ខ្លឹមសារអត្ថានុរូបនៃនិមិត្តសញ្ញា ព្រះរាជបណ្ណាល័យហ្លួងម៉ែ

ព្រះរាជបណ្ណាល័យហ្លួងម៉ែ គឺជាសមុច្ច័យនិម្មាបនកម្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងវិទ្យាស្ថានស្លឹករឹត ដែលមិនត្រឹមតែជាបូជនីយដ្ឋានរំឭកមួយប៉ុណ្ណោះទេ។ ក្រោយបញ្ចប់ការសាងសង់ប្រជាជនកម្ពុជានឹងមានស្ថាប័នជាម៌តកមួយ ដែលដើរតួនាទីជាសារមនី្ទររំឭក, មជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំពីអំពើប្រល័យពូជសាសន៍, និងជាបណ្ណសារផ្ទុកឯកសារអេឡិចត្រូនិច ដោយមុខងារទាំងអស់នេះនឹងស្ថិតនៅក្នុងបរិវេណតែមួយ។ ក្រោយពេលចាប់ផ្តើមដំណើរការពេញលេញ ព្រះរាជបណ្ណាល័យហ្លួងម៉ែ គឺជាអគារពហុមុខងារមួយ។ ព្រះរាជបណ្ណាល័យហ្លួងម៉ែ នឹងរៀបចំជាសិក្ខាសាលាជាន់ខ្ពស់កម្រិតអន្តរជាតិ និងទស្សនកិច្ចផ្លូវរដ្ឋដោយផ្តោតជាសំខាន់ទៅលើប្រធានបទលំដាប់ជាតិ និងអន្តរជាតិ។ ព្រះរាជបណ្ណាល័យហ្លួងម៉ែ មានវិសាលភាពនៃគោលបំណង ពហុវិស័យមានជាអាទិ៍ បដិការគុណ, អារ្យធម៌, មនុស្សជាតិ, ព្រលឹង, សហគមន៍, សេដ្ឋកិច្ច និងសន្តិភាពក្នុងគ្រួសារ បុគ្គល និងមនុស្សជាតិកម្ពុជា។

ខ្លឹមសារអត្ថានុរូបនៃនិមិត្តសញ្ញា

កញ្ចក់បីផ្ទាំង

កញ្ចក់បីផ្ទាំងដែលយកចេញពីទម្រង់ស្តូបអនុស្សាវរីយ៍បុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ ស្តូបអនុស្សាវរីយ៍បុរីអូរស្វាយនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៦៣ដល់ឆ្នាំ១៩៦៧ក្រោមស្នាព្រះហស្ថព្រះបរមរតនកោដ្ឋក្នុង ព្រះរាជបំណងការពារបូរណភាពទឹកដីនាភាគខាងជើង ដែលជាប់នឹងប្រទេសលាវ។ លើស្តូបមានព្រះឆាយាល័ក្ខណ៍៤ បែរទៅទិសធំៗទាំង៤ បង្ហាញពី ព្រះរាជសកម្មភាពព្រះបរមរតនកោដ្ឋ។ ស្តូបនេះមានរាងអដ្ឋកោណ ប្រសិនបើមើលចំផ្ទៃណាមួយនោះ នឹងឃើញផ្ទៃទៀតអមសងខាង ដែលតំណាងឲ្យកញ្ចក់ពីរ បីផ្ទាំងដែលកំពុងឆ្លុះបញ្ចាំងអំពី អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។

ស្លឹករឹត និងដែកចារ

ស្លឹករឹត ឬ វានៈ គឺជាអ្នកថែរក្សា ចំណែកដែកចារជាអ្នកកត់ចំណាំ។ ទាំងពីរនេះ ពុំអាចឃ្លាតគ្នាបានឡើយ ខ្វះមួយណាក៏មិនបាន។ ស្លឹករឹត និងដែកចារ ជានិមិត្តរូប ដ៏សំខាន់មួយដែលបានដើរតួនាទីចូលរួមថែរក្សាកេរ្តិ៍ម៌តក, វប្បធម៌,ទំនៀមទម្លាប់និងប្រពៃណីតាំងពីបុរាណកាលមកម្ល៉េះតាមរយៈសំណេរ។ ស្លឹករឹត ឬវានៈ និងដែកចារ គឺជានិមិត្តរូបសំខាន់ដែលតំណាងឲ្យ “បញ្ញា និងចំណេះដឹង” ដែលជាអ្នកបណ្ដុះ បំភ្លឺដល់កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយ ឲ្យមានចំណេះវិជ្ជា មានសេចក្ដីថ្លៃថ្នូរ ជាប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់។

ក្បាច់អង្គរ (អតីតកាល)

ទម្រង់ក្បាច់អង្គរតែងតែឃើញមាននៅលើប្រាង្គប្រាសាទបុរាណ មានទម្រង់កួចបត់ចុះឡើងទៅតាមរូបរាងផ្សេងៗ គួបផ្សំជាមួយពណ៌សម្បុរថ្មប្រាសាទផងនោះ ហាក់បីដូចជាធម្មជាតិ ឬ រុក្ខជាតិដែលមានសភាពក្រៀមក្រោះ មានភាពសោកសៅនឹងរឿងអ្វីមួយ។ ការប្រកាន់ឆ្វេង សំដៅលើភាពអវិជ្ជមាន, អយុត្តិធម៌, ភាពលំអៀង, មិនល្អត្រឹមត្រូវ។ ដូច្នេះក្បាច់ភ្ញីទេសស្ថិតនៅខាងឆ្វេង ជាតំណាងឲ្យភាពមិនល្អនៃរឿងអតីតកាលដែលកន្លង ផុតជាយូរមកហើយ តែនៅបន្សល់ការចងចាំរហូតដល់បច្ចុប្បន្ន។

ក្បាច់ភ្ញីទេស (អនាគតកាល)

ភ្ញីទេសជាទម្រង់ក្បាច់ដែលកម្លាយចេញពីរុក្ខជាតិពិត រត់ជាចង្វាយព័ទ្ធឡើងទៅតាមរៀងផ្សេងៗមានដើម, ស្លឹក, ត្រួយ, ផ្កា, ផ្លែជាដើម មើលទៅហាក់បីដូចជារុក្ខជាតិពិត។ ភ្ញីទេសសំដៅលើភាពស្រស់បំព្រង, ភាពចម្រុងចម្រើន, រីកលូតលាស់ ជឿនលឿនតទៅមុខជានិរន្តរ៍។

ការប្រកាន់ស្តាំ គឺសំដៅលើភាពវិជ្ជមាន, យុត្តិធម៌, ភាពល្អបរិសុទ្ធ,ភាពត្រឹមត្រូវ។ ក្បាច់ភ្ញីទេសស្ថិតនៅខាងស្តាំ ជាតំណាងឲ្យការអភិវឌ្ឍ នាំឲ្យមានភាពចម្រុងចម្រើន, លូតលាស់តទៅថ្ងៃអនាគត ផ្តល់ឲ្យកូនចៅជំនាន់ក្រោយទទួលបាន សេចក្តីសុខសប្បាយ និងមោទកភាព។

ផ្កាចម្ប៉ា

ផ្កាចម្ប៉ាជាផ្កាមួយប្រភេទក្នុងចំណោមប្រភេទផ្កាទាំងអស់ដែលហ្លួងម៉ែទ្រង់សព្វព្រះរាជហឫទ័យ តែងតែដាក់ថ្វាយព្រះបរមរតនកោដ្ឋ។​ កាលដែលដាក់និមិត្តរូបផ្កាចម្ប៉ាក្នុងបណ្ដុំផ្កាកុលាបនេះមានន័យជាការនឹករឭកមិនដាច់អាល័យពីព្រះបរមរតនកោដ្ឋ។

ផ្កាកុលាបស

ផ្កាកុលាបពណ៌ស គឺជាផ្កាមួយប្រភេទក្នុងចំណោមប្រភេទផ្កាទាំងអស់ ដែលហ្លួងម៉ែទ្រង់សព្វព្រះរាជហឫទ័យជាងផ្កាដទៃទៀត។​​ ផ្កាកុលាបពណ៌ស បញ្ជាក់អត្ថន័យនៃភាពស្មោះត្រង់, បរិសុទ្ធ, គ្មានកំហុស និង ការចាប់ផ្តើមជាថ្មី។ បើយោងតាមអត្ថបទក្នុងគេហទំព័រ ធីតាតូរឺ បកប្រែចេញពីឯកសារបរទេស ផ្កាកុលាបពណ៌ស បង្ហាញដល់សេចក្តីស្រឡាញ់ដែលស្រស់ស្អាត, ល្អបរិសុទ្ធ, គួរឲ្យចង់ថ្នាក់ថ្នម ដោយមិនគិតទេថាក្តីស្រឡាញ់ដែលប្រគល់ឲ្យនោះបានការតបស្នង ឬអត់។ កុលាបពណ៌ស ត្រូវបាននិយមប្រើដើម្បីបង្ហាញពីក្ដីស្រឡាញ់ស្មោះសររបស់ ខ្លួនដូចជាកូនចៅជូនចៅហ្វាយនាយ, សិស្សជូនគ្រូបាធ្យាយ, កូនជូនឪពុកម្តាយ។

ក្រឡាស់អាវ និងខ្សែបូ

ក្រឡាស់អាវ គឺជាគ្រឿងលម្អលើអម្ពរពស្ត្រារបស់ព្រះមហាក្សត្រដែលគ្រងត្រង់ព្រះឱរាខាងឆ្វេង រាល់ពេលមានព្រះរាជពិធីធំៗ។ ក្រឡាស់អាវនេះ គឺជានិមិត្តរូបនៃក្តីស្រឡាញ់, មេត្តាអាណិត, សន្តោសប្រោសប្រណីនៃព្រះមហាក្សត្រដែលអត្ថន័យពណ៌ជាម្លប់ដ៏ត្រជាក់ទៅដល់ប្រជានុរាស្ត្រ ដែលជាកូនចៅ ចៅទួត។​ រីឯខ្សែបូក្រវាត់ព័ទ្ឋជុំវិញកញ្ចក់ទាំងបីផ្ទាំង ជាតំណាងឲ្យសេចក្តីស្រឡាញ់របស់ព្រះមហាក្សត្រនៅគ្រប់ស្ថានការណ៍ ទាំងអតីតកាល, បច្ចុប្បន្នកាល និងអនាគតកាល។

កម្រាលព្រំ

កម្រាលព្រំ តំណាងឲ្យការអណ្ដែតឡើងនូវកិត្តិនាម, ភាពល្បីរន្ទឺ, ភាពខ្ពង់ខ្ពស់ ឧត្តុងឧត្តម ការលើកបង្ហាញឲ្យសកលលោកបានឃើញ, បានដឹង, និងបានស្គាល់។

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖