ទឹកជំនន់ឆ្នាំ១៩៧៨ ៖ ការចងចាំមិនអាចបំភ្លេចបានរបស់អ្នក រស់រានមានជីវិតពីរបបខ្មែរក្រហម តាមដងទន្លេមេគង្គ

រដូវវស្សាឆ្នាំ២០២៦​ ទឹកទន្លេមេគង្គកំពុងតែហក់ឡើងយ៉ាងគំហុក បណ្ដាលឱ្យសហគមន៍នានានៅតាមដងទន្លេមេគង្គ ត្រូវរងការលិចលង់ដោយសារតែទឹកជំនន់។ សម្រាប់ប្រជាជនរស់នៅតាមដងទន្លេទូទៅ ទឹកជំនន់ក្នុងរដូវវស្សា គឺជាបាតុភូតធម្មជាតិដែលខ្លួនធ្លាប់ស្គាល់ ធ្លាប់ឆ្លងកាត់ និងគិតថាជារឿងធម្មជាតិជាប្រចាំឆ្នាំ។ ការកើនឡើងនៃទឹកទន្លេមេគង្គ បានធ្វើឱ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនឹកឃើញដល់បទពិសោធន៍មិនអាចបំភ្លេចបានកាលពីទឹកជំនន់ឆ្នាំ១៩៧៨ ក្នុងរបបខ្មែរក្រហម។ ទឹកជំនន់ឆ្នាំ១៩៧៨ មិនត្រឹមតែជាគ្រោះមហន្តរាយធម្មជាតិតែប៉ុណ្ណោះទេ ប៉ុន្តែទឹកជំនន់នេះបានកើតឡើង នៅពេលដែលប្រជាជនកំពុងរងទុក្ខ ពីការបង្ខំឱ្យធ្វើការងារហួសកម្លាំង, ការបង្អត់អាហារ, ការកើតមានជាជំងឺ និងការចាប់ប្រជាជនយកទៅសម្លាប់ពីសំណាក់កម្មាភិបាលខ្មែរក្រហម។ នៅក្នុងសហគមន៍តាមដងទន្លេមេគង្គ ដូចជា ខេត្តស្ទឹងត្រែង និងខេត្តកំពង់ចាម អ្នករស់រានមានជីវិតនៅតែចងចាំពីការតស៊ូដើម្បីរស់រានមានជីវិតក្នុងពេលដែលទឹកកំពុងជន់លិច។ ទន្លេមេគង្គបានក្លាយជាទីរំឭកដល់វិញ្ញាណក្ខន្ធរបស់សមាជិកគ្រួសារ និងប្រជាជនផ្សេងទៀត ដែលត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ និងបោះចោលចូលទឹកទន្លេ។ ខាងក្រោមនេះ គឺជាបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម៖

ខឹម ឆេង៖ យើងត្រូវហែលទឹក និងតោងចុងឈើ

ខ្ញុំឈ្មោះ ខឹម ឆេង អាយុ៦៣ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំបានរៀបការប្ដីឈ្មោះ ឡុង ឃុម និងមានកូនចំនួន៦នាក់ ក្នុងនោះមានកូនប្រុសចំនួន៣នាក់។ ខ្ញុំនៅចាំបានយ៉ាងច្បាស់អំពីព្រឹត្តិការណ៍ទឹកជំនន់ដ៏ធំនៅឆ្នាំ១៩៧៨ ក្នុងរបបខ្មែរក្រហម ។ នៅពេលនោះទឹកទន្លេមេគង្គបានកើនឡើង និងលិចលង់ចូលដល់ក្នុងភូមិ។ ប្រជាជននាំគ្នាប្រមូលអីវ៉ាន់ និងសម្ភារផ្សេងៗយកទៅរក្សាទុកនៅលើធ្នឹមផ្ទះ។ ខ្ញុំ និងប្រជាជនផ្សេងទៀតបាននាំគ្នាហែលទៅតោងចុងឈើ និងទីទួលសុវត្ថិភាព។ បើទោះបីជាមានទឹកជំនន់លិចលង់យ៉ាងណា គឺខ្មែរក្រហមនៅតែបង្ខំប្រជាជនឱ្យធ្វើការ ហើយប្រសិនបើមាននរណាម្នាក់ហ៊ានឈប់សម្រាក ខ្មែរក្រហមនឹងចាប់ខ្លួនយកទៅសម្លាប់ចោល។ ចំណែកឯរបបអាហារ ខ្មែរក្រហមចែកឱ្យខ្ញុំហូបបបរតែមួយកូនចានប៉ុណ្ណោះក្នុងមួយពេល។ ខ្ញុំត្រូវធ្លាក់ខ្លួនឈឺដោយសារកើតជំងឺរាគ។ នៅពេលនោះ ពេទ្យខ្មែរក្រហមបានឱ្យថ្នាំមួយចំនួនមកខ្ញុំដើម្បីលេប។ នៅពេលអស់កម្លាំង ខ្ញុំបានស្នើសុំថ្នាំកម្លាំងពីគ្រូពេទ្យយកមកជញ្ជក់ ដែលថ្នាំនោះមានរសជាតិផ្អែមដូចស្ករ។ នៅពេលប្រជាជនកំពុងតែរងគ្រោះដោយសារទឹកជំនន់ ខ្មែរក្រហមនៅតែបន្តចាប់ប្រជាជនយកទៅសម្លាប់ចោល និងទន្លាក់ចូលក្នុងទឹកទន្លេមេគង្គដែលកំពុងតែជន់លិចស្ទើរតែគ្រប់ទីកន្លែង។ ខ្មែរក្រហមតែងតែប្រើ ពាក្យបោកបញ្ឆោតថា «ស្នើយកទៅកសាង»។ នៅឆ្នាំ២០២៦ ការកើនឡើងទឹកទន្លេមេគង្គ រំឭកខ្ញុំអំពីបទពិសោធន៍ និងរឿងរ៉ាវឈឺចាប់ក្នុងរបបខ្មែរក្រហម ជាពិសេសពេលឃើញខ្មែរក្រហមសម្លាប់ប្រជាជនទម្លាក់ចូលទន្លេ និងការស្រែកគំរាមកំហែងរបស់ខ្មែរក្រហម ដែលបណ្ដាលឱ្យខ្ញុំមានការប៉ះទង្គិចផ្លូវចិត្តរហូតមកដល់សព្វថ្ងៃនេះ។

ជីវិតក្នុងសហគមន៍ដែលត្រូវបានទឹកជន់លិច

ខ្ញុំឈ្មោះ ឡុង សារី អាយុ៧៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ នៅឆ្នាំ១៩៧៨ ពេលទឹកទន្លេមេគង្គចាប់ផ្តើមកើនឡើង ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់ខ្ញុំចេញពីភូមិអូរស្វាយទៅរស់នៅ «គុជចំបក់» ដែលមានប្រជាជនភាគច្រើនគឺជាអ្នកនេសាទត្រី។ ទឹកជំនន់ឡើងដល់កម្រិត ដែលប្រជាជនត្រូវធ្វើដំណើរដោយទូក។ បើទោះជាមានទឹកជំនន់លិចគ្រប់ទីកន្លែងយ៉ាងណា ខ្មែរក្រហមនៅតែបង្ខំខ្ញុំឱ្យធ្វើការងារគាស់គល់ឈើ។ ទឹកជំនន់បានធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្ញុំកាន់តែលំបាក ព្រោះគ្មានអាហារ។ អ្វីដែលខ្ញុំនៅចងចាំនោះគឺ ខ្ញុំនិងប្រជាជនទទួលបានបបររាវតែពីរពេលតែប៉ុណ្ណោះក្នុងមួយថ្ងៃ គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ ទឹកលិចលង់ភូមិ ធ្វើឱ្យប្រជាជនប្រឈមជំងឺឆ្លង និងបញ្ហាសុខភាពផ្សេងៗ ដូចជា ជំងឺរាករូស អាសន្នរោគដែលមិនមានថ្នាំព្យាបាលត្រឹមត្រូវ។ ប្រជាជនខ្លះត្រូវដើរសកសម្បកឈើ ឬកាប់ឫសឈើ ដើម្បីយកមកផ្សំធ្វើជាថ្នាំផឹកដោយខ្លួនឯង។ អ្វីដែលខ្ញុំភ័យខ្លាចបំផុតនៅពេលនោះមិនមែនជាទឹកជំនន់នោះទេ គឺខ្មែរក្រហមដើរចាប់ប្រជាជនយកទៅសម្លាប់ និងទម្លាក់ចូលក្នុងទឹកទន្លេដែលកំពុងហូរខ្លាំង។

ទន្លេមេគង្គ ជាទីកន្លែងនៃការចងចាំ

ខ្ញុំឈ្មោះ ម៉ៅ វណ្ណា រស់នៅក្នុងភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំគឺជាអតីតនាយកសាលាបឋមសិក្សាទីប្រជុំ។ នៅពេលដែលមានទឹកជំនន់រដូវវស្សាលិចភូមិម្ដងៗ ខ្ញុំតែងតែនឹកឃើញឪពុកម្ដាយរបស់ខ្ញុំ ដែលត្រូវបានខ្មែរក្រហមដឹកយកទៅសម្លាប់ និងទម្លាក់ចូលទន្លេ ពេលទឹកជំនន់ឆ្នាំ១៩៧៨។ នៅក្នុងរបបខ្មែរក្រហម ប្រជាជនជាច្រើនគ្រួសារ ជាពិសេសសប្រជាជនថ្មី ឬ ប្រជាជន១៧ មេសា ឆ្នាំ១៩៧៥ ត្រូវបានយកទៅសម្លាប់នៅវត្តក្បាលកោះ និងនៅជុំវិញបរិវេណនោះ។ នៅពេលកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីចូលមកគ្រប់គ្រង ចន្លោះពីឆ្នាំ១៩៧៧ រហូតដល់ ឆ្នាំ១៩៧៨ ការសម្លាប់ប្រជាជនកាន់តែច្រើនឡើង។ អតីតកម្មាភិបាលភូមិភាគបូព៌ាកម្រិតមូលដ្ឋាន ប្រជាជន១៧ មេសា ឆ្នាំ១៩៧៥ ដែលនៅសេសសល់ និងប្រជាជនឆ្នាំ១៩៧៣ ដែលប្រព្រឹត្តកំហុសឆ្គង ត្រូវបានចាប់ និងដឹកទាំងថ្ងៃយកទៅសម្លាប់នៅវត្តក្បាលកោះ។ បើទោះជាមានទឹកជំនន់លិចភូមិ និងលិចទីតាំងសម្លាប់នៅវត្តក្បាលកោះ គឺខ្មែរក្រហមនៅតែបន្តការកាប់សម្លាប់ដោយដឹកតាមកាណូតយកទៅសម្លាប់ និងបោះចោលចូលទន្លេ។

ការបន្តធ្វើការងារ នៅក្នុងទឹកជំនន់

ឌឹម គឹមសាន អាយុ៦៦ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាមេភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំនៅចងចាំថា នៅឆ្នាំ១៩៧៨ មានទឹកជំនន់ធំមួយ បានជន់លិចភូមិ។ បើទោះជាមានទឹកជំនន់លិចស្ទើរតែគ្រប់ទីកន្លែងយ៉ាងណា ខ្មែរក្រហមនៅតែបែងចែកការងារឱ្យប្រជាជន ធ្វើ។ ស្រ្តី និងកុមារ ធ្វើការងារនៅផ្ទះ ចំណែកឯបុរស ត្រូវបានចល័តទៅធ្វើការដកស្ទូង និងរកត្រី។ នៅពេលនោះ ខ្ញុំត្រូវជិះទូកទៅវាលស្រែដើម្បីស្ទូង ក្នុងជម្រៅទឹកត្រឹមក។ ប្រសិនបើមិនធ្វើតាមការបញ្ជារបស់ខ្មែរក្រហម ខ្ញុំនឹងត្រូវចាប់ខ្លួនយកទៅសម្លាប់។ អ្វីដែលខ្ញុំនៅតែមិនអាចភ្លេចបាន គឺខ្មែរក្រហមប្រើប្រាស់ទឹកជំនន់ទន្លេមេគង្គជាទីកន្លែងសម្លាប់ប្រជាជន ដោយបោះសាកសពចូលក្នុងទឹកទន្លេដែលកំពុងតែហូរខ្លាំង។ ដូច្នេះនៅពេលដែលមានទឹកជំនន់លិចភូមិម្ដងៗ ខ្ញុំតែងតែនឹកឃើញអំពីបទពិសោធន៍ក្នុងរបបខ្មែរក្រហម។

ធ្វើការនៅផ្ទះរយៈពេលជាងមួយខែ នៅពេលទឹកជំនន់លិចភូមិក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ហុក ណៃវេង អាយុ៦៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧៥ ខ្ញុំរៀបការប្ដីឈ្មោះ អាន រី និងមានកូនសរុបចំនួន៥នាក់។ ឪពុករបស់ខ្ញុំឈ្មោះ អ៊ី ហូយ និងមា្ដយឈ្មោះ អេង។ ខ្ញុំគឺជាកូនទី៤ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៩នាក់។ ខ្ញុំចូលរៀននៅសាលាបឋមសិក្សាវត្តចុងកោះរហូតដល់ថ្នាក់ទី១០ពីសង្គមចាស់។ ក្រោយពីខ្មែរក្រហមបង្កើតសហករណ៍ នៅឆ្នាំ១៩៧៦ ខ្ញុំ និងប្ដីត្រូវបានរស់នៅបែកចេញពីគ្នា ព្រោះប្តីខ្ញុំត្រូវបានខ្មែរក្រហមចល័តឱ្យទៅជីកដី លើកដី និងភ្ជួររាស់ នៅការដ្ឋានឆត្រឆ្ងាយពីផ្ទះ ចំណែកខ្ញុំត្រូវទៅនៅកងចល័តវ័យកណ្ដាលនៅកោះសូទិន និងធ្វើការងារ ដាំដំណាំ ភ្ជួររាស់ ដកស្ទូង និងច្រូតកាត់។ នៅឆ្នាំ១៩៧៧ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីបានចូលមកគ្រប់គ្រងភូមិ និងបានចាប់ខ្លួនកម្មាភិបាលមូលដ្ឋាន និងរឹតត្បិតរបបអាហារ។ នៅឆ្នាំ១៩៧៨ ភូមិរបស់ខ្ញុំត្រូវទឹកជំនន់ជន់លិចដីស្រែ និងដំាដំណាំ។ ប្រជាជនត្រូវបន្តធ្វើការងារនៅតាមផ្ទះរៀងៗខ្លួនអស់រយៈពេលជាងមួយខែ។ កងឈ្លបខ្មែរក្រហមនៅតែបន្តតាមដានប្រជាជន ដើម្បីយកការណ៍ ថាតើមាននរណាមិនធ្វើការងារនៅផ្ទះ ឬនិយាយអ្វីខ្លះពីអង្គការ។ ក្នុងរយៈពេលជាងមួយខែនៃទឹកជំនន់ឆ្នាំ១៩៧៨ ប្រជាជនមានពេលសម្រាកខ្លះនៅលើផ្ទះ និងត្រូវធ្វើដំណើរតាមទូកទៅហូបបាយនៅរោងបាយរួម ដែលស្ថិតនៅលើទីទួលមួយក្នុងភូមិ។ ទោះជាប្រជាជនមិនអាចចេញទៅធ្វើការនៅតាមការដ្ឋាន ប៉ុន្ដែប្រជាជននៅតែបន្តធ្វើការងារទៅតាមផែនការរបស់ខ្មែរក្រហមដែលដាក់ឱ្យធ្វើតាមផ្ទះ ដោយមិនហ៊ានឈប់សម្រាកឡើយ។ នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានចូលមកវាយរំដោះប្រជាជនចេញពីរបបខ្មែរក្រហម។ ខ្ញុំបានរួចផុតពីសេចក្ដីស្លាប់ និងបន្តធ្វើស្រែចម្ការរហូតមកដល់បច្ចុប្បន្ននេះ។

ទឹកជំនន់ទន្លេមេគង្គក្នុងឆ្នាំ២០២៦ បានរំឭកឡើងវិញអំពីបទពិសោធន៍ដែលមិនអាចបំភ្លេចបានរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ការស្តាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មិនត្រឹមតែបង្ហាញភាពអត់ធ្មត់ និងការតស៊ូរបស់គាត់ដែលបានឆ្លងកាត់របបខ្មែរក្រហមតែប៉ុណ្ណោះទេ ប៉ុន្តែជាមេរៀនប្រវត្តិសាស្រ្តដ៏មានតម្លៃសម្រាប់យុវជន និងយុវនារីជំនាន់ក្រោយ ដើម្បីសិក្សាស្វែងយល់។

អត្ថ​បទ ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯការកម្ពុជា

 

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖