វីរកងទ័ព កឺយ គៀន ចូលចិត្តវិស័យយោធាតាំងពីវ័យក្មេង

កាលពីក្មេងកូនប្រុសខ្ញុំចូលចិត្តលេងកាំភ្លើងជ័ររត់ដេញបាញ់គ្នាជាមួយក្មេងដទៃទៀតនៅក្នុងភូមិស្ទើររៀងរាល់ថ្ងៃ។ ពេលធំពេញវ័យ និងរៀនចប់ថ្នាក់វិទ្យាល័យកូនប្រុសខ្ញុំបានសុំអនុញ្ញាតពីខ្ញុំ និងម្តាយរបស់ខ្លួនចូលបម្រើកងទ័ពតាមក្តីស្រមៃកាលពីវ័យកុមារ។ លោក ឡាំ កឺយ អាយុ៦៤ឆ្នាំ រស់នៅភូមិពងទឹក ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានរៀបរាប់រឿងរ៉ាវកូនប្រុសឈ្មោះ កឺយ គៀន គឺជាវីរកងទ័ព ដែលបានពលីនៅសមរភូមិថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ដូចខាងក្រោម៖

ខ្ញុំមានប្រពន្ធឈ្មោះ ម៉ សឺ អាយុ៦១ឆ្នាំ​ និងមានកូនប្រុសចំនួន៥នាក់ គឺ កូនទី១) ឈ្មោះ ឡាំ សិលា កូនទី២) ឈ្មោះ ឡាំ សេងហួត កូនទី៣) ឈ្មោះ ឡាំ សេងលឹម  កូនទី៤) ឈ្មោះ ឡាំ សារ៉ាត់ និងកូនទី៥) ឈ្មោះ កឺយ គៀន។ កូនប្រុសខ្ញុំ៤នាក់បានរៀបការប្រពន្ធ និងបែកទៅរស់នៅតាមគ្រួសាររៀងៗខ្លួន គឺនៅតែកូនប្រុសពៅឈ្មោះ កឺយ គៀន មានអាយុ២២ឆ្នាំ បានពលីនៅសមរភូមិ។

កាលពីក្មេង គៀន រៀននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យអំពិលក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ បន្ទាប់មក គៀន បានទៅរៀនបន្តនៅវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ កូនខ្ញុំឧស្សាហ៍ព្យាយាមរៀនសូត្រតាំងពីនៅវ័យកុមារ រហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេសល្អ នៅវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅក្នុងឆ្នាំ២០២៣។ ក្រៅពីរៀន កូនខ្ញុំគឺជាក្មេងដែលចេះគោរពចាស់ទុំ សុភាពរាបសារ និងមិនដែលធ្វើឱ្យឪពុកម្ដាយពិបាកចិត្តឡើយ។

នៅឆ្នាំ២០២៥ គៀន បានសម្រេចចិត្តចុះឈ្មោះប្រឡងចូលបម្រើកងទ័ព។ បន្ទាប់ពីប្រឡងជាប់ក្របខ័ណ្ឌកងទ័ព គៀន ត្រូវបានថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទបញ្ជូនទៅបណ្តុះបណ្តាល និងហ្វឹក​ហ្វឺនជំនាញកងទ័ពជើងគោកនៅសាលាពលទាហានទី៤ នៃយោធភូមិភាគទី៤ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

នៅអំឡុងពេលផ្ទុះសង្រ្គាមលើកទី១ រវាងកម្ពុជា និងថៃ នៅចន្លោះថ្ងៃទី២៤ ដល់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥​ កូនខ្ញុំកំពុងហ្វឹកហ្វឺននៅក្នុងសាលាពលទាហានទី៤ នៅឡើយ។ នៅខែវិច្ឆិកា ឆ្នាំ២០២៥ ទើបកូនខ្ញុំត្រូវបានបញ្ជូនទៅសមរភូមិថ្មដា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។​ គៀន ត្រូវបានថ្នាក់ដឹកនាំអង្គភាពកងទ័ពបញ្ចូលទៅក្នុងកងវរសេនាតូចលេខ៥៥៦ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ យោធភូមិភាគទី៥ កងទ័ពជើងគោក។

ចាប់តាំងពីមានផ្ទុះសង្រ្គាមលើកទីពីរនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥  ស្ថានភាពតាមព្រំដែនកម្ពុជា-ថៃកាន់តែក្ដៅ ពេលនោះខ្ញុំបារម្ភអំពីសុវត្ថិភាពកូនប្រុសខ្ញុំកាន់តែខ្លាំង។ ខ្ញុំបានទូរសព្ទទៅសួរសុខទុក្ខកូន និងពីស្ថានភាពសង្រ្គាម​ ហើយកូនខ្ញុំក៏បានទាក់ទងមកខ្ញុំសឹងតែរាល់ថ្ងៃដែរ។ ខ្ញុំ និងប្រពន្ធបារម្ភពីកូនគ្រប់ពេល។ ពេលខ្ញុំទូរសព្ទទៅកូនម្តងៗ ពាក្យដែលកូននិយាយមកកាន់ខ្ញុំនោះគឺ ឪម៉ែមិនបាច់បារម្ភពីកូនទេ! កូនមិនអីទេ!​ អង្គភាពរបស់កូនមានលេណដ្ឋានធំៗណាស់ ហើយមានកងទ័ពជាច្រើននាក់នៅក្នុងលេណដ្ឋានជាមួយដែរ! ឪម៉ែថែទាំសុខភាពផង កូនមិនអីទេ។

នៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ២០២៥ យន្ដហោះចម្បាំង F16 របស់សត្រូវឈ្លានពានទឹកដីបានហោះមកទម្លាក់គ្រាប់ត្រូវចំលេណដ្ឋានកូនរបស់ខ្ញុំ និងវីរកងទ័ព៦នាក់ទៀត​ដែលកំពុង​ត្រៀមខ្លួនប្រយុទ្ធបណ្តាលឱ្យស្លាប់។

នៅម៉ោងប្រមាណ៣រសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៥  សពកូនប្រុសខ្ញុំ​ត្រូវបានរថយន្តពេទ្យដឹកពីសមរភូមិថ្មដា ក្នុងស្រុកវាលវែង មកដល់កន្លែងខ្ញុំ និងក្រុមគ្រួសារ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលជនភៀសសឹកវត្តចុងកាល់ ស្រុក​ចុងកាល ខេត្តឧត្តរមានជ័យ។​ ពិធីបុណ្យសពកូនខ្ញុំ មិនសូវមានបងប្អូនចូលរួមច្រើនឡើយ គឺដោយសារខ្ញុំរត់ភៀសខ្លួនចេញពីភូមិស្រុកមកស្នាក់នៅមណ្ឌលជនភៀសសឹកក្នុងស្រុកស្រុកចុងកាល់។ នៅពេលដែលសពកូនរបស់ខ្ញុំមកដល់ជំរំភៀសសឹក ខ្ញុំបានសុំអនុញ្ញាតព្រះគ្រូចៅអធិការ លោកតាអាចារ្យវត្ត រៀបចំបូជាសពកូនខ្ញុំនៅក្នុងវត្តតែម្ដង។

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ អង្គភាពយោធា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តឧត្តរមានជ័យ បាននាំយកថវិកា និងសាររំលែកមរណទុក្ខរបស់ពីនាយករដ្ឋមន្រ្តី និងកាកបាទក្រហមកម្ពុជាមកប្រគល់ជូនគ្រួសារខ្ញុំ ដែលបានធ្វើពលីកម្មជូនជាតិមាតុភូមិ។

ក្នុងនាមជាឪពុករបស់វីរកងទ័ព កឺយ គៀន ខ្ញុំមានអារម្មណ៍ឈឺចាប់ និងសោកស្តាយជាខ្លាំងនៅពេលបានឮដំណឹងថាកូនប្រុសជាទីស្រឡាញ់ត្រូវបានយន្តហោះចម្បាំង (F-16) របស់សត្រូវឈ្លាន​ពាន​​ទឹកដីបានទម្លាក់គ្រាប់ត្រូវចំលេណដ្ឋានកូនរបស់ខ្ញុំ។ ខ្ញុំ និងប្រពន្ធទន់ដៃទន់ជើងស្ទើរតែសន្លប់បាត់ស្មារតីពេលសពកូនប្រុសត្រូវបានបញ្ជូនមកដល់វត្តសំរោងចុងកាល់។ សព្វថ្ងៃ ខ្ញុំនៅមិនទាន់អាចកាត់ចិត្តបាន និងធ្វើការងារអ្វីកើតនៅឡើយ ដោយសារនឹកអាឡោះអាល័យកូន។

អត្ថបទ ៖ សា ហ្វី បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖