ដំណើរទស្សនកិច្ចសិក្សារបស់ក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជា មកកាន់តំបន់ព្រំដែន កម្ពុជា-ឡាវ ក្នុងស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង

នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សាយុវជន និងកុមារទូទាំងប្រទេសសរុបចំនួន៣០០នាក់ ចុះមកទស្សនកិច្ចសិក្សាទីតាំងប្រវត្តិសាស្រ្ត, ភូមិសាស្រ្ត, សិក្សាពីទីតាំងសក្តានុពលនៃវប្បធម៌ដ៏មានតម្លៃ, ធនធានធម្មជាតិ និងជីវចម្រុះក្នុងតំបន់រ៉ាមសារ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។ ក្នុងដំណើរទស្សនកិច្ចសិក្សានេះ ក្រុមប្រឹក្សាយុវជន និងកុមារ មានឱកាសទៅទស្សនកិច្ចតំបន់ព្រំដែនកម្ពុជា-ឡាវ (បង្គោលឡាក់បន្សល់ទុកពីសម័យសង្គមរាស្រ្តនិយម និងបង្គោលព្រំដែនអន្តរជាតិលេខ០៣៣ ច្រកទ្វាអន្តរជាតិត្រពាំងក្រៀល), ស្ដូបព្រះបរមឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋ និងអគារមរតកសង្គមរាស្ត្រនិយម សម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដែលជាសាខាព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។

លោក លី មីណា អភិបាលនៃគណៈអភិបាលស្រុកបុរីអូរស្វាយ សែនជ័យ ទទួលស្វាគមន៍ និងផ្ដល់បទបង្ហាញភូមិសាស្រ្តដល់ប្រតិភូក្រុមប្រឹក្សាយុវជន និងកុមារ ដូចខាងក្រោម៖

១) ប្រវត្តិសាស្រ្តសហគមន៍បុរីអូរស្វាយ៖ បុរីអូរស្វាយមួយត្រូវបានបង្កើតឡើងតាំងពីទសវត្សរ៍ឆ្នាំ១៩៦០ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងបំណងការពារទឹកដី និងអភិវឌ្ឍន៍តំបន់ដាច់ស្រយាល។

២) គម្រោងអភិវឌ្ឍន៍សហគមន៍បុរីអូរស្វាយ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ ឧបត្ថម្ភដោយទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួល តួកគី (ហៅកាត់ថា ទីកា) បានអនុវត្តគម្រោងអភិវឌ្ឍន៍សហគមន៍បុរីអូរស្វាយ និងបានកសាងអគារមរតកសង្គមរាស្ត្រនិយមសម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ), ផែរង់ចាំ និងទូកចម្លងសហគមន៍។ អគារមរតកសង្គមរាស្ត្រនិយមសម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) គឺជាទីកន្លែងរក្សាទុកឯកសារប្រវត្តិសាស្រ្ត​ដ៏​សម្បូរបែបសម្រាប់សិស្សានុសិស្ស, លោកគ្រូអ្នកគ្រូ, ប្រជាជនមូលដ្ឋាន និងសាធារណជនក្នុងការអានបង្កើនចំណេះដឹង និងជាទីកន្លែងស្រាវជ្រាវ ថែរក្សាកេរដំណែល និងប្រវត្តិសាស្ត្របុរីអូរស្វាយ។

៣) គម្រោងសណ្ឋានដី៖ «កែប្រែតំបន់សង្គ្រាម និងរបបប្រល័យពូជសាសន៍ទៅជាសន្តិភាព និងការអភិវឌ្ឍន៍»។ មជ្ឈមណ្ឌលឯកសារកម្ពុជា ក្រោមកិច្ចសម្របសម្រួលរបស់រដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ គ្រោងអនុវត្តគម្រោងសណ្ឋានដីនេះដោយចាប់ផ្ដើមដាំសួនផ្កាឈូករ័ត្ននៅជុំវិញបរិវេណអគារមរតកសង្គមរាស្ត្រនិយមសម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)។ សួនផ្កាឈូករ័ត្ន មិនត្រឹមតែបង្កើតភាពស្រស់ស្អាតគួរទីទាក់ទាញប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងផ្ដល់អត្ថប្រយោជន៍ច្រើនដល់បរិស្ថានសម្រាប់សហគមន៍ទាំងមូល។

៤) សក្ដានុពលធនធានធម្មជាតិ នៃតំបន់រ៉ាមសារ (តំបន់ដីសើម) និងទន្លេមេគង្គ៖ ស្រុកបុរីអូរស្វាយ សែនជ័យ មានធានធានធម្មជាតិ និងជីវចម្រុះដ៏សម្បូរបែប ដែលមានភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ស្រុកបុរីអូរស្វាយ សែនជ័យ ស្ថិតនៅក្នុងភូមិសាស្រ្ត «តំបន់រ៉ាមសារ» ឬ «តំបន់ដីសើម» ដែលជាតំបន់លិចទឹកសម្បូរទៅដោយធនធានធម្មជាតិ, មច្ឆាជាតិ និងជីវចម្រុះដ៏សម្បូរបែប។ លោកអភិបាលស្រុក គូសបញ្ជាក់បន្ថែមថា «តំបន់ដីសើម» ត្រូវបានអនុម័តជា «អនុសញ្ញាស្តីពីតំបន់ដីសើម» ឬហៅកាត់យ៉ាងខ្លីថា «អនុសញ្ញារ៉ាមសារ» ក្នុងអំឡុងសន្និសីទនៅទីក្រុងរ៉ាមសារ ប្រទេសអ៊ីរ៉ង់ នៅឆ្នាំ១៩៧១។

៤) ការចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ៖ សៀវភៅកំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ»៖ បន្ទាប់ពីស្ដាប់បទបង្ហាញរបស់លោកអភិបាលស្រុក, ប្រតិភូក្រុមប្រឹក្សាយុវជន និងកុមារ បានចូលទៅអគារមរតកសង្គមរាស្ត្រនិយមសម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដើម្បីទស្សនាពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍, បណ្ណាល័យ និងការដាក់តាំងបង្ហាញផលិតផលសូត្រចាម ដែលជាស្នាដៃតម្បាញស្រ្តីជនជាតិចាមនៅសហគមន៍ខេត្តកំពង់ចាម។

ចុងក្រោយបុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង ប្រចាំនៅអគារមរតកសង្គមរាស្ត្រនិយមសម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ស្រេង លីដា បានចែកសៀវភៅសាក្សីប្រវត្តិសាស្រ្ត «សៀវភៅកំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ» ជូនដល់ប្រតិភូក្រុមប្រឹក្សាយុវជន និងកុមារ រួចហើយបានថតរូបអនុស្សាវរីយ៍។

បន្ទាប់ពីកម្មវិធីទាំងមូលបានបញ្ចប់, ប្រតិភូក្រុមប្រឹក្សាយុវជន និងកុមារ បានបង្ហាញចំណាប់អារម្មណ៍រួមថា៖ «យើងខ្ញុំទាំងអស់គ្នាពិតជាមានមោទនភាពណាស់ដែលបានធ្វើទស្សនកិច្ចសិក្សាមកកាន់ទឹកដីប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តមនេះ។ ក្នុងនាមក្រុមការងារ ព្រមទាំងថ្នាក់ដឹកនាំប្រតិភូនៃរាជធានី-ខេត្តទាំង២៥ យើងខ្ញុំសូមបង្ហាញនូវសេចក្តីគោរព និងកោតសរសើរយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះរាល់ស្នាដៃដ៏ថ្លៃថ្លានៃទីតាំងប្រវត្តិសាស្ត្រ ដែលជាមរតក និងជាកេរដំណែលដ៏ពិសិដ្ឋសម្រាប់កូនខ្មែរគ្រប់ជំនាន់»។

អត្ថបទ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖