នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានរៀបចំទស្សនកិច្ចសិក្សាស្ដីពី«សន្ដិភាពនិងសិទ្ធិមនុស្ស» ដោយមានការចូលរួមពីសិស្សានុសិស្សចំនួន២៥នាក់ មកពីវិទ្យាល័យតេជោសែន សំរោង។ ទស្សនកិច្ចសិក្សានេះធ្វើឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្ស បានចូលរួមទស្សនកិច្ចទីតាំងប្រវត្តិសាស្រ្តផ្ទាល់ដែលនៅមានសេសសល់ពីរបបខ្មែរក្រហម។
នៅវេលាម៉ោង៨នាទីព្រឹក សិស្សានុសិស្សបានធ្វើដំណើរមកដល់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៅលើខ្នងភ្នំដងរែក ដែលជាអតីតផ្ទះប្រជុំរបស់ តាម៉ុក។ បន្ទាប់ពីសិស្សានុសិស្ស គយគន់ទេសភាពនៅលើខ្នងភ្នំដងរែករួចហើយ ក៏បានធ្វើដំណើរសំដៅមកកាន់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដោយមានក្រុមការងារចាំទទួលស្វាគមន៍។ ក្រុមការងារក៏មានការរៀបចំពិព័ររូបថត និងដឹកនាំសិស្សានុសិស្សទស្សនាពិព័រណ៍ស្ដីពី «សង្គ្រាម និងអំពើប្រល័យពូជសាសន៍» នៅបរិវេណមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។
បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង រួមទាំងក្រុមការងារ បានធ្វើការណែនាំខ្លួនដល់សិស្សានុសិស្ស និងធ្វើបទបង្ហាញដល់សិស្សដោយផ្ដោតសំខាន់លើកិច្ចការងាររបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ជាពិសេសលើកយកនូវបរិបទប្រវត្ដិសាស្រ្ដជុំវិញការកកើតរបបខ្មែរក្រហម សោកនាដកម្មក្រោមអំពើឃោរឃៅ និងការបិទបញ្ចប់នូវទំព័រប្រវត្ដិសាស្រ្ដនៃអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជា។ នៅពេលនោះក៏មានការបញ្ចាំងឯកសារស្ដីពី «តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តនៅក្នុងស្រុកអន្លង់វែង» ក្នុងគោលបំណងបង្ហាញដល់សិស្សានុសិស្សអំពីការចាប់ផ្ដើមកកើតតំបន់អន្លង់វែង រហូតដល់ការចូលមករស់នៅតំបន់អន្លង់វែងរបស់ខ្មែរក្រហម។
គួររំឭកថា កាលពីខែកញ្ញា ឆ្នាំ១៩៨៩ វៀតណាមបានដកកងទ័ពរបស់ខ្លួនប្រមាណ២សែននាក់ ចេញពីប្រទេសកម្ពុជា។ ក្នុងឆ្នាំដដែល កងទ័ពខ្មែរក្រហមនៅលើភ្នំ១០០៣ និងខ្មែរក្រហមដែលកាន់កាប់តាមបណ្តោយព្រំដែនដទៃទៀត បានបើកយុទ្ធនាការទ្រង់ទ្រាយធំវាយដណ្តើមយកតំបន់មួយចំនួនក្នុងប្រទេសកម្ពុជាមកគ្រប់គ្រងវិញ។ ខ្មែរក្រហមបានចាប់ផ្តើមកេណ្ឌជនភៀសខ្លួនប្រមាណ៦ពាន់នាក់ ដើម្បីជួយដឹកជញ្ជូនគ្រឿងសព្វាវុធ និងស្បៀងអាហារទៅឱ្យកងទ័ពនៅសមរភូមិមុខ។ ដោយមានគ្រឿងសព្វាវុធនៅក្នុងឃ្លាំងគ្រប់គ្រាន់ កងទ័ពខ្មែរក្រហមក្រោមការដឹកនាំរបស់ តាម៉ុក នៅលើភ្នំ១០០៣ បានបើកការវាយប្រហារផ្តាច់ព្រ័ត្រនៅចុងឆ្នាំ១៩៨៩ ដើម្បីចូលកាន់កាប់តំបន់អន្លង់វែង។ ការវាយប្រហារត្រូវបានធ្វើឡើងនៅចំថ្ងៃបុណ្យភ្ជុំបិណ្ឌ។ ព្រឹត្តិការណ៍នេះបានកើតឡើងអស់រយៈពេល៣៥ឆ្នាំមកហើយ បើគិតមកដល់ខែកញ្ញា ឆ្នាំ២០២៤។ បន្ទាប់មកសិស្សានុសិស្សបានផ្ដិតយករូបភាពស្រស់ស្អាតនៃធម្មជាតិលើខ្នងភ្នំដងរែកទុកជាអនុស្សាវរីយ៍។ ទន្ទឹមនឹងនេះ ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ក៏បានចែក «ទស្សនាវដ្ដីស្វែងរកការពិត (លេខពិសេស)» ជូនសិស្សានុសិស្ស។ តមកទៀត សិស្សានុសិស្សបានធ្វើដំណើរទៅកាន់ទីតាំងប្រវត្ដិសាស្រ្ដសំខាន់ៗមួយចំនួន ដូចជា ទីតាំងបូជាសព ប៉ុល ពត, ទីតាំងបូជាសព សុន សេន និងក្រុមគ្រួសារ, ចេតិយតាម៉ុក និងសារមន្ទីរតាម៉ុក។
នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចសិក្សា សិស្សបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម ៖
១) ខ្ញុំឈ្មោះ រិទ្ធ ស្រីពៅ ភេទស្រី អាយុ១៨ឆ្នាំ។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តនៅពេលដែលបានទៅដល់ទីតាំងប្រវត្តិសាស្ត្រផ្ទាល់។ ពីមុនមកខ្ញុំធ្លាប់តែឮការនិយាយតៗគ្នាតែប៉ុណ្ណោះ។ ខ្ញុំយល់កាន់តែច្បាស់ពីសង្គ្រាមកើតមាននៅតំបន់អន្លង់វែង។ ខ្ញុំគិតថាការចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សានេះ បានជួយខ្ញុំឲ្យយល់ដឹងបន្ថែមទៀតពីផលលំបាកនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត (ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩)។ ខ្ញុំចាប់អារម្មណ៍ទៅលើប្រធានបទ ការសម្លាប់ សុន សេន និងគ្រួសារ និងការស្លាប់របស់ ប៉ុល ពត។ ខ្ញុំចាប់អារម្មណ៍ទៅលើទីតាំងបូជា សព ប៉ុល ពត ផ្ទះលាក់ខ្លួនប៉ុល ពត និងទីតាំងសារមន្ទីរផ្ទះ តាម៉ុក។ ចំណែកទីតាំង ផ្ទះតាម៉ុក បានបន្សល់ទុកនូវប្រវត្តិសាស្រ្តជាច្រើនដល់ខ្ញុំបានសិក្សារៀនសូត្រ។ ចុងក្រោយដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឱ្យកើតមានម្តងទៀត យើងត្រូវប្រឆាំងអំពើណាដែលនាំឱ្យមានអំពើប្រល័យពូជសាសន៍។
២) ខ្ញុំឈ្មោះ ពេជ្រ វន្ថា ភេទប្រុស អាយុ១៨ឆ្នាំ។ ខ្ញុំបានឈ្វេងយល់ និងស្គាល់ពីទីតាំងប្រវត្តិសាស្រ្តផ្ទាល់។ កាពីមុនខ្ញុំធ្លាប់តែឮចាស់ៗនិយាយថា របបខ្មែរក្រហមគឺជារបបខ្មៅងងឹត ប្រើអំណាចកាប់សម្លាប់ធ្វើបាបប្រជាជន ហើយអ្នកដែលបានឆ្លងកាត់របបខ្មែរក្រហម មិនចង់ឱ្យរបបនេះកើតមាន ទៀតទេ។ ជាក់ស្ដែងពេលខ្ញុំបានឃើញទីតាំង រួមទាំងស្លាកស្នាមខ្លះៗដែលបានបន្សល់ទុកពីរបបខ្មែរក្រហមធ្វើឱ្យខ្ញុំមានអារម្មណ៍សោកស្ដាយ និងអាណិតទៅដល់ប្រជាជនខ្មែរដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបផ្ដាច់ការនោះ។ ខ្ញុំក៏មិនចង់ឱ្យកើតមានរបបនេះនៅក្នុងប្រទេសកម្ពុជាយើងទេ។ ខ្ញុំគិតថាការសិក្សាពីប្រវត្តិសាស្រ្តមានសារសំខាន់ណាស់។ ខ្ញុំនឹងយកចំណេះដឹងរបស់ខ្ញុំទៅចែករំលែកដល់មិត្តភក្កិ និងបង្រៀនក្មេងជំនាន់ក្រោយពីរបបខ្មែរក្រហមថាជារបបផ្ដាច់ការ និងសាហាវឃោរឃៅ។ ខ្ញុំគិតថា ប៉ុល ពត ជានាយករដ្ឋមន្ត្រីនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុន្តែកន្លែងបូជាសពរបស់គាត់មិនមែនជាកន្លែងបូជា សពមនុស្សនោះទេ ដូច្នេះខ្ញុំគិតថា ប៉ុល ពត ពិជាមានកេរ្តិ៍ឈ្មោះអសោច។
៣) ខ្ញុំឈ្មោះ ពង្ស ផាន់ន្នី ភេទប្រុស ក្នុងវ័យ២០ឆ្នាំ។ ខ្ញុំសប្បាយចិត្តដែលបានចូលរួមនៅក្នុងដំណើរទស្សនកិច្ចសិក្សាស្ដីពី «សន្តិភាព និងសិទ្ធិមនុស្ស» ព្រោះខ្ញុំបានមកទស្សនាទីតាំងផ្ទាល់ និងបានផ្ដិតយករូបភាពពីទីតាំងប្រវត្តិសាស្រ្តសំខាន់ៗ និងទេសភាពនៅលើខ្នងភ្នំដងរែក ដើម្បីទុកផ្សព្វផ្សាយបន្តដល់អ្នកដែលមិនបានចូលរួម និងអ្នកដែលរស់នៅឆ្ងាយពីតំបន់អន្លង់វែង។ ខ្ញុំចាប់អារម្មណ៍ទៅលើពិព័រណ៍ រូបទង់បដិវត្តន៍នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ រួមទាំងរូបភាពការកាប់សម្លាប់ធ្វើទារុណកម្មទៅលើប្រជាជនខ្មែរនៅក្នុងរបបខ្មែរក្រហម។ ការធ្វើដំណើរទៅកាន់តំបន់ប្រវត្តិសាស្រ្តសំខាន់ៗនៅក្នុងស្រុកអន្លង់វែង បានធ្វើឱ្យខ្ញុំកាន់តែយល់ច្បាស់ពីការរស់នៅរបស់ខ្មែរក្រហម ខ្ញុំបានឈ្វេងយល់ពីកាលបរិច្ឆេទការស្លាប់របស់មេដឹកនាំធំៗនៅក្នុងរបបខ្មែរក្រហម ដូចជា ប៉ុល ពត សុន សេន និង តាម៉ុក។
៤) ខ្ញុំឈ្មោះ ភួង នីកា ភេទស្រី អាយុ១៦ឆ្នាំ។ ពីមុនខ្ញុំធ្លាប់តែរៀនតាមសៀវភៅនៅក្នុងថ្នាក់អំពីរបបខ្មែរក្រហម ដូច្នេះខ្ញុំមិនសូវជាចាប់អារម្មណ៍ទេ។ ពេលខ្ញុំធ្វើដំណើរមកកាន់ទីតាំងប្រវត្តិសាស្រ្តសំខាន់ៗដែលបានបន្សល់ទុកពីរបបខ្មែរក្រហមទើបខ្ញុំចាប់អារម្មណ៍។ ខ្ញុំចាប់អារម្មណ៍ជាងគេគឺទីតាំងផ្ទះ តាម៉ុក ដែលបច្ចុប្បន្ននេះ គឺជាសារមន្ទីរផ្ទះ តាម៉ុក។ ខ្ញុំដឹងថាផ្ទះទាំងបួនរបស់ តាម៉ុក សុទ្ធតែមានតួនាទីផ្សេងៗពីគ្នា។ ជាក់ស្ដែងដូចជាផ្ទះសម្រាប់ដាក់ឡាន ផ្ទះសម្រាប់ស្នាក់នៅរបស់ តាម៉ុក កន្លែងទទួលភ្ញៀវរបស់ តាម៉ុក និងកន្លែងទុកវត្ថុបុរាណ និងរូបចម្លាក់។ ខ្ញុំយល់ថាការសិក្សាពីប្រវត្តិសាស្រ្តខ្មែរក្រហមពិតជាមានសារសំខាន់ណាស់សម្រាប់ខ្ញុំជាយុវជនជំនាន់ក្រោយ ដើម្បីឱ្យខ្ញុំបានយល់ដឹងពីការលំបាករបស់ប្រជាជនខ្មែរនៅក្នុងរបបនោះ។ ខ្ញុំបានឈ្វេងយល់ពីតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហមនៅអន្លង់វែង។
អត្ថបទ ៖ មេក វិន អ្នកស្រាវជ្រាវមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា