នៅវេលាម៉ោង៧នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ព្រះតេជគុណ យស ផារី ជាព្រះចៅអធិការវត្តហត្ថិវនារាមក្តុល ហៅវត្តក្តុល បាននិមន្តមកបង្រៀនតា យាយ អ៊ំ ពូ មីង កុមារា និងកុមារី ជាកូនចៅជនជាតិដើមភាគតិចស្ទៀង និងកូនចៅអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន៧៤នាក់ នៅផ្ទះសហគមន៍ស្ទៀងភូមិក្តុលលើ ស្ថិតក្នុងភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្នុងបរិបទសង្គមបច្ចុប្បន្ន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងខ្លាំង ការអប់រំផ្នែកសីលធម៌ ចរិយាធម៌ និងការយល់ដឹងពីតម្លៃព្រះពុទ្ធសាសនា គឺជាគ្រឹះដ៏រឹងមាំមិនអាចខ្វះបានសម្រាប់យុវជនជំនាន់ក្រោយ។ ដោយសារការសិក្សាពីធម៌ មិនទាន់ទូលំទូលាយនៅតាមតំបន់មួយចំនួន ទើបព្រះតេជគុណ យស ផារី បានលះបង់ពេលវេលា កម្លាំងកាយ ក្នុងការផ្តួចផ្តើមបង្រៀនព្រះធម៌ដល់កុមារ និងយុវជនកូនចៅជនជាតិដើមភាគតិចស្ទៀង ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ការបង្រៀនព្រះធម៌ ជាសកម្មភាពមនុស្សធម៌ និងអប់រំដ៏ថ្លៃថ្លាក្នុងការលើកកម្ពស់សីលធម៌សង្គម។
ព្រះតេជគុណ យស ផារី បានជ្រើសរើសវិធីសាស្ត្របង្រៀនព្រះធម៌ជាភាសាបាលីអមជាមួយការបកប្រែជាភាសាខ្មែរយ៉ាងក្បោះក្បាយ។ វិធីសាស្ត្រនេះជួយឱ្យក្មេងៗ មិនត្រឹមតែចេះសូត្រធម៌តែប៉ុណ្ណោះទេ ថែមទាំងអាចយល់ដឹងពីអត្ថន័យ ខ្លឹមសារ និងគតិអប់រំបង្កប់នៅក្នុងធម៌នីមួយៗ។ ព្រះតេជគុណបានចាត់ឱ្យសិស្សានុសិស្សម្នាក់ៗប្តូរវេនគ្នាងើបឈរអានអត្ថបទធម៌ប្រែដោយសំឡេងច្បាស់ៗ។ ការឡើងអានម្នាក់ម្ដងៗជួយឱ្យកុមារទាំងអស់មានការផ្តោតអារម្មណ៍ខ្ពស់ និងក្លាហានក្នុងការបញ្ចេញសំឡេងឱ្យបានត្រឹមត្រូវ។ បន្ទាប់ពីអានចប់ ព្រះតេជគុណបានសួរសំណួរដេញដោលអំពីអត្ថន័យ ដើម្បីឱ្យសិស្សឆ្លើយម្តងម្នាក់តាមការយល់ឃើញ។ ព្រះអង្គតែងតែបញ្ចូលការអប់រំទូទៅទាក់ទងនឹងការដឹងគុណមាតាបិតា គុណគ្រូបាអាចារ្យ ការគោរពចាស់ទុំ ការចេះជួយគ្នាក្នុងគ្រាអាសន្ន និងចៀសវាងអំពើអបាយមុខផ្សេងៗ។ កុមារដែលបានឆ្លងកាត់ការរៀនសូត្រព្រះធម៌ តែងតែស្តែងចេញនូវឥរិយាបថរម្យទម ចេះលើកដៃសំពះ ស្គាល់ខុសស្គាល់ត្រូវ និងមានសេចក្តីស្ងប់ក្នុងចិត្តច្រើន។
ក្រោយការចូលរៀន ចាស់ទុំ យុវជន និងក្មេងៗជំនាន់ក្រោយបានបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម៖
ជា គឹមហ៊ីម ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបង្ហាញនូវក្តីរំភើប សប្បាយរីករាយយ៉ាងខ្លាំង ពេលឃើញក្មេងៗជំនាន់ក្រោយមានឱកាសរៀនសូត្រធម៌ប្រែយ៉ាងពេញលេញ ខណៈដែលគាត់គឺអ្នកធ្លាប់ឆ្លងកាត់របបខ្មែរក្រហមដែលវត្តអារាម ព្រះពុទ្ធសាសនា និងការអប់រំត្រូវខ្មែរក្រហមបំផ្លាញស្ទើរគ្មានសល់។ គឹមហ៊ីម បានលើកឡើងថា «ពេលឃើញព្រះតេជគុណ យស ផារី បើកវគ្គបណ្តុះបណ្តាលសីលធម៌ដល់កុមារនៅក្នុងថ្ងៃនេះ គឺជាក្តីសង្ឃឹមសម្រាប់សង្គមជាតិ។ ការរៀនធម៌មិនត្រឹមតែជួយឱ្យក្មេងៗចេះអក្សរសាស្ត្រ និងសីលធម៌តែប៉ុណ្ណោះទេ ថែមទាំងជួយរំលត់នូវគំនុំ និងកសាងចិត្តគំនិតឱ្យស្គាល់តែអំពើល្អនិងការអត់ឱន»។ គឹមហ៊ីម បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះតេជគុណដែលបានលះបង់កម្លាំងកាយចិត្តស្រោចស្រង់ និងផ្សព្វផ្សាយព្រះធម៌។ ចុងក្រោយ គាត់ផ្តាំផ្ញើឱ្យក្មេងៗខិតខំរៀនសូត្រ និងរួមគ្នាថែរក្សាសន្តិភាព ដើម្បីកុំឱ្យប្រវត្តិសាស្ត្រដ៏ជូរចត់ និងឈឺចាប់វិលត្រឡប់មកវិញ។
ទ្រេន ស្រីភេន គឺជាសិស្សថ្នាក់ទី៧ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ និងរស់នៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឆ្លៀតពេលទំនេរពីការសិក្សានៅសាលាចំណេះទូទៅ មកចូលរួមរៀនសូត្រធម៌ប្រែយ៉ាងយកចិត្តទុកដាក់នៅឯផ្ទះសហគមន៍ស្ទៀងភូមិក្តុលលើ។ តាមរយៈការបង្ហាត់បង្ហាញដោយផ្ទាល់ពីព្រះតេជគុណ យស ផារី ធ្វើឱ្យ ទ្រេន ស្រីភេន រៀនឆាប់ចេះ អាចទន្ទេញចាំមាត់ ថែមទាំងយល់ច្បាស់នូវអត្ថន័យជាភាសាខ្មែរ។
អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា












