កន្សែង អាវ និងសំពត់ ដែលសម្ដេចតាប្រទាន

«កាលពីកុមារ ខ្ញុំធ្លាប់បានទទួលកន្សែង អាវ សំពត់ និងបានចាប់ព្រះហស្ដរបស់សម្ដេចព្រះ នរោត្តម សីហនុ ដោយផ្ទាល់នៅពេលព្រះអង្គយាងមកបុរីអូរស្វាយក្នុងរបបសង្គមរាស្រ្តនិយម ប៉ុន្តែក្រោយមកប្រទេសជាតិបានប្រែប្រួលនៅពេល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីអំណាច នៅឆ្នាំ១៩៧០ រហូតដល់របបខ្មែរក្រហមឡើងគ្រប់គ្រងប្រទេសនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ខ្មែរក្រហមបានជម្លៀសខ្ញុំចេញពីបុរីអូរស្វាយ ហើយបានចាប់ខ្លួន និងសម្លាប់ប្រជាជនយ៉ាងព្រៃផ្សៃ រួមទាំងបងប្អូនរបស់ខ្ញុំ»។

ខ្ញុំឈ្មោះ ស៊ីន សន អាយុ៧៤ឆ្នាំ មានស្រុកកំណើតនៅកោះឈើទាលធំ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ ស៊ីន និងម្ដាយឈ្មោះ ថន។ ឪពុកម្តាយខ្ញុំមានស្រុកកំណើតដើមនៅស្រុករវៀង ខេត្តព្រះវិហារ។ ឪពុករបស់ខ្ញុំបានស្លាប់ដោយសារធ្លាក់ចូលក្នុងអន្លុងទឹកជ្រៅពេលគាត់ចេញទៅរកត្រី។ ឪពុកម្តាយខ្ញុំមានកូនចំនួន៦នាក់ ប៉ុន្តែនៅរស់តែខ្ញុំម្នាក់ប៉ុណ្ណោះ ក្រៅពីនោះបានស្លាប់អស់ហើយ ។ សព្វថ្ងៃ ខ្ញុំមានកូនចំនួន៤នាក់ គឺស្រីម្នាក់ និងប្រុស៣នាក់។

តាំងពីខ្ញុំដឹងក្តីមក ខ្ញុំបានឃើញប្រជាជនជាច្រើនគ្រួសាររស់នៅលើកោះឈើទាលធំ ប៉ុន្តែមកទល់ពេលនេះ ប្រជាជនភាគច្រើនបានស្លាប់ដោយសារវ័យចាស់ជរា។ កាលពីមុន អ្នកភូមិដែលរស់នៅលើកោះឈើទាលធំ គឺសុទ្ធសឹងតែជាជនជាតិខ្មែរ និយាយភាសាខ្មែរ ប៉ុន្តែដល់បច្ចុប្បន្នប្រជាជនភាគច្រើននិយាយឡាវ។ នៅក្នុងរបបសង្គមរាស្ត្រនិយម ខ្ញុំនៅចាំបានថាសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានយាងមកកាន់បុរីអូរស្វាយ។ កាលនោះ ខ្ញុំបានទៅចូលរួមទទួលស្វាគមន៍ទ្រង់ ហើយទ្រង់បានប្រទានសំពត់ អាវ និងកន្សែង មកដល់ខ្ញុំ និងប្រជាជននៅបុរីអូរស្វាយ។ ខ្ញុំពិតជាមានភ័ព្វសំណាងណាស់ ដែលបានចាប់ព្រះហស្ដរបស់ទ្រង់។ ខ្ញុំនៅចាំបានយ៉ាងច្បាស់ថា ព្រះហស្ដរបស់ទ្រង់ពិតជាត្រជាក់ណាស់។

នៅពេល លន់ ធ្វើរដ្ឋប្រហាទម្លាក់ សម្ដេចព្រះ នរោត្តម សីហនុ ខ្ញុំរស់នៅក្នុងភូមិឃុំដដែល។ រហូត ដល់របបខ្មែរក្រហមឡើងគ្រប់គ្រងប្រទេសកម្ពុជា  ខ្មែរក្រហមបានជម្លៀសខ្ញុំ និងប្រជាជនផ្សេងទៀត ចេញពីកោះឈើទាលធំឱ្យទៅរស់នៅឃុំព្រះរំកិល។ បន្ទាប់មក ខ្មែរក្រហមបានជម្លៀសខ្ញុំបន្តឱ្យទៅនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និង ស្រុកឆែប ខេត្តព្រះវិហារ។ នៅស្រុកឆែប ខ្មែរក្រហមបានបង្ខំខ្ញុំឱ្យដកស្ទូង ច្រូតកាត់ និងធ្វើចម្ការ ប៉ុន្ដែរបបអាហារពេលនោះបានត្រឹមតែបបរសតែប៉ុណ្ណោះ។ ប្រសិនបើអ្នកណាមិនធ្វើការ ឬធ្វើការងារមិនហើយតាមដែនការ ប្រធានកងនឹងដាក់ទណ្ឌកម្ម។ ប្រជាជនដែលខ្មែរក្រហមជម្លៀសចេញពីកោះឈើទាលធំចំនួន១០០នាក់ គឺអាចនៅមានជីវិតរស់នៅ និងត្រឡប់មកស្រុកកំណើតវិញត្រឹមតែ៨ឬ៩នាក់តែប៉ុណ្ណោះ។ ខ្មែរក្រហមបានសម្លាប់ប្រជាជនយ៉ាងព្រៃផ្សៃ។ ជាក់ស្តែងមិត្តភក្តិរបស់ខ្ញុំម្នាក់ឈ្មោះ លេត គឺជាជនជាតិកួយ ត្រូវបានឈ្លបចោទប្រកាន់និងចាកសម្លាប់។ ចំណែកប្រជាជនមួយចំនួនដែលប្រព្រឹត្តខុសវិន័យ ត្រូវកងឈ្លបខ្មែរក្រហមវាយសម្លាប់ រួចបោះសពបណ្ដែតតាមទឹកទន្លេតែម្តង។

ក្រុមគ្រួសាររបស់ខ្ញុំត្រូវខ្មែរក្រហមជម្លៀស និងបំបែកឱ្យទៅនៅកន្លែងផ្សេងៗគ្នា។ អំឡុងពេលរស់នៅបែកគ្នា ខ្ញុំនឹកម្ដាយរបស់ខ្ញុំខ្លាំងណាស់។ រហូតដល់របបខ្មែរក្រហមដួលរលំ ទើបខ្ញុំបានជួបមុខម្ដាយរបស់ខ្ញុំវិញ។ ក្រោយថ្ងៃរំដោះ ឆ្នាំ១៩៧៩ ខ្ញុំបានមករស់នៅស្រុកថាឡាបរិវ៉ាត់ជាមួយម្ដាយខ្ញុំ មុននឹងមានទូកទៅទទួលគ្រួសារខ្ញុំឱ្យត្រឡប់មករស់នៅលើកោះឈើទាលធំ។

នៅពេលត្រឡប់មកដល់ភូមិកោះឈើទាលធំវិញ រដ្ឋអំណាចមូលដ្ឋានមិនទាន់អនុញ្ញាតឱ្យប្រជាជនដើរទៅណាឆ្ងាយឡើយ ពីព្រោះមានគ្រាប់បែកមិនទាន់ផ្ទះមានរាយប៉ាយពាសពេញដីកោះ។ ដោយ​សារ​ផ្ទះចាស់ៗបានបែកបាក់អស់ ទើបក្រុមគ្រួសារខ្ញុំសាងសង់ខ្ទមតូចមួយរស់នៅបណ្ដោះអាសន្ន។ បន្ទាប់ពីមានកន្លែងស្នាក់នៅ ខ្ញុំចាប់ផ្តើមប្រកបមុខរបរធ្វើស្រែចម្ការ និងនេសាទត្រី ដើម្បីចិញ្ចឹមជីវិតឡើងវិញ។ បច្ចុប្បន្ន ខ្ញុំមានវ័យកាន់តែចាស់ ហើយសុខភាពរបស់ខ្ញុំមិនល្អទេ ព្រោះខ្ញុំមានអាការចុកទ្រូង និងស្រវាំងភ្នែក។ ខ្ញុំមិនបានទៅពិនិត្យសុខភាពទេ ព្រោះខ្ញុំរស់នៅតែម្នាក់ឯង។

អត្ថបទ ៖ ហ៊ លីនីត អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖