នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) មានកិត្តិយសទទួលស្វាគមន៍ការអញ្ជើញមកទស្សនកិច្ចពីគណៈប្រតិភូ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ដឹកនាំដោយ ឯកឧត្តម លាវ ពិសិដ្ឋ អគ្គលេខាធិការរង រួមជាមួយសហការី ព្រមទាំងមានការសម្របសម្រួលពី លោក ព្រាប សារ៉េត នាយករងរដ្ឋបាលស្រុក និង លោក ឌី ចាន់សភា អភិបាលរងនៃគណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ។ ក្នុងដំណើរទស្សនកិច្ចនេះក៏មានការចូលរួមពីលោកស្រី បួរ ខាំតង ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី ម៉ាន អាស៊ីសាស់ អ្នកសម្របសម្រួលកម្មវិធីអង្គការអុកហ្វាមកម្ពុជាដែរ។
នៅក្នុងឱកាសនោះ លោក ស្រេង លីដា បានទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាល និងបានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយជូនគណៈប្រតិភូអំពីសៀវភៅសាក្សីប្រវត្តិសាស្ត្រ ៖ ព្រះរាជជីវប្រវត្តិដ៏ឧត្តុងឧត្តម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ, ប្រវត្តិសាស្ត្រភូមិអូរស្វាយ ព្រះឆាយាល័ក្ខណ៍ដែលបានតាំងបង្ហាញក្នុងអគារ ផែនទីទន្លេមេគង្គក្នុងតំបន់រ៉ាមសារ បណ្ណាល័យបណ្តែតទឹក និងគម្រោងអភិវឌ្ឍន៍សហគមន៍របស់ព្រះរាជបណ្ណាល័យហ្លួងម៉ែ នៅអូរស្វាយ និងនៅព្រះសារមន្ទីរ ខេត្តស្ទឹងត្រែង។
បន្ទាប់មក លោក ស្រេង លីដា បានជូនវត្ថុអនុស្សាវរីយ៍ជាសៀវភៅសំខាន់ៗមួយចំនួន រួមមាន៖ សៀវភៅ សាក្សីប្រវត្តិសាស្ត្រ៖ ព្រះរាជជីវប្រវត្តិដ៏ឧត្តុងឧត្តម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ, សៀវភៅសាក្សីប្រវត្តិសាស្ត្រ៖ កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ, សៀវភៅការទប់ស្កាត់ជម្លោះ និងការថែរក្សាសន្តិភាពតាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនយុវនារីស្ម័គ្រចិត្តកម្ពុជា, សៀវភៅ សហគមន៍អេកូទេសចរណ៍ បុរីអូរស្វាយ-សែនជ័យ និងសៀវភៅអគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដល់ឯកឧត្តម លាវ ពិសិដ្ឋ និងសហការី។
មុននឹងបញ្ចប់ទស្សនកិច្ច គណៈប្រតិភូបានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍នៅខាងមុខអគារមរតកសង្គមរាស្ត្រនិយម និងនៅមុខស្តូបអនុស្សាវរីយ៍ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
ជាចុងក្រោយ ឯកឧត្តម លាវ ពិសិដ្ឋ បានសម្តែងនូវការកោតសរសើរចំពោះអគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ជាមួយសម្រស់ដ៏ស្រស់ត្រកាលនៃតំបន់នេះ ហើយបានបញ្ជាក់ថា នឹងវិលត្រឡប់មកទស្សនាម្តងទៀតនារដូវទឹកស្រក ព្រមទាំងបានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា គម្រោងអភិវឌ្ឍន៍សហគមន៍អូរស្វាយ នឹងបន្តរីកចម្រើន និងមានសមិទ្ធផលថ្មីៗកាន់តែច្រើនឡើងបន្ថែមទៀតនាពេលអនាគត។
អត្ថបទ ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា












