បទពិសោធន៍ឆ្លងកាត់ការប៉ះទង្គិចអាវុធនៅតាមទល់ដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ បានធ្វើឱ្យខ្ញុំយល់កាន់តែច្បាស់ថា សន្ដិភាពពិតជាមានតម្លៃឥតគណនា និងពិបាករកណាស់។ ឆ្លងកាត់ព្រឹត្ដិការណ៍ការប៉ះទង្គិចអាវុធពីរលើកធំៗរវាងប្រទេសទាំងពីរ នៅឆ្នាំ២០០៨ និង២០២៥នេះដោយផ្ទាល់ បានជំរុញចិត្ដឱ្យខ្ញុំមានមនសិការស្នេហាជាតិកាន់តែខ្ពស់។ ខាងក្រោមនេះ គឺជាកំណត់ហេតុនៃការចងចាំរបស់ខ្ញុំទាក់ទងទៅនឹងការប៉ះទង្គិចអាវុធព្រំដែនកម្ពុជា-ថៃ រយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥
នៅវេលាម៉ោង៨:៣៩នាទីព្រឹក ខ្ញុំបានទទួលទូរសព្ទពីទីស្នាក់ការកណ្ដាលមជ្ឈមណ្ឌលឯកសារកម្ពុជានៅរាជធានីភ្នំពេញ សួរបញ្ជាក់អំពីសភាពការណ៍នៅប្រាសាទតាមាន់ធំក្នុងភូមិសាស្រ្ដខេត្ដឧត្ដរមានជ័យ ថាមានការផ្ទុះអាវុធពិតប្រាកដមែនឬយ៉ាងណា។ នៅពេលនោះ មេក វិន ដែលជាក្រុមការងារនៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានហៅទូរសព្ទទៅសួរមិត្តភក្តិម្នាក់ដែលជាកងទ័ពឈរជើងនៅទីតាំងប្រាសាទ។ វិន ទទួលដំណឹងទាំងត្រហេប ត្រហបថា គាត់កំពុងឡើងទៅប្រាសាទតាមាន់ធំ ពេលនោះមានការផ្ទុះអាវុធហើយ យោធាថៃបានបាញ់កងទ័ពខ្មែរមុន។ នៅពេលនោះ ខ្ញុំ និងក្រុមការងារ ចាប់ផ្ដើមផ្ដល់ដំណឹងជាបន្តបន្ទាប់អំពីស្ថានការណ៍ថ្មីៗទាក់ទងទៅនឹងព្រំដែន ទៅកាន់ក្រុមការងារនៅរាជធានីភ្នំពេញ។ នៅក្នុងបណ្ដាញសង្គម និងតេឡេក្រាម ខ្ញុំទទួលព័ត៌មានផុសផុល ជាពិសេសតាមប្រភពទីតាំងផ្ទាល់នៃការផ្ទុះអាវុធ។ ខ្ញុំបានឆ្លើយឆ្លងទូរសព្ទជាមួយក្រុមការងារ រហូតដល់ម៉ោង៥:០០ល្ងាច។
ខ្ញុំមានការព្រួយបារម្ភជាខ្លាំងចំពោះបងប្រុសរបស់ខ្ញុំ ដែលជាកងទ័ពកម្ពុជាម្នាក់នៅកងវរៈ៣៨២ កងពលតូចអន្ដរាគមន៍លេខ៨ ប្រចាំទិសទី១ប្រាសាទព្រះវិហារ។ ខ្ញុំពិបាកទាក់ទងគាត់ខ្លាំងណាស់ ដោយសារទូរសព្ទរបស់គាត់ខូច ហើយខ្ញុំត្រូវទាក់ទងទៅតាមកងទ័ពកម្ពុជាដែលប្រចាំការជាមួយគាត់។ ទោះបីជាយ៉ាងណាក្ដី ខ្ញុំមានអារម្មណ៍ធូរស្រាលក្រោយពេលដែលដឹងថា គាត់ប្រចាំការនៅទីបញ្ជាការនៅសមរភូមិក្រោយ។
មើលតាមកញ្ចក់ទ្វារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ខ្ញុំឃើញប្រជាជន និងសិស្សានុសិស្ស ធ្វើដំណើរឆ្លងកាត់យ៉ាងជ្រួលច្របល់ ដែលជាសញ្ញាណនៃការត្រៀមខ្លួន និងរត់ភៀសខ្លួន។ នៅវេលាម៉ោង១២ថ្ងៃត្រង់ ខ្ញុំបានឃើញប្រជាជនរៀបចំគោយន្ដ ម៉ូតូ រម៉កកង់បី និងយានជំនិះគ្រប់ប្រភេទ រាប់រយគ្រឿង ជាមួយអីវ៉ាន់សំពីងសំពោង ចាកចេញពីស្រុកអន្លង់វែងឆ្ពោះទៅកាន់គោលដៅខេត្ដសៀមរាប និងតំបន់សុវត្ថិភាពផ្សេងទៀត។ ប្រជាជនខ្លះដឹក គោ-ក្របី ជ្រូក ឆ្កែ មាន់ទា និងសម្ភារកសិកម្មទៅជាមួយផង។
បន្ទាប់ពីខ្ញុំត្រឡប់ពីកន្លែងធ្វើការមកផ្ទះវិញ ក្រុមគ្រួសាររបស់ខ្ញុំបានពិភាក្សាគ្នាថាតើ យើងត្រូវសម្រេចចិត្ដជម្លៀសសមាជិកចេញពីផ្ទះទៅកាន់ផ្ទះសាច់ញាតិនៅឯឃុំស្រែណូយ ខេត្ដសៀមរាប ដើម្បីសុវត្ថិភាព ឬយ៉ាងណា។ ម្ដាយរបស់ខ្ញុំ មានការរារែកចិត្ដជាខ្លាំង ដោយសារគាត់មិនចង់បែកពីគ្រួសារ។ ប៉ុន្ដែ នៅក្នុងកាលៈទេសៈនេះ យើងពុំមានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ ដើម្បីជម្លៀសសមាជិកគ្រួសារទាំងអស់ក្នុងពេលតែមួយអំឡុងគ្រាអាសន្ននេះទេ។ សមាជិកគ្រួសាររបស់ខ្ញុំមានចំនួន៦នាក់ ចំណែកឯមធ្យោបាយធ្វើដំណើររបស់យើងមានតែម៉ូតូ២គ្រឿង។ ល្ងាចនោះ សាច់ញាតិរបស់ខ្ញុំរស់នៅឯឃុំស្រែណូយ បានទូរសព្ទមកកាន់យើងចំនួន៣ទៅ៤ដង ដោយសារតែគាត់ព្រួយបារម្ភអំពីសុវត្ថិភាពរបស់យើង។ លុះយប់បន្ដិច ខ្ញុំនិងឪពុកបានសម្រេចថា នឹងដឹកម្ដាយ និងប្អូនៗចំនួនពីរនាក់ទៀតទៅស្រែណូយមុនសិន។ ចំណែកឯសមាជិក៣នាក់ទៀត រួមមាន ឪពុក ប្អូនប្រុស និងខ្ញុំ នៅយាមផ្ទះនៅស្រុកអន្លង់វែង ។

ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥
នៅវេលាម៉ោង៦ព្រឹក ខ្ញុំបានរូតរះក្រោកពីដំណេកដើម្បីរៀបចំបង្វេចអីវ៉ាន់ ព្រមទាំងឯកសារសំខាន់ៗចងលើម៉ូតូ។ បន្ទាប់មក យើងធ្វើដំណើរទៅកាន់ឃុំស្រែណូយ ខេត្ដសៀមរាប ទាំងមិនទាន់ហូបអាហារពេលព្រឹក។ នៅតាមដងផ្លូវមួយកំណាត់ពីស្រុកអន្លង់វែងទៅខេត្តសៀមរាប ខ្ញុំបានឃើញទិដ្ឋភាពប្រជាជនធ្វើដំណើរតាមមធ្យោបាយផ្សេងៗ រួមមាន គោយន្ដ ឡាន និងម៉ូតូ ដោយមានដឹកប្រជាជនវ័យចំណាស់ កុមារ សត្វចិញ្ចឹម ស្បៀងអាហារ មុងភួយ និងសម្ភារកសិកម្មផ្សេងៗ។ គ្រួសារមួយចំនួនបានសម្រេចចិត្តចូលទៅស្នាក់អាស្រ័យនៅក្នុងជំរំភៀសខ្លួនដែលមានចម្ងាយប្រមាណត្រឹម២០គីឡូម៉ែត្រពីស្រុកអន្លង់វែង ឯអ្នកខ្លះទៀតបង្ហួសទៅកាន់ខេត្ដសៀមរាប។ ខ្ញុំសង្កេតឃើញប្រជាជនមានទឹកមុខស្រងេះស្រងោច លាយឡំជាមួយក្ដីបារម្ភ និងកំពុងម្នីម្នាទូរសព្ទខ្វាត់ខ្វែងទៅកាន់សាច់ញាតិ។ ប្រជាជនមានការអាឡោះអាល័យផ្ទះសម្បែងរបស់ខ្លួន ដែលត្រូវទុកចោលដោយសារការផ្ទុះអាវុធនេះ។ នៅពេលដែលខ្ញុំត្រឡប់មកស្រុកអន្លង់វែងវិញនៅវេលាម៉ោងប្រមាណ១១:៣០នាទីព្រឹក គ្រាប់ផ្លោងរបស់កងទ័ពថៃបានធ្លាក់លើភូមិប្រជាជន ជាពិសេសនៅក្នុងក្រុងសំរោង និងច្រកព្រំដែនអូរស្មាច់ ខេត្ដឧត្ដរមានជ័យ។
នៅឯផ្ទះ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីគេចចូលទៅក្នុងលេណដ្ឋាន ដែលយើងបានជីក។ យើងបានជីកលេណដ្ឋាននេះ នៅអំឡុងពេលយោធាថៃបានបាញ់សម្លាប់វីរៈកងទ័ពកម្ពុជាម្នាក់នៅតំបន់មុំបីភ្លាមៗ កាលពីខែ ឧសភា ឆ្នាំ២០២៥។ នៅក្នុងលេណដ្ឋាន ខ្ញុំបានទុកឆ្នាំងបាយ អាហារកំប៉ុង និងអាហារក្រៀមក្រោះមួយចំនួនគ្រប់គ្រាន់សម្រាប់គ្រាមានអាសន្ន។ ខ្ញុំតែងតែតាមដានព័ត៌មានយ៉ាងដិតដល់ពីវិទ្យុផ្សាយអំពីស្ថានការណ៍នៅសមរភូមិ។ ខ្ញុំតែងតែសម្លឹងមើលទៅលើមេឃបារម្ភថាយោធាថៃនឹងបាញ់ផ្សែងគ្រាប់ផ្លោងធ្លាក់ចំអន្លង់វែង និងផ្ទៀងត្រចៀកស្ដាប់សម្លេងគ្រាប់ផ្លោងដែលឮល្វើយៗពីចម្ងាយ។ ជាសំណាងល្អ នៅទីរួមស្រុកអន្លង់វែង មានសុខសុវត្ថិភាព មិនមានការផ្ទុះអាវុធដូចតំបន់ជុំវិញឡើយ។ នៅក្នុងថ្ងៃដដែល ខ្ញុំបានដឹងអំពីព្រឹត្ដិការណ៍វាយប្រយុទ្ធកំពុងតែឡើងកម្តៅ នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងព្រំដែនអូរស្មាច់។
ទិដ្ឋភាពនៅក្នុងភូមិស្រុករបស់ខ្ញុំ មានភាពស្ងប់ស្ងាត់ខុសប្លែកពីមុន មូលហេតុថាផ្ទះនីមួយៗមានតែសមាជិកម្នាក់ឬពីរនាក់នៅយាមផ្ទះប៉ុណ្ណោះ។ មេភូមិ និងអ្នកភូមិខ្ញុំ ចែករំលែកត្រីស្រស់ៗ ដែលលើកចេញពីលបត្រីក្នុងបឹងអន្លង់វែងដល់អ្នកភូមិដែលនៅសេសសល់ក្នុងភូមិ ដើម្បីចម្អិនហូបតាមផ្ទះរៀងៗខ្លួន។
លុះដល់ពេលល្ងាច ខ្ញុំទទួលដំណឹងពីឪពុករបស់ខ្ញុំថា ភ្នំទ្រព្យត្រូវបានយោធាថៃវាយលុក។ ភ្នំទ្រព្យ គឺជាទីតាំងយុទ្ធសាស្ត្រមួយនៅក្នុងខេត្តព្រះវិហារ ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ ព័ត៌មានដែលរឹតតែគួរឱ្យបារម្ភអំពីការវាយប្រហារលើទីតាំងនេះ គឺវីរកងទ័ពកម្ពុជាជាច្រើនរូប ដែលឈរជើងនៅទីនោះ មិនអាចទាក់ទងបាន នៅពេលដែលកងកម្លាំងយោធាថៃ វាយលុកលើតំបន់នេះដោយប្រើអាវុធគ្រប់ប្រភេទ និងកាំភ្លើងធំ។ វីរកងទ័ពមួយចំនួន បានប្រាប់ថា យើងនឹងរៀបចំកម្លាំងវាយបកវិញយ៉ាងសង្ខុញ។
ខ្ញុំមានការស្លុតចិត្ដជាខ្លាំង ដោយសារតែភ្នំទ្រព្យធ្លាប់ជាមូលដ្ឋានឈរជើងរបស់ឪពុកខ្ញុំ កាលមិនទាន់ចូលនិវត្ដន៍នៅ៥ឆ្នាំមុន។ ខ្ញុំធ្លាប់ទៅលេងឪពុករបស់ខ្ញុំនៅទីនោះអំឡុងពេលមានវិស្សមកាលពីការសិក្សាដែលគិតមកទល់ពេលនេះមានរយៈពេលជាង១០ឆ្នាំមកហើយដែលខ្ញុំខានទៅកាន់ទីនោះ។ ឪពុកខ្ញុំ ធ្លាប់ជាមេបញ្ជាការនៅក្នុងសមរភូមិនៅអំឡុងពេលមានជម្លោះឈ្លានពានលើប្រាសាទព្រះវិហារពីយោធាថៃក្នុងឆ្នាំ២០០៨ និងឆ្នាំ២០១១។ ភ្នំទ្រព្យ គឺជាទីតាំងយុទ្ធសាស្រ្ដខ្ពស់បំផុតរបស់កងទ័ពកម្ពុជា ដែលមានកម្ពស់ជាង២២៥ម៉ែត្រ។ កងទ័ពកម្ពុជាតែងតែធ្វើដំណើរឡើងទៅលើភ្នំនេះ ដោយមធ្យោបាយពីរ គឺឡើងតាមកាំជណ្ដើរដោយថ្មើរជើងប្រមាណ៦៤៩កាំ ឬឡើងតាមកន្ដ្រកខ្សែកាបដែលមានម៉ាស៊ីនរវៃកាបនៅខាងលើ។ ខ្ញុំធ្លាប់ជិះកន្រ្ដកនោះដែរ ដើម្បីយកម្ហូបប្រចាំថ្ងៃពីខាងក្រោមទៅកាន់អង្គភាពនីមួយៗ។ នៅពេលជិះកន្ដ្រកឡើងម្ដងៗ ខ្ញុំតែងតែមើលទៅកាន់ប្រាសាទព្រះវិហារ។
នឹករឭកដល់ប្រាសាទព្រះវិហារ ខ្ញុំនឹកឃើញអនុស្សាវរីយ៍នៅពេលនោះ និងឆួលក្នុងអារម្មណ៍ទៅលើជីវិតកងទ័ពកម្ពុជាការពារព្រំដែននៅតំបន់ព្រៃភ្នំ។ កងទ័ពកម្ពុជាត្រូវធន់នឹងអាកាសធាតុត្រជាក់ ទ្រាំទ្រទៅនឹងភ្លៀងដែលបង្អុរចុះក្នុងរដូវវស្សា និងធ្វើការយ៉ាងលំបាកលំបិន។ ខ្ញុំនៅចាំថា នៅលើកំពូលភ្នំទ្រព្យ មានពើងថ្មធំមួយមានទំហំជាង២០ម៉ែត្របួនជ្រុង និងអង់តែនតេអូមួយយ៉ាងខ្ពស់។ នៅទីនោះ ខ្ញុំធ្លាប់រៀនពីការហៅតេអូ និងទទួលរបាយការណ៍ពីអង្គភាពមួយទៅអង្គភាពមួយ។
នៅពេលខ្ញុំមើលរូបភាពអង់តែនតេអូនៅលើភ្នំទ្រព្យ ខ្ញុំនឹកឃើញអនុស្សាវរីយ៍នៅយប់មួយនាខែកត្កិក ដែលឪពុករបស់ខ្ញុំនិងកូនចៅរបស់គាត់៦-៧នាក់និទានរឿងខ្មោចឱ្យស្ដាប់ ដោយនៅពេលនោះខ្ញុំបានផ្អែកខ្លួនលើគំនរបាវអង្ករដែលរៀបចំសម្រាប់កងទ័ព។ ឪពុករបស់ខ្ញុំបានដំណាលថា នៅពេលមួយគាត់ដើរបរបាញ់សត្វនៅក្នុងព្រៃមួយកន្លែង គាត់បានប្រទះឃើញសត្វកំប្រុកមួយក្បាលលោតចុះពីលើដើមឈើចូលទៅក្នុងរន្ធដីដំបូកមួយក្បែរនោះ។ គាត់បានតាមជីករន្ធដីនោះដើម្បីរកសត្វកំប្រុក បន្ទាប់មកលូកដៃចូលទៅក្នុងរន្ធនោះ។ ដៃរបស់គាត់បានស្ទាបប៉ះទៅលើសត្វកំប្រុកនោះ ហើយទាញចេញមកក្រៅ ស្រាប់តែប្រទះឃើញសក់យ៉ាងវែងទៅវិញ។ គាត់បន្ដថា គាត់ត្រូវបានខ្មោចលង។ នៅយប់នោះ ខ្ញុំដេកមិនលក់ទេ ដោយសារខ្លាចខ្មោចលង។ អនុស្សាវរីយ៍នៅយប់នោះ នៅតែដិតដាមនៅក្នុងការចងចាំរបស់ខ្ញុំមកទល់សព្វថ្ងៃ។ ខ្ញុំមិនចង់យំទេ ប៉ុន្ដែបេះដូងរបស់ខ្ញុំ។

ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃនេះ ឪពុករបស់ខ្ញុំទទួលទូរសព្ទពីអតីតកូនចៅរបស់គាត់ម្នាក់ ដែលឈរជើងនៅសមរភូមិភ្នំ ទ្រព្យ។ កងទ័ពកម្ពុជារូបនោះ បានប្រាប់ថា គាត់បានរួចរស់ជីវិតបន្ទាប់ពីយោធាថៃវាយសន្ធប់ខ្លាំងលើភ្នំទ្រព្យ ដោយការផ្លោងគ្រាប់ និងកាំភ្លើងធំ។
ក្នុងនាមជាប្រជាជន ខ្ញុំមានការអន្ទះសាចិត្ដជាខ្លាំងដោយត្រូវរង់ចាំស្ដាប់តែព័ត៌មានជាបន្តបន្ទាប់។ ខ្ញុំបារម្ភពីសុខទុក្ខកងទ័ពកម្ពុជាជួរមុខ និងបងប្រុសបង្កើតរបស់ខ្ញុំ។ នៅក្នុងថ្ងៃដដែល ខ្ញុំទទួលដំណឹងថា ឧត្ដមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ៧របស់កម្ពុជា បានពលីនៅក្នុងសមរភូមិខាងកើតប្រាសាទព្រះវិហារ។
នៅពេលខ្ញុំកំពុងអង្គុយរង់ចាំស្តាប់ព័ត៌មានក្នុងផ្ទះ ខ្ញុំឃើញជីដូនម្នាក់ដើរកាត់មុខផ្ទះ ដោយដៃទាំងសងខាងកាន់បង្វេចខោអាវ និងភួយគៀបនឹងក្លៀក។ ខ្ញុំសួរគាត់ថា គាត់កំពុងធ្វើដំណើរទៅណា? គាត់និយាយថា៖ «ខ្ញុំត្រៀមខ្លួនដើម្បីធ្វើដំណើរទៅស្រែណូយ ប៉ុន្ដែរង់ចាំមើលកូនចៅសិន។ ខ្ញុំឮថាមានការបំផ្ទុះគ្រាប់បែក និងគ្រាប់ផ្លោង ដែលធ្វើឱ្យខ្ញុំខ្លាច។ ពិបាកណាស់ ភ្លៀងផ្គរបែបនេះ។ បើទៅនៅជំរំភៀសខ្លួន មានការលំបាករឿងកូនចៅអាចម៍នោម។ ប៉ុន្មានថ្ងៃនេះ ខ្ញុំឮតែស្នូរគ្រាប់ផ្លោងផ្ទាល់ត្រចៀក ដោយសារតែខ្ញុំមិនមានទូរសព្ទមើលព័ត៌មាន។ ខ្ញុំបន់ស្រន់ឱ្យម្ចាស់ទឹក ម្ចាស់ដី អារក្ស អ្នកតា ជួយកូនចៅនៅសមរភូមិមុខក៏ដូចជាសមរភូមិក្រោយឱ្យសុខសប្បាយទាំងអស់គ្នា»។
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃនេះ ខ្ញុំបានក្រោកពីព្រលឹម។ ខ្ញុំអង្គុយនៅខាងក្រៅផ្ទះ ដើម្បីតាមដានព័ត៌មានបន្ដទៀត។ ខ្ញុំឮស្នូរគ្រាប់ផ្លោងល្វើយៗពីចម្ងាយនៅឯសមរភូមិនៅក្រុងសំរោង ប្រាសាទតាមាន់ តាក្របី អូរស្មាច់ និងព្រះវិហារ។ ដំបូលស័ង្កសីផ្ទះតូចរបស់ខ្ញុំចាប់ផ្ដើមបន្លឺសំឡេង និងញ័រខ្លាំងទៅៗ ដែលធ្វើឱ្យខ្ញុំស្ទើរតែមិនអាចជ្រកបាន។ ខ្ញុំទទួលព័ត៌មានថា យោធាថៃបានប្រើប្រាស់យន្ដហោះ F-16 ទម្លាក់គ្រាប់បែក បំផ្លិចបំផ្លាញប្រាសាទព្រះវិហារដែលកសាងឡើងតាំងពីសម័យបុរាណរបស់កម្ពុជា។
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥
នៅពេលព្រលឹមស្រាងៗ ខ្ញុំបានអានព័ត៌មានដឹងថា យោធាថៃបានបន្ដវាយលុកមកលើកម្ពុជា ដោយប្រើប្រាស់យន្ដហោះ F-16 បាញ់គ្រាប់រ៉ុកក្កែត គ្រាប់បែកចង្កោម និងផ្សែងពុល។ ខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់អំពីពូៗ បងៗកងទ័ពកម្ពុជាកំពុងប្រយុទ្ធនៅតាមព្រំដែន។ បងស្រីជីដូនមួយរបស់ខ្ញុំម្នាក់ បានប្រាប់ឱ្យក្រុមគ្រួសាររបស់ខ្ញុំយកខ្ទឹមសដាក់ក្នុងក្រមា រួចហើយមកយកមករុំមុខមាត់ការពារកុំឱ្យផ្សែងពុលចូលក្នុងផ្លូវដង្ហើម។ នៅវេលាម៉ោង ១២:៣៥នាទី ដោយខ្លាចផ្សែងពុល ខ្ញុំបានយកគម្រប និងអាវភ្លៀងគ្របពាងទឹក។ លុះក្រោយមក កងទ័ពកម្ពុជាម្នាក់នៅលើភ្នំដងរែកបានប្រាប់ដំណឹងល្អមកថា៖ «ថ្ងៃនេះមានអភិនីហារដល់ហើយ ដោយខ្យល់បក់ពីទិសខាងត្បូងទៅខាងជើង និងមានភ្លៀងធ្លាក់ទៀត ដែលធ្វើឱ្យផ្សែងពុលមិនអាចសាយភាយមកលើភូមិឋានរបស់យើងនៅតាមបណ្ដោយព្រំដែន»។ ខ្ញុំឮបែបនេះ មានការធូរស្រាលចិត្ត ដោយសារគិតថា ប្រទេសរបស់យើងប្រាកដជាមានទេវតាតាមថែរក្សា។
ខ្ញុំទទួលដំណឹងទៀតថា យោធាថៃបានផ្លោងគ្រាប់ចូលទៅក្នុងបន្ទាយ៤១១។ ស្របពេលនោះ ខ្ញុំឮមេក្រូពីផ្ទះមេភូមិក្នុងស្រុកអន្លង់វែង ប៉ុន្តែខ្ញុំស្តាប់មិនច្បាស់សោះថាគាត់ធ្វើសេចក្តីប្រកាសអំពីអ្វី។ ខ្ញុំបានទូរសព្ទសួរបញ្ជាក់គាត់ ហើយគាត់ប្រាប់ថា ប្រជាជនគ្រប់រូបដែលស្នាក់នៅក្នុងភូមិអាចទៅយកត្រីពីគាត់មកចម្អិនហូប ព្រោះគាត់រកត្រីបានមួយចានដែក។ ខ្ញុំទទួលបានត្រីលិញប្រហែលពីរគីឡូក្រាម។ បន្ទាប់មកទៀត ខ្ញុំបានឮស្នូរគ្រាប់ផ្លោងសន្ធប់ ជាច្រើនគ្រាប់នៅព្រំដែនអូរស្មាច់ និងប្រាសាទតាមាន់ធំ ដែលជាទីតាំងសមរភូមិយុទ្ធសាស្ត្រនៅក្បែរស្រុកអន្លង់វែង។
កងទ័ពកម្ពុជានៅលើភ្នំដងរែកម្នាក់ ប្រាប់មកថា សូមបងប្អូននៅអន្លង់វែងមានការប្រុងប្រយ័ត្ន ដោយសារ ទីតាំងសមរភូមិយុទ្ធសាស្ត្រជុំវិញបានរងការវាយប្រហារអស់ហើយ ដូច្នេះ គាត់មានការព្រួយបារម្ភថាអាចនឹងមានការវាយប្រហារលើអន្លង់វែងនៅថ្ងៃចុងក្រោយ។ ទន្ទឹមនឹងនេះដែរ ខ្ញុំបានអានព័ត៌មានអំពីកិច្ចប្រជុំស្តីពីបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។ ខ្ញុំមានការធូរស្រាលចិត្តជាខ្លាំង ដោយសារយើងទទួលដំណឹងមកថានឹងមានកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅត្រឹមម៉ោង១២:០០យប់ ដោយឥតលក្ខខណ្ឌ ចាប់ពីអាធ្រាត្រនេះទៅ។
ចាប់ពីក្រោយម៉ោង ១២:០០នាទីយប់ឆ្លងចូលថ្ងៃទី២៩ ខែកក្កដា យើងពុំមានឮស្នូរគ្រាប់កាំភ្លើងទៀតទេ។ ខ្ញុំចាប់ផ្ដើមធូរស្បើយផ្លូវចិត្ដ និងចាប់ផ្ដើមកាន់ទុក្ខចំពោះវីរភាពកងទ័ពកម្ពុជា ដែលបានពលីជីវិតដើម្បីជាតិមាតុ ភូមិ។ ខ្ញុំមានមោទកភាពជាតិជាខ្លាំងណាស់ និងចង់ចូលរួមបំពេញកាតព្វកិច្ចកងទ័ព ដើម្បីការពារជាតិមាតុភូមិនៅឆ្នាំបន្ទាប់ៗ។ សមរភូមិដែលកើតមានតាំងពីប្រវត្ដិសាស្រ្ដនិងពេលកន្លងមកលើទីតាំងនេះ ធ្វើឱ្យខ្ញុំមានចិត្ដស្រឡាញ់ប្រទេសជាតិកាន់តែខ្លាំងឡើង និងជំរុញចិត្តខ្ញុំឱ្យខិតខំបំពេញការងារដើម្បីបម្រើដល់សន្ដិភាព និងបូរណភាពទឹកដី។ កម្ពុជាចង់បានសន្ដិភាព ប៉ុន្ដែសន្ដិភាពកម្ពុជាបែរជាត្រូវទទួលរងការញាំញីឈ្លានពានពីសំណាក់ប្រទេសថៃ ដោយបានបង្កជាការឆក់យកជីវិតមនុស្សជាច្រើន តាមរយៈការឈ្លានពានជាបន្តបន្ទាប់។
អត្ថបទ ៖ សួត វិចិត្រ អ្នកស្រាវជ្រាវមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា