នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានផ្តល់រទេះរុញ ចំនួន២គ្រឿង និងកាសជំនួយត្រចៀកចំនួន៥គ្រឿង ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព នៅភូមិជាំអំពិល និងភូមិងៀវ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ការចែករទេះរុញ និងកាសជំនួយត្រចៀកដល់ប្រជាជនដែលមានពិការភាព ក៏មានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋានដែរ។ លោក សៀង ឌឺ គឺជាមេភូមិជាំអំពិល បានថ្លែងអំណរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខភាពប្រជាជន និងជាពិសេស បានផ្ដល់រទេះរុញ និងកាសជំនួយដល់ការស្ដាប់។ សម្ភារទាំងនេះ គឺជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ជួយដល់សង្គមជាតិ ជាពិសេសអាចជួយសម្រាលទុក្ខលំបាកដល់ក្រុមគ្រួសាររបស់ជនពិការ។ ជាចុងក្រោយលោក សៀង ឌឺ សូមអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម និងសូមជូនពរឱ្យមជ្ឈមណ្ឌលឯកសារកម្ពុជាទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ។
បន្ទាប់ពីចប់កម្មវិធី អ្នករស់រានមានជីវិតពីរបបខ្មែរដែលទទួលបានរទេះរុញ និងកាសជំនួយត្រចៀក បង្ហាញពីចំណាប់អារម្មណ៍ដូចខាងក្រោម ៖
ខ្ញុំឈ្មោះ តឹប ហ៊ុម ភេទស្រី អាយុ៩៣ឆ្នាំ កើតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានបញ្ហាចង្កេះ និងជើងតាំងពីជំនាន់អាមេរិកាំងទម្លាក់គ្រាប់បែកត្រូវត្រង់សេដែលគ្រួសារខ្ញុំលាក់ខ្លួន ហើយដីបានបាក់សង្កត់លើខ្ញុំ។ ចង្កេះខ្ញុំចាប់ផ្តើមមានការឈឺចាប់ពេលធ្វើការងារធ្ងន់ ជាពិសេសនៅក្នុងរបបខ្មែរក្រហម ពេលខ្មែរក្រហមប្រើខ្ញុំឱ្យធ្វើការងារជីកប្រឡាយ និងឆ្ការព្រៃ។ ចាប់តាំងពីពេលនោះមកជើងខ្ញុំចេះតែធ្វើទុក្ខ និងធ្លាក់ខ្លួនពិការ។ ពីមុនមក ខ្ញុំធ្លាប់បានស្នើរទេះរុញតាមរយៈអាជ្ញាធរភូមិ ប៉ុន្តែមិនទាន់ទទួលបាន។ ខ្ញុំគ្មានថវិកាសម្រាប់ទិញរទេះរុញទេ។ ចៅប្រុសខ្ញុំឈ្មោះ គូប ឆៀង បានចូលធ្វើការងារជាអ្នកស្ម័គ្រចិត្តកម្ពុជា ប្រចាំខេត្តត្បូងឃ្មុំ បានទាក់ទងមកក្រុមងារងារមជ្ឈមណ្ឌលឯកសារកោះថ្ម ដើម្បីស្នើសុំរទេះរុញឱ្យខ្ញុំ។ ថ្ងៃនេះខ្ញុំរីករាយខ្លាំងណាស់ ដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មបានយករទេះរុញមកប្រគល់ឱ្យខ្ញុំ។ រទេះរុញនេះ ពិតជាមានសារប្រយោជន៍សម្រាប់ខ្ញុំនិងក្រុមគ្រួសារ ព្រោះអាចជួយសម្រាលផ្លូវចិត្តបានមួយកម្រិត។ ខ្ញុំអាចចេញទៅក្រៅផ្ទះ មើលគេមើលឯង ធូរស្បើយ និងមានអារម្មណ៍ស្រស់ស្រាយ។ ជាពិសេសជួយសម្រាលកម្លាំងកូនប្រសារ និងចៅប្រុស។ រាល់ថ្ងៃនេះបានចៅប្រុសឈ្មោះ គូប ឆៀង ជួយគ្រា លើកទៅងូតទឹក និងលើកទៅកន្លែងដេក។ ចុងក្រោយ ខ្ញុំសូមអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបានផ្តល់រទេះរុញមក ខ្ញុំដោយឥតគិតថ្លៃ។ ខ្ញុំសូមជូនពរក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាទទួលបានជោគជ័យគ្រប់ការងារ។
ខ្ញុំឈ្មោះ ទិត្យ រិន ភេទស្រី អាយុ៩០ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ២០១៤ ខ្ញុំធ្លាក់ខ្លួនឈឺធ្ងន់ ហើយស្ដាប់លែងឮ។ ខ្ញុំធ្ងន់ត្រចៀក ធ្ងន់ក្បាល និងចុកដៃជើង។ សព្វថ្ងៃ ខ្ញុំមានជំងឺឡើងឈាម និងត្រូវលេបថ្នាំជាប្រចាំ ។ ខ្ញុំស្ដាប់មិនសូវឮជិត១០ឆ្នាំមកហើយ ហើយឥឡូវខ្ញុំចាស់ជរា វង្វេងវង្វាន់ សូម្បីចៅខ្លួនឯងក៏ខ្ញុំមិនស្គាល់ដែរ។ ពេលស្ដាប់មិនឮ ខ្ញុំពិបាកចិត្តណាស់ និងចង់តែស្លាប់។ ដៃជើងរបស់ខ្ញុំឈឺ និងពិបាកទ្រាំ ចំណែកកូនខ្ញុំចៅទៅចោលអស់។ ថ្ងៃនេះខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្មបានជូនកាសជំនួយត្រចៀកដល់ខ្ញុំ ដើម្បីឱ្យខ្ញុំមានឱកាសស្ដាប់ឮ និងងាយស្រួលដល់កាទាក់ទងជាមួយកូនចៅ និងអាចនិយាយលេងជាមួយបងប្អូននៅក្នុងភូមិ។
ខ្ញុំឈ្មោះ កុល ពៅ ភេទស្រី អាយុ៨០ឆ្នាំ កើតនៅភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិជាំអំពិល ឃុំជាំអំពិល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំថ្លង់បន្ទាប់ពីសម្រាលកូនរួច។ នៅពេលខ្ញុំដេកអាំងភ្លើង ស្រាប់តែខ្ញុំហ៊ឹងត្រចៀក ធ្វើឱ្យខ្ញុំស្ដាប់មិនឮរហូតមកដល់បច្ចុប្បន្ន។ ខ្ញុំចង់ស្ដាប់ឮ ដូចមុន និងអាចនិយាយលេងជាមួយកូនចៅក្នុងភូមិបាន។ ខ្ញុំពិតជារីករាយណាស់ដែលមជ្ឈមណ្ឌលឯកសារកោះថ្មផ្តល់កាសជំនួយត្រចៀកមកខ្ញុំ ដើម្បីធ្វើឱ្យខ្ញុំអាចស្ដាប់បាន ហើយងាយស្រួលក្នុងការទំនាក់ទំនង។ ខ្ញុំពិតជាអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មដែលបានជួយឱ្យខ្ញុំស្ដាប់ឮម្ដងទៀត។
ខ្ញុំឈ្មោះ ឯម គ្រែវ ភេទប្រុស អាយុ៧៥ឆ្នាំ កើតនៅភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំស្ដាប់មិនសូវឮ ហើយភ្នែកក៏មើលមិនសូវឃើញដែរ។ ខ្ញុំស្ដាប់មិនសូវឮដោយសារតែសំឡេងទម្លាក់គ្រាប់បែក និងមួយផ្នែកទៀតដោយសារការឡើងជាតិអាស៊ីត។ ខ្ញុំលំបាកខ្លាំងណាស់ ព្រោះមិនសូវមានកូនចៅណាមកនិយាយជាមួយព្រោះខ្ញុំស្តាប់មិនឮ។ ប្រសិនបើនិយាយជាមួយខ្ញុំទាល់តែនិយាយខ្លាំងៗ ទើបខ្ញុំស្ដាប់បាន។ ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលទទួលបានកាសជំនួយត្រចៀកពីមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលធ្វើឱ្យខ្ញុំអាចនិយាយឆ្លើយឆ្លងជាមួយកូនចៅបានដូចធម្មតាវិញ។
ខ្ញុំឈ្មោះ ភឿក ហ៊ា ភេទប្រុស អាយុ៩០ឆ្នាំ កើតនៅភូមិងៀវ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិងៀវ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំស្ដាប់មិនឮតាំងពីឆ្នាំ២០២០ មូលហេតុដោយសារចាស់ជរា។ ខ្ញុំពិតជាពិបាកក្នុងខ្លួនណាស់ ត្រចៀករបស់ខ្ញុំឮសំឡេងខ្យល់វឹងៗ ពិបាកទាក់ទងជាមួយកូនចៅ និងប្រជាជននៅក្នុងភូមិណាស់ជាក់ស្ដែងដូចថ្ងៃនេះ។ បច្ចុប្បន្ននេះសុខភាពរបស់ខ្ញុំកាន់តែទ្រុឌទ្រោមទៅហើយ ដោយសារវ័យចាស់ជរា។ ខ្ញុំចង់បានកាសជំនួយត្រចៀកដើម្បីធ្វើ ខ្ញុំឱ្យងាយស្រួលស្ដាប់ ហើយពេលដែលស្ដាប់ឮខ្ញុំសប្បាយចិត្ត និងងាយស្រួលក្នុងការទាក់ទងជាមួយកូនចៅព្រមទាំងអ្នកភូមិ។ ពេលហៅខ្ញុំពីក្រោយខ្នង ខ្ញុំស្តាប់មិនឮទេ បើចង់និយាយទាល់តែនិយាយឱ្យខ្លាំងៗទើបខ្ញុំស្ដាប់បាន។
អត្ថបទ ៖ ឈុំ រ៉ា និង វី ស៊ីថា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា