ការបណ្តុះស្មារតីស្រឡាញ់ទឹកដីកំណើត និងការចូលរួមក្នុងសកម្មភាពសង្គម គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងយុវជនជំនាន់ក្រោយឱ្យក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ។ ជាក់ស្តែង ក្រោមការដឹកនាំសម្របសម្រួលដោយផ្ទាល់ពី អ្នកគ្រូ រ៉ន ឡាឌី ក្រុមយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍អូរស្វាយ ដែលជាសិស្សានុសិស្សរៀនថ្នាក់ទី១០ នៃវិទ្យាល័យបុរីអូរស្វាយសែនជ័យ ចំនួន៥រូប រួមមានឈ្មោះ៖ ១) ឯម ច័ន្ទរិទ្ធពល (ប្រធានក្រុម) ២) ខេង ណារ៉ុង (សមាជិក) ៣) រស់ ណារៀន (សមាជិក) ៤) រ័ត្ន សុគន្ធានី (សមាជិក) និង ៥) សូត្រ រក្សា (សមាជិក) បានរួមដៃគ្នាអនុវត្តគម្រោងក្រោមប្រធានបទ «សម្រស់ទេសចរណ៍ក្នុងសហគមន៍ខ្ញុំ» ដែលបានចាប់ដំណើរការតាំងពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ និងគ្រោងបញ្ចប់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។ គម្រោងសម្រស់ទេសចរណ៍ក្នុងសហគមន៍ខ្ញុំ គឺជាផ្នែកមួយនៃការប្រកួតប្រជែងស្នាដៃយុវជនស្ម័គ្រចិត្ត ដែលរៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង និងមានក្រុមយុវជនចូលរួមប្រកួតចំនួន១៤ក្រុម ចុងបញ្ចប់គឺត្រូវស្វែងរកជ័យលាភីលេខ១ តំណាងខេត្តទៅចូលរួមប្រកួតបន្តនៅថ្នាក់ជាតិ ឯរាជធានីភ្នំពេញ។
កន្លងមក ក្រុមយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍អូរស្វាយ តែងតែឆ្លៀតពេលមកសិក្សាស្វែងយល់ ស្រាវជ្រាវ និងសាកសួរព័ត៌មានអំពីប្រវត្តិសាស្ត្រ ក៏ដូចជាទិសដៅអភិវឌ្ឍន៍សហគមន៍ នៅទីតាំងអគារមរតកសង្គមរាស្ត្រនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)។ តាមរយៈការធ្វើបទបង្ហាញ និងការចែករំលែកជាប្រចាំរបស់លោក ស្រេង លីដា ជូនដល់ក្រុមយុវជនស្ម័គ្រចិត្ត បានក្លាយជាកម្លាំងជំរុញទឹកចិត្តយ៉ាងខ្លាំង ធ្វើឱ្យក្រុមយុវជនស្ម័គ្រចិត្តមានបំណងប្រាថ្នាចង់យកចំណេះដឹងមកបំប្លែងទៅជាសកម្ម ភាពជាក់ស្តែង ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ឃុំអូរស្វាយឱ្យកាន់តែមានភាពទាក់ទាញ។
មួយវិញទៀត ការចុះប្រមូលទិន្នន័យជាក់ស្តែង ក្រុមយុវជនស្ម័គ្រចិត្តបានសង្កេតឃើញថា បរិវេណមាត់ទន្លេមេគង្គមានទេសភាពស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ ស័ក្តិសមជាទីកន្លែងសម្រាប់សិស្សានុ សិស្សមកអង្គុយអានសៀវភៅ ស្វ័យសិក្សា និងជាកន្លែងសម្រាកលម្ហែកាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ក៏ដូចជាភ្ញៀវទេសចរ។ ការមើលឃើញពីតម្រូវការកន្លែងអង្គុយបន្ថែម បានជំរុញឱ្យក្រុមយុវជនស្ម័គ្រចិត្ត ផ្តួចផ្តើមគំនិតរៀបចំកៅអីថ្មចំនួន៨ មកដាក់នៅតាមបណ្តោយមាត់ទន្លេនៃអគារមរតកសង្គមរាស្រ្ត និយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ក្នុងសហគមន៍។
ដើម្បីសម្រេចបាននូវការឧបត្ថម្ភ ក្រុមការងារយុវជនថ្នាក់ទី១០ បានបង្ហាញពីភាពចាស់ទុំក្នុងការងារ ដោយបានរៀបចំផែនការ និងដើរពន្យល់ពីគោលបំណងគម្រោងយ៉ាងច្បាស់លាស់។ ថវិកាសម្រាប់ជាវកៅអីថ្មទាំង៨ គឺទទួលបានពីការចូលរួមចំណែករបស់មិត្តភក្តិក្នុងសាលា ការជួយជ្រោមជ្រែងពីអាណាព្យាបាល និងការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន។ ក្រៅពីទ្រឹស្តីក្នុងថ្នាក់រៀន បទពិសោធន៍នៃការចុះធ្វើការងារផ្ទាល់បានបណ្តុះឱ្យប្អូនៗយល់កាន់តែច្បាស់ពីរបៀបធ្វើការជាក្រុម ការទំនាក់ទំនងសាធារណៈ ភាពជាអ្នកដឹកនាំ និងតម្លៃពិតប្រាកដនៃវប្បធម៌សាមគ្គីភាព។
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ កៅអីថ្មទាំង៨ ត្រូវបានដឹកជញ្ជូនមកដល់ និងរៀបចំដាក់នៅមាត់ទន្លេ ក្នុងបរិវេណអគារមរតកសង្គមរាស្ត្រនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ឆ្លើយតបចំពោះតម្រូវការប្រើប្រាស់ពិតប្រាកដ។
តំណាងក្រុមយុវជនស្ម័គ្រចិត្ត បានបញ្ជាក់ថា ការចូលរួមជួយសង្គម និងការអភិវឌ្ឍន៍សហគមន៍ អាចចាប់ផ្តើមបានជានិច្ចពីចំណុចតូចៗ និងធនធានដែលខ្លួនមាន។ ក្រុមការងារសង្ឃឹមថា កៅអីថ្មទាំងនេះនឹងផ្តល់ភាពងាយស្រួលដល់បងប្អូនអ្នកភូមិ កុមារតូចៗ និងភ្ញៀវទេសចរមកពីទីជិតឆ្ងាយអង្គុយលេង ព្រមទាំងសូមអំពាវនាវដល់អ្នកមកកម្សាន្តទាំងអស់ ចូលរួមថែរក្សាសម្បត្តិរួម និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបរិស្ថានមាត់ទន្លេឱ្យស្រស់ស្អាតយូរអង្វែង។
អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) នៃមជ្ឈមណ្ឌលឯកសារកម្ពុជា សូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកគ្រូ រ៉ន ឡាឌី ដែលបានចំណាយពេលវេលា និងកម្លាំងចិត្តក្នុងការណែនាំ តម្រង់ទិស និងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សរហូតសម្រេចបាននូវស្នាដៃដ៏ថ្លៃថ្លានេះ។ ប្អូនៗសមាជិកក្រុមយុវជនស្ម័គ្រចិត្តទាំង៥រូប មានស្មារតីមុតមាំ ស្រឡាញ់សហគមន៍ និងបានយកចិត្តទុកដាក់បង្វែរចំណេះដឹងមកជាផលប្រយោជន៍រួមសម្រាប់សង្គម។ លើសពីនេះ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងបងប្អូនប្រជាពលរដ្ឋ បានផ្តល់ការគាំទ្រទាំងស្មារតី និងថវិកា ធ្វើឱ្យគំនិតផ្តួចផ្តើមរបស់យុវជនលេចចេញជារូបរាងឡើង។ អគារមរតកសង្គមរាស្រ្ត និយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) នៃមជ្ឈមណ្ឌលឯកសារកម្ពុជា សូមជូនពរប្អូនៗក្រុមយុវជនស្ម័គ្រចិត្ត ទទួលបានជោគជ័យក្នុងការធ្វើបទបង្ហាញ និងការប្រកួតប្រជែងថ្នាក់ខេត្ត ទទួលបានលទ្ធផលល្អប្រសើរ ដើម្បីបន្តដំណើរឆ្ពោះទៅកាន់ការប្រកួតថ្នាក់ជាតិតំណាងឱ្យខេត្តស្ទឹងត្រែង។
អត្ថបទ ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា









