ដំណើររបស់កម្ពុជាឆ្ពោះទៅកាន់ការផ្សះផ្សា ដែលពោរពេញដោយការតស៊ូ និងភាពឈឺចាប់

អត្ថបទមួយនេះ​ មានគោលបំណង​ផ្តល់នូវ​ព័ត៌មានមួយចំនួន​ស្តី​អំពី​ដំណើរ​ដ៏វែងអន្លាយ​របស់​កម្ពុជា​ ដើម្បី​ចាកផុតពីអំពើប្រល័យពូជសាសន៍ និង​ការសម្លាប់រង្គាល។ មានហេតុផល​ជាច្រើន​ដែល​ដំណើរនេះមានសារសំខាន់​​ចំពោះ​ពិភពលោក​ ក្នុ​ង​ចំណោម​នោះ គឺមេរៀន​ចេញពី​​ដំណើររបស់កម្ពុជា​ផ្តល់ទៅកាន់​សង្គម​ក្រោយ​ជម្លោះដទៃផ្សេង​ទៀត។ ទោះបីជា​គ្មាន​ការ​ឆ្លើយត​បត្រឹម​ត្រូវ​ ​ឬ​យុទ្ធ​សាស្ត្រ​រារាំង​ចំពោះ​អំពើប្រល័យ​ពូជសាសន៍​ និង​ការ​សម្លាប់រង្គាលជាលក្ខណៈសកលមួយ​យ៉ាងណាក្តី យើង​ជឿជាក់ថាប្រាកដជាមាន​ដំណើរ​ទូទៅមួយ ​ដែល​សង្គម​ក្រោយជម្លោះ​អាចប្រើប្រាស់ ​ដើម្បី​បញ្ចៀសការរាត​ត្បាត​នៃ​អំពើ​ហិង្សា។

នៅរវាងឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ចលនា​កុម្មុយនីស្ត​ខ្មែរ​ក្រហម ដែល​បានបង្ក​ភាពភ័យខ្លាច​ហួសពីការស្មាន ​និង​ប្រព្រឹត្ត​នូវការសម្លាប់រង្គាល។ គោលដៅនៃរបបខ្មែរក្រហម​ គឺ​បំផ្លាញ​ប្រទេសជាតិ និង​ចាប់​ផ្តើម “ឆ្នាំ​សូន្យ​” របស់ខ្លួន ដែល​ត្រូវ​បាន​ពិភព​លោក​ស្គាល់ថា “វាលពិឃាដ”។ នៅក្នុង​អំឡុងរយៈពេល​តិចជាង​បួន​ឆ្នាំ​ប៉ុណ្ណោះ ​របប​ខ្មែរ​ក្រហម បាន​ធ្វើឲ្យ​​ប្រជាជនខ្មែរ​​ប្រមាណជាង​ពីរលាននាក់ស្លាប់​បាត់បង់​ជីវិត។

ក្រោយពេលដែល​របប​ខ្មែរក្រហមបាន​ផុត​រលត់ទៅ បទពិសោធន៍របស់​យើង​បង្ហាញថា រាល់សង្គម​ក្រោយជម្លោះទាំង​អស់​ត្រូវតែ​បញ្ចៀស​ការ​រាតត្បាត​នៃ​អំពើហិង្សា តាមរយៈការ​បង្កើតឲ្យមាន​​សន្តិភាពជាជំហានដំបូង។ ការពិត យុត្តិធម៌ ​ការ​ផ្សះផ្សា និងការ​អប់រំ មិន​អាច​ព្យាបាល​សង្គមជាតិ​ឲ្យជាសះស្បើយបាន​ឡើយ ប្រសិន​បើ​គ្មាន​វត្តមាន “​សន្តិភាព”។ ជួនកាល សន្តិភាព​អាច​សម្រេចទៅបាន​តាមរយៈ​អន្តរាគមន៍យោធា។ នេះគឺជា​ករណី​ជាក់ស្តែង​ក្នុង​ប្រទេស​កម្ពុជា។ ចំពោះ​ប្រទេស​កម្ពុជា របបខ្មែរក្រហម​ដួលរលំទៅនៅក្នុង​ឆ្នាំ​១៩៧៩ ដោយសារតែ​កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាជាមួយនឹងអន្តរាគមន៍របស់​កងទ័ព​វៀត​ណាម។

ទោះបីជាខ្មែរក្រហម​​ត្រូវ​បណ្តេញចេញពីអំណាចទៅហើយ​ក្តី ប្រទេស​កម្ពុជា​នៅតែត្រូវ​​បន្ត​យាយី​ដោយ​ជម្លោះ អស្ថិរភាព និង​ភាព​ខ្ទេចខ្ទាំ​អស់​រយៈកាលជាង​ពីរទសវត្សរ៍បន្តទៀត។ បន្ទាប់ពី​ឆ្នាំ​១៩៧៩ កង​កម្លាំង​ខ្មែរក្រហម​ នៅតែបន្ត​សង្គ្រាម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ នៅពេល​ដែល​កងកម្លាំង​ខ្មែរក្រហម​ត្រូវ​បំបែក​ខ្ចាត់​ខ្ចាយនិងសមាហរណកម្ម​ទាំងស្រុង ទើបប្រទេស​កម្ពុជា​អាច​ចាប់​ផ្តើម​ដំណើរការ​ឈាន​ទៅសម្រេច​យុត្តិធម៌របស់​ខ្លួនបាន។ កិច្ចខិតខំ​ប្រឹង​ប្រែង​ដើម្បី​សម្រេច​យុត្តិធម៌ និង​ការ​ផ្សះ​ផ្សា​ជាច្រើន ​បាន​ប្រព្រឹត្តទៅ​នៅក្នុង​អំឡុង​ពេល​សង្គ្រាម។ ជាឧទាហរណ៍ នៅក្នុង​ឆ្នាំ​១៩៧៩ កម្ពុជា​បាន​បង្កើត​​ “តុលាការ ប្រជាជនបដិវត្តន៍​​” មួយដែល​ “កាត់ទោស” មេដឹកនាំ​ខ្មែរក្រហមដោយកំបាំងមុខ។ ខណៈពេលដែល​កិច្ច​ខិតខំ​ប្រឹងប្រែងដើម្បី​វិនិច្ឆ័យទោស​ចំពោះ​របប​ខ្មែរក្រហម គឺជា​ទង្វើសមហេតុសមផល កិច្ច​ខិត​ខំប្រឹងប្រែងនេះ​មិន​បាន​ឈរ​លើ​បទដ្ឋាន​យុត្តិធម៌ដែលទទួល​ស្គាល់ជាផ្លូវ​ការ​អន្តរជាតិទេ ហើយ​កិច្ច​ខិតខំប្រឹងប្រែងនេះ​ក៏មិនអាច​ប្រព្រឹត្តទៅបាន​ដែរ ពីព្រោះថាក្នុងខណៈនោះ​ប្រទេស​ជាតិកំពុង​ស្ថិតនៅក្នុង​សង្គ្រាម​នៅឡើយ។

កិច្ច​ខិតខំប្រឹងប្រែង​ឈានទៅសម្រេច​យុត្តិធម៌ពិតប្រាកដ​មួយទៀត បាន​ប្រព្រឹត្តទៅតាមរយៈ​ការ​បង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​ត្រូវ​បាន​ស្គាល់ថា សាលាក្តីខ្មែរក្រហម នៅដើម​ទសវត្សរ៍​ឆ្នាំ​២០០០។ វត្តមាន​នៃសាលាក្តីខ្មែរក្រហម​ ដែល​ជា​តុលាការ​រួមគ្នា​រវាង​អង្គការ​សហប្រជាជាតិ​និង​កម្ពុជា គឺជា​ជំហាន​ដ៏​ពិសេស​សម្រាប់​ប្រជាជន​កម្ពុជា ពីព្រោះ​តុលាការ​នេះ​គឺជាកិច្ច​ខិតខំប្រឹង​ប្រែងយ៉ាង​ពិតប្រាកដ ​ដើម្បី​ស្វែងរក​យុត្តិធម៌ជូន​ជន​រង​គ្រោះ​នៃរបប​ខ្មែរក្រហម។ ទោះបីជាយ៉ាង​ណាក្តី យើងចាំបាច់ត្រូវ​ចងចាំថាដំណើរការ​ឈានទៅសម្រេច​យុត្តិធម៌ ត្រូវតែចាប់​ផ្តើមចេញពី​ដំណើរ​ស្វែង​រកការពិត​ដ៏​ស្មោះត្រង់មួយ។

មជ្ឈមណ្ឌលឯកសារ​កម្ពុជា នៅដើមដំបូង​ត្រូវ​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ​១៩៩៥ ជាការិយាល័យមួយរបស់​សាកលវិទ្យាល័យយ៉ែល បន្ទាប់ពីសភាសហរដ្ឋអាមេរិក​អនុម័ត​ឲ្យមាន​ច្បាប់​ស្តីពី​យុត្តិធម៌សម្រាប់​អំពើប្រល័យពូជសាសន៍​ ដើម្បីធ្វើការ​សិក្សាស្រាវជ្រាវ​ពី​អំពើប្រល័យពូជសាសន៍នៅក្នុង​ប្រទេសកម្ពុជា។ ចាប់តាំងពី​ឆ្នាំ​១៩៩៧មក មជ្ឈមណ្ឌលឯកសារ​កម្ពុជា​ ដើរតួនាទីជាស្ថាប័ន​សង្គម​ស៊ីវិល​ឯករាជ្យ​មិនលម្អៀង​ ដែល​ផ្តោតទៅលើ​ការចងចាំ​ យុត្តិធម៌ និងការ​ផ្សះផ្សា។ បេសកកម្មស្នូល​របស់​មជ្ឈមណ្ឌលឯកសារ​កម្ពុជា​ គឺ​ស្រាវជ្រាវ កត់ត្រា និង​ប្រមែប្រមូល​ឯកសារ​និង​វត្ថុតាង​ផ្សេងៗ ដែលបន្សល់ទុកពី​របប​ខ្មែរក្រហម ដើម្បីគាំទ្រ​ដល់​យុត្តិធម៌និងការចងចាំ។ មជ្ឈមណ្ឌលឯកសារ​កម្ពុជា​ គឺជា​បណ្ណសារ​ដ្ឋាន​នៃឯកសារ​ទាក់ទងនឹង​របបខ្មែរក្រហម​ធំជាងគេ​បង្អស់នៅក្នុង​តំបន់។ មជ្ឈមណ្ឌលឯកសារ​កម្ពុជា ​​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការជំរុញដល់​ដំណើរការស្វែង​រកការពិត និង​ឈានទៅសម្រេច​យុត្តិធម៌ដែលមិនមែន​តែនៅក្នុង​បន្ទប់សវនាការ​ប៉ុណ្ណោះទេ ប៉ុន្តែ​គឺនៅទូទាំងប្រទេស​កម្ពុជា។

យុត្តិធម៌មិនមែន​មាន​សណ្ឋាន​តែមួយ​បែបនោះឡើយ។ យុត្តិធម៌អាចសម្រេចបាន​តាម​រយៈការ​កាត់ទោស​ឧក្រិដ្ឋជន និង​ផ្តន្ទាទោស​លើ​បុគ្គលទាំងឡាយ​ដែល​ទទួល​ខុសត្រូវចំពោះការ​ប្រព្រឹត្តអំពើ​ប្រល័យពូជសាសន៍និងការ​សម្លាប់​រង្គាល ប៉ុន្តែយុត្តិធម៌អាចនឹង​រឹតតែប្រសើរ នៅពេល​ដែល​ជនរងគ្រោះមួយរូបបាន​រៀប​រាប់អំពី​រឿងរ៉ាវ​របស់​ខ្លួននៅក្នុង​តុលាការ។ យុត្តិធម៌អាច​សម្រេចបាន​តាមរយៈការ​ចងក្រងនូវ​អ្វី​ដែលបានកើត​ឡើង និង​មូលហេតុដែលហេតុការណ៍នោះកើតឡើង។ យុត្តិធម៌អាច​លេចជារូបរាង​ឡើង​នៅពេល​ដែល​សាច់​រឿង​របស់​អ្នក​រស់រាន​មានជីវិត​នានា​ ត្រូវបាន​រៀបរាប់​ម្តងទៀតនៅក្នុង​សៀវភៅប្រវត្តិសាស្ត្រ​និង​នៅក្នុងថ្នាក់​រៀន។ យុត្តិធម៌អាច​សម្រេច​បាន​តាម​រយៈ​ការ​សះស្បើយ​ផ្លូវចិត្ត​ ក៏ដូចជា​ការ​ថែទាំដល់​អ្នករស់រាន​មាន​ជីវិត​ តាមរយៈតំហែទាំវេជ្ជសាស្ត្រ សេវាកម្ម​សុខភាព​និង​ប្រព័ន្ធ​គាំពារ​សង្គម។ តាមរយៈការលើកឡើង​ទាំងអស់នេះ យុត្តិធម៌គឺមាន​ពហុសណ្ឋាន​ និង​គឺជា​ផ្នែកមួយ​នៃដំណើរ​ការ​ស្តារឡើងវិញ​នូវ​អរិយធម៌និង​មនុស្សធម៌សម្រាប់​សង្គម​ក្រោយ​ជម្លោះមួយ។

បន្ទាប់ពី​មាន​ការ​បង្កើត​​សាលាក្តីខ្មែរក្រហម ​កម្ពុជា​មិនត្រឹមតែគាំពារ​ដល់​ការ​ស្វែង​រក​យុត្តិធម៌នៅឯសាលាក្តីនេះ​តាមរយៈការ​ផ្គត់ផ្គង់​ឯកសារ​ វត្ថុតាង និង​បទសម្ភាសន៍​តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំ​ពារ​ដល់​ការ​សម្រេចបាន​យុត្តិធម៌​ក្នុង​ការ​អប់រំ ការចងចាំ សេវាកម្ម​សង្គម និង​ការទំនុកបម្រុង​ដទៃ​ទៀត​ដល់​អ្នក​រស់​រាន​មាន​ជីវិតពីរបប​ខ្មែរក្រហម​ថែម​ទៀត​ផង។

​កម្ពុជាបាន​បណ្តុះបណ្តាល​គ្រូបង្រៀនមធ្យម​សិក្សា​ សិស្សានុសិស្ស​កម្រិតវិទ្យាល័យ និង​គ្រូបង្រៀន​កម្រិត​ឧត្តម ​រាប់​ពាន់​នាក់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​សិក្សា​បែប​សិស្សមជ្ឈមណ្ឌល។ ​កម្ពុជាគាំទ្រ​ដល់​សិល្បៈ វប្បធម៌ និងកិច្ច​ផ្តួចផ្តើម​អប់រំ​សាធារណៈ ដើម្បីធានា​ថា​ប្រវត្តិសាស្ត្រ​និង​បទពិសោធន៍​របស់​ជន​រងគ្រោះ​និង​អ្នក​រស់រានមាន​ជីវិតពីរបប​ខ្មែរក្រហម នឹង​មិនត្រូវបាន​បំភ្លេចចោល។ ​កម្ពុជា​​កំពុង​អនុវត្តកម្មវិធីថែទាំសុខភាព​ និង​ទំនុក​បម្រុង​ដល់អ្នក​រស់រានមាន​ជីវិតពីរបប​ខ្មែរក្រហម ដែល​​ជួយដល់​អ្នក​រស់​រាន​មាន​ជីវិត​ពីរបប​ខ្មែរក្រហម​ឲ្យ​ទទួល​បាន​ការថែទាំនិងការ​គាំពារ។ កម្ពុជា​បាន​ប្រតិបត្តិកម្មវិធីមួយ​ដែល​រួមមាន​​អ្នក​ស្ម័គ្រចិត្ត​ចំនួន​៥០០​នាក់​ ដែលជាអ្នកដឹកនាំ​យុវជនជំនាន់ក្រោយ​ជាមួយនឹង​អ្នក​រស់រាន​មានជីវិតពីរបបខ្មែរក្រហមនៅក្នុង​សហគមន៍របស់ខ្លួន។ សកម្មភាព​នេះ​ផ្តល់​ជូន​អ្នក​រស់រានមាន​ជីវិតនូវ​ការ​គាំទ្រ​បន្ថែម និង​បង្កើត​ជាឱកាស​បន្ថែមសម្រាប់​យុវជន-យុវនារីដើម្បីរៀនសូត្រ។

ប្រទេស​កម្ពុជា​មាន​ការលូតលាស់​គួរ​ឲ្យ​កត់​សម្គាល់ជាច្រើន ​ចាប់​តាំងពីឆ្នាំ​១៩៩៧មកម្ល៉េះ ក៏ប៉ុន្តែ​កម្ពុជា​ត្រូវ​ឆ្លងកាត់​ការតស៊ូនិង​ភាព​ឈឺចាប់ជាច្រើន​ ដើម្បី​​ឈានមក​ដល់​ចំណុច​នេះ​។ ទោះបីជាយ៉ាងណាក្តី កម្ពុជាមិន​ដែល​រួញរាសោះឡើយ។ បច្ចុប្បន្ន អ្នក​រស់​រាន​មានជីវិតពីរបប​ខ្មែរក្រហម​ប្រមាណជាង​៥លាន​នាក់​ទៀត រួម​ទាំង​ជនដៃដល់ផង ​នៅរស់រាន​មានជីវិត​​ ដើម្បី​រៀបរាប់អំពី​រឿងរ៉ាវរបស់​ខ្លួន​ក្នុង​អំឡុង​របបខ្មែរក្រហម។

ដំណើរ​របស់​កម្ពុជាឆ្ពោះទៅកាន់ការផ្សះផ្សាមិន​ទាន់​បញ្ចប់​ ហើយក៏នឹង​គ្មានទីបញ្ចប់ដែរ។ ការរារាំងទប់​ស្កាត់​ ទាម​ទារ​នូវ​ការ​ប្តេជ្ញា​ដ៏មោះមុត​ក្នុង​ការ​ចងចាំអំពី​អតីតកាល។

អត្ថបទ ​៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកវិទ្យាស្ថានស្លឹករឹត

សម្តេចព្រះ នរោត្តម សីហនុ, លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកម្នាង ម៉ូនិក សីហនុ ក្នុងជំនួបលើកដំបូងនៅឯ ហ្វែរអង់តាដឺណ័រ (សង្កាត់មួយនៅក្រៅទីក្រុងប៉ារីស) នាឆ្នាំ១៩៨៧។ រូបថត៖ ហូលីយ៉ូ អេ. ហែលឌ្រេស/បណ្ណាល័យសម្តេចម៉ែ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
សម្តេចព្រះ នរោត្តម សីហនុ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អមដំណើរដោយលោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន បិទបញ្ចប់ជំនួបលើកដំបូងក្នុងឆ្នាំ១៩៨៧ ប្រកបដោយជោគជ័យ។ រូបថត៖ ហូលីយ៉ូ អេ. ហែលឌ្រេស/បណ្ណាល័យសម្តេចម៉ែ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ, ស្រុកកំចាយមារ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩៩២។ ដំណាក់កាលទីពីរនៃបទឈប់បាញ់នៅកម្ពុជាមានសុពលភាពចាប់ពីថ្ងៃនេះតទៅ។ នៅក្នុងដំណាក់កាលទីពីរនេះ ការទទួលខុសត្រូវរបស់ អ៊ុនតាក់ រួមមាន ការត្រួតពិនិត្យបទឈប់បាញ់ ការដាក់ទ័ពបណ្តោះអាសន្ន ការរំសាយទ័ពពីភាគីទាំងបួនរបស់កម្ពុជា។ អ៊ុនតាក់ ត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ លេខ៧៤៥ (១៩៩២) និងត្រូវអនុវត្តនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៩២។ អ៊ុនតាក់ មានភារកិច្ចដឹកនាំកម្ពុជាឆ្លងកាត់ដំណាក់កាលអន្តរកាលទៅរកការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដែលនឹងប្រព្រឹត្តទៅ នៅខែមេសា ឬឧសភា ឆ្នាំ១៩៩៣ ក្នុងគោលបំណងបង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យមួយ។ រូបថត៖ អង្គការសហប្រជាជាតិ/ប្រភព៖ Benny Widyono
អ្នកបើកម៉ូតូរឺម៉កដឹកមនុស្ស និងទំនិញទៅខេត្តកំពត នៅខែសីហា ឆ្នាំ១៩៩២។ រូបថត ៖ អ៊ុនតាក់/Pernaca Sudhakaran
អត្ថបទផ្សេងទៀត៖