ផាន់ វណ្ណថា ៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រងគ្រោះដោយសារទាហានថៃ ឈួសឆាយ ព័ទ្ធយកដី និងផ្ទះសម្បែង

ខ្ញុំឈ្មោះ ផាន់ វណ្ណថា ភេទស្រី អាយុ៥៥ឆ្នាំ កើតនៅក្នុងភូមិបាក់ខែង ឃុំបាក់ខែង ស្រុកមុខកំពូល ខេត្តកណ្ដាល (សព្វថ្ងៃសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ)។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានឪពុកឈ្មោះ ផាន់ ផល និងម្ដាយខ្ញុំឈ្មោះ ប្រាំង ភឿន។ ឪពុកម្តាយខ្ញុំស្លាប់ក្នុងរបបខ្មែរក្រហម ដោយឪពុករបស់ខ្ញុំស្លាប់ដោយសារអត់អាហារ។ ខ្ញុំមានបងប្អូនស្រីបង្កើតចំនួន២នាក់ ហើយខ្ញុំគឺជាកូនច្បងនៅក្នុងគ្រួសារ។ ប្អូនស្រីរបស់ខ្ញុំឈ្មោះ ផាន់ វណ្ណា បានបែកគ្នាក្នុងឆ្នាំ១៩៧៨ និងបាត់ដំណឹងរហូតមកដល់សព្វថ្ងៃ។ ខ្ញុំមានប្ដីខ្ញុំឈ្មោះ ស សុគុណដេត (ស្លាប់)។ ខ្ញុំមានកូនប្រុសចំនួន៤នាក់។

ខ្ញុំនៅចាំថា នៅឆ្នាំ១៩៧៥ ម្ដាយរបស់ខ្ញុំបានសម្រាលបានប្អូនស្រីរបស់ខ្ញុំឈ្មោះ ផាន់ វណ្ណា។ នៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានវាយឈ្នះលើរបប លន់ នល់ ទាំងស្រុង។ គ្រួសារខ្ញុំរួមទាំងប្រជាជនក្នុងខេត្តកណ្ដាល ត្រូវបានខ្មែរក្រហមជម្លៀសឱ្យទៅកាន់ខេត្តពោធិ៍សាត់។ នៅថ្ងៃមួយ ឪពុករបស់ខ្ញុំបានបររទេះដឹក​ខ្ញុំ ម្ដាយខ្ញុំ ព្រមទាំងប្អូនស្រី សំដៅទៅភូមិមួយ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។ ខ្ញុំបានដើរថ្មើរជើងផង និងជិះរទេះផង។ បន្ទាប់មក ខ្មែរក្រហមបានបែងចែងគ្រួសាររបស់ខ្ញុំឱ្យរស់នៅត្រឹមស្រុកក្រគរ ខេត្តពោធិ៍សាត់។ ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឱ្យចូលក្នុងកងកុមារនៅក្នុងស្រុកក្រគរមួយរយៈ។ មិនយូរប៉ុន្មាន គ្រួសាររបស់ខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសចេញពីស្រុកក្រគរឱ្យទៅកាន់ឃុំបឹងខ្នារ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។ នៅស្រុកបាកាន ប្រធានកងប្រើខ្ញុំឱ្យជញ្ជូនកណ្ដាប់យកទៅដាក់ក្នុងស្រែ ចំណែកឪពុកម្ដាយរបស់ខ្ញុំទៅស្ទូងស្រូវ។ នៅពេលថ្ងៃ ខ្ញុំត្រូវធ្វើការបែកពីឪពុកម្ដាយ លុះដល់យប់ទើបខ្ញុំមកសម្រាកជាមួយឪពុកម្ដាយរបស់ខ្ញុំវិញ។ បន្ទាប់ពីជញ្ជូនកណ្ដាប់ដាក់ស្រែ ខ្ញុំត្រូវដើររើសអាចម៍គោ និងកាប់ដើមទន្រ្ទានខែត្រជាមួយកងកុមារក្នុងឃុំបឹងខ្នារយកលាយធ្វើជីដាក់ស្រែ។ ប្រធានកងកុមាររបស់ខ្ញុំមានប្រុសម្នាក់ និងស្រីម្នាក់ ប៉ុន្តែខ្ញុំមិនបានស្គាល់ឈ្មោះទេ។

នៅឆ្នាំ១៩៧៧ ឪពុករបស់ខ្ញុំបានធ្លាក់ខ្លួនឈឺដោយសារធ្វើការងារធ្ងន់ធ្ងរ គ្មានពេលសម្រាក និងមិនមានអាហារហូបគ្រប់គ្រាន់ ហើយក្រោយមកគាត់បានស្លាប់ទៅ។ ចំណែកខ្ញុំត្រូវបានខ្មែរក្រហមប្រើឱ្យធ្វើការងារកាន់តែច្រើន និងហួសកម្លាំង។ ខ្មែរក្រហមកំណត់ឱ្យខ្ញុំជញ្ជូនកណ្ដាប់ឱ្យគ្រប់ចំនួនដែលបានកំណត់ ទើបឱ្យឡើងទៅហូបបបរ។ នៅពេលដល់ម៉ោងហូបអាហារ ខ្ញុំបានលួចបេះស្លឹកប្រស់ស្វាដែលដុះនៅតាមភ្លឺស្រែយកមកលាយហូបជាមួយបបរ។

នៅឆ្នាំ១៩៧៨ ម្ដាយរបស់ខ្ញុំបានធ្លាក់ខ្លួនឈឹទៀត។ ម្ដាយរបស់ខ្ញុំត្រូវបានបញ្ជូនឱ្យទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងស្រុកបាកាន។ ចំណែកប្អូនស្រីខ្ញុំដែលមានអាយុ៣ឆ្នាំ ត្រូវបានដាក់ឱ្យនៅជាមួយម្ដាយនៅក្នុងមន្ទីរពេទ្យ។ នៅពេលខ្ញុំទៅមើលម្ដាយឈឺ ខ្ញុំបានឃើញគ្រូពេទ្យ២នាក់ប្ដីប្រពន្ធ យកចិត្តទុកដាក់ចំពោះប្អូនស្រីរបស់ខ្ញុំ និងស្រឡាញ់ប្អូនខ្ញុំយ៉ាងខ្លាំង។ គ្រូពេទ្យទាំង២នាក់ប្ដីប្រពន្ធ បានលួចយកបាយទុកឱ្យប្អូនស្រីរបស់ខ្ញុំហូបជាញឹកញាប់។ ក្រោយមក ម្ដាយរបស់ខ្ញុំបានស្លាប់នៅក្នុងមន្ទីរពេទ្យ។ ខ្ញុំបានឃើញកម្មាភិបាលខ្មែរក្រហមលើកម្ដាយរបស់ខ្ញុំដាក់លើរទេះគោ រួចដឹកយកទៅទម្លាក់ចូលក្នុងរណ្ដៅធំមួយស្ថិតក្នុងស្រុកបាកាន។ ខ្ញុំបានឃើញរណ្ដៅដែលមានសាកសពជាច្រើននាក់។ ក្រោយពេលម្ដាយរបស់ខ្ញុំបានស្លាប់ គ្រូពេទ្យទាំង២នាក់ប្ដីប្រពន្ធ បានស្នើសុំប្អូនស្រីរបស់ខ្ញុំយកទៅចិញ្ចឹមធ្វើជាកូន ព្រោះពួកគាត់ទាំង២នាក់មិនមានកូនទេ។ កាលនោះ ប្អូនស្រីរបស់ខ្ញុំតែងតែយំតាមគ្រូពេទ្យទាំងពីរ ហើយគ្រូពេទ្យទាំងពីរបានមើលថែប្អូនស្រីរបស់ខ្ញុំ ទើបខ្ញុំយល់ព្រមឱ្យប្អូនស្រីទៅគាត់ចិញ្ចឹម។ ខ្ញុំស្រឡាញ់ប្អូនស្រីខ្លាំងណាស់ ប៉ុន្តែពេលនោះខ្ញុំមិនមានលទ្ធភាពចិញ្ចឹមបីបាច់ប្អូន ព្រោះខ្ញុំនៅវ័យក្មេងនៅឡើយ។ ប្អូនស្រីរបស់ខ្ញុំមានសប្បុរស សក់រួចអង្គាដី និងមានមុខមាត់ស្រដៀងម្ដាយរបស់ខ្ញុំណាស់។ បន្ទាប់មក ខ្ញុំបានទៅរស់នៅជាមួយជីដូនបង្កើតខាងម្ដាយខ្ញុំ ហើយខ្ញុំមិនដែលបានជួបជាមួយប្អូនស្រីទៀតទេ។

ថ្ងៃមួយ ខ្ញុំបានឃើញខ្មែរក្រហមបានចាប់ស្រ្តីមានផ្ទៃពោះម្នាក់យកទៅធ្វើទារុណកម្មដោយចាប់ចងជាប់នឹងដើមត្នោត និងវះពោះ។ ខណៈពេលនោះ ខ្ញុំមានការភិតភ័យ រួចស្រែក ប៉ុន្តែជីដូនរបស់ខ្ញុំបានមកខ្ទប់មាត់ខ្ញុំជិត ទើបខ្មែរក្រហមមិនបានឮសំឡេង និងឃើញខ្ញុំ។ បន្ទាប់ពីវះពោះរួច ខ្មែរក្រហមបានយកទារក និងស្រ្តីនោះបោះទម្លាក់ចូលក្នុងរណ្ដៅ។ ក្រោយពីខ្ញុំបានឃើញខ្មែរក្រហមសម្លាប់ស្រ្តីមានផ្ទៃពោះ ខ្ញុំមានអារម្មណ៍ភិតភ័យកាន់តែខ្លាំង។ ខ្មែរក្រហមតែងតែធ្វើទារុណកម្ម និងបង្អត់អាហារកុមារដែលធ្វើការងារមិនគ្រប់ចំនួនតាមផែនការកំណត់ ហេតុនេះខ្ញុំបានខិតខំប្រឹងប្រែងព្យាយាមធ្វើការងារយ៉ាងខ្លាំងឱ្យបានតាមការចាត់តាំង។

នៅឆ្នាំ១៩៧៩ ខ្ញុំ ជីដូន និងសាច់ញាតិខ្ញុំបានធ្វើដំណើរដោយថ្មើរជើងចេញពីខេត្តពោធិ៍សាត់ទៅកាន់ស្រុកកំណើតរបស់ខ្ញុំនៅខេត្តកណ្ដាលវិញ។ ពេលមកដល់ភូមិ ខ្ញុំឃើញស្មៅ និងព្រៃដុះរុំព័ទ្ធជុំវិញផ្ទះ និងឃើញប្រជាជនចំនួន២គ្រួសារកំពុងស្នាក់នៅក្នុងផ្ទះរបស់ខ្ញុំ។ បន្ទាប់មកប្រជាជន២គ្រួសារនោះ បានធ្វើដំណើរទៅមុខបន្តទៅមុខទៀត ហើយគ្រួសារខ្ញុំបានចូលមករស់នៅក្នុងផ្ទះរបស់ខ្លួនវិញ។ ខ្ញុំ និងយាយ បានកាប់ឆ្ការព្រៃ និងមើលថែដូង និងដំណាំផ្សេងទៀត។ ដំបូងការរស់នៅរបស់ខ្ញុំមានការលំបាកវេទនាណាស់ ព្រោះខ្ញុំគឺជាក្មេងកំព្រា និងមិនមានទ្រព្យសម្បត្តិអ្វីនៅសេសសល់ឡើយ។ បន្ទាប់មក ខ្ញុំបានរៀបការជាមួយប្ដីឈ្មោះ ស សុគុណដេត គឺជាវិស្វករក្នុងក្រុមហ៊ុនរបស់លោក ទ្រី ភាព។

នៅឆ្នាំ២០១៤  ដោយសារប្ដីខ្ញុំត្រូវផ្លាស់មកធ្វើការងារនៅព្រំដែនថ្មដា ទើបខ្ញុំសម្រេចចិត្តផ្លាស់ប្ដូរទីលំនៅមករស់នៅក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ដំបូងខ្ញុំ និងប្ដីបានជួលផ្ទះសម្រាប់ស្នាក់នៅ។ ក្រោយមក លោក ទ្រី ភាព បានផ្ដល់ថវិកាមួយចំនួន និងអនុញ្ញាតឱ្យខ្ញុំ និងប្ដីសាងសង់ផ្ទះរស់នៅលើដីរបស់គាត់នៅក្នុងភូមិសង្គមថ្មី។ ខ្ញុំបានចាប់ផ្ដើមបើកតូបលក់បាយ គុយទាវ ម្ហូប និងលក់កាហ្វេនៅមុខផ្ទះរបស់ខ្ញុំ។ ខ្ញុំលក់ដូរដាច់ណាស់ ព្រោះនៅថ្មដាមានមនុស្សចូលមករស់នៅកាន់តែច្រើន។ ជាច្រើនឆ្នាំកន្លងមក ខ្ញុំ និងប្ដីបានសន្សំលុយទិញដីនៅតំបន់អូរភ្លុកដំរី ទុកសម្រាប់សាងសង់ផ្ទះនៅលើដីរបស់ខ្លួនឯងផ្ទាល់។

នៅពេលកើតមានជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងទាហានថៃ ចំនួន២លើកកន្លងមកនៅតាមព្រំដែនថ្មដា ខ្ញុំភៀសខ្លួនចេញពីផ្ទះ និងបាននាំកូនៗធ្វើដំណើរមកស្នាក់នៅក្នុងជំរំជនភៀសសឹកក្នុងឃុំប្រម៉ោយ។ នៅពេលខ្ញុំស្នាក់នៅជំរំភៀសសឹក ខ្ញុំមានការព្រួយបារម្ភពីផ្ទះសម្បែងរបស់ខ្ញុំយ៉ាងខ្លាំង។ ក្រោយមានកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃបានចូលមករុះរើរបស់របរ និងរាយលួសហ៊ុមព័ទ្ធយកដី និងផ្ទះរបស់ខ្ញុំ និងបានយកម៉ូតូរបស់ខ្ញុំចំនួនមួយគ្រឿងចេញពីផ្ទះនៅក្នុងភូមិសង្គមថ្មី។

ក្រោយយកម៉ូតូរបស់ខ្ញុំ ទាហានថៃបានជិះបង្អួត និងថតបង្ហោះជាសាធារណៈថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ ទាហានថៃបានហ៊ុមព័ទ្ធយកដីរបស់ខ្ញុំនៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដាថែមទៀត។ បន្ទាប់ពីខ្ញុំបានឃើញទាហានថៃហ៊ុមព័ទ្ធយកដី និងផ្ទះ ខ្ញុំពិតជាមានការឈឹចាប់ខ្លាំងណាស់។ នៅពេលស្ងប់ស្ងាត់សង្រ្គាម ខ្ញុំ និងកូនៗបានធ្វើដំណើរចេញពីឃុំប្រម៉ោយទៅមើលផ្ទះ ក្រែងលោអាចចូលទៅយករបស់របរ និងទ្រព្យសម្បត្តិបានមួយចំនួន ប៉ុន្តែទាហានថៃនៅតែបន្តហ៊ុមព័ទ្ធបន្លាលួស និងដាក់ទូកុងតឺន័របិទជិត ធ្វើឱ្យខ្ញុំមិនអាចចូលទៅផ្ទះរបស់ខ្ញុំបានទេ។ ខ្ញុំពិបាកចិត្តខ្លាំងណាស់ ព្រោះខ្ញុំនិងកូនៗមិនមានដី និងផ្ទះសម្រាប់រស់នៅបន្តទៀត។ បច្ចុប្បន្ននេះ ខ្ញុំបានដឹងតាមរយៈមេភូមិសង្គមថ្មី ដែលបានទូរសព្ទមកប្រាប់ខ្ញុំថា ទាហានថៃបានបន្តឈួសឆាយផ្ទះរបស់ខ្ញុំចោលអស់ហើយ។ មិនត្រឹមតែប៉ុណ្ណោះទាហានថៃនៅតែបន្តហ៊ុមព័ទ្ធ និងឈួសឆាយលើដីរបស់ខ្ញុំនៅតំបន់អូរភ្លុកដំរី។ បន្ទាប់ពីបានដឹងដំណឹងនេះ ខ្ញុំមានអារម្មណ៍សោកសៅ រកគិតអ្វីមិនចេញ ព្រោះខ្ញុំបានបាត់បង់ទ្រព្យសម្បត្តិ ដីធ្លី និងផ្ទះអស់ទៅហើយ។ ខ្ញុំចង់ត្រឡប់ទៅរស់នៅក្នុងផ្ទះរបស់ខ្ញុំវិញដូចប្រជាជនដទៃ ប៉ុន្តែខ្ញុំមិនមានដី និងផ្ទះនៅសេសសល់ទៀតទេ។ ខ្ញុំបានដឹងថា ទាហានថៃកំពុងឈរជើងខុសច្បាប់ហ៊ុមព័ទ្ធបន្លាលួស ដាក់ទូកុងតឺន័រព័ទ្ធយកដី និងផ្ទះរបស់ប្រជាជនក្នុងភូមិសង្គមថ្មីចំនួន២៧គ្រួសារទៀត។ ខ្ញុំសូមសំណូមពរដល់រាជរដ្ឋាភិបាលបន្តជួយដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃឱ្យបានឆាប់រហ័ស និងទាមទារយកដីធ្លី ផ្ទះសម្បែងរបស់ប្រជាជនក្នុងឃុំថ្មដា មកវិញ។

អត្ថបទ ៖ មឿន ស្រីណុច បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖