ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣
ណាល់ ស្ទីហ្វិន ដារិទ្ធ ឬហៅក្រៅថា ស្ទីហ្វិន ណាល់ គឺជាយុវជនកម្ពុជាទីមួយ ដែលបានសិក្សានៅសាលារាជបណ្ឌិត្យសភាយោធា ចក្រភពអង់គ្លេស។ យុវជនរូបនេះ ទទួលបានពានរង្វាន់កិត្តិយសមួយ ក្នុងពេលបញ្ចប់ការសិក្សា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ។
ព័ត៌មានស្តីអំពីពានរង្វាន់ ដែល ស្ទីហ្វិន ណាល់ បានទទួល មិនសូវជាត្រូវបានផ្សព្វផ្សាយទូលំទូលាយប៉ុន្មានទេ ក្រៅពីព័ត៌មានមួយដែលថា សំណេរស្រាវជ្រាវរបស់ ស្ទីហ្វិន ត្រូវបានវិនិច្ឆ័យនិងជ្រើសរើសជាសំណេរដ៏ល្អបំផុត ក្នុងចំណោមសំណេរដាក់ចូលរួមដោយមិត្តរួមថ្នាក់ទាំងអស់របស់ខ្លួន។ ខុសប្លែកពីពានរង្វាន់អន្តរជាតិដទៃទៀត ស្ទីហ្វិន ទទួលបានពានរង្វាន់នេះ មកពីការប្រកួតប្រជែងជាមួយនឹងសិស្សនាយទាហានអង់គ្លេស និងសិស្សនាយទាហានអន្តរជាតិដទៃទៀត។ នេះអាចនិយាយបានម្យ៉ាងទៀតថា ពានរង្វាន់ដទៃទៀត គឺត្រូវប្រគល់ជូនដល់សិស្សនាយទាហានអន្តរជាតិតែប៉ុណ្ណោះ។ ពានរង្វាន់ការសិក្សាអំពីសង្គ្រាម ប៊ឺត្រេន ស្ទូវឺត ត្រូវបានប្រគល់ជូនសំណេរស្រាវជ្រាវលេចធ្លោបំផុត (សរសេរឡើងដោយទាំងសិស្សនាយទាហានអង់គ្លេស ឬសិស្សនាយទាហានអន្តរជាតិ)។ ស្ទីហ្វិន បានយកឈ្នះលើសិស្សនាយទាហានអង់គ្លេស នៅក្នុងការប្រកួតសំណេរនេះ។
សូមស្វែងយល់អំពីព័ត៌មានខាងក្រោម ស្តីអំពីបុគ្គលល្បីល្បាញដទៃទៀត ដែលបានសិក្សានៅសាលារាជបណ្ឌិត្យសភាយោធា ចក្រភពអង់គ្លេស និងថាតើសាលារាជបណ្ឌិត្យសភាយោធា ចក្រភពអង់គ្លេសជាអ្វី។
សាលារាជបណ្ឌិត្យសភាយោធា ចក្រភពអង់គ្លេស គឺជាទីតាំងបណ្តុះបណ្តាលមន្ត្រីយោធាអង់គ្លេសទាំងអស់ ដែលទទួលបន្ទុកដឹកនាំកងទ័ព។ នៅក្នុងអំឡុងពេលបណ្តុះបណ្តាល សិស្សនាយទាហានទាំងអស់ រៀនសូត្រដោយប្រកាន់ខ្ជាប់នូវទ្រឹស្តីរៀនសូត្រមួយ គឺ៖ «បម្រើដើម្បីដឹកនាំ»។ ប្រជាជាតិនានា បានជ្រើសរើសបញ្ជូនសិស្សនាយទាហានរបស់ខ្លួនទៅកាន់សាលារាជបណ្ឌិត្យសភាយោធា ចក្រភពអង់គ្លេស ដើម្បីចូលរួមទទួលការបណ្ដុះបណ្តាលនេះ ពីព្រោះថា សាលារាជបណ្ឌិត្យសភាយោធា ចក្រភពអង់គ្លេស ត្រូវបានទទួលស្គាល់ថា ជាស្ថាប័នបណ្តុះបណ្តាលយោធាដ៏ឈានមុខគេកម្រិតពិភពលោក។ សិស្សនាយទាហានប្រមាណជាង៥៤០០រូប មកពីប្រទេសចំនួន១២៩ ទទួលបានការបណ្តុះបណ្តាលនៅស្ថាប័ននេះ បើគិតចាប់តាំងពីឆ្នាំ១៩៤៧។ សិស្សនាយទាហានអន្តរជាតិ បានផ្តល់ជាតម្លៃបន្ថែមដល់វគ្គសិក្សានៅស្ថាប័ននេះ តាមរយៈការពាំនាំមកជាមួយនូវវប្បធម៌ និងបទពិសោធន៍ប្រតិបត្តិការសឹក ពីជុំវិញពិភពលោក។ សិស្សនាយទាហាន ដែលត្រូវបានជ្រើសរើសដោយស្ថាប័នការពាររបស់ខ្លួននីមួយៗ ហើយសំណុំបែបបទនៃបេក្ខជននីមួយៗ ត្រូវបានបញ្ជូនទៅកាន់ក្រសួងការពារជាតិ តាមរយៈអនុព័ន្ធការពារជាតិ។
បុគ្គលល្បីល្បាយនានា ដែលបញ្ចប់ការសិក្សា នៅសាលារាជបណ្ឌិត្យសភាយោធា ចក្រភពអង់គ្លេស រួមមាន៖ ព្រះអង្គម្ចាស់ ហារី ស្តេចត្រាញ់នៃរដ្ឋស័រសេច, ព្រះអង្គម្ចាស់ វីល្លាម រាជទាយាទនៃចក្រភពអង់គ្លេស, អាប់ដុលឡា ទីពីរ នៃប្រទេសហ្ស៊កដានី (ព្រះមហាក្សត្រប្រទេសហ្ស៊កដានី), និងអតីតនាយករដ្ឋមន្ត្រី វីនស្តិន ឆឺឈីល (នាយករដ្ឋមន្ត្រីអង់គ្លេស២ដងហើយ តែម្នាក់គត់ ដែលបានបញ្ចប់ការសិក្សាពី សាលារាជបណ្ឌិត្យសភាយោធា ចក្រភពអង់គ្លេស)។
ពានរង្វាន់ព្រះខ័នអន្តរជាតិ៖ សិស្សនាយទាហាន គ្រីស្ទៀន ប៉ារីស មកពីសហរដ្ឋអាមេរិក (ឧបត្ថម្ភគាំទ្រដោយព្រះរាជាណាចក្រ គុយវ៉ែត) ត្រូវបានទទួលស្គាល់ថាជា សិស្សនាយទាហានអន្តរជាតិ ដ៏លេចធ្លោនៅក្នុងថ្នាក់។
ពានរង្វាន់អន្តរជាតិ៖ សិស្សនាយទាហាន គ្រីស្ទៀន ប៉ារីស មកពីសហរដ្ឋអាមេរិក (ឧបត្ថម្ភគាំទ្រដោយសាធារណរដ្ឋកាតា) ត្រូវបានទទួលស្គាល់ថាជា សិស្សនាយទាហានអន្តរជាតិ ដែលទទួលបានពិន្ទុខ្ពស់បំផុត ក្នុងជួរយោធា, ការសិក្សា និងការអនុវត្ត។
ពានរង្វាន់ព្រះចៅហ៊ូសេន៖ សិស្សនាយទាហាន ឌីចាណា ហ្គួដឺនិក មកពីប្រទេសម៉ុងតេណេហ្គ្រោ (ឧបត្ថម្ភគាំទ្រដោយព្រះរាជាណាចក្រហ្សកដានី) ត្រូវបានទទួលស្គាល់ថាជា សិស្សនាយទាហានមានការរីកចម្រើនលឿនបំផុតនៅក្នុងថ្នាក់។
ពានរង្វាន់កិត្តិយសនៃ ហូតសិន ហ៊ស៖ សិស្សនាយទាហាន ម៉ូហាម៉ាត់ សាឡេម មកពីប្រទេសអេហ្ស៊ីប ត្រូវបានទទួលស្គាល់ថាជា សិស្សនាយទាហានមួយ ដែលបំពេញការសិក្សាជារួមបានល្អសាកសម តាមតម្រូវការនៃពានរង្វាន់នេះ។
ពានរង្វាន់ពីមេបញ្ជាការ៖ បានបំពេញការសិក្សាគួរឲ្យកត់សម្គាល់ យោងតាមការវាយតម្លៃពីមេបញ្ជាការ។ អ្នកទទួលពានរង្វាន់នេះ រួមមាន សិស្សនាយទាហាន ស្កេខ ខាលីដ អាល់ខាលីហ្វា មកពីប្រទេសបារ៉ែន និងសិស្សនាយទាហាន សេហ្វ ម៉ូហាម៉ាត់ អាល់គីយូមិ មកពីប្រទេសអូម៉ង់។
ពានរង្វាន់សិក្សាអំពីសង្គ្រាម ប៊ឺត្រេន ស្ទូវឺត៖ ត្រូវបានជ្រើសរើសដោយមេបញ្ជាការនៃសាលារាជបណ្ឌិត្យសភាយោធា ចក្រភពអង់គ្លេស តាមរយៈការវាយតម្លៃលើសំណេរស្រាវជ្រាវរបស់សិស្សនាយទាហានទាំងអស់ (ទាំងសិស្សនាយទាហានអង់គ្លេស និងអន្តរជាតិ)។ ពានរង្វាន់មួយ ត្រូវបានប្រគល់ជូនដល់សិស្សនាយទាហាន ស្ទីហ្វិន ណាល់ មកពីព្រះរាជាណាចក្រកម្ពុជា។ ស្ទីហ្វិន គឺជាសិស្សនាយទាហានកម្ពុជាទីមួយ ដែលទទួលបានការបណ្តុះបណ្តាលនៅ សាលារាជបណ្ឌិត្យសភាយោធា ចក្រភពអង់គ្លេស។
ពានរង្វាន់នេះ ប្រគល់ជូនដល់សំណេរស្រាវជ្រាវស្តីពីការសិក្សាអំពីសង្គ្រាមដែលល្អបំផុត តែងនិពន្ធដោយសិស្សនាយទាហាន នៃសាលារាជបណ្ឌិត្យសភាយោធា ចក្រភពអង់គ្លេស នៅក្នុងជំនាន់នីមួយៗ។
សិស្សនាយទាហាន ស្ទីហ្វិន ណាល់ បាននាំយកនូវមុខមាត់ថ្មីមួយ របស់យោធាកម្ពុជា ទៅកាន់សាកលលោក។ ហើយ ស្ទីហ្វិន កំពុងបង្កើតប្រវត្តិសាស្ត្ររវាងចក្រភពអង់គ្លេស និងកម្ពុជា ដោយសារតែ ស្ទីហ្វិន នឹងត្រូវបានគេស្គាល់ជារៀងរហូតថា ជានិស្សិតបញ្ចប់ការសិក្សារបស់កម្ពុជាដំបូងគេ នៃសាលាដ៏មានកិត្យានុភាព ដែលធ្លាប់ជាសាលាតែមួយដែលបានអប់រំ អតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស វីនស្តិន ឆឺឈីល ព្រះមហាក្សត្រ ប្រមុខរដ្ឋ និងមេដឹកនាំនៃកងទ័ព។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)