ព្រះរាជបណ្ណាល័យហ្លួងម៉ែ គឺជាសំណង់អគារនិម្មាបនកម្មស៊ីវិល័យ សម័យទំនើប ឈរយ៉ាងស្កឹមស្កៃ លើទឹកដីអច្ឆរិយ ក្រោមម្លប់សន្តិភាព នា សម័យសម្តេចតេជោ អគ្គមគ្គុទ្ទេសក៍ឯក និងជាស្ថាបនិក នយោបាយ ឈ្នះ ឈ្នះ នៃកម្ពុជា ជាបុព្វាធិការី ដែលយកជីវិតជាដើមទុន ដើម្បីភាពសុខសាន្តត្រាណ និងវឌ្ឍនភាពនៃទឹកដីជាតិមាតុភូមិ និងប្រជាពលរដ្ឋ។ ឆ្លងចូលមកដល់សម័យថ្នាក់ដឹកនាំជាបញ្ញវន្ត ដែលត្រូវបានទទួលស្គាល់ និងគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាជាតិខ្មែរនិងបរទេស ដែលជាសន្ធានការីប្រកបដោយកតញ្ញុតាប្រាជ្ញាគតិបណ្ឌិត,ព្រះរាជបណ្ណាល័យ ហ្លួងម៉ែ ជាកញ្ចក់ឆ្លុះឲ្យឃើញនូវសមិទ្ធផលជាសារវន្តដូចខាងក្រោម៖
- ជានិមិត្តរូប នៃការគោរពចំពោះវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានស្លាប់បាត់បង់ជីវិត ដោយ
សារសង្គ្រាម អាណានិគម សង្គ្រាមស៊ីវិល (សង្គ្រាមមនោគមន៍) និងអំពើប្រល័យពូជសាសន៍
– ជានិមិត្តរូប នៃមនសិការជាតិ ប្រកបដោយកតញ្ញុតវេទី ចំពោះដូនតាខ្មែរ ដែលបានបន្សល់ទុកនូវទឹកដី អរិយធម៌ វប្បធម៌ សាសនា ប្រពៃណី និងសង្គមជាតិ
– ជានិមិត្តរូប នៃបដិការគុណ ចំពោះពលិកម្ម របស់វីរជន យុទ្ធជន ដូនតា និងព្រលឹងអធិធម្មជាតិ
– ជានិមិត្តរូប នៃការការពារសិទ្ធិ ស្វែងរកយុត្តិធម៌ជូនជនរួមឈាមដែលបានស្លាប់យ៉ាងអនោចអធមក្នុងរបប អារញ្ញវាសី បីឆ្នាំ ប្រាំបីខែ និងម្ភៃថ្ងៃ
– ជានិមិត្តរូប នៃទឡ្ហីករណ៍សមត្ថភាព គំនិត ប្រាជ្ញាញាណ និងពលានុភាព ខេមរា បច្ឆាជនជំនាន់ថ្មី
(យុវជន) អាចធ្វើបាន
– ជាភស្តុតាង នៃសាមគ្គីភាពក្រោមរដ្ឋធម្មនុញ្ញតែមួយ មហាស្វេតច្ឆត្រតែមួយ រាជរដ្ឋាភិបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ ដើម្បីរក្សាសន្តិភាព និងអភិវឌ្ឍន៍
– ធ្វើនវានុវត្តកម្ម ពីបុព្វការី (មនុស្សជំនាន់មុន) មកសន្ធានការី (មនុស្សជំនាន់ថ្មី) ស្របតាមសត្យានុម័ត ភាពនៃសង្គម ក្នុងបរិបទសកលូបនីយកម្មសង្គម
– ស្តម្ភនៃកិត្យានុភាព ដែលពុំធ្លាប់មានពីបុព្វកាល, ទាំងក្នុងប្រទេសនិងពិភពលោក,ដែលដូនតាបានបន្សល់ ទុកនូវសម្បត្តិបេតិកភណ្ឌឲ្យកូនខ្មែរជំនាន់ក្រោយឯព្រះរាជបណ្ណាល័យហ្លួងម៉ែ ជាបណ្ដុំឯកសារប្រាជ្ញាស្មារតីសម្រាប់មនុស្សជំនាន់ថ្មី និងជំនាន់បន្តបន្ទាប់
– ព្រះរាជបណ្ណាល័យហ្លួងម៉ែ គឺជារតនសម្បត្តិជាតិដ៏សំខាន់ជាប្រវត្តិសាស្ត្រ។ ព្រះរាជបណ្ណាល័យហ្លួងម៉ែ មិនគួរគ្រាន់តែជានិមិត្តរូបនៃការបែកបាក់របស់ប្រទេសកម្ពុជាពី ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ នៃអំពើប្រល័យពូជសាសន៍តែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអបអរសាទរប្រវត្តិសាស្រ្តដ៏មោទនភាពដែលលាតសន្ធឹងដល់ ព្រះបាទ ជ័យវរ្ម័នទី ២ ដែលបានបង្កើតអាណាចក្រខ្មែរដ៏អស្ចារ្យនៅក្នុងសតវត្សរ៍ទី៩ ។
ព្រះរាជបណ្ណាល័យហ្លួងម៉ែ មានអគារចំនួនប្រាំ ដែលមានឈ្មោះដូចខាងក្រោមនេះ៖
- សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លែថ្នូរ និងសុភមង្គល
- ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
- សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
- សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា