ការព្រងើយកន្តើយនឹងផែនទី និងការខ្លាចរអាក្នុងឆាកអន្តរជាតិ៖ មហិច្ឆតាមិនចេះឆ្អែតឆ្អន់របស់ថៃចំពោះកម្ពុជា

ការដែលរដ្ឋាភិបាលថៃខ្វល់ខ្វាយទប់ស្កាត់មិនឱ្យជម្លោះព្រំដែនជាមួយកម្ពុជាក្លាយទៅជាបញ្ហាអន្តរជាតិនោះ បានបន្តលាតត្រដាងពីភាពកម្សោយផ្នែកស្មារតី និងវិចារណញ្ញាណមិនសមហេតុផលរបស់រដ្ឋាភិបាលថៃ ចំពោះការជាប់ផុងវិបត្តិអត្តសញ្ញាណដ៏រ៉ាំរ៉ៃរបស់ខ្លួន។

រដ្ឋាភិបាលថៃខ្វល់ខ្វាយជាខ្លាំងក្នុងការបិទបាំងកុំឱ្យបញ្ហានេះត្រូវបានលើកឡើងនៅក្នុងសហគមន៍អន្តរជាតិនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ព្រោះខ្លួនជឿថាវានឹងធ្វើឱ្យប្រទេសថៃរងការរិះគន់យ៉ាងចាស់ដៃ។

ការកំណត់ទស្សនាទានដែលរដ្ឋាភិបាលថៃចង់បាននៅជុំវិញជម្លោះព្រំដែននេះ គឺពឹងផ្អែកលើសហគមន៍អន្តរជាតិមួយដែលមើលរំលងការពិតជាក់ស្តែង ហើយព្រមទទួលយកការអះអាងរបស់ថៃ ដែលផ្អែកទាំងស្រុងលើការសន្មតជាមុនថាប្រទេសថៃគឺគ្មានចេតនាក្នុងការបំភាន់ បំភ្លៃ ឬវៀចវេរពីការពិតនោះឡើយ។

ជាថ្មីម្ដងទៀត ប្រទេសថៃកំពុងប្រឈមមុខនឹងកំណត់ត្រាប្រវត្តិសាស្ត្រនៃសកម្មភាពរបស់ខ្លួននៅតាមបណ្តោយព្រំដែនជាមួយកម្ពុជា ហើយការប្រឈមនេះបង្ហាញឱ្យឃើញតាមរយៈ ការប្រឹងប្រែងទាំងបំពានរបស់ខ្លួន ដើម្បីរារាំងមជ្ឈដ្ឋានអន្តរជាតិមិនឱ្យចូលរួមដោះស្រាយបញ្ហានេះ។ ជាច្រើនលើកច្រើនសា ប្រទេសថៃបានព្យាយាមលេបត្របាក់ និងវាតទីទឹកដីដ៏ធំធេងរបស់កម្ពុជា។ នៅសតវត្សរ៍ទី១៩ ប្រទេសថៃបានកាន់កាប់ទឹកដីកម្ពុជាជាច្រើនផ្នែក រហូតទាល់តែរដ្ឋាភិបាលបារាំង និងកម្ពុជាបានរុញច្រានឱ្យខ្លួនចាកចេញ។

នៅពេលដែលសង្គ្រាមលោកលើកទី២ផ្ទុះឡើង ប្រទេសថៃបានចូលកាន់កាប់ទឹកដីទាំងនេះម្តងទៀត រហូតទាល់តែត្រូវបានរដ្ឋាភិបាលអាមេរិកបង្ខំឱ្យខ្លួនចាកចេញ។ ជាចុងក្រោយ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះ ប្រទេសថៃបានធ្វើសកម្មភាពយោធាដោយអន្លើៗនិងជាបន្តបន្ទាប់ ដើម្បីបង្កការរំខាន ឬគំរាមកំហែងដល់កម្ពុជា នៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រងតាមបណ្តោយព្រំដែន។ មិនតែប៉ុណ្ណោះ នៅពេលប្រឈមមុខនឹងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិលើតំបន់ជាក់លាក់មួយចំនួនតាមបណ្តោយព្រំដែន ពោលគឺករណីប្រាសាទព្រះវិហារ ប្រទេសថៃគឺនៅតែបន្តបង្ហាញភាពព្រងើយកន្តើយចំពោះច្បាប់អន្តរជាតិ។

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

 

 

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖