មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង រៀបចំវេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដល់សិស្សវិទ្យាល័យស្រែណូយ

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានរៀបចំវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដោយផ្ដោតលើប្រធានបទ «ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម» ដល់សិស្សចំនួន២៥នាក់ មកពីវិទ្យាល័យស្រែណូយ។

វេទិកាថ្នាក់រៀននេះមានគោលបំណងលើកកម្ពស់ការយល់ដឹងដល់យុវជនអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩) និងទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគតតាមរយៈការមិនគាំទ្រអំពើហិង្សា ការមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ជនជាតិ ជាតិពន្ធុ និងនិន្នាការ     នយោបាយ។ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង មានតួនាទីរំឭក និងចងក្រងឯកសារប្រវត្ដិសាស្រ្ដខ្មែរក្រហម។ រយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានធ្វើកិច្ចការអប់រំទាំងក្នុងនិងក្រៅប្រព័ន្ធដល់យុវជនក្នុងស្រុកអន្លង់វែង នៃខេត្ដឧត្ដរមានជ័យ អំពីអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មនានាដែលកើតឡើងក្នុងខ្មែរក្រហម។

នៅក្នុងឱកាសនោះ បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានធ្វើបទបង្ហាញលើប្រធានបទ «ជីវភាពរស់នៅប្រចាំថ្ងៃក្នុងរបបកម្ពុជាប្រជាធិបតេយ្យ»។ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម ត្រូវបានរំលេចតាមរយៈរឿងរ៉ាវតូចៗរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងបរិបទសង្គមមួយដ៏តក់ស្លុត និងនឹកស្មានមិនដល់។ នៅចន្លោញឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥ តំបន់រំដោះខ្មែរក្រហមមួយចំនួនត្រូវបានរៀបចំឱ្យមាន «ក្រុមប្រវាស់ដៃ» ដែលជាក្រុមឈានទៅរកការលុបបំបាត់វណ្ណៈ កម្មសិទ្ធិឯកជន និងការរស់នៅបែបសមូហភាពដែលខ្មែរក្រហមគ្រោងទុកក្នុងរយៈពេលដ៏ខ្លី។ ក្រុមនេះមានសមាជិកចន្លោះពី១០ទៅ៣០គ្រួសារ ដោយផ្ដោតសំខាន់ទៅលើការបង្កបង្កើនផល។ ក្រុមប្រវាស់ដៃត្រូវបានវិវត្ដន៍ទៅជាសហករណ៍កម្រិតទាប និងសហករណ៍កម្រិតខ្ពស់រវាងពីឆ្នាំ១៩៧៣ រហូតក្រោយជ័យជម្នះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និងបន្ដរហូតដល់ឆ្នាំ១៩៧៧។ សហករណ៍កម្រិតទាប មានសមាជិកចន្លោះពី៣០០ ទៅ៤០០គ្រួសារ ឬភូមិទាំងមូល។ ចំណែកឯសហករណ៍កម្រិតខ្ពស់ មានសមាជិករហូតដល់១ពាន់គ្រួសារ ឬឃុំទាំងមូល។ អំឡុងពេលនោះប្រជាជនរស់នៅរងទុក្ខវេទនា និងស្លាប់បាត់បងជីវិតជាបន្ដបន្ទាប់។ សាលាក្ដីខ្មែរក្រហមបានរកឃើញថា ខ្មែរក្រហមបានបង្ខំមនុស្សឱ្យធ្វើការងារហួសកម្លាំង ការរៀបការដោយបង្ខំ ការរំលោភសិទ្ធិ និងពលកម្មកុមារ ការហូបចុកមិនគ្រប់គ្រាន់ ការសម្លាប់រង្គាលទៅលើក្រុមគោលដៅជាក់លាក់ ជនជាតិចាម ជនជាតិវៀតណាម អ្នកកាន់ព្រះពុទ្ធសាសនា និងអតីតមន្រ្ដីរដ្ឋការ លន់ នល់។ ការធ្វើឱ្យមនុស្សទៅជាទាសករ ការនិរទេស ឬផ្លាស់ប្ដូរទីលំនៅដោយបង្ខំ ការដាក់ក្នុងមន្ទីរឃុំឃាំង ការធ្វើទារុណកម្ម ការធ្វើទុក្ខបុកម្នេញក្រោមហេតុផលនយោបាយ សាសនា និងពូជសាសន៍ និងការប្រព្រឹត្ដអំពើអមនុស្សធម៌ដទៃទៀតប្រឆាំងនឹងសេចក្ដីថ្លៃថ្នូរបស់មនុស្ស។

ស្រ្ដីម្នាក់មានអាយុជាង៧០ឆ្នាំ នៅក្នុងស្រុកអន្លង់វែងបានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនថា «គ្មានអ្នកណាស្អប់ខ្មែរក្រហមជាងខ្ញុំទៀតនោះទេ។ ខ្ញុំមិនធ្លាប់និយាយពាក្យនេះទៅកាន់នរណាម្នាក់ទេ។ ក្រុមគ្រួសាររបស់ខ្ញុំទទួលរងទុក្ខវេទនា និងស្លាប់នៅក្នុងជំនាន់ខ្មែរក្រហម»។ បទបង្ហាញក៏បានផ្សាភ្ជាប់ទៅនឹងទិដ្ឋភាពផ្លូវច្បាប់លើកេរដំណែលសាលាក្ដីខ្មែរក្រហមទៅលើឧក្រិដ្ឋកម្មធំៗដែលកើតមាននៅក្នុងរបបខ្មែរក្រហម ដូចជា ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ការរំលោភបំពានយ៉ាងធ្ងន់លើសន្ធិសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងអំពើប្រល័យពូជសាសន៍ដែលប្រព្រឹត្ដឡើងក្នុងសហករណ៍ ការដ្ឋានការងារ មន្ទីរសន្ដិសុខ និងទីតាំងសម្លាប់មនុស្សមួយចំនួនទៀត នៅក្នុងពេលសវនការជាង១ទសវត្សរ៍ (២០០៧-២០២២)។ សាលាក្ដីខ្មែរក្រហមបានប្រើប្រាស់ប្រព័ន្ធច្បាប់ចំនួន២ គឺច្បាប់ក្នុងស្រុក និងច្បាប់អន្ដរជាតិ។ ទីតាំងវាលពិឃាតចំនួន៣៩០កន្លែង ស្មើនឹង១៩០០០រណ្ដៅ, គុកចំនួន១៩៧កន្លែង និងបូជនីយស្ថានសាងសង់ឡើងក្រោយរបបខ្មែរក្រហមត្រូវបានរកឃើញ និងគូរផែនទីដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ ក្នុងនោះគុកទួលស្លែងគឺជាទីតាំងឧក្រិដ្ឋដ៏ឃោរឃៅបំផុតរបស់ខ្មែរក្រហម ដែលបានធ្វើទារុណកម្មអ្នកទោសយ៉ាងព្រៃផ្សៃ។ ការិយាល័យសហព្រះរាជអាជ្ញានៃសាលាក្ដីខ្មែរក្រហមបានឱ្យដឹងកាលពីឆ្នាំ២០២០ថា អ្នកទោសប្រមាណ១៨,០៦៣នាក់ បានឆ្លងកាត់ការធ្វើទារុណកម្មនៅទីនេះ។

នៅផ្នែកបន្ទាប់ សិស្សបានទស្សនាភាពយន្ដឯកសារ «ខ្មែរបាត់បង់តន្រ្ដីរ៉ក់»។ ខ្សែភាពយន្ដនេះ     ផលិតដោយមជ្ឈមណ្ឌលឯកសារកម្ពុជាដោយចំណាយពេលវេលាជាង១០ឆ្នាំ ដើម្បីបង្ហាញអំពីដួងព្រលឹងសិល្បៈខ្មែរមិនចេះសាបសូន្យទោះស្ថិតក្នុងសម័យកាលណាក៏ដោយ។ នៅផ្នែកចុងក្រោយនៃវេទិកាថ្នាក់រៀន សិស្សរៀនពីវិធីសាស្រ្ដទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត។ នៅក្នុងផ្នែកនេះក៏រួមបញ្ចូលនូវការស្ទាបស្ទង់ចំណេះដឹងក្រោយវេទិកា និងចែករបាយការណ៍ស្ដីពីស្រ្ដីនៅក្នុងស្រុកអន្លង់វែង និងទស្សនាវដ្ដីស្វែងរកការពិត (លេខពិសេស)ទៅកាន់សិស្សម្នាក់ៗសិក្សាបន្ថែម។

បន្ទាប់មក សិស្សានុសិស្សដែលចូលរូមលើវេទិកាថ្នាក់រៀននេះឡើងបង្ហាញចំណាប់អាម្មណ៍ ដូចខាងក្រោម៖

១) ខ្ញុំឈ្មោះ ច្រឹក វ៉ាន់នី ភេទស្រី អាយុ១៨ឆ្នាំ។ ខ្ញុំពិតជារំភើបដែលបានចូលរួមវេទិកាថ្នាក់រៀនពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩) រៀបចំដោយមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ ខ្ញុំបានដឹងពីប្រវត្តិសាស្រ្តរបស់ខ្មែរ និងបានដឹងពីការរស់នៅរបស់ប្រជាជននៅក្នុងរបបខ្មែរក្រហម ក៏ដូចជាដឹងអំពីទីតាំងផ្ទះរបស់ តាម៉ុក។ បន្ថែមពីនេះ ខ្ញុំបានដឹងអំពីទុក្ខលំបាកប្រជាជនខ្មែរនៅក្នុងរបប៣ឆ្នាំ ការរស់នៅក្នុងសហករណ៍ ការហូបរួម ការធ្វើការងាររួម និងមិនមានទ្រព្យសម្បត្តិឯកជន។ ចំពោះការចាក់បញ្ចាំងភាពយន្ដ «ខ្មែរបាត់បង់តន្រ្តីរ៉ក់» ខ្ញុំចាប់អារម្មណ៍ទៅលើក្រុមតន្រ្តីករកាលពីជំនាន់សង្គមរាស្រ្តនិយមដែលមានភាពល្បីល្បាញ សំនៀងពិរោះរណ្ដំធ្វើឱ្យអ្នកស្ដាប់ទាំងក្មេងទាំងចាស់មានភាពសប្បាយរីករាយ។ ជាពិសេស លោក ស៊ីន ស៊ីសាមុត និង អ្នកនាង រស់ សេរីសុទ្ធា ដែលមានសំឡេងទឹកដមពីរោះល្បីរន្ទឺក្នុងនិងក្រៅប្រទេស។ ដើម្បីទប់ស្កាត់កុំឱ្យរបបផ្ដាច់ការខ្មែរក្រហមកើតឡើងម្ដងទៀត ក្នុងនាមខ្ញុំជាសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រដើម្បីឱ្យក្លាយទៅជាយុវជនល្អ និងជួយអភិវឌ្ឍន៍ប្រទេសជាតិ។

២) ខ្ញុំឈ្មោះ សឿន ស៊ីនេត ភេទស្រី អាយុ១៩ឆ្នាំ។ ខ្ញុំពិតជាសប្បាយចិត្តណាស់នៅពេលបានចូលរួមវេទិកាថ្នាក់រៀននេះ ដោយសារពីមុនខ្ញុំតែងតែឃើញសិស្សច្បងបានចូលរួមជាមួយមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ ខ្ញុំមិនធ្លាប់មានឱកាសចូលរួមសិក្សារៀនសូត្រអំពីប្រវត្តិរបស់ខ្មែរក្រហមទេ។ ការបង្រៀនអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩)ខ្ញុំចាប់អារម្មណ៍ទៅលើរបៀបរបបរស់នៅរបស់ប្រជាជនខ្មែរ និងការដឹកនាំដោយរបបកុម្មុយនីស្ត។ ពីមុនមកខ្ញុំធ្លាប់តែឮឪពុកម្ដាយ ជីដូនជីតារបស់ខ្ញុំនិយាយប្រាប់ពីទុក្ខលំបាករបស់គាត់ក្នុងរបបខ្មែរក្រហម ប៉ុន្តែនៅថ្ងៃនេះខ្ញុំបានសិក្សាពីប្រវត្តិសាស្រ្តបន្ថែម រួមទាំងបានឃើញទិដ្ឋភាពនៃការរស់នៅក្នុងរបបខ្មែរក្រហមតាមរយៈវីដេអូ «ខ្មែរបាត់បង់តន្ដ្រីរ៉ក់»។ ខ្ញុំពិតជាមានការតក់ស្លុត និងអាណិតទៅដល់ប្រជាជនដែលបានបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។

៣) ខ្ញុំឈ្មោះ អឿន ណាអូម៉ី ភេទស្រី អាយុ១៨ឆ្នាំ។ ខ្ញុំយល់ឃើញថាការរៀនប្រវត្ដិសាស្រ្ដពិតជាល្អ ដែលអាចឱ្យយើងមើលឃើញទិដ្ឋភាពនៃសម័យកាលមុនៗ។ ក្នុងនាមខ្ញុំជាយុវជន ដើម្បីកុំឱ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញ ខ្ញុំត្រូវខិតខំសិក្សារៀនសូត្រ និងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើន។ ខ្ញុំសំណូមពរឱ្យកូនខ្មែរជំនាន់ក្រោយបានរៀនពីប្រវត្ដិសាស្រ្ដឱ្យបានច្រើន មានការថែរក្សាវប្បធម៌ និងសម្បត្ដិសិល្បៈដែលខ្មែរជំនាន់មុនបានរក្សាទុក។

៤) ខ្ញុំឈ្មោះ វើ ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ។ សម្រាប់វេទិកាសិក្សាប្រវត្ដិសាស្រ្ដខ្មែរក្រហមក្នុងថ្ងៃនេះ បានធ្វើឱ្យខ្ញុំ និងមិត្ដភក្ដិជាច្រើននាក់ទៀតទទួលបានឱកាសដើម្បីរៀនសូត្រពីប្រវត្ដិសាស្រ្ដខ្មែរ។ ខ្ញុំចាប់អារម្មណ៍ទៅលើរបបកម្ពុជាប្រជាធិបតេយ្យ (ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩) ដោយសាររបបនេះបានបង្ហាញឱ្យយើងឃើញពីអំពើសាហាវឃោរឃៅ និងការឈឺចាប់របស់ប្រជាជនពីសំណាក់ខ្មែរក្រហម។ ខ្មែរក្រហមបានបង្ខំឱ្យប្រជាជនធ្វើអ្វីដែលមិនចង់ធ្វើ ជាពិសេស គឺការបំបិទសិទ្ធិ និងសេរីភាព។ ខ្ញុំពិតជាសង្វេគពេលបានយល់ដឹងប្រវត្ដិសាស្រ្ដបែបនេះ ដោយសារតែពីមុនមកខ្មែរធ្លាប់តែមានប្រវត្ដិសាស្រ្ដថ្កុំថ្កើង។ ខ្ញុំសរសើរអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលខិតខំតស៊ូរស់មកដល់បច្ចុប្បន្ន។ ក្នុងនាមខ្ញុំជាយុវជនដើម្បីទប់ស្កាត់របបខ្មែរក្រហមកុំឱ្យវិលត្រឡប់មកវិញ គឺខ្ញុំផ្សព្វផ្សាយប្រវត្ដិសាស្រ្ដនេះទៅកាន់មនុស្សជុំវិញខ្លួន។

៥) ខ្ញុំឈ្មោះ រិទ្ធ សុវណ្ណារដ្ឋ ភេទស្រី អាយុ១៦ឆ្នាំ។ ខ្ញុំយល់ថា ការចូលរួមក្នុងវេទិកាថ្នាក់រៀនធ្វើឱ្យខ្ញុំបានដឹងពីប្រវត្តិសាស្រ្តរបស់ខ្មែរច្រើន និងច្បាស់លាស់ជាងមុន។ ខ្ញុំចាប់អារម្មណ៍ខ្លាំងទៅលើក្រុមសិល្បៈខ្មែរនៅជំនាន់សង្គមរាស្រ្តនិយម ពីព្រោះខ្ញុំមើលឃើញពីភាពអស្ចារ្យ និងទេពកោសល្យនៃការច្រៀងរបស់ គាត់ដែលមានភាពទាក់ទាញអ្នកស្ដាប់។

អត្ថបទ ៖ សួត វិចិត្រ អ្នកស្រាវជ្រាវមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖