្ពុជារាប់សែននាក់បានបាត់បង់ឪពុកម្តាយ ក្លាយជាកុមារកំព្រា និងបាត់បង់ចំណេះដឹង។ វាសនាកុមារទាំងនោះ បានលិចបាត់ទៅក្នុងស្រមោលនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។

កុមារកម្ពុជាបច្ចុប្បន្ន មិនដូចកុមារកម្ពុជាកាលពី៥០ឆ្នាំមុនឡើយ។ បច្ចុប្បន្នកុមារនៅកម្ពុជា ទទួលបានការអប់រំល្អ ការរស់នៅសមរម្យ សិទ្ធិសេរីភាពប្រសើរឡើងទាំងការបញ្ចេញមតិ និងការគិតគូរពីអនាគត និងប្រទេសជាតិខ្លួន។ នៅដើមឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា បានបោះពុម្ពសៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦ថ្មី ដោយរួមបញ្ចូលទាំងមេរៀន «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដើម្បីផ្តល់ដល់សិស្សកម្រិតបឋមសិក្សា នូវការយល់ដឹងអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ការរើបម្រាស់ចេញពីរបបនេះ និងការតស៊ូដើម្បីប្រជាជាតិ និងប្រទេសជាតិទទួលបានសុខសន្តិភាព។

កម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារនេះ ត្រូវបានធ្វើឡើងជារៀងរាល់សប្តាហ៍ ដើម្បីផ្តល់ឱកាសឱ្យយុវជនទទួលបានចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ជាពិសេសគឺប្រវត្តិសាស្ត្រ និងជីវិតក្នុងសហគមន៍អន្លង់វែង ដែលធ្លាប់ឆ្លងកាត់អតីតកាលដ៏ជូរចត់។

នៅចំណុចចុងក្រោយសិស្សានុសិស្សបានសម្ដែងនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនបន្ទាប់ពីបានស្វែងយល់ពីប្រវត្តិសាស្រ្តខ្មែរដូចតទៅ៖

មឿន សាមីតត្រា ភេទស្រី អាយុ១៥ឆ្នាំ ជាសិស្សមកពីវិទ្យាល័យអន្លង់វែងបានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួនបន្ទាប់ពីបានទស្សនាភាពយន្តឯកសារ «កុមារកម្ពុជា» ដូចតទៅ «ខ្ញុំបានយល់ដឹងអំពីការប្រៀបធៀបការរស់នៅរបស់កុមាររវាងប្រទេសកម្ពុជា និងបរទេស ដោយសារកម្ពុជាបានជួបនូវសង្គ្រាមធ្វើឱ្យបាត់បង់ជីវភាពរស់នៅសុខស្រួល បាត់បង់ម្ហូបអាហារ និងបែកបាក់ពីគ្រួសារឪពុកម្ដាយ គ្មានកន្លែងរស់នៅស្រួល ជាពិសេសក្មេងៗមិនបានទទួលការអប់រំរៀនសូត្រ។ ចំណែកឯកុមារនៅបរទេស ទទួលបានការថ្នាក់ថ្នម ការសិក្សារៀនសូត្រ មានម្ហូបអាហារហូបគ្រប់គ្រាន់ និងបានរស់នៅជួបជុំគ្រួសារ។ ជាចុងក្រោយខ្ញុំយល់ថាកម្ពុជាពិតជាជួបការលំបាកដោយសារសង្គ្រាមដែលជាហេតុធ្វើឱ្យមានការខូតខាតហេដ្ឋាចរនាសម្ព័ន្ធក្នុងប្រទេសទាំងមូល»។

ឡម រចនា ភេទស្រី អាយុ១៦ឆ្នាំ បាននិយាយពីចំណាប់អារម្មណ៍ខ្លួនថា «ខ្ញុំគិតថាបើប្រៀបធៀបអំពីទុក្ខលំបាករបស់ក្មេងៗរវាងបរទេស និងប្រជាជនខ្មែរដែលភៀសសឹក គឺខុសគ្នាខ្លាំងដោយសារ ជនភៀសសឹកនៅកម្ពុជាមានការខ្វះខាតអាហារ គ្មានទីជម្រក កុមារខ្លះត្រូវព្រាត់ប្រាស់ឪពុកម្ដាយ។ មួយវិញទៀតសង្គ្រាមបានធ្វើឱ្យប្រជាជនបាត់បង់ទីជម្រក បាត់បង់ទ្រព្យសម្បត្តិ ខាតពេលវេលានៅពេលភៀសសឹកចេញពីភូមិស្ថាន ខាតពេលវេលារកស៊ី ខ្វះខាតក្នុងការផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ»។

ស៊ីវ ណាវី ភេទស្រី អាយុ១៥ឆ្នាំ បានលើកឡើងថា «តាមខ្ញុំសង្កេតឃើញថានៅសម័យខ្មែរក្រហមធ្វើឱ្យមានផលវិបាកខ្លាំងទៅដល់ប្រជាជន ជាពិសេសកុមារកម្ពុជា ដែលអ្នកខ្លះត្រូវបែកចេញពីឪពុកម្ដាយ ក្លាយជាក្មេងកំព្រា គ្មានអាហារគ្រប់គ្រាន់សម្រាប់បរិភោគ។ បន្ថែមពីនេះ នៅសម័យខ្មែរក្រហមគេបានយកកុមារនៅបរទេសមកប្រៀបធៀបជាមួយកុមារកម្ពុជា គឺចង់បង្ហាញឱ្យយើងឃើញថាកុមារនៅបរទេសមានអាហារបរិភោគគ្រប់គ្រាន់ មិនដូចកុមារនៅកម្ពុជាដែលទទួលរងនូវការអត់ឃ្លាន គ្មានការជួបជុំឪពុកម្ដាយ និងមិនទទួលបានការអប់រំ»។

ស៊ី អេឡែន ភេទស្រី អាយុ១៧ឆ្នាំ បានលើកឡើងដូចតទៅ៖ «ផលវិបាកនៃរបបខ្មែរក្រហម គឺធ្វើឱ្យគ្រួសារបែកបាក់គ្នា កូនព្រាត់ប្រាស់ឪពុកម្ដាយ ប្រជាជនខ្វះខាតអាហារហូបចុក បង្ខំកុមារឱ្យធ្វើការហួសកម្លាំង ប្រជាជនបាត់បង់ផ្ទះសម្បែងរស់នៅ មានការគំរាមគំហែង និងគ្មានសិទ្ធិសេរីភាពក្នុងការអភិវឌ្ឍន៍ខ្លួន»។

សាញ់ លីហួរ ភេទស្រី អាយុ១៦ឆ្នាំ បានបង្ហាញនូវការយល់ឃើញថា «តាមដែលខ្ញុំបានមើលឃើញអំបាញ់មិញនេះ នៅក្នុងវីដេអូចង់ប្រៀបធៀបឱ្យយើងមើលឃើញពីការរស់នៅរបស់ប្រទេសកម្ពុជាកំឡុងពេលសង្គ្រាម និងបរទេស ដោយកុមារនៅកម្ពុជាជួបការលំបាកព្រាត់ប្រាស់ឆ្ងាយពីឪពុកម្ដាយគ្មានការមើលថែ គ្មានម្ហូបអាហារឆ្ងាញ់ ត្រូវភៀសខ្លួន និងធ្វើការពីកន្លែងមួយទៅកន្លែងមួយទៀត មិនដូចកុមារនៅបរទស កុមាររស់នៅមានឪពុកម្ដាយថ្នាកថ្នមមើលថែបានយ៉ាងល្អ ទទួលបានអាហារហូបចុកគ្រប់គ្រាន់ មានកន្លែងស្នាក់នៅ»។

អត្ថបទ៖ សួត វិចិត្រ បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

 

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖