មជ្ឈមណ្ឌលឯកសារខេត្តតាកែវ រៀបចំវេទិកាថ្នាក់រៀនស្ដីពី ផែនការ៤ឆ្នាំ (១៩៧៧-១៩៨០) នៅក្នុងរបបខ្មែរក្រហម ដល់សិស្សវិទ្យាល័យ ជា ស៊ីម តាកែវ

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានរៀបចំវេទិកាថ្នាក់រៀន ស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សានុសិស្សថ្នាក់ទី១១ និងទី៩ សរុបចំនួន៨នាក់ មកពីអនុវិទ្យាល័យ និងវិទ្យាល័យ ជា ស៊ីម តាកែវ។ គោលបំណងនៃវេទិកាថ្នាក់គឺចង់ឱ្យសិស្សយល់ដឹងពីផែនការបួនឆ្នាំ (១៩៧៧-១៩៨០) របស់ខ្មែរក្រហម ដែលជាមូលហេតុចម្បងធ្វើឱ្យប្រជាជនទូទាំងប្រទេសជួបប្រទះភាពអត់ឃ្លានពេញមួយរបបខ្មែរក្រហម។

ជាកិច្ចស្វាគមន៍ដល់សិស្សានុសិស្ស បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ជឹម សុខគា បានធ្វើការណែនាំសិស្សអំពីផ្ទាំងពិព័រណ៍រូបថតអចិន្ត្រៃយ៍ដែលដាក់តាំងបង្ហាញនៅបរិវេណការិយាល័យ និងបង្ហាញពីឯកសារខ្មែរក្រហមដ៏ច្រើនសម្បូរបែបសម្រាប់អ្នកសិក្សាស្រាវជ្រាវ។ បន្ទាប់មក សិស្សានុសិស្សបាន​ធ្វើដំណើរទៅកាន់បន្ទប់រៀនដើម្បីស្តាប់ការធ្វើបទបង្ហាញ។

នៅក្នុងឱកាសនោះ ជឹម សុខគា សួរសំណួរដើម្បីវាស់ស្ទង់ចំណេះដឹងរបស់សិស្សអំពីរបបខ្មែរក្រហម និងបានចាប់ផ្តើមពន្យល់ត្រួសៗពីមូលហេតុដែលនាំឱ្យកើតមានការអត់ឃ្លានក្នុងរបបខ្មែរក្រហម ហើយប្រជាជនជាច្រើននាក់បានបាត់បង់ជីវិត។ បន្តមកទៀត សិស្សម្នាក់ឡើងអានមេរៀនក្នុងជំពូកទី៧ «ផែនការបួនឆ្នាំ (១៩៧៧-១៩៨០) របស់ខ្មែរក្រហម» រយៈពេល៣០នាទី ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីមូលហេតុនៃការបង្កើតផែនការបួនឆ្នាំក្នុងរបបខ្មែរក្រហម។ សិស្សានុសិស្សបានចំណាយពេលប្រមាណ២០នាទីបន្ថែមទៀត ដើម្បីកត់ត្រាចំណុចសំខាន់ៗនៅក្នុងមេរៀនទុកពិភាក្សានៅក្នុងក្រុម។

ក្រោយពេលបញ្ចប់ការពិភាក្សា សិស្សានុសិស្សបានបង្ហាញចំណេះដឹងរបស់ខ្លួនក្រោយការអានដូចខាងក្រោម ៖

ព្រាប សម្ផស្ស រៀបរាប់ថា ការរស់នៅក្នុងរបបខ្មែរក្រហម ពិតជាលំបាកខ្លាំងណាស់ ហើយប្រជាជនត្រូវទទួលរងទុក្ខវេទនាអស់រយៈពេល៣ឆ្នាំ៨ខែនឹង២០ថ្ងៃ។ ប្រជាជនត្រូវរស់នៅបែកបាក់ក្រុមគ្រួសារ និងធ្វើការងារហួសកម្លាំង ហើយ​ហូបចុកពុំបានគ្រប់គ្រាន់។ ចំណែកឯសម្លៀកបំពាក់មានត្រឹមមួយសម្រាប់ និងត្រូវស្លៀកពាក់ជាប់ខ្លួនជានិច្ច។ នៅពេលមានជំងឺ ប្រជាជនពុំមានថ្នាំសង្កូវសម្រាប់ព្យាបាលឡើយ។ ខ្មែរក្រហមកំណត់ឱ្យប្រជាជនធ្វើស្រែឱ្យបាន៣តោនក្នុងមួយហិកតា និងបានបែងចែកស្បៀងជា៤ផ្នែកខុសៗគ្នាគឺ ទី១) ស្បៀងទុកសម្រាប់ផ្គត់ផ្គង់ដល់ប្រជាជន, ទី២) ស្រូវសម្រាប់ទុកធ្វើពូជ, ទី៣) ស្បៀងសម្រាប់ផ្គត់ផ្គង់ទៅលើកងទ័ព និងថ្នាក់ដឹកនាំ និង ទី៤) ស្បៀងនាំចេញទៅក្រៅប្រទេស ជាពិសេសប្រទេសចិនដើម្បីដោះដូរយករូបិយប័ណ្ណបរទេសសម្រាប់យកទៅទិញសម្ភារ ដើម្បីជំនួយដល់ការងារកសិ​កម្ម និងដូរយកគ្រឿងសព្វាវុធទុកពេលកើតមានសង្រ្គាម។ ប៉ុន្តែផែនការ៤ឆ្នាំរបស់របបខ្មែរក្រហម ត្រូវ បរាជ័យដោយសារខ្វះឧបករណ៍ទំនើបៗ ហើយមួយវិញទៀត ​ការងារភាគច្រើន​ប្រើដោយកម្លាំងមនុស្សសុទ្ធសាធ។ សូម្បីតែ សត្វគោ ក្របី នៅមានការខ្វះខាត ដូច្នេះតំបន់ខ្លះ ខ្មែរក្រហមប្រើកម្លាំងមនុស្សឱ្យកាប់ដីដោយប្រើចបដើម្បីធ្វើស្រែ។ កន្លងមក ខ្ញុំធ្លាប់បានអានឯកសារ និងទស្សនាភាពយន្ដ ឃើញខ្មែរក្រហមយក​មនុស្សមកទឹម និង​អូសទាញនង្គ័ល ដូចសត្វគោ ​ក្របី។ ខ្មែរក្រហមប្រើប្រជាជនឱ្យធ្វើការងារសព្វគ្រប់ ថែមទាំងបំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។

សី ហេង បានលើកឡើងថា មេរៀនដែលខ្ញុំរៀនរយៈពេលមួយព្រឹកនេះ គឺពិតជាថ្មីសម្រាប់ខ្ញុំ។ របបខ្មែរក្រហមបានបង្អត់អាហារ និងប្រើប្រជាជនឱ្យធ្វើការងារហួសកម្លាំង ដូចជា រែកដី និងជីកដី។ ប្រជាជន នៅក្នុងរបបខ្មែរក្រហមត្រូវរស់នៅបែកបាក់ក្រុមគ្រួសារ កូនចៅ ឪពុកម្ដាយ និងគ្មានភាពកក់ក្តៅ។ នៅពេលខ្ញុំអានសៀវភៅ, ឯកសារ និងទស្សនាខ្សែភាពយន្ដ ខ្ញុំឃើញអំពីទិដ្ឋភាពខ្មែរក្រហម​ធ្វើទារុណកម្ម ​បង្អត់បាយប្រជាជន​​ និងសម្លាប់មនុស្សដោយគ្មានរើសមុខឡើយ។ ខ្ញុំអាណិតអ្នកដែលកើតក្នុងរបបខ្មែរក្រហមណាស់ ដូច្នេះដើម្បីទប់ស្កាត់​កុំឱ្យរបបខ្មែរក្រហមកើតឡើងវិញ យើងត្រូវចេះរួបរួមសាមគ្គីគ្នា ខិតខំរៀនសូត្រ លុបបំបាត់ការរើសអើង និងលុបបំបាត់អំពើហិង្សានៅក្នុងសង្គម។

ម៉េត រចនា និយាយថា ការសិក្សារយៈពេលមួយព្រឹកនេះ ខ្ញុំបានដឹងអំពីទុក្ខលំបាករបស់ប្រជាជនដែលរស់នៅបែកបាក់ក្រុមគ្រួសារ ធ្វើឱ្យកូនចៅពុំទទួលបានភាពកក់ក្ដៅ។ ខ្មែរក្រហមបានប្រើឱ្យប្រជាជនធ្វើការងារហួសកម្លាំង និងមិនឱ្យហូបគ្រប់គ្រាន់។ ខ្មែរក្រហមបានប្រើប្រជាជនឱ្យធ្វើការងារ១២ម៉ោង ក្នុងមួយថ្ងៃ។ ប្រជាជនរស់នៅពុំមានសិទ្ធិសេរីភាព និងត្រូវទទួលរងការគាបសង្កត់ពីខ្មែរក្រហម។ ខ្មែរក្រហមបានប្រើប្រជាជនឱ្យធ្វើស្រែ រែកដី ជីកប្រឡាយ និងកាប់ឆ្ការព្រៃ។ របបខ្មែរក្រហមផ្ដោតសំខាន់លើការងារកសិកម្មជាចម្បង ដោយកំណត់ឱ្យប្រជាជនធ្វើស្រែក្នុងមួយហិកតាឱ្យបាន៣តោន សម្រាប់ដីស្រែធម្មតា។ រីឯដីស្រែលេខ១ គឺក្នុងមួយហិកតាត្រូវធ្វើឱ្យបានចាប់ពី៦ទៅ៧តោន។ ដូច្នេះផែនការរយៈពេល៤ឆ្នាំ ដែលផ្ដោតលើការងារកសិកម្មរបស់ខ្មែរក្រហមពុំទទួលបានជោគជ័យឡើយ។ មូលហេតុខ្វះខាតកម្លាំងពលកម្ម និងឧបករណ៍ដែលជួយសម្រួលដល់ការងារកសិកម្ម ទើបធ្វើឱ្យទិន្នផលស្រូវពុំសូវទទួលបានផលច្រើន។

នៅចុងបញ្ចប់នៃវេទិកាថ្នាក់រៀន គឺសិស្សានុសិស្សបានទស្សនាខ្សែភាពយន្ដឯកសារខ្លីរឿង «នៅក្រោយជញ្ជាំងនៃមន្ទីរ ស២១» រយៈពេល២៩នាទី។

អត្ថបទ ៖ ជឹម សុខគា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖