ខណៈពេលដែលពិធីបុណ្យភ្ជុំបិណ្ឌកំពុងប្រារព្ធឡើង នេះជាពេលវេលាដ៏សមរម្យមួយដើម្បី រំឭក និងគោរពចំពោះបុព្វការីជន និងវីរបុរសកម្ពុជាដែលបានរែកពុនបន្ទុកដ៏ធំធេងបំផុតក្នុងការថែរក្សាប្រជាជាតិយើង ក៏ដូចជាចំពោះវីរកងទ័ព និងជនស៊ីវិលកម្ពុជា ព្រមទាំងក្រុមគ្រួសារ ដែលបានពលីជីវិតដើម្បីជាតិកម្ពុជាតាំងពីអតីតកាលរហូតមកទល់ពេលបច្ចុប្បន្ន។ យើងត្រូវតែចងចាំពីការលះបង់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជនរងគ្រោះនៃជម្លោះ និងសង្គ្រាមនាពេលកន្លងមក។ ជាងនេះទៅទៀត យើងត្រូវតែចងចាំពីវីរជនដែលបានពលីជីវិតក្នុងជម្លោះនាពេលថ្មីៗនេះជាមួយប្រទេសថៃ។
ប្រទេសជាតិជំពាក់គុណវីរបុរសទាំងនេះ និងក្រុមគ្រួសាររបស់គាត់ ហើយការពលីជីវិតរបស់វីរកងទ័ព និងប្រជាជនកម្ពុជា ក្នុងអំឡុងជម្លោះជាមួយប្រទេសថៃនាពេលថ្មីៗនេះ យើងត្រូវតែបន្តប្តេជ្ញាចិត្តស្វះស្វែងរកយុត្តិធម៌សម្រាប់ពលិកម្មរបស់វីរបុរសទាំងនោះ។ រាល់យុត្តិធម៌ទាំងអស់ ត្រូវផ្តោតចម្បងទៅលើការចងចាំ ដូច្នេះចាប់ពីថ្ងៃនេះតទៅ យើងអាចចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងស្វែងរកយុត្តិធម៌ តាមរយៈការចងចាំអំពីវីរបុរសដែលបានពលីជីវិតទាំងនេះ និងចូលរួមជាមួយក្រុមគ្រួសាររបស់វីរបុរសទាំងនេះ ក្នុងការធ្វើឱ្យជាសះស្បើយផ្លូវកាយ ផ្លូវចិត្ត និងផ្លូវស្មារតី ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន។ វីរបុរសទាំងអស់សុទ្ធតែមានក្រុមគ្រួសារ ហើយការបាត់បង់ជីវិតនៃវីរបុរសទាំងនេះ មិនត្រឹមតែជាសោកនាដកម្មដែលជះឥទ្ធិពលទៅលើក្រុមគ្រួសារសាច់ញាតិ និងអ្នកជិតស្និទ្ធរបស់វីរបុរសទាំងនេះតែប៉ុណ្ណោះទេ ក៏ប៉ុន្តែជះឥទ្ធិពលទៅលើសហគមន៍ទាំងមូលថែមទៀតផង។
ការចងចាំចំពោះវីរបុរសដែលបានពលីជីវិត នឹងនៅតែស្ថិតនៅដក់ជាប់ក្នុងចិត្តយើងជារៀងរហូត ដោយមិនត្រឹមតែជាការរំឭកដ៏សង្វេគថា ពេលខ្លះសន្តិភាពទាមទារនូវការពលីជីវិតដ៏ឧត្ដុង្គឧត្តមបំផុតពីសំណាក់ប្រជាជនកម្ពុជាដ៏អស្ចារ្យប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺជាការរំឭកបំផុសគំនិតថា កម្ពុជាគឺជាប្រទេសមួយដែលមិនចេះសាបសូន្យឡើយ។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា