យុវជនកម្ពុជាទីមួយ ណាល់ ស្ទីហ្វិន ដារិទ្ធ ដែលសិក្សានៅសាលារាជបណ្ឌិត្យសភាយោធា ចក្រភពអង់គ្លេស ទទួលបាន «ពានរង្វាន់ការសិក្សាអំពីសង្គ្រាម»

ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០២៣

ណាល់ ស្ទីហ្វិន ដារិទ្ធ​ ឬ​​​ហៅ​ក្រៅ​ថា ស្ទីហ្វិន​ ណាល់ គឺ​​ជា​​​យុវជន​​​កម្ពុជា​​​ទីមួយ ដែល​​​បាន​​សិក្សា​​​នៅ​សាលា​​រាជ​​បណ្ឌិត្យ​​សភា​​យោធា ចក្រភព​​អង់គ្លេស។​ យុវជន​​​រូបនេះ ទទួល​​​បាន​​​ពាន​រង្វាន់​​​កិត្តិ​យស​​​មួយ​ ក្នុងពេល​​​បញ្ចប់​​ការ​​សិក្សា ​នៅ​ថ្ងៃទី១៥ ​ខែ​ធ្នូ ​ឆ្នាំ​២០២៣​នេះ។

ព័ត៌មាន​ស្តី​អំពី​​​ពាន​​រង្វាន់ ដែល​ ស្ទីហ្វិន​ ណាល់ ​​បាន​ទទួល មិន​សូវ​ជា​ត្រូវ​បាន​​​ផ្សព្វ​ផ្សាយ​​ទូលំទូលាយ​​ប៉ុន្មាន​ទេ ក្រៅ​ពីព័ត៌មាន​មួយ​ដែល​​ថា សំណេរ​ស្រាវ​ជ្រាវ​​របស់​ ស្ទីហ្វិន ត្រូវ​បាន​​វិនិច្ឆ័យ​និង​ជ្រើសរើស​ជា​​សំណេរ​ដ៏​​ល្អ​បំផុត​​ ក្នុង​ចំណោម​​សំណេរ​​ដាក់​​ចូល​រួម​​ដោយ​​មិត្ត​​រួម​ថ្នាក់​​ទាំងអស់​​របស់ខ្លួន។​ ខុសប្លែកពី​ពានរង្វាន់​​អន្តរជាតិ​​ដទៃទៀត ស្ទីហ្វិន ទទួល​​បាន​​ពានរង្វាន់​នេះ មក​ពី​ការ​ប្រកួត​ប្រជែង​​ជាមួយ​​នឹង​​សិស្សនាយ​ទាហាន​​​អង់គ្លេស ​និង​សិស្ស​នាយទាហាន​​​​អន្តរជាតិ​​ដទៃទៀត។ នេះ​អាចនិយាយ​បាន​ម្យ៉ាង​ទៀត​ថា​ ពាន​រង្វាន់​ដទៃ​ទៀត​ គឺត្រូវ​​ប្រគល់​​ជូន​​ដល់​​​សិស្ស​នាយទាហាន​​​អន្តរជាតិ​​តែ​ប៉ុណ្ណោះ។ ពាន​រង្វាន់​ការសិក្សា​អំពី​​សង្គ្រាម​ ប៊ឺត្រេន ស្ទូវឺត ត្រូវ​បាន​​ប្រគល់​ជូន​​សំណេរ​ស្រាវ​ជ្រាវ​​​លេច​ធ្លោ​​បំផុត (សរសេរ​​ឡើង​​ដោយ​ទាំង​​​សិស្ស​នាយ​ទាហាន​​​អង់គ្លេស ឬ​​​សិស្ស​នាយ​ទាហាន​​​អន្តរជាតិ)។ ស្ទីហ្វិន បាន​​យក​​ឈ្នះ​​លើ​​​សិស្ស​នាយទាហាន​​​អង់គ្លេស នៅ​ក្នុង​​ការ​​ប្រកួត​​សំណេរ​នេះ។

សូម​​ស្វែង​យល់​អំពី​​ព័ត៌មាន​​ខាង​ក្រោម ស្តី​អំពី​បុគ្គល​​ល្បី​ល្បាញ​​ដទៃ​ទៀត ដែល​​បាន​​សិក្សា​នៅ​សាលា​រាជ​បណ្ឌិត្យ​សភា​យោធា ចក្រ​ភព​អង់​គ្លេស និង​​ថា​តើ​​សាលា​រាជបណ្ឌិត្យ​សភា​យោធា ចក្រភពអង់គ្លេស​ជាអ្វី។

សាលា​រាជ​បណ្ឌិត្យ​សភា​យោធា ចក្រ​ភព​អង់គ្លេស គឺ​ជា​​ទីតាំង​​បណ្តុះ​​បណ្តាល​​មន្ត្រី​​យោធា​​អង់គ្លេស​ទាំង​អស់ ដែល​​ទទួល​​បន្ទុក​​ដឹកនាំ​​កងទ័ព។ នៅ​ក្នុង​​អំឡុង​ពេល​​បណ្តុះ​​បណ្តាល សិស្ស​​នាយ​​ទាហាន​​ទាំងអស់ រៀន​​សូត្រ​​ដោយ​​ប្រកាន់​​ខ្ជាប់​នូវ​​ទ្រឹស្តី​​រៀន​សូត្រ​​មួយ​ គឺ​៖ «បម្រើ​​ដើម្បី​​ដឹកនាំ​»។ ប្រជា​ជាតិ​​នានា​ បាន​ជ្រើស​រើស​​បញ្ជូន​​សិស្ស​​នាយ​ទាហាន​​របស់​​ខ្លួន​​ទៅ​កាន់​​សាលា​រាជ​បណ្ឌិត្យ​សភា​យោធា ចក្រភព​អង់​គ្លេស ដើម្បី​​ចូល​​រួម​​ទទួល​​ការ​​បណ្ដុះ​បណ្តាល​នេះ ពី​ព្រោះ​ថា សាលា​រាជ​បណ្ឌិត្យ​សភា​យោធា ចក្រភព​អង់គ្លេស ត្រូវ​បាន​ទទួល​​ស្គាល់​ថា ជា​​ស្ថាប័ន​​បណ្តុះ​​បណ្តាល​​យោធា​​ដ៏​ឈាន​​មុខ​គេ​​កម្រិត​​ពិភព​លោក។ សិស្ស​​នាយ​ទាហាន​​ប្រមាណ​ជាង​៥៤០០រូប មក​ពីប្រទេស​​ចំនួន​​១២៩ ទទួល​​បាន​ការ​​បណ្តុះ​​បណ្តាល​​នៅស្ថាប័ន​នេះ បើ​គិត​ចាប់​​តាំង​ពី​​ឆ្នាំ​​១៩៤៧។ សិស្ស​​នាយ​ទាហាន​​អន្តរជាតិ បាន​​ផ្តល់​​ជា​​តម្លៃ​​បន្ថែម​​ដល់​​វគ្គ​​សិក្សា​​នៅ​​ស្ថាប័ន​នេះ តាម​រយៈ​​ការ​​ពាំ​នាំ​​មក​ជា​មួយ​នូវ​​វប្ប​ធម៌ និង​​បទ​ពិសោធន៍​​ប្រតិបត្តិ​ការ​​សឹក​ ពី​ជុំ​វិញ​ពិ​ភព​លោក​។ សិស្ស​​នាយ​​ទាហាន ដែល​​ត្រូវ​​បាន​​ជ្រើស​​រើស​​ដោយ​​ស្ថាប័ន​​ការ​ពារ​របស់​​ខ្លួន​​នីមួយៗ ហើយ​​សំណុំ​​បែប​បទនៃ​​បេក្ខជន​​នីមួយ​ៗ ត្រូវ​​បាន​​បញ្ជូន​​ទៅ​កាន់​​ក្រសួង​​ការពារ​ជាតិ តាម​រយៈ​​អនុព័ន្ធ​​ការពារ​ជាតិ។

បុគ្គល​ល្បី​ល្បាយ​នានា ដែល​បញ្ចប់​ការ​សិក្សា នៅ​​សាលា​រាជ​បណ្ឌិត្យស​ភា​យោធា ចក្រ​​ភពអង់​គ្លេស រួមមាន​ ព្រះអង្គ​ម្ចាស់ ហារី ស្តេច​ត្រាញ់​​នៃ​​រដ្ឋ​​ស័រសេច​, ព្រះអង្គ​ម្ចាស់ វីល្លាម រាជ​ទាយាទ​​នៃ​​ចក្រភព​អង់គ្លេស, អាប់​ដុល​ឡា ទីពីរ នៃ​​ប្រទេស​ហ្ស៊ក​ដានី (ព្រះ​មហាក្សត្រ​ប្រទេស​​ហ្ស៊ក​ដានី), និង​​អតីត​​នាយក​រដ្ឋ​មន្ត្រី វីនស្តិន ឆឺ​ឈីល (នាយក​រដ្ឋ​​មន្ត្រី​​អង់គ្លេស​២ដង​​ហើយ តែ​ម្នាក់​គត់ ដែល​​បាន​​បញ្ចប់​ការ​​សិក្សា​​ពី សាលា​រាជ​បណ្ឌិត្យ​សភា​យោធា ចក្រ​ភព​អង់​គ្លេស)​។

ពាន​រង្វាន់​ព្រះ​ខ័ន​អន្តរជាតិ​៖ សិស្ស​​នាយ​ទាហាន គ្រីស្ទៀន ប៉ារីស មក​ពី​សហរដ្ឋ​​អាមេរិក (ឧបត្ថម្ភ​​គាំ​ទ្រ​​ដោយ​​ព្រះ​រាជា​ណា​ចក្រ គុយវ៉ែត) ត្រូវ​​បាន​ទទួល​​ស្គាល់​​ថា​ជា ​សិស្ស​​នាយ​ទាហាន​​អន្តរ​ជាតិ​ ដ៏​លេចធ្លោ​​នៅ​ក្នុង​​ថ្នាក់​។

ពាន​​រង្វាន់​អន្តរ​ជាតិ៖ សិស្ស​​នាយ​ទាហាន គ្រីស្ទៀន ប៉ារីស មក​ពី​សហរដ្ឋ​​អាមេរិក (ឧបត្ថម្ភ​​គាំ​ទ្រ​ដោយ​សាធារណ​រដ្ឋ​​កាតា) ត្រូវ​បាន​​ទទួល​​ស្គាល់​​ថា​ជា សិស្ស​នាយ​ទាហាន​​អន្តរ​ជាតិ​ ដែល​ទទួល​បាន​​ពិន្ទុ​ខ្ពស់​​បំផុត ​​ក្នុង​​ជួរ​​យោធា​, ការ​សិក្សា និង​​ការ​​អនុវត្ត។

ពាន​រង្វាន់​ព្រះ​ចៅ​ហ៊ូ​សេន៖ សិស្ស​​នាយ​​ទាហាន​ ឌី​ចា​ណា ហ្គួ​ដឺនិក មក​ពី​ប្រទេស​​ម៉ុង​តេ​ណេ​ហ្គ្រោ (ឧបត្ថម្ភ​គាំ​ទ្រ​​ដោយ​​ព្រះ​រាជា​ណា​ចក្រ​​ហ្សក​ដានី) ត្រូវ​បាន​​ទទួល​​ស្គាល់​​ថា​ជា សិស្ស​​នាយ​​ទាហាន​​មាន​​ការ​រីក​ចម្រើន​​លឿន​​បំផុត​​នៅ​ក្នុង​ថ្នា​ក់។

ពាន​រង្វាន់​កិត្តិ​យស​នៃ ហូត​សិន ហ៊ស​៖ សិស្ស​​នាយ​ទាហាន ម៉ូហាម៉ាត់ សាឡេម មក​ពី​​ប្រទេស​​អេហ្ស៊ីប ត្រូវ​​បាន​​ទទួល​​ស្គាល់​​ថា​ជា សិស្ស​​នាយ​​ទាហាន​មួយ​ ដែល​​បំពេញ​​ការ​​សិក្សា​ជា​រួម​​បាន​​ល្អ​សាក​សម​​ តាម​​តម្រូវ​​ការ​​នៃ​​ពាន​​រង្វាន់​​នេះ​។

ពាន​​រង្វាន់​ពី​មេ​បញ្ជា​ការ​៖ បាន​​បំពេញ​ការ​សិក្សា​​គួ​រ​​ឲ្យកត់​សម្គាល់ យោង​តាម​​ការ​វាយ​​តម្លៃ​ពី​​មេបញ្ជា​ការ។ អ្នក​​ទទួល​​ពាន​​រង្វាន់​នេះ រួមមាន សិស្ស​នាយ​​ទាហាន ស្កេខ​ ខាលីដ អាល់​​ខាលី​ហ្វា មកពី​ប្រទេស​​បារ៉ែន និង​​សិស្ស​​នាយ​​ទាហាន សេហ្វ ម៉ូហាម៉ាត់ អាល់​​គីយូមិ មក​ពី​ប្រទេស​​អូម៉ង់។

ពាន​​រង្វាន់​សិក្សា​អំពី​សង្គ្រាម ប៊ឺត្រេន ស្ទូវឺត៖ ត្រូវ​​បាន​​ជ្រើស​​រើស​​ដោយ​​មេ​បញ្ជាការ​​នៃ​​សាលារាជ​បណ្ឌិត្យ​សភា​យោធា ចក្រ​ភព​អង់​គ្លេស តាម​រយៈ​ការ​វាយ​​តម្លៃ​​លើ​​សំណេរ​ស្រាវ​ជ្រាវ​​​របស់​​សិស្ស​​នាយ​ទាហាន​​ទាំង​អស់ (ទាំង​​សិស្ស​​នាយ​​ទាហាន​អង់គ្លេស និង​អន្តរជាតិ)។ ពាន​​រង្វាន់​​មួយ ត្រូវ​​បាន​​ប្រគល់​ជូនដល់​​សិស្ស​​នាយ​​ទាហាន ស្ទីហ្វិន ណាល់ មក​ពី​​ព្រះរាជា​ណាចក្រ​កម្ពុជា។ ស្ទីហ្វិន​ គឺ​ជា​​សិស្ស​​នាយ​​ទាហាន​កម្ពុជា​​ទីមួយ ដែល​​ទទួល​​បាន​​ការ​បណ្តុះ​​បណ្តាល​នៅ សាលា​រាជ​បណ្ឌិត្យ​សភា​យោធា ចក្រ​ភព​អង់​គ្លេស។

ពាន​រង្វាន់​នេះ ប្រគល់​ជូន​ដល់​សំណេរ​​ស្រាវជ្រាវ​​​ស្តីពី​ការសិក្សា​​អំពី​​សង្គ្រាម​ដែល​​ល្អបំផុត តែង​​និពន្ធ​ដោយសិស្ស​​នាយទាហាន នៃ​​សាលា​រាជ​បណ្ឌិត្យ​សភាយោធា ចក្រ​ភព​អង់គ្លេស នៅ​ក្នុង​ជំនាន់​​នីមួយៗ។

សិស្ស​នាយ​ទាហាន ស្ទីហ្វិន ណាល់ បាន​នាំ​យក​នូវ​មុខ​មាត់​ថ្មីមួយ របស់​យោធា​កម្ពុជា ទៅកាន់​សាកល​លោក។ ហើយ ស្ទីហ្វិន កំពុង​បង្កើត​ប្រវត្តិ​សាស្ត្រ​រវាង​ចក្រភព​អង់គ្លេស និង​កម្ពុជា ដោយសារ​តែ ស្ទីហ្វិន នឹង​ត្រូវ​បាន​គេ​ស្គាល់​ជា​រៀង​រហូត​ថា ជា​និស្សិត​បញ្ចប់​ការ​សិក្សា​របស់​កម្ពុជា​ដំបូង​គេ នៃ​សាលាដ៏មាន​កិត្យា​នុភាព ដែល​ធ្លាប់​ជា​សាលា​តែមួយ​ដែល​បាន​អប់រំ អតីត​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់​គ្លេស វីនស្តិន ឆឺឈីល ព្រះមហា​ក្សត្រ ប្រមុខ​រដ្ឋ និង​មេដឹកនាំ​នៃកងទ័ព។

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

 

អត្ថបទផ្សេងទៀត៖