សម្តេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ និងហ្វ្រង់កូហ្វូនី

ស្ថាបនិកនៃហ្វ្រង់កូហ្វូនី

ប្រធានាធិបតី ឡេអូប៉ូល សេងហ្គ័រ នៃសាធារណរដ្ឋសេណេហ្គាល់

លោក ឡេអូប៉ូល សេដា សេងហ្គ័រ កើតនៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩០៦ នៅទីក្រុងជូអាល់ ប្រទេសសេណេហ្គាល់ និង​បានទទួលមរណភាពនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០០១ នៅទីក្រុងវែរសុង ប្រទេសបារាំង។ លោកគឺជាកវី អ្នកនិពន្ធ និង​ជារដ្ឋបុរសជនជាតិសេណេហ្គាល់ ព្រមទាំងជាប្រធានាធិបតីទី១ នៃសាធារណរដ្ឋសេណេហ្គាល់ (ឆ្នាំ១៩៦០-១៩៨០)។ លោកគឺជាជនជាតិអាហ្វ្រិកដំបូងបង្អស់ ដែល​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ចូល​ជា​សមាជិក​នៃ​បណ្ឌិត្យ​សភា​បារាំង។

លោក ឡេអូប៉ូល សេដា សេងហ្គ័រ បាន​សិក្សារៀនសូត្រ​នៅក្នុងប្រទេសសេណេហ្គាល់ មុន​ពេល​លោក​ធ្វើ​ដំណើរ​មក​កាន់​​ប្រទេសបារាំង ក្នុង​វ័យ២២ឆ្នាំ ដែលជាការចាប់ផ្តើមនៃ «រយៈពេល១៦ឆ្នាំនៃដំណើររបស់លោក» នេះ​បើ​តាម​រយៈ​សម្តី​របស់លោកផ្ទាល់។ ដំបូងឡើយ លោកបានសិក្សានៅសាកលវិទ្យាល័យ សូរបូន ក្រោយ​មក​នៅ​សាលា​លីសេ​ ល្វីសឡឺក្រង់ ដោយបានត្រៀមខ្លួនសម្រាប់ការប្រឡងចូលសាលាគរុកោសល្យជាន់ខ្ពស់។

នៅទីនោះ លោកបានជួបជាមួយ លោក ប៉ូល ហ្គូស, លោក ហង់រី កេហ្វេឡេក, លោក រ៉ូប៊ើត វើឌីយេ, លោក ហ្សក ប៉ូមពីឌូ និង លោក អេមេ សេស៊ែរ។ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៤៦ លោក ឡេអូប៉ូល សេដា សេងហ្គ័រ បាន​រៀប​ការ​ជាមួយ​អ្នកស្រី ហ្ស៊ីណែត អេប៊ូអេ (១៩២៣-១៩៩២) ដែល​ជា​ជំនួយ​ការ​នៅ​ក្នុង​រដ្ឋសភា​ប្រចាំ​ការិយាល័យ​រដ្ឋមន្ត្រី​ទទួលបន្ទុកដែនដីក្រៅប្រទេសបារាំង និងជាបុត្រីរបស់លោក ហ្វេលីក អេប៊ូអេ អតីត​អគ្គ​អភិបាល​នៃ​តំបន់​អាហ្វ្រិក​អេក្វាទ័ររបស់ប្រទេសបារាំង ដែលអ្នកទាំងពីរ​មានកូនប្រុសចំនួន​ពីរនាក់។ លោកបាន​ជាប់ឆ្នោត​សា​ជា​ថ្មី​ក្នុង​​នាម​​ជាតំណាងរាស្ត្រឯករាជ្យ តំណាងឱ្យដែនដីក្រៅប្រទេសបារំាងនៅឆ្នាំ១៩៥១ ហើយ​បាន​កាន់​តំណែង​ជា​រដ្ឋ​លេខា​ធិការប្រចាំការិយាល័យប្រធានក្រុមប្រឹក្សានៅក្នុងរដ្ឋាភិបាលរបស់លោក អេដហ្គា ហ្វ័រ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ១៩៥៥ ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៥៦។ បន្ទាប់មក លោកបានក្លាយជាអភិបាលក្រុងធីស (ប្រទេស​សេណេ​ហ្គាល់) នៅខែវិច្ឆិកា ឆ្នាំ១៩៥៦ និងក្រោយមកទៀត លោក​បាន​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ និង​ទីប្រឹក្សា​នៅ​ក្នុង​រដ្ឋាភិបាល​របស់​លោក មីសែល ដេប្រេ ចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៥៩ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៦១។

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៦០ លោក ឡេអូប៉ូល សេដា សេងហ្គ័រ ត្រូវបានជ្រើសរើសឱ្យ​ក្លាយ​ជា​មេដឹកនាំ​នៃ​សាធារណ​រដ្ឋសេណេហ្គាល់ ដែលទើបនឹងបង្កើតឡើងថ្មី។ លោកគឺជាអ្នកនិពន្ធបទចម្រៀងជាតិសេណេហ្គាល់ ដែល​មានចំណងជើងថា *តោក្រហម*។ លោកបានលាលែងពីតំណែងប្រធានាធិបតី មុន​ពេល​បញ្ចប់​អាណត្តិទី៥​របស់​លោក គឺនៅខែធ្នូ ឆ្នាំ១៩៨០។ លោក អាបឌូ ឌីយូហ្វ ដែលនៅពេលនោះជានាយករដ្ឋមន្ត្រី បាន​ឡើង​បន្ត​តំណែង​ជាប្រមុខរដ្ឋជំនួសលោក ស្របតាមមាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ។ អំឡុង​ពេល​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក ឡេអូប៉ូល សេដា សេងហ្គ័រ ប្រទេសសេណេហ្គាល់បានដាក់ឱ្យអនុវត្តប្រព័ន្ធនយោបាយពហុបក្ស និង​បាន​​​បង្កើត​ប្រព័ន្ធអប់រំមួយដែលមានប្រសិទ្ធភាពខ្ពស់។

ប្រធានាធិបតីសេណេហ្គាល់ ឡេអូប៉ូល សេដា សេងហ្គ័រ ទទួលស្វាគមន៍សម្តេចព្រះ នរោត្តម សីហនុ នៅទីក្រុងដាកា ក្នុងខែឧសភា ឆ្នាំ១៩៧៣។ រូបថត៖ ដោយមានការអនុញ្ញាតពីអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។

ប្រធានាធិបតី ហាប៊ីប ប៊ួរហ្គីបា នៃសាធារណរដ្ឋទុយនេស៊ី

លោក ហាប៊ីប ប៊ួរហ្គីបា គឺជាឥស្សរជននយោបាយដ៏សំខាន់មួយរូបរបស់ប្រទេសទុយនេស៊ី និង​ជា​ប្រធានាធិបតី​ដំបូង​គេបង្អស់របស់ប្រទេសនេះ ដោយបានកាន់តំណែងពីឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៨៧។

លោកបានកើតក្នុងគ្រួសារដែលមានជីវភាពមធ្យមមួយ នៅទីក្រុងម៉ូណាសទីរ នៅក្នុងឆ្នាំ១៩០៣។ លោក​ទទួល​បាន​ការអប់រំយ៉ាងពេញលេញ​ ហើយក្រោយមក លោកបានទៅសិក្សាជំនាញនីតិសាស្ត្រនៅទីក្រុងប៉ារីសទៀតផង។ លោកទទួលយកគោល​គំនិតបែបលោកខាងលិច ដែលបានជះឥទិ្ធពលលើទស្សននយោបាយរបស់លោក និង​ជំរុញ​ឱ្យលោកក្លាយជាស្ថាបនិកម្នាក់នៃគណបក្សណេអូ-ដេសទួរ។ គណបក្ស​នេះ​បាន​ក្លាយ​ជា​ស្នូល​នៃ​ចលនា​ជាតិ​និយម​របស់ប្រទេសទុយនេស៊ី ដែល​ប្រឆាំងនឹងការត្រួតត្រារបស់​អាណានិគមបារាំង។

លោក ប៊ួរហ្គីបា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេច​បាន​នូវ​ឯករាជ្យ​ភាព​របស់​ប្រទេស​ទុយនេស៊ី​នៅ​ឆ្នាំ​១៩៥៦។ លោកបានអនុវត្តវិធីសាស្ត្រគ្រប់គ្រងរដ្ឋបែបកណ្ដាលនិយមមួយ ដែលរួមបញ្ចូលគ្នានូវរវាងភាពទំនើប ជាមួយ​តម្លៃ និងវប្បធម៌អារ៉ាប់-អ៊ីស្លាម។

ក្នុង​អាណត្តិដឹកនាំរបស់លោក វឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់គឺ​​វិស័យអប់រំ និងការលើកកម្ពស់សិទ្ធិស្ត្រី ព្រមទាំង​ការ​បង្កើត​ប្រព័ន្ធគ្រប់គ្រងរដ្ឋដោយគណបក្សតែមួយ។ ទោះជាយ៉ាងណា រយៈពេល​នៃ​ការ​កាន់​តំណែង​របស់​លោក​បាន​ជួប​ប្រទះនឹងបញ្ហាប្រឈមនានា ជាពិសេសគឺ បញ្ហាលំបាកផ្នែកសេដ្ឋកិច្ច និង​ការ​កើន​ឡើង​នៃ​លទ្ធិ​អ៊ីស្លាម​ជ្រុល​និយម។

ទោះបីជាសុខភាពរបស់លោកកាន់តែទ្រុឌទ្រោម និងត្រូវបង្ខំឱ្យចាកចេញពីអំណាចតាមរយៈរដ្ឋប្រហារមួយ ដែល​គ្មាន​ការ​បង្ហូរឈាមក្នុងឆ្នាំ១៩៨៧ កេរដំណែលរបស់លោកនៅតែមានសារសំខាន់។ លោក​ត្រូវ​បាន​ទទួល​ស្គាល់​ថាជា​អ្នក​កសាងប្រទេសទុយនេស៊ីឱ្យមានស្ថិរភាព និងឯករាជ្យភាព។

ក្នុង​នាមជារដ្ឋបុរសដ៏សំខាន់មួយរូបនៅអាហ្វ្រិកខាងជើង និងពិភពអារ៉ាប់ លោក ប៊ួរហ្គីបា បាន​បន្សល់​ទុក​នូវ​ស្នាដៃ​ដែល​មិនអាចបំភ្លេចបាននៅក្នុងតំបន់នេះ តាមរយៈចក្ខុវិស័យ និងភាពជាអ្នកដឹកនាំរបស់លោក។ លោក​បាន​ទទួល​មរណ​ភាពនៅឆ្នាំ២០០០ ហើយត្រូវបានចងចាំទុកថាជាអ្នកដឹកនាំមួយរូប ដែល​បាន​ខិតខំ​ធ្វើ​ទំនើប​កម្ម​ប្រទេស​ទុយនេស៊ី និងពង្រឹងអត្តសញ្ញាណជាតិរបស់ប្រទេសនេះ។

ប្រធានាធិបតី ហាប៊ីប ប៊ួរហ្គីបា ត្រូវបានទទួលស្វាគមន៍នៅប្រទេសបារាំង ដោយនាយករដ្ឋមន្ត្រី ហ្សាក់ ស៊ីរ៉ាក់ ខែធ្នូ ឆ្នាំ១៩៨៦។ រូបថត៖ ដោយមានការអនុញ្ញាតពី អូតែល ដឺ ម៉ាទីញ៉ុង។

ប្រធានាធិបតី ហាម៉ានី ឌីអូរី នៃសាធារណរដ្ឋនីហេ្ស

ប្រធានាធិបតី ហាម៉ានី ឌីអូរី បានកើតនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩១៦។ លោកគឺជាជនជាតិជែម៉ា ដែលរស់នៅក្នុង​តំបន់​ស៊ូឌូរេ ដែលស្ថិតនៅចម្ងាយ១២គីឡូម៉ែត្រពីរដ្ឋធានីនីអាមេ។ ឪពុក​របស់​លោក​គឺ​ជា​មន្ត្រី​សុខាភិបាល​សាធារណៈ​មួយ​រូប នៃ​​រដ្ឋបាលអាណានិគមបារាំង។​

បន្ទាប់ពី​បាន​បញ្ចប់ការសិក្សានៅសាលាគរុកោសល្យ វីលៀម ប៉ុនទី ក្នុងទីក្រុងដាកា ប្រទេសសេណេហ្គាល់ លោក ហាម៉ានី ឌីអូរី បាន​បម្រើការជាគ្រូបង្រៀននៅតាម​សាលារៀនក្នុងតំបន់នានា​នៃប្រទេសរបស់លោក​ចាប់​ពី​ឆ្នាំ​១៩៣៦ ​​ដល់ ឆ្នាំ១៩៣៨។  លោក​បាន​​ក្លាយជាគ្រូបង្រៀនភាសាហ្សាម៉ា និងភាសាហូសា នៅ​សាលា​ជាតិ​សម្រាប់​ដែនដី​ក្រៅ​ប្រទេសបារាំងក្នុងទីក្រុងប៉ារីសដែរ។ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៤៥ លោក​បាន​រៀបការ​ជាមួយ​អ្នកស្រី ​អៃសា អាម៉ាឌូ ដែលត្រូវ​បាន​ស្គាល់ថាជា អាយឆាឌូ ហើយអ្នកទាំងពីរមានកូន​ចំនួន៦នាក់។

នៅឆ្នាំ១៩៤៦ លោកគឺជាស្ថាបនិកម្នាក់នៃគណបក្សនីហ្សេជឿនលឿន ដែល​ជាសាខា​ក្នុង​ស្រុក​នៃ​ចលនា​ប្រជា​ធិប​តេយ្យ​​អាហ្វ្រិក។ នៅក្នុងឆ្នាំដដែល លោកត្រូវបានជ្រើសរើសជាតំណាងរាស្ត្រតំណាងឱ្យប្រទេសនីហ្សេ នៅ​ក្នុង​រដ្ឋ​សភា​ជាតិ​បារាំង។

នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៦០ រដ្ឋសភានីហ្សេ ដែលដឹកនាំដោយលោក បូបូ ហាម៉ា និង​មាន​សមាជិក​មក​ពី​គណបក្ស​តែមួយគត់គឺ PPN-RDA បានជ្រើសរើសលោក ហាម៉ានី ឌីអូរី ឱ្យ​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​នៃ​សាធារណ​រដ្ឋ។ អំឡុងពេលកាន់អំណាច លោក ឌីអូរី បានលើកកម្ពស់ *សាម៉ារី* (ដែល​ជា​រចនា​សម្ព័ន្ធ​បែប​ប្រពៃណី​សម្រាប់​ការផ្លាស់ប្តូរវប្បធម៌) ដើម្បីជាប្រយោជន៍ដល់គណបក្សរបស់លោក ព្រមទាំង​រក្សា​ទំនាក់​ទំនង​សេដ្ឋកិច្ច​យ៉ាងជិតស្និទ្ធជាមួយប្រទេសបារាំង។ ដោយសារតែ​គ្មានគូប្រជែង លោកបានជាប់ឆ្នោត​សាជាថ្មី​ឱ្យ​បន្ត​កាន់​តំណែង​នៅចន្លោះ​ឆ្នាំ១៩៦៥ និងឆ្នាំ១៩៧០។

នៅយប់ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧៤ រដ្ឋប្រហារទម្លាក់ប្រធានាធិបតីបានផ្ទុះឡើង ដឹកនាំ​ដោយ​វរសេនីយ៍ទោ សីនី គុនឆេ ដែលជាអគ្គសេនាធិការថ្មីជំនួសតំណែងលោក បាឡា-អារ៉ាបេ (ក្រោយ​មក​ត្រូវបាន​តែងតាំងជាអធិការបតីជាន់ខ្ពស់នៃគ្រឿងឥស្សរិយយសជាតិរបស់ប្រទេសនីហ្សេ)។ ក្រុមទាហាន​ក្រោម​បញ្ជា​​របស់​អនុសេនីយ៍ឯក ហ្គាប្រ៊ីយ៉ែល ស៊ីរីល បានសម្រុកចូលទៅ​ក្នុងវិមាន​ប្រធានាធិបតី​នៅរដ្ឋធានី​នីអាមេ​ ដោយ​បានចាប់ខ្លួនលោក ឌីអូរី និងបានសម្លាប់ភរិយារបស់លោក។

បន្ទាប់ពីលោក អាលី សាបូ ឡើងកាន់អំណាចបន្តពីលោក គុនឆេ ក្នុងឆ្នាំ១៩៨៧ លោក ឌីអូរី ត្រូវបានដោះលែង។ មិនយូរប៉ុន្មាន លោក ឌីអូរី បានចាកចេញពីប្រទេសនីហ្សេទៅកាន់ទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក ជាទីដែល​លោក​បាន​ទទួលមរណភាពនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៨៩។

ប្រធានាធិបតី ឌីអូរី ហាម៉ានី ជាមួយឧត្តមសេនីយ៍ ហ្សាល ដឺ ហ្គោល នៅទីក្រុងប៉ារីស – ខែកញ្ញា ឆ្នាំ១៩៦១។ រូបថត៖ ដោយមានការអនុញ្ញាតពីវិមានអេលីហ្សេ។

សម្ដេចព្រះ នរោត្តម សីហនុ ព្រះប្រមុខ​រដ្ឋនៃព្រះរាជាណាចក្រកម្ពុជា

ព្រះអង្គម្ចាស់ នរោត្តម សីហនុ ប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ហើយ​ទ្រង់​បាន​សោយ​ទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង។ ព្រះអង្គគឺជារដ្ឋបុរសកម្ពុជាដ៏ឆ្នើម និងជា​ក្សត្រ​ដ៏មាន​ឥទ្ធិពលបំផុតក្នុងជីវិតនយោបាយរបស់ប្រទេសកម្ពុជា ក្នុងអំឡុងពាក់កណ្ដាលទីពីរនៃសតវ​ត្សរ៍ទី២០។

ក្នុងព្រះជន្មជីវិតនយោបាយរបស់ព្រះអង្គ ទ្រង់បានគង់នៅក្នុងព្រះតួនាទីផ្សេងៗជាបន្តបន្ទាប់ ហើយ​កាលៈទេសៈ​ខ្លះ​ទ្រង់កាន់ព្រះរាជតួនាទីជាច្រើនក្នុងពេលតែមួយ រួមមាន៖ ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ព្រះប្រមុខរដ្ឋ ព្រះ​ប្រមុខ​រដ្ឋក្នុងពេលនិរទេស និងបន្ទាប់មកបានយាងឡើងគ្រងរាជសម្បត្តិជាព្រះមហាក្សត្រសាជាថ្មីម្តងទៀត។

ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ក្នុងព្រះរាជពិធីគ្រងរាជសម្បត្តិ នៅឆ្នាំ១៩៤១។ ប្រភព៖ បណ្ណសារអ្នកនិពន្ធ

ព្រះអង្គត្រូវបានតែងតាំងឱ្យឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៤១ ក្នុងព្រះជន្ម ១៨ ព្រះវស្សា ខណៈ​​​ដែលប្រទេសកម្ពុជាស្ថិតក្រោមអាណាព្យាបាលបារាំង។ ព្រះអង្គ​បាន​ដឹកនាំ​ប្រទេស​ឱ្យទទួល​បានឯករាជ្យ​នៅថ្ងៃ​ទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ក្រោយមក នៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៥៥ ព្រះអង្គ​បាន​សម្រេច​ព្រះទ័យ​ដាក់​រាជ្យ​ថ្វាយ​ព្រះបិតា ដើម្បីអាចយាងចូលរួមក្នុងឆាកនយោបាយដោយផ្ទាល់ ព្រោះរដ្ឋធម្មនុញ្ញ​នាពេលនោះ​មិន​អនុញ្ញាត​ឱ្យព្រះមហាក្សត្រកាន់តួនាទីនយោបាយបានឡើយ។

បន្ទាប់ពីបានបង្កើតគណបក្សនយោបាយផ្ទាល់ព្រះអង្គគឺគណបក្សសង្គមរាស្ត្រនិយម ព្រះអង្គ​បានដឹកនាំ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រី ហើយក្រោយពីការយាងសោយទិវង្គតរបស់ព្រះបិតា ព្រះអង្គ​បានកាន់​តំណែង​ជាព្រះប្រមុខរដ្ឋ។ ក្នុងអំឡុងសង្គ្រាមត្រជាក់ ព្រះអង្គបាន​ប្រកាន់ខ្ជាប់​នូវ​គោល​នយោបាយ​អព្យាក្រឹត​ភាព។ ទោះបីជាយ៉ាងណា ព្រះអង្គបានបង្ហាញការប្រឆាំងចំពោះការជ្រៀត​ជ្រែករបស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់អាស៊ីអាគ្នេយ៍ ដែលជាហេតុនាំឱ្យព្រះអង្គងាកទៅរកប្លុកសង្គមនិយមកាន់តែជិតស្និទ្ធ ជាពិសេស​ជាមួយ​សាធារណ​រដ្ឋប្រជាមានិតចិន ខណៈពេលជាមួយគ្នានោះ ព្រះអង្គបាន​ទប់ស្កាត់​ចលនា​កុម្មុយនីស្ត​នៅក្នុង​ប្រទេស​កម្ពុជា​ទៀតផង។

ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ក្នុងព្រះរាជពិធីគ្រងរាជសម្បត្តិ នៅឆ្នាំ១៩៤១ ដោយមានវត្តមានអមព្រះរាជពិធីរបស់លោកឧត្តមនាវីឯក ដេគូ អគ្គទេសាភិបាលបារាំង។ ប្រភព៖ បណ្ណសារអ្នកនិពន្ធ

សម្ដេចព្រះ នរោត្តម សីហនុ ត្រូវបានទម្លាក់ចេញពីតំណែងជាព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ​ទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយ លន់ នល់។ បន្ទាប់មក ព្រះអង្គបានបង្កើតរណសិរ្សតស៊ូ និរទេស​មួយនៅ​ក្នុង​ប្រទេស​ចិន ដោយប្រមូលផ្តុំអ្នករាជានិយម ប្រជាជនដែលមិនប្រកាន់និន្នាការនយោបាយ និងអតីត​គូប្រជែង​កុម្មុយនីស្ត​របស់ព្រះអង្គ គឺក្រុមខ្មែរក្រហម។ ក្រោយមក ក្រុមខ្មែរក្រហមបានឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែ​មេសា ឆ្នាំ១៩៧៥។ បើទោះបីជាព្រះអង្គត្រូវបានទទួលស្គាល់ជាផ្លូវការថាជាព្រះប្រមុខរដ្ឋ ព្រះរាជតួនាទី​របស់​ព្រះ​អង្គ ត្រូវបានកាត់បន្ថយឱ្យនៅសល់ត្រឹមតួនាទីជានិមិត្តរូបតែប៉ុណ្ណោះ។ នៅថ្ងៃទី២ ខែមេសា ឆ្នាំ១៩៧៦ ព្រះអង្គ​បាន​លាលែង​ចេញពីតំណែង ហើយត្រូវបានឃុំឃាំងក្នុងព្រះរាជដំណាក់ ខណៈ​ពេល​ដែល​របប​ខ្មែរក្រហម​បាន​សម្លាប់​ប្រជាជន​កម្ពុជាមួយភាគធំ ព្រមទាំងសមាជិកមួយចំនួននៃព្រះរាជវង្សានុវង្សដែលជិតស្និទ្ធរបស់ព្រះអង្គ និង​សមាជិកនៃព្រះរាជវង្សកម្ពុជា។

នៅចន្លោះខែមីនា ឆ្នាំ១៩៧០ និង​ខែកញ្ញា ឆ្នាំ១៩៩១ ប្រទេសកម្ពុជាបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយ​សារ​តែ​​ការ​​ឈ្លានពានពីបរទេស និងអំពើប្រល័យពូជសាសន៍ដែលប្រព្រឹត្តដោយក្រុមខ្មែរក្រហម ក្រោយ​ពី​ខ្លួន​បាន​ឡើង​កាន់​អំណាច​នៅខែមេសា ឆ្នាំ១៩៧៥។ ក្នុងអំឡុងពេលដ៏សោកនាដកម្មនៃប្រវត្តិសាស្ត្រកម្ពុជានេះ សម្តេចព្រះ នរោត្តម សីហនុ បាននិរទេសទៅប្រទេសចិន (១៩៧០-១៩៧៥)។ បន្ទាប់មក ព្រះអង្គ​បាន​ក្លាយ​ជា​អ្នក​ទោស​នៃ​របប​ខ្មែរក្រហម (១៩៧៦-១៩៧៩) ហើយក្រោយមកទៀត ព្រះអង្គ​បាន​យាង​និរទេស​ជាលើក​ទីពីរ​ទៅ​គង់​នៅ​ប្រទេស​ចិន (១៩៧៩-១៩៩១)។ ចាប់ពីពេលនោះ ព្រះអង្គបានដឹកនាំចលនាតស៊ូរបស់កម្ពុជា និងខិតខំ​លើក​កម្ពស់​ការវិលត្រឡប់នៃសន្តិភាពមកកាន់ប្រទេសកម្ពុជា។

លោក ហ្សាល ដឺ ហ្គោល លោកស្រី អ៊ីវ៉ូន ដឺ ហ្គោល សម្តេចព្រះមហេសី នរោត្តម ម៉ូនីគ សីហនុ និងសម្ដេចព្រះ នរោត្តម សីហនុ។ រូបថត៖ បណ្ណសារព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ, មជ្ឈមណ្ឌលឯកសារកម្ពុជា

បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅខែតុលា ឆ្នាំ១៩៩១ ព្រះអង្គបានយាងនិ​វត្តន៍​មក​ប្រទេសកម្ពុជាវិញ និងបានយាងឡើងកាន់ព្រះរាជតួនាទីជាព្រះមហាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញឡើងវិញ នៅ​ថ្ងៃ​ទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ ព្រះអង្គបានដាក់រាជ្យនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤។

សម្ដេចព្រះ នរោត្តម សីហនុ ត្រូវបានចាត់ទុកថាជាស្ថាបនិកមួយព្រះអង្គក្នុងចំណោមស្ថាបនិកនៃហ្វ្រង់កូហ្វូ​នី រួម​ជាមួយ​ប្រធានាធិបតី ឡេអូប៉ូល សេដារ សេងហ្គ័រ នៃប្រទេសសេណេហ្គាល់ ប្រធានាធិបតី ហាម៉ានី ឌីអូរី នៃ​ប្រទេសនីហ្សេ និងប្រធានាធិបតី ហាប៊ីប ប៊ួរហ្គីបា នៃប្រទេសទុយនេស៊ី។

ភាសាទំនាក់ទំនង

គោលគំនិត​នៃការប្រើប្រាស់ភាសាបារាំងជាឧបករណ៍នយោបាយ និងពាណិជ្ជកម្ម មានដើម​កំណើត​តាំងពី​យុគ​សម័យ​​កណ្តាលនៅប្រទេសបារាំង ប៉ុន្តែពាក្យនេះត្រូវ​បាន​ប្រើប្រាស់ជាទូទៅ ពីសំណាក់ប្រមុខ​រដ្ឋ​ដែល​មិនមែន​ជា​ជនជាតិ​បារាំង។ ការវិវឌ្ឍន៍នេះបាននាំទៅដល់ការបង្កើត «អង្គការ​ហ្វ្រង់កូហ្វូនី» ដែល​បាន​ក្លាយជា​ក្រប​ខណ្ឌ​ការ​ទូត​សម្រាប់កិច្ចសន្ទនាលើបញ្ហាសិទ្ធិមនុស្ស ការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងការអប់រំ​ជាដើម។​

ភាសាបារាំងធ្លាប់ជាភាសាទំនាក់ទំនង​របស់អភិជន​​នៅប្រទេសអង់គ្លេស ហើយបានដើរ​តួនាទីជាភាសា​ទំនាក់​ទំនង នៅក្នុងពិព័រណ៍ពាណិជ្ជកម្មតំបន់សាំប៉ាញ ភាគឦសាននៃប្រទេសបារាំង ក្នុងអំឡុងសតវត្សរ៍ទី១២ និង​ទី​១៣ ដោយភ្ជាប់បណ្តាញ​ពាណិជ្ជកម្មនៅអឺរ៉ុបខាងជើងជាមួយតំបន់សមុទ្រមេឌីទែរ៉ាណេ។ ទោះបីជាយ៉ាងណា នៅ​ឆ្នាំ​១៥៣៩ មានព្រះរាជក្រឹត្យ វីឡែរ-កូត្រេ ដែលប្រកាសដោយព្រះបាទ ហ្វ្រង់ស្វ័រទី១ ដោយភាសា​បារាំង​ត្រូវ​បាន​ប្រើប្រាស់​​ជាភាសាផ្លូវការនៃប្រព័ន្ធតុលាការ និងរដ្ឋបាល ដោយជំនួសភាសាឡាតាំង។

វិទ្យាល័យឆាសេលូប-ឡូបា នៅទីក្រុងព្រៃនគរ រូបថត៖ បណ្ណសារអ្នកនិពន្ធ

អ្នកភូមិសាស្ត្រជនជាតិបារាំង លោក អូណេស៊ីម រ៉កក្លីស បានបង្កើតពាក្យ “ហ្វ្រង់កូហ្វូនី” នេះឡើង នៅឆ្នាំ១៨៨០ ដើម្បី​សំដៅលើអ្នកដែលនិយាយភាសាបារាំង។ ទោះបីជាយ៉ាងណា ពាក្យ​នេះត្រូវ​បានបោះបង់​មិន​សូវ​ប្រើប្រាស់​អស់​មួយ​រយៈ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៦០។

“Francophonization” ការធ្វើឱ្យប្រជាជននិយាយភាសាបារាំង ឬ ហៅថាហ្វ្រង់កូហ្វូនីយកម្ម​មិនមែន​ជាគោល​បំណង​ចម្បង​នៃអាណានិគមបារាំងនោះទេ។ ប្រទេសកាណាដា រួមជាមួយប្រទេសជាច្រើននៅអាហ្វ្រិក និង​ពិភព​អារ៉ាប់ បាននាំយកទស្សនទាននេះមកលើកកម្ពស់ឡើងវិញ ដោយភ្ជាប់ពាក្យ​នេះ​ទៅនឹងគោល​បំណង​បញ្ជាក់​អត្ត​សញ្ញាណ​វប្បធម៌ ដូចជានៅតំបន់កេបិក ឬភ្ជាប់ទៅនឹងដំណើរការដោះស្រាយពីអាណានិគម ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាច្រើន​ប្រើប្រាស់​ភាសាបារាំងជាភាសាផ្លូវការ ហើយជួយសម្រួលដល់ការផ្លាស់ប្តូរ និងកិច្ច​សហប្រតិបត្តិ​ការ​រវាង​អ្នកនិយាយភាសាបារាំងនៅតំបន់ផ្សេង​ៗគ្នានៃពិភពលោក។

ប្រទេសកម្ពុជាបានចាប់ផ្តើមស្គាល់ភាសាបារាំងនៅក្នុងរយៈពេលដែលយឺតជាងប្រទេសជាច្រើន។ ទំនាក់​ទំនង​ប្រកប​​ដោយ​​និរន្តរភាពជាមួយប្រទេសបារាំង មិនបានបង្កើតឡើងទេ រហូតដល់ពាក់កណ្តាលសតវត្សរ៍ទី១៩ ហើយ​​មានតែនៅក្នុងអំឡុងពេលអាណាព្យាបាលបារាំងតែប៉ុណ្ណោះ ដែល​ភាសា​បារាំង​បាន​ជ្រៀត​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ពិតប្រាកដ។

ភាសាខ្មែរមានអក្ខរក្រមរបស់ខ្លួនតាំងពីយូរលង់ណាស់មកហើយ។ អក្សរសិល្ប៍ខ្មែរមានភាពសម្បូរបែប បើទោះ​បីជា​ស្ថិតនៅក្នុងវិស័យដែលឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមខ្មែរនាពេលនោះ ដូចជា៖ ព្រះគម្ពីរសាសនា រឿង​ព្រេង អក្សរសិល្ប៍ និងកំណាព្យក៏ដោយ។ តាមរយៈភាសាបារាំង ប្រជាជន​ខ្មែរ​អាច​ទទួល​បាន​នូវ​ការ​សិក្សា​ស្រាវ​ជ្រាវ​យ៉ាងទូលំទូលាយលើវិស័យអក្សរសាស្ត្រ ព្រមទាំងវិស័យវិទ្យាសាស្ត្រ និងបច្ចេកទេសភ្លាមៗ។ ការ​បង្រៀន​ភាសា​បារាំង​ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធី​សិក្សា​កម្រិត​​បឋមសិក្សា ហើយភាសា​បារាំង​បានក្លាយ​ជា​ភាសា​នៃការ​អប់រំ​ទាំងមូលនៅកម្រិតមធ្យមសិក្សា។ តាមរយៈដំណើរការនេះ កត្តាដែលនាំទៅកាន់ចំណេះដឹងទំនើប​ត្រូវបាន​បើក​ចំហរ​សម្រាប់បញ្ញវន្តខ្មែរដែលមានសមត្ថភាពប្រើប្រាស់ទាំងភាសាខ្មែរ និងភាសាបារាំងដ៏ទូលំទូលាយ។

ព្រះអង្គម្ចាស់ នរោត្តម សីហនុ បានបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សា នៅវិទ្យាល័យសាស់​លូប-ឡូបា ក្នុង​ទីក្រុង​ព្រៃ​នគរ (បច្ចុប្បន្នគឺជាវិទ្យាល័យឡេខាយដន នៅទីក្រុងហូជីមិញ)។ មូលហេតុ​ដែល​ព្រះអង្គ​ត្រូវ​បាន​បញ្ជូន​ទៅ​សិក្សា​នៅទីនោះ គឺដោយសារសម្ដេចព្រះមហាក្សត្រី ស៊ីសុវត្ថិ កុសមៈ ដែលជាព្រះមាតារបស់ព្រះអង្គ ជឿជាក់ថា មាន​តែ​ជនជាតិខ្មែរដែលមានចំណេះដឹងភាសាបារាំងរឹងមាំតែប៉ុណ្ណោះ ទើបអាចស្វែងរកតួនាទី និងឈរជើង​ក្នុង​រដ្ឋ​បាល​​អាណានិគមបាន។

វិទ្យាល័យសាស់លូប-ឡូបា គឺជាស្ថាប័នអប់រំដ៏ឆ្នើមមួយ ដែលត្រូវបានស្ថាបនាឡើងដោយប្រទេសបារាំង។ ចាប់​តាំង​ពី​ឆ្នាំ១៨៧៤មកម្ល៉េះ​ វិទ្យាល័យនេះបានទទួលសិស្សប្រុស និងស្រីជាង ២,០០០ នាក់ នៅក្នុង​បរិយាកាស​ប្រកប​ដោយ​​ភាព​ស្រស់បំព្រង និងពោរពេញដោយធម្មជាតិ។ បុគ្គលិក​អប់រំ​របស់​វិទ្យាល័យ​នេះ​មាន​គុណភាព​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់ និងមានកម្រិតស្មើនឹងស្ថាប័នអប់រំល្បីៗនៅទីក្រុងប៉ារីស។ ព្រះអង្គម្ចាស់ នរោត្តម សីហនុ គឺ​ជា​សិស្ស​ជំនាន់ឆ្នាំ១៩៤១ ដែលជាឆ្នាំដូចគ្នានឹងពេលដែលព្រះអង្គបានយាងឡើងគ្រងរាជសម្បត្តិ។

នៅឆ្នាំ១៩៦២ ព្រះអង្គបានមានព្រះរាជបន្ទូលអំពីបទពិសោធន៍សិក្សា នៅវិទ្យាល័យសាស់លូប-ឡូបា ដូចតទៅ៖ «សម្រាប់​ខ្ញុំ ការនិយាយអំពីតួនាទីរបស់ភាសាបារាំងក្នុងការអប់រំរបស់ខ្ញុំ តើខ្ញុំគួរទទួលស្គាល់ដែរឬទេ? ខ្ញុំ​មិន​មែន​​​ជាបញ្ញវន្តនោះទេ។ ខ្ញុំកំពុងត្រៀមប្រឡងបាក់ឌុបកម្រិតទីមួយ នៅពេលដែលការសោយទិវង្គតនៃព្រះករុណា ព្រះ​បាទ ស៊ីសុវត្ថិ មុនីវង្ស ​ដែលជាព្រះអយ្យកោរបស់ខ្ញុំ និងជាទីគោរពស្រឡាញ់របស់ខ្ញុំ បាន​ដក​ខ្ញុំ​ចេញ​ពី​កៅអី​សិក្សា​នៅវិទ្យាល័យសាស់លូប-ឡូបា ក្នុងទីក្រុងព្រៃនគរ ឱ្យមកឡើងគ្រងរាជសម្បត្តិ។ ខ្ញុំគឺជា​សិស្ស​ដែល​មាន​លទ្ធផល​ល្អក្នុង​ភាសាឡាតាំង និងភាសាក្រិក ហើយមានកម្រិតល្អមធ្យមក្នុងភាសាបារាំង។ ខ្ញុំត្រូវតែ​ពេញចិត្ត​ជាមួយ​នឹង​ចំណេះដឹងដ៏តិចតួចនេះ។ ចាប់តាំងពីពេលនោះមក ខ្ញុំបានអភិវឌ្ឍន៍ខ្លួនឯងតាមរយៈ ការអាន ការស្តាប់ ការ​និយាយ និងការសរសេរ»។

ព្រះអង្គបានមានព្រះរាជបន្ទូលបន្ថែមថា៖ «ដោយសារខ្ញុំបានសរសេរជាភាសាបារាំង។ ជាការពិត ខ្ញុំ​មិន​បាន​សរសេរ​​សៀវភៅដ៏អស្ចារ្យណាមួយទេ ព្រោះខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់ ហើយ​ប្រហែល​ជា​ខ្ញុំគ្មាន​ទេព​កោសល្យ ដែលជាកត្តាសម្រេចចិត្តលើគ្រប់រឿងនោះឡើយ។ ប៉ុន្តែខ្ញុំបានសរសេរអត្ថបទជាច្រើន ដែល​ត្រូវ​បាន​ចុះផ្សាយ​នៅក្នុងសារព័ត៌មាននៃប្រទេសរបស់ខ្ញុំ ហើយម្តងម្កាលនៅក្នុងកាសែត និងទស្សនាវដ្តីនៅបរទេស។ តាម​រយៈ​នោះ ខ្ញុំអាចពន្យល់ពីតួនាទីនៃរបបរាជានិយមខ្មែររបស់យើង ដែលច្រើនតែត្រូវបានយល់ខុស និង​លើក​ឡើង​ពី​បញ្ហា​ជាតិធំៗដោយមានសេរីភាព ដែលជារឿយៗ បាននាំឱ្យខ្ញុំជួបការលំបាក ប៉ុន្តែបាននាំមកនូវការគាំទ្រ និង​ការស្រឡាញ់ដ៏មានតម្លៃ។ លើសពីនេះ ដូច​ដែល​អ្នកអាន​របស់​ខ្ញុំអាច​មើលឃើញ អត្ថបទគឺជាសំណេរបែប​អ្នក​សារព័ត៌មាន​ជាងបែបអ្នកការទូត ដែល​ខ្ញុំបាន​បង្ហាញ​នូវ​សក្ខីកម្ម​របស់​ខ្ញុំ​ក្នុងនាមជាមិត្តដ៏ស្មោះត្រង់ម្នាក់របស់ភាសា​បារាំង និងប្រទេសបារាំង»។

បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យនៅខែវិច្ឆិកា ឆ្នាំ១៩៥៣ សម្ដេចព្រះ នរោត្តម សីហនុ បាន​បង្កើត​វិទ្យាល័យ និងសាកលវិទ្យាល័យជាច្រើន ដែលភាសាបារាំងបានដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការបង្រៀន​។ ស្របពេល​ជាមួយគ្នានោះ នៅក្នុងវិស័យសារព័ត៌មាន ព្រះប្រមុខរដ្ឋបានបង្កើតទស្សនាវដ្តី និង​កាសែត​ជាច្រើន​ដូចជា​​កម្ពុជា (Cambodge) , ការពិតកម្ពុជា (Réalités Cambodgiennes), សង្គម (le Sangkum) និង កម្ពុជា (Kambuja) ដែលសុទ្ធសឹងតែបោះពុម្ពផ្សាយជាភាសាបារាំង។

សម្ដេចព្រះ នរោត្តម សីហនុ ស្ថិតក្នុងចំណោមឥស្សរជន​ដំបូង ដែលបានយល់ឃើញពីសារសំខាន់នៃការបង្កើត​ស្ថាប័ន​​មួយសម្រាប់ប្រទេសនិយាយភាសាបារាំង។ ក្នុងនាមព្រះអង្គដែលស្រឡាញ់ភាសាបារាំង និងវប្បធម៌​បារាំង ព្រះអង្គ​​បានរួមចំណែកផ្តល់ឱ្យសហគមន៍និយាយភាសាបារាំង (ហ្វ្រង់កូហ្វូនី) នូវសមាសភាគអាស៊ី បើគ្មាន​សមាស​​ធាតុនេះទេ សហគមន៍ហ្វ្រង់កូហ្វូនីអាច​លំបាកទទួលបាន​នូវភាព​ជាសកលរបស់ខ្លួន។

នៅឆ្នាំ១៩៦០ ប្រទេសប្រើប្រាស់ភាសាបារាំងមួយចំនួនបានរួមគ្នាបង្កើតសន្និសីទរដ្ឋមន្ត្រីអប់រំនៃរដ្ឋ និងរដ្ឋាភិបាល​ប្រើ​​ប្រាស់ភាសាបារាំង (CONFEMEN) ហើយ​បន្ទាប់មក នៅឆ្នាំ១៩៦១ បានបង្កើត សមាគម​សាកល​វិទ្យាល័យ​ប្រើប្រាស់​ភាសាបារាំងទាំងស្រុង ឬមួយផ្នែក (AUPELF)។

សម្ដេចព្រះ នរោត្តម សីហនុ និងលោក ហ្សាល ដឺ ហ្គោល ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំងមកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែកញ្ញា ឆ្នាំ១៩៦៦។ រូបថត៖ បណ្ណសារអ្នកនិពន្ធ

នៅខែវិច្ឆិកា ឆ្នាំ១៩៦២ ទស្សនាវដ្តីបារាំងអេសប្រ៊ី (ESPRIT) បានចេញផ្សាយលេខពិសេសមួយ ស្តីពីភាសា និង​វប្បធម៌​បារាំង ក្រោមចំណងជើងថា «ភាសាបារាំង៖ ភាសាដែលមានជីវិត»។

នៅក្នុងលេខពិសេសនៃទស្សនាវដ្តីអេសប្រ៊ី អត្ថបទជាច្រើនត្រូវបាន​​និពន្ធឡើង​ដោយ​ស្ថាបនិកមួយចំនួន​​នៃ​អង្គការ​​​ហ្វ្រង់កូហ្វូនី ដូចជា៖ ប្រធានាធិបតី ឡេអូប៉ូល សេដារ សេងហ្គ័រ សម្ដេចព្រះ នរោត្តម សីហនុ ព្រម​ទាំង​អ្នក​និពន្ធ អ្នកការទូត និងបញ្ញវន្តជាច្រើនទៀតមកពីប្រទេសបារាំង កាណាដា អាហ្វ្រិក និង​តំបន់​ផ្សេងៗ។

យោងតាមប្រធានាធិបតី សេងហ្គ័រ ពាក្យ «ហ្វ្រង់កូហ្វូនី» គឺជា៖ «គោលការណ៍មនុស្សធម៌ប្រមូលផ្តុំមួយ​ ដែល​ចាក់​ស្រេះ​នៅពាសពេញភព​ផែនដី​។ ហ្វ្រង់កូហ្វូនី គឺជាការរួមបញ្ចូលគ្នានៃការពឹងផ្អែក​គ្នាទៅវិញទៅមក ពីគ្រប់ទ្វីប និង​ពីគ្រប់ជាតិសាសន៍ ដែលត្រូវបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក»។

សម្តេចព្រះ នរោត្តម សីហនុ បានមានព្រះរាជបន្ទូលថា៖ «ជាងនេះទៅទៀត មជ្ឈដ្ឋាន​បញ្ញវន្ត​មិន​មែន​មិន​ដឹងទេ នៅក្នុង​អ្វីដែល​​ទស្សនាវដ្តីអេសប្រ៊ីបាន​ផ្សព្វ​ផ្សាយ ដែល​ថាប្រទេសកម្ពុជា​មាន​តួនាទី​ប្រកបដោយ​កិត្តិយស​​មួយ​ក្នុង​ចំណោម​បណ្តាប្រទេសដែលនិយាយភាសាបារាំង ហើយកម្ពុជាអាចក្លាយជា (ជម្រក​) នៃវប្បធម៌បារាំងនៅអាស៊ី ប្រសិន​បើប្រទេសបារាំងចង់បាន និងយល់ព្រមលះបង់ការលំបាកបន្តិចបន្តួចដែលចាំបាច់សម្រាប់រឿងនេះ»។

ព្រះអង្គមានបន្ទូលបន្ថែមទៀតថា៖ «សព្វថ្ងៃនេះ ឥទ្ធិពលរបស់​ប្រទេសមួយ មានទំនាក់ទំនង​យ៉ាងជិត​ស្និទ្ធ​ទៅ​នឹង​ឥទ្ធិពល​វប្បធម៌របស់ខ្លួន។ ដោយឈរ​លើ​ទស្សននេះហើយ​ ទើប​ប្រទេស​បារាំងបន្ត​មាន​វត្តមាន​យ៉ាង​ខ្លាំងក្លា​នៅ​កម្ពុជា ដែលបញ្ញវន្តទាំងមូល​បាន​ប្រើប្រាស់​ភាសារបស់ ប៉ាស្កាល់ (Pascal) ប្រកប​ដោយក្តីស្រឡាញ់ និង​មោទក​ភាព ហើយជាកន្លែងដែលសិស្សានុសិស្ស បឋមសិក្សា សិស្សអនុវិទ្យាល័យ និង​សិស្ស​វិទ្យាល័យ​របស់​យើង ​មាន​ចំនួន​​ច្រើន​ជាង​សម័យ​អាណាព្យាបាល​ដល់​ទៅ​ដប់​ដង​ ដែល​​ចេះភាសាបារាំង»។

សម្ដេចព្រះប្រមុខរដ្ឋកម្ពុជា បាននាំប្រទេសកម្ពុជាចូលទៅក្នុងហ្វ្រង់កូហ្វូនី ចាប់តាំងពីឆ្នាំ១៩៦២មកម្ល៉េះ​ ដែល​នៅ​ពេល​នោះ ព្រះអង្គបានចុះហត្ថលេខារួមគ្នា​លើសេចក្តីអំពាវនាវមួយឱ្យ​ប្រមូលផ្តុំបណ្ដាប្រទេសដែលត្រូវ​បានស្គាល់​ថាជា​ «ប្រទេសនិយាយភាសាបារាំង»។ បុគ្គលសំខាន់ៗនៃហ្វ្រង់កូហ្វូនី រួមមាន៖ ប្រធានាធិបតី ឡេអូប៉ូល សេដារ សេងហ្គ័រ នៃប្រទេសសេណេហ្គាល់ ប្រធានាធិបតី ហាប៊ីប ប៊ួរហ្គីបា នៃប្រទេសទុយនេស៊ី និងប្រធានាធិបតី ហាម៉ានី ឌីអូរី នៃប្រទេសនីហ្សេ បានចូលរួមជាមួយកម្ពុជាក្នុងគំនិតផ្តួចផ្តើមនេះ។

ប្រទេសកម្ពុជា និងប្រទេសសេណេហ្គាល់ បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៦៩ ហើយ​កម្ពុជា​បាន​បើក​ស្ថានទូតរបស់ខ្លួន​នៅក្នុង​ទីក្រុងដាការ ដោយបាន​តែងតាំងលោក ចាន់ យូរ៉ាន់ អតីត​ប្រធាន​លេខា​ធិការ​ដ្ឋាន​របស់សម្តេចព្រះប្រមុខរដ្ឋ​ នរោត្តម សីហនុ ឱ្យ​ធ្វើ​ជាឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​សេណេហ្គាល់ ​ជាលើក​ដំបូង។ លោកបានបំពេញបេសកកម្មការទូតដ៏សំខាន់មួយសម្រាប់កម្ពុជា នៅក្នុងបណ្ដាប្រទេស​និយាយភាសា​បារាំង នៅទ្វីបអាហ្វ្រិក​។ បន្ថែមពីនេះ លោកត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំប្រទេសនីហ្សេ កុងហ្គោ ម៉ូរីតានី និងម៉ាលី។

សម្ដេចព្រះ នរោត្តម សីហនុ និងប្រធានាធិបតី សេងហ្គ័រ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ។ ក្រោយរដ្ឋប្រហារខែមីនា ឆ្នាំ១៩៧០ នៅកម្ពុជា ប្រទេសសេណេហ្គាល់នៅតែបន្តទទួលស្គាល់ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជា​ព្រះ​ប្រមុខ​រដ្ឋស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចព្រះ នរោត្តម សីហនុ និងប្រធានាធិបតីបារាំង វ៉ាឡេរី ហ្សីស្ការ ដេស្តាំង នៅព្រះបរមរាជរាំង អេលីហ្សេ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៧៩។ រូបថត៖ បណ្ណសារអ្នកនិពន្ធ

នៅក្នុងខែវិច្ឆិកា ឆ្នាំ១៩៦៩ ប្រធានាធិបតី ហាម៉ានី ឌីអូរី នៃប្រទេសនីហ្សេ បាន​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវរដ្ឋ​នៅព្រះរាជាណាចក្រកម្ពុជា។ ទស្សនកិច្ចនេះ គឺជាទស្សនកិច្ចផ្លូវរដ្ឋកម្រិតខ្ពស់ចុងក្រោយបង្អស់ និងជា​ពិធី​ទទួល​ភ្ញៀវ​ផ្លូវការចុងក្រោយបង្អស់ដែលរៀបចំឡើងនៅកម្ពុជា មុនរដ្ឋប្រហារខែមីនា ឆ្នាំ១៩៧០ ដែល​ដឹកនាំដោយ លន់ នល់។

ប្រធានាធិបតី ហាម៉ានី ឌីអូរី និងសម្ដេចព្រះ នរោត្តម សីហនុ មានទំនាក់ទំនងការទូតយ៉ាងជិតស្និទ្ធ ជា​ពិសេស​ពាក់​ព័ន្ធនឹងការលើកកម្ពស់ភាសាបារាំង និងការបង្កើត​ចលនាហ្វ្រង់កូហ្វូនី។

នៅក្នុងសុន្ទរកនៃពិធីជប់លៀងផ្លូវការមួយ​ ប្រធានាធិបតី ឌីអូរី បាន​ថ្លែង​អំពី​គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកមកកាន់កម្ពុជាថា៖ «ព្រះអង្គម្ចាស់, សាធារណរដ្ឋនីហ្សេ សូម​ក្រាប​បង្គំ​ថ្វាយ​បង្គំ​ដោយ​សេចក្ដី​គោរព​ដ៏ជ្រាល​ជ្រៅ​បំផុត ចំពោះភាពក្លាហានយ៉ាងជ្រាលជ្រៅមុតមាំរបស់ប្រទេសកម្ពុជា។ វត្តមានរបស់លោកនៅទីនេះ គឺ​ជាភស្តុតាងនៃមហិច្ឆតាធំជាងនេះ ពោលគឺជាការបង្កើតគ្រួសារនៃភាសាមួយដែលឆ្លងកាត់ទ្វីបនានា មិនមែនដើម្បី​ងាកទៅរកអតីតកាលអាណានិគមនោះទេ ប៉ុន្តែដើម្បីកសាងសម្ព័ន្ធភាពដ៏រឹងមាំមួយ ដែលផ្អែកលើវឌ្ឍនភាពរួម ទាំង​ផ្នែកបច្ចេកទេស វប្បធម៌ និងនយោបាយ។ យើងសូមកោតសរសើរចំពោះការប្តេជ្ញាចិត្តដ៏ក្លាហានរបស់កម្ពុជា ចំពោះ​គោលនយោបាយភាពអព្យាក្រឹត។ ព្រះអង្គម្ចាស់​បានបង្ហាញឱ្យ​ឃើញ​ថា ប្រទេសមួយអាច​រក្សាសន្តិភាព និង​អភិវឌ្ឍន៍សង្គមរបស់ខ្លួនបាន ដោយ​មិនចាំបាច់​លះបង់​អត្តសញ្ញាណ​របស់ខ្លួន​ទៅឱ្យតំបន់​មនោគមវិជ្ជា​ណា​មួយ​ឡើយ​។ ប្រទេសនីហ្សេ នឹង​បន្ត​ឈរជាមួយ​កម្ពុជា​ ដើម្បី​កសាងសហគមន៍សកលថ្មីមួយ​នៃ​ហ្វ្រង់កូហ្វូនីនេះតែ​ម្តង»។​

ស្មារតីនេះហើយដែលសន្ធិសញ្ញាទីក្រុងនីយ៉ាម៉េ (ប្រទេសនីហ្សេ) ស្តីពី​ការ​បង្កើតទីភ្នាក់ងារ​សហ​ប្រតិបត្តិ​ការ​វប្បធម៌ និងបច្ចេកទេស ត្រូវបានចុះហត្ថលេខា កាលពីខែមីនា ឆ្នាំ១៩៧០។

ជាអកុសល ប្រទេសកម្ពុជាមិនបានចុះហត្ថលេខាជាផ្លូវការលើសន្ធិសញ្ញាក្រុងនីយ៉ាមេ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ​១៩៧០ នោះឡើយ។ ទោះបីជាសម្តេច ព្រះនរោត្តម សីហនុ ត្រូវ​បាន​ទទួល​ស្គាល់​ជាឯកច្ឆន្ទ​ដោយ​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី(OIF)ថាជា «បិតាស្ថាបនិក» មួយអង្គក្នុងចំណោមបិតាស្ថាបនិកទាំងបួនរូប (ដោយសារ​ព្រះរាជ​សកម្មភាព និងព្រះរាជបេសកកម្មយ៉ាងសកម្មរបស់ព្រះអង្គពេញមួយទសវត្សរ៍ ឆ្នាំ១៩៦០ ព្រមទាំង​កិច្ច​ព្រម​ព្រៀង​ដែលព្រះអង្គបានប្រគល់ជូនលោក ហាម៉ានី ឌីយូរី នាខែវិច្ឆិកា ឆ្នាំ១៩៦៩) ព្រះរាជា​ណា​ចក្រ​កម្ពុជា​មិន​បាន​ចូលរួមជាសមាជិកស្ថាបនិកនៃអង្គការនេះក្នុងខែមីនា ឆ្នាំ១៩៧០ ដោយសារតែ រដ្ឋប្រហារ។ ប្រទេស​កម្ពុជា​មិនបានចូលជាសមាជិកផ្លូវការនៃចលនាហ្វ្រង់កូហ្វូនី រហូតដល់​​​ឆ្នាំ១៩៩១ (ក្នុងនាមជាអ្នកសង្កេតការណ៍) និង​បន្ទាប់​មកនៅក្នុងឆ្នាំ១៩៩៣ (ក្នុងនាមជាសមាជិកពេញសិទ្ធិ) បន្ទាប់ពី​កិច្ចព្រម​ព្រៀង​សន្តិភាព​ត្រូវ​បាន​ចុះ​ហត្ថលេខា និងការយាងត្រឡប់មកវិញរបស់សម្តេចព្រះ នរោត្តម សីហនុ ក្នុងព្រះរាជតួនា​ទីជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ជាន់ខ្ពស់។

នៅឆ្នាំ១៩៩៧ ហ្វ្រង់កូហ្វូនី ត្រូវបានបម្លែងទៅជាទីភ្នាក់ងារអន្តររដ្ឋាភិបាលហ្វ្រង់កូហ្វូនី។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ កិច្ចសហប្រតិបត្តិការផ្នែកឧត្តមសិក្សាបានរីកចម្រើន រហូតក្លាយជាទីភ្នាក់ងារសាកលវិទ្យាល័យហ្វ្រង់កូហ្វូនី ដែល​សព្វ​ថ្ងៃ​ប្រមូលផ្តុំសាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវចំនួន ៥២៦ នៅគ្រប់ទ្វីបទាំងអស់។

ជាមួយនឹងការបញ្ចប់អាណានិគម ប្រមុខរដ្ឋនៃបណ្តាប្រទេសទើបទទួលឯករាជ្យថ្មីៗទាំងនោះ បានអភិវឌ្ឍន៍ ចក្ខុ​វិស័យ​យ៉ាងច្បាស់លាស់ និងទាន់សម័យអំពីតម្រូវការក្នុងការបន្ត និងពង្រឹងទំនាក់ទំនងឡើងវិញរវាងគ្នានិងគ្នា តាម​រយៈភាសារួមនេះ ដោយក្នុងនោះ ការបង្កើតទីផ្សាររួម ត្រូវ​បាន​គ្រោងទុកជាគម្រោងស្រាប់ទៅហើយ។

ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាមួយប្រធានាធិបតី ហ្សាក់ ស៊ីរ៉ាក់ និងលោកជំទាវក្នុងឱកាសចាប់ផ្តើមព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសបារាំង នៅថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៩៦។ រូបថត៖ ដោយមានការអនុញ្ញាតពីខុទ្ទកាល័យសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា។

ការទម្លាក់ ព្រះអង្គម្ចាស់​ នរោត្តម សីហនុ ចេញពីតំណែងនៅខែមីនា ឆ្នាំ១៩៧០ បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ទៅក្នុងសោកនាដកម្មមួយ ដែលរហូតមកដល់សព្វថ្ងៃ ប្រទេស​ជាតិ​នៅតែ​កំពុង​ស្តារ​ខ្លួន​ពី​ផល​វិបាក​ទាំង​នោះ។ សង្គ្រាមក្នុងអំឡុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ បាន​នាំ​មក​នូវវត្តមាន​យ៉ាងច្រើន​នៃបណ្តាប្រទេស​និយាយ​ភាសា​អង់គ្លេស (អង់គ្លូ-សាក់សុង) មកកាន់រាជធានីភ្នំពេញ ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី និង​នូវែល​សេ​ឡង់…ជាដើម។ វត្តមាននេះបានធ្វើឱ្យភាសាអង់គ្លេសត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យរដ្ឋបាល យោធា សេដ្ឋកិច្ច និងអប់រំ ដែលជាហេតុនាំឱ្យឥទ្ធិពលនៃការប្រើប្រាស់ភាសាបារាំងមានការធ្លាក់ចុះ។

នៅពេលព្រះអង្គប្រកាសនៅឆ្នាំ១៩៧៦ ថា ទ្រង់​លាលែង​ពី​ព្រះរាជ​តួនាទី​ជា​ព្រះ​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិប​តេយ្យ ដែលទើបត្រូវបានបង្កើតឡើង ទ្រង់បានអានសេចក្តីថ្លែងការណ៍របស់ព្រះអង្គជាភាសាបារាំង តាម​វិទ្យុ​ភ្នំពេញ​។

បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ ហ្វ្រង់កូហ្វូនី បាន​ទទួល​មក​វិញ​នូវ​ឥទ្ធិពល​មួយផ្នែកដែលខ្លួនបានបាត់បង់នៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យអប់រំ។ នៅខែកុម្ភៈ ឆ្នាំ​១៩៩៣ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានទទួលបដិសណ្ឋារកិច្ច​ ប្រធានាធិបតីបារាំង ហ្វ្រង់ស័រ មីតឺរ៉ង់ ដែលជាប្រមុខរដ្ឋបារាំងដំបូងគេបង្អស់មកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់តាំង​ពីដំណើរ​ទស្សន​កិច្ច​ជាប្រវត្តិសាស្ត្ររបស់លោកប្រធានាធិបតី ហ្សាល ដឺ ហ្គោល កាលពីឆ្នាំ១៩៦៦។

ចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ភាសា​បារាំង​ពុំមែន​គ្រាន់​តែ​ជា​ភាសា​របស់​អាណានិគម​បារាំង​ប៉ុណ្ណោះទេ។ នៅក្នុងសម័យកាលនោះ ភាសាបារាំង​គឺជាភាសាមួយ​ដែលត្រូវ​បានប្រើប្រាស់​យ៉ាងទូលំ​ទូលាយ​ក្នុងវិស័យការទូត ពាណិជ្ជកម្ម ការជួញដូរអន្តរជាតិ និងវប្បធម៌។ ដូច្នេះ ទំនាក់ទំនង​របស់​ព្រះអង្គ​ជាមួយ​ប្រទេស​បារាំង និងប្រជាជនបារាំង បានបង្ហាញឱ្យឃើញនូវការយល់ដឹងយ៉ាងច្បាស់ថា បើទោះបីជា​ព្រះអង្គ​មាន​ព្រះរាជ​បំណងចង់ឱ្យកម្ពុជាទទួលបានឯករាជ្យពីបារាំងក៏ដោយ​ ព្រះអង្គ​នៅតែ​ទ្រង់ជ្រាប​អំពី​តួនាទី​ដ៏​សំខាន់​ដែល​ភាសា និងវប្បធម៌បារាំង អាចរួមចំណែកដល់ការកសាងឯករាជ្យរបស់ប្រទេសកម្ពុជា។

សម្រាប់មនុស្សមួយចំនួន ទស្សននេះអាចត្រូវបានយល់ថាជាភាពផ្ទុយគ្នា ឬជាភាពប៉ះទង្គិចក្នុងគោលជំហរ ប៉ុន្តែ​តាម​ពិតទៅ មេដឹកនាំកម្ពុជាបានពិចារណាយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះរួចជាស្រេច ដូច​ដែល​ព្រះអង្គ​បាន​មាន​ព្រះរាជបន្ទូលប្រាប់លោក ហ្សង់ ឡាគូទួរ ក្នុងកាសែត ឡឺ ម៉ុង ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៤ ថា៖ «ប្រសិន​បើខ្ញុំ​បាន​ធ្វើដំណើរទៅទីក្រុងប៉ារីស នោះគឺដើម្បីថ្លែងអំណរគុណដល់ជនជាតិបារាំងចំពោះអ្វីដែល​បារាំង​បាន​ធ្វើ​សម្រាប់ប្រទេសកម្ពុជា ជាពិសេសក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រសិនបើគ្មានប្រទេសបារាំង និង​នយោបាយ​ដ៏ឈ្លាសវៃរបស់ខ្លួននោះទេ ការខកចិត្តដែលយើងបានទទួលពីសហរដ្ឋអាមេរិក ហើយ​សូម្បី​តែ​ពី​ចក្រ​ភព​អង់គ្លេសនោះ (ដែលប្រពៃណីនៃភាពប្រាកដនិយមហាក់ដូចជាកំពុងសាបសូន្យទៅ) មុខជានឹងធ្វើឱ្យយើង និង​ពិភព​លោកសេរីឃ្លាតឆ្ងាយពីគ្នាយ៉ាងខ្លាំង។ ប្រទេសបារាំងនេះ​ហើយដែលធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មិន​បាន​ងាក​ទៅ​​រកប្លុកសង្គមនិយម ហើយនៅតែអាចប្រកាសខ្លួនថាជាប្រទេសអព្យាក្រឹតបាន»។

សូម្បីតែបន្ទាប់ពីការដាក់រាជ្យនៅក្នុងឆ្នាំ២០០៤ ហើយយ៉ាងណាក្ដី ព្រះអង្គ​នៅ​តែ​បន្ត​លើក​កម្ពស់​សហគមន៍​ហ្វ្រង់កូហ្វូនី តាមរយៈការបោះពុម្ពផ្សាយព្រះរាជជីវប្រវត្តិផ្ទាល់របស់ព្រះអង្គ ដែល​សរសេរ​ជា​ភាសា​បារាំង​ជា​រៀង​រាល់​ថ្ងៃនៅលើគេហទំព័រផ្ទាល់របស់ព្រះអង្គ។

សម្តេចព្រះ នរោត្តម សីហនុ និង ប្រធានាធិបតី ហ្វ្រង់ស៊័រ មីទែរ៉ង់ នៃសាធារណរដ្ឋបារាំង នៅវិមានអេលីហ្សេ កាលពីខែកក្កដា ឆ្នាំ១៩៨៦។ ប្រធានាធិបតី មីទែរ៉ង់ បានរៀបចំសន្និសីទអន្តរជាតិស្តីអំពីកម្ពុជានៅទីក្រុងប៉ារីស ក្នុងអំឡុងខែកក្កដា ដល់ខែសីហា ឆ្នាំ១៩៨៩ ហើយម្ដងទៀតនៅខែតុលា ឆ្នាំ១៩៩១ ក្នុងឱកាសដែលកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះ ហត្ថលេខា។ រូបថត៖ ដោយមានការអនុញ្ញាតបណ្ណសារជាតិនៃសាធារណរដ្ឋបារាំង។

ព្រះ​ករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី, ព្រះរាជ​ទាយាទដ៏ស័ក្តិសមបំផុតនៃហ្វ្រង់កូហ្វូនី

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គឺ​ជា​ព្រះរាជ​ទូត​ដ៏លេចធ្លោ និងស្មោះស្ម័គ្រ​ចំពោះភាសាបារាំង ព្រមទាំង​ជា​ព្រះរាជ​សកម្មជន​ដ៏ឆ្នើម​មួយ​ព្រះអង្គ​នៃ​សហគមន៍​ហ្វ្រង់កូហ្វូនី។ ព្រះអង្គគឺជាអ្នក​បន្តវេនដោយផ្ទាល់ និងស័ក្តិសមបំផុត​ពីសំណាក់ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាជាតិខ្មែរ ដែលជាស្ថាបនិកមួយព្រះអង្គក្នុងចំណោមស្ថាបនិកដំបូងៗនៃ អង្គការ​អន្តរ​ជាតិនៃហ្វ្រង់កូហ្វូនី(OIF)។

មុនពេលឡើងគ្រងរាជសម្បត្តិនៅឆ្នាំ២០០៤ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បាន​គង់​នៅ​ទីក្រុងប្រាក សាធារណរដ្ឋឆែក អស់រយៈពេលជាច្រើនឆ្នាំ។ នៅទីនោះ ព្រះអង្គបានសិក្សាផ្នែករបាំបុរាណ ល្ខោន និងភាពយន្ត ហើយបានបង្រៀនរបាំនៅទីក្រុងប៉ារីស។ ព្រះអង្គ​បានបំពេញ​ព្រះរាជ​កិច្ច​ជា​តំណាង​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការយូណេស្កូ។

នៅឆ្នាំ២០០៤ ក្នុងទស្សនាវដ្តី អ៊ែរម៉េស ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសរសេរអត្ថបទមួយស្តីពីហ្វ្រង់កូហ្វូនី ដែលក្នុងនោះ ព្រះអង្គបានគូសបញ្ជាក់ថា៖ «​ប្រទេស​កម្ពុជា​បាន​ស្គាល់​ភាសា​បារាំង​នៅក្នុងកាលៈទេសៈមួយដែលមានភាពយឺតយ៉ាវជាងប្រទេសដទៃ។ លុះត្រា​តែ​ដល់​ពាក់​កណ្តាល​សតវត្សរ៍​ទី១៩ ទើបមានទំនាក់ទំនងជាប់លាប់ និងជាបន្តបន្ទាប់ជាមួយប្រទេសបារាំង ហើយ​មាន​តែ​នៅ​ក្នុង​សម័យអាណាព្យាបាលប៉ុណ្ណោះ ដែលភាសាបារាំងបានចាក់ឫសគល់យ៉ាងពិតប្រាកដនៅក្នុងប្រទេសកម្ពុជា»។

ព្រះអង្គមានបន្ទូលបន្ថែមទៀតថា៖ «ភាសាជាតិខ្មែរមានប្រព័ន្ធអក្សរសាស្ត្រ និង​អក្ខរ​ក្រម​ផ្ទាល់​ខ្លួន​ជាយូរ​លង់​ណាស់​​មកហើយ។ អក្សរសិល្ប៍ខ្មែរមានភាពសម្បូរបែប ទោះ​បី​ជា​វិសាល​ភាព​ត្រូវ​បាន​កំណត់​តាម​តម្រូវ​ការ​របស់​សង្គម​​នៅសម័យនោះ ដូចជា ព្រះគម្ពីរសាសនា អក្សរសិល្ប៍ និងកំណាព្យ ព្រមទាំងក្បួនតម្រា និង​ស្នាដៃ​ដែល​ពាក់​ព័​​ន្ធ​នឹងចំណេះដឹងបែបបុរាណផ្សេងៗ។ តាមរយៈភាសាបារាំង ប្រជាជន​កម្ពុជា​​ទទួលបាន​​ឱកាសចូល​​ទៅ​មើល​ស្នាដៃ​អក្សរសិល្ប៍បារាំងយ៉ាងច្រើន ព្រមទាំងស្នាដៃវិទ្យាសាស្ត្រ និងបច្ចេកទេសជាច្រើន។ ការ​សិក្សា​ភាសា​បារាំង​ត្រូវ​បាន​ដាក់បញ្ចូលក្នុងកម្មវិធីសិក្សា​កម្រិតបឋមសិក្សា ហើយ​ភាសា​នេះ​បាន​ក្លាយ​ជា​មធ្យោបាយ​បង្រៀន​សម្រាប់​ការ​អប់រំ​កម្រិតមធ្យមសិក្សាទាំងមូល។ បញ្ញវន្តជំនាន់ថ្មីដែលចេះទាំងភាសាខ្មែរ និងភាសាបារាំង និង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់មធ្យមសិក្សាទុតិយភូមិ បានឃើញពន្លឺនៃចំណេះដឹង​បែបទំនើបនៅចំពោះមុខតែម្តង»។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាមួយ ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុន នៃសាធារណ រដ្ឋបារាំង ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ កាលពីខែតុលា ឆ្នាំ២០២៤។ រូបថត៖ ដោយមានការអនុញ្ញាត ពីខុទ្ទកាល័យព្រះករុណា ព្រះមហាក្សត្រ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា​នៅក្នុង ក្រុម​ប្រឹក្សា​ជាន់ខ្ពស់ហ្វ្រង់កូហ្វូនី ក្នុង​អំឡុង​ពេល​ដែល​ព្រះអង្គ​បំពេញ​ព្រះរាជ​កិច្ចជា​ឯកអគ្គរាជ​ទូត​តំណាង​អចិន្ត្រៃយ៍​នៃ​ព្រះរាជា​ណាចក្រកម្ពុជា ប្រចាំអង្គការយូណេស្កូ មុន​ពេល​ព្រះអង្គ​យាង​ឡើង​គ្រង​ព្រះបរម​រាជសម្បត្តិ​ជា​ព្រះ​មហា​ក្សត្រ​​នៃព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះទៅទៀត ព្រះអង្គត្រូវបានជ្រើសតាំងជាសមាជិកបរទេសនៃបណ្ឌិត្យសភាអក្សរចារឹក និងអក្សរសិល្ប៍ នៃ​សាធារណរដ្ឋបារាំង កាលពីខែមិថុនា ឆ្នាំ២០០៨ ហើយនៅខែធ្នូ ឆ្នាំ២០២៥ ព្រះអង្គត្រូវបានជ្រើសតាំងជា សមាជិក​សហការីនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រក្រៅសមុទ្រ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងអំឡុងព្រះរាជទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ព្រះអង្គទៅកាន់សាធារណរដ្ឋបារាំង ទ្រង់ត្រូវបានស្វាគមន៍ដោយ ប្រធានាធិបតី ហ្សាក់ ហ្ស៊ីរ៉ាក់ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៦។ រូបថត៖ បណ្ណសារអ្នកនិពន្ធ

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់​មាន​ព្រះរាជ​សមត្ថភាព​ប្រើប្រាស់​ភាសា​បារាំង​បាន​​យ៉ាង​ស្ទាត់ជំនាញ និងប្រកបដោយភាពច្នៃប្រឌិត ដែល​ព្រះអង្គ​តែង​តែ​ប្រើប្រាស់​ជា​ទៀង​ទាត់​ក្នុង​ព្រះរាជ​សុន្ទរក​ថា​ផ្លូវការ និងក្នុងឱកាសព្រះរាជបំពេញទស្សនកិច្ចការទូតនានា។ ព្រះ​មហាក្សត្រ​ទ្រង់​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុងការផ្សព្វផ្សាយគុណតម្លៃនៃហ្វ្រង់កូហ្វូនី និងគាំទ្រដល់ការបង្រៀន និង​ការ​សិក្សា​ភាសា​បារាំង​នៅក្នុង​ព្រះរាជា​ណាចក្រកម្ពុជា ដែលជាប្រទេសមានតួនាទីសំខាន់ជាស្ពាន​វប្បធម៌​មួយ​សម្រាប់​សហគមន៍​ហ្វ្រង់​កូហ្វូនី​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងពិធីដំឡើងព្រះអង្គជាសមាជិកបរទេសនៃ បណ្ឌិត្យសភា ចារឹក និងអក្សរសិល្ប៍ នៅប្រទេសបារាំង កាលពីខែមិថុនា ឆ្នាំ២០០៨។ រូបថត៖ បណ្ណសារអ្នកនិពន្ធ

ព្រះមហាក្សត្រទ្រង់គង់ជានិមិត្តរូបនៃវត្តមានដ៏សកម្មរបស់ព្រះរាជាណាចក្រកម្ពុជា នៅ​ក្នុង​ស្ថាប័ន​នានា​នៃ​ហ្វ្រង់​កូហ្វូ​នី ដោយទ្រង់បានយាងចូលរួមក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន។ ក្នុងនោះរួមមាន កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើកទី១៩ ដែលបានប្រារព្ធឡើងនៅទីក្រុង វីយែរ-កូទឺរ៉េ (ព្រះរាជវាំង វីយែរ-កូទឺរ៉េ) និង​នៅ​ទីក្រុង​ប៉ារីស (ក្រង់ ប៉ាឡែ) កាលពីខែតុលា ឆ្នាំ២០២៤។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាមួយ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងប្រធានាធិបតី អេម៉ាញ៉ូអែល ម៉ាក្រុន នៃសាធារណរដ្ឋបារាំង ក្នុងឱកាសកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី១៩ ដែលបានប្រារព្ធឡើងនៅសាធារណរដ្ឋបារាំង កាលពីខែតុលា ឆ្នាំ២០២៤។ រូបថត៖ ដោយ មានការអនុញ្ញាតពីខុទ្ទកាល័យ ព្រះករុណា ព្រះមហាក្សត្រ។

ព្រះអង្គបានមានព្រះរាជបន្ទូលក្នុងព្រះរាជសុន្ទរកថាបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ថា៖ «ដូច្នេះហើយ ប្រទេស​របស់ខ្ញុំសូមបញ្ជាក់ជាថ្មី ម្តងហើយម្តងទៀត នូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួនចំពោះហ្វ្រង់កូហ្វូនី។ ហើយ​ក្នុង​​ពិភព​លោកមួយដែលកំពុងរង្គោះរង្គើដោយអំពើហិង្សា ដែលយើងធ្លាប់គិតថាជារឿងអតីតកាលទៅហើយនោះ ព្រះរាជា​ណាចក្រកម្ពុជាសូមបញ្ជាក់ឡើងវិញនូវការប្រកាន់ខ្ជាប់របស់ខ្លួនចំពោះគុណតម្លៃ និង​គោលការណ៍​នានា​របស់​ហ្វ្រង់កូហ្វូនី ព្រមទាំងការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះភាពសម្បូរបែបខាងវប្បធម៌ និងភាសា ដែល​ជា​កត្តា​ជំរុញ​ការអភិវឌ្ឍន៍របស់មនុស្សជាតិ និងចំពោះពហុភាគីនិយមដែលផ្អែកលើវិធាន និងនីតិរដ្ឋ អន្តរជាតិ ដែល​ជា​កម្លាំង​ចលករដ៏សំខាន់សម្រាប់វឌ្ឍនភាព និងការរីកចម្រើន»។

និពន្ធដោយ ៖ ឯកអគ្គរាជទូត បណ្ឌិត ហូលីយ៉ូ អេ. ហែលដ្រេស

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖