កម្ពុជាគឺប្រទេសមួយដែលមិនសាបសូន្យឡើយ

ខណៈពេលដែល​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​កំពុងប្រារព្ធឡើង នេះជាពេលវេលាដ៏​សមរម្យមួយ​ដើម្បី​ ​រំឭក និង​គោរព​ចំពោះ​បុព្វការីជន និងវីរបុរស​កម្ពុជា​ដែល​បានរែកពុនបន្ទុកដ៏​ធំធេងបំផុត​ក្នុង​ការ​ថែរក្សា​ប្រជាជាតិយើង​ ក៏ដូចជា​ចំពោះ​វីរកងទ័ព និង​ជនស៊ីវិលកម្ពុជា ព្រមទាំងក្រុមគ្រួសារ ដែល​​បាន​ពលី​ជីវិត​ដើម្បីជាតិ​កម្ពុជា​តាំងពីអតីតកាល​រហូតមកទល់ពេលបច្ចុប្បន្ន​។ យើង​ត្រូវ​តែ​ចងចាំ​ពីការលះបង់របស់អ្នករស់រានមានជីវិតពី​របប​ខ្មែរក្រហម និង​ជនរងគ្រោះ​នៃ​ជម្លោះ និង​សង្គ្រាមនាពេលកន្លងមក។ ជាងនេះទៅទៀត យើង​​ត្រូវ​តែ​ចងចាំពី​វីរជន​​ដែល​បាន​ពលី​ជីវិត​ក្នុង​ជម្លោះ​នា​ពេល​ថ្មីៗ​នេះ​ជាមួយ​ប្រទេស​ថៃ​។

ប្រទេស​ជាតិ​ជំពាក់​គុណវីរបុរសទាំងនេះ និង​ក្រុម​គ្រួសារ​របស់គាត់ ហើយការពលីជីវិតរបស់វីរកងទ័ព និង​ប្រជាជនកម្ពុជា ​ក្នុងអំឡុង​ជម្លោះ​ជាមួយ​ប្រទេស​ថៃនាពេលថ្មីៗនេះ យើង​ត្រូវ​តែ​បន្ត​ប្តេជ្ញា​ចិត្តស្វះស្វែងរក​យុត្តិធម៌សម្រាប់ពលិកម្មរបស់វីរបុរសទាំងនោះ។ រាល់យុត្តិធម៌ទាំងអស់ ត្រូវ​ផ្តោតចម្បងទៅលើការ​ចងចាំ ដូច្នេះ​ចាប់ពីថ្ងៃនេះតទៅ យើង​អាច​ចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងស្វែងរក​យុត្តិធម៌ ​តាមរយៈ​ការ​ចងចាំអំពី​វីរបុរស​ដែល​បាន​ពលី​ជីវិត​ទាំងនេះ និង​ចូលរួម​ជាមួយ​ក្រុម​គ្រួសាររបស់វីរបុរសទាំងនេះ ​ក្នុង​ការធ្វើ​ឱ្យជា​សះស្បើយផ្លូវកាយ ផ្លូវចិត្ត និង​ផ្លូវស្មារតី ចំពោះការបាត់បង់​មនុស្សជាទីស្រឡាញ់របស់ខ្លួន​។ វីរបុរស​ទាំងអស់​សុទ្ធតែ​មាន​ក្រុម​គ្រួសារ ហើយ​ការ​បាត់បង់ជីវិតនៃវីរបុរសទាំងនេះ ​មិន​ត្រឹមតែ​ជា​សោកនាដកម្មដែលជះឥទ្ធិពល​ទៅលើក្រុមគ្រួសារ​សាច់ញាតិ​ និង​អ្នក​ជិតស្និទ្ធរបស់វីរបុរសទាំងនេះតែប៉ុណ្ណោះទេ ក៏ប៉ុន្តែជះឥទ្ធិពលទៅលើ​សហគមន៍ទាំងមូលថែមទៀត​ផង។

ការចងចាំចំពោះ​​វីរបុរស​ដែល​បាន​ពលី​ជីវិត ​នឹងនៅតែ​ស្ថិតនៅដក់ជាប់​ក្នុងចិត្ត​យើងជារៀងរហូត ដោយមិន​ត្រឹម​តែជាការរំឭកដ៏សង្វេគថា ពេលខ្លះសន្តិភាពទាមទារនូវ​ការពលី​ជីវិត​ដ៏ឧត្ដុង្គឧត្តមបំផុតពីសំណាក់ប្រជាជនកម្ពុជាដ៏អស្ចារ្យ​ប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺជាការរំឭកបំផុសគំនិតថា កម្ពុជាគឺ​ជា​ប្រទេស​មួយ​ដែល​មិន​ចេះ​សាបសូន្យ​ឡើយ​។

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖