មជ្ឈមណ្ឌលឯកសារខេត្តតាកែវ រៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ផ្តោតលើប្រធានបទ ការជម្លៀសប្រជាជនដោយបង្ខំនៅក្នុងរបបខ្មែរក្រហម

នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានរៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ សម្រាប់សិស្សានុសិស្សថ្នាក់ទី១២ ចំនួន៣០នាក់ ក្នុងនោះមានស្រី១៨នាក់ និងគ្រូបង្រៀនប្រវត្តិវិទ្យាម្នាក់ មកពីវិទ្យាល័យ ហ៊ុនសែន អង្គប្រិយ៍ ស្ថិតនៅឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ប្រធានបទដែលត្រូវលើកមកពិភាក្សាក្នុងវេទិកា គឺការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម ក្នុងចន្លោះពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩។ គោលបំណងនៃវេទិកាថ្នាក់រៀនចុងសប្តាហ៍ គឺផ្តោតលើការលើកកម្ពស់ផ្នែកអប់រំប្រវត្តិសាស្រ្តនៃរបបខ្មែរ​ក្រហម និងទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឱ្យកើតឡើងសារជាថ្មី។ ដើម្បីបម្រើដល់គោលបំណងខាងលើ វេទិកាថ្នាក់រៀននេះ មានវត្ថុបំណងសំខាន់ៗចំនួនបីគឺ៖ ១) ផ្ដល់ចំណេះដឹងថ្មីៗ និងបន្ថែមពីអ្វីដែលសិស្សធ្លាប់បានសិក្សាពីមុនមកឱ្យកាន់តែច្បាស់លាស់អំពីការជម្លៀសប្រជាជនដោយបង្ខំនៅក្នុងរបបខ្មែរក្រហម និងចំណេះដឹងទូទៅអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ ២) លើកទឹកចិត្តសិស្សឱ្យចូលរួមឈ្វេងយល់ពីហេតុការណ៍ផ្សេងៗ ដែលនាំឱ្យកើតមានរបបខ្មែរក្រហម រួមទាំងពង្រឹងការចងចាំចំពោះប្រវត្តិសាស្រ្ដខ្មែរក្រហម ដែលធ្វើឱ្យប្រជាជនស្លាប់អស់រាប់លាននាក់។ ៣) ផ្ដល់គន្លឹះដល់សិស្សនូវវិធីសាស្ត្របង្ការអំពើប្រល័យពូជសាសន៍។

មុនចាប់ផ្ដើមនៃវេទិកាថ្នាក់រៀន បុគ្គលិកនៃមជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានដឹកនាំ សិស្សា​នុសិស្សទស្សនាផ្ទាំងពិព័រណ៍មេដឹកនាំក្នុងរបបខ្មែរក្រហមក្នុងបរិវេណការិយាល័យ និងផ្តល់ជូនទស្សនាវដ្ដីស្វែងរកការពិត លេខពិសេសប្រចាំខេត្តតាកែវ ម្នាក់មួយក្បាលដល់សិស្សដើម្បីអាននិងឈ្វេងយល់បន្ថែម។ បន្ទាប់មក សិស្សានុសិស្សចូលទៅក្នុងថ្នាក់ ដើម្បីបំពេញកម្រងសំណួរមួយសន្លឹកបង្ហាញពីចំណេះដឹងរៀងៗខ្លួន មុនមានការបង្ហាត់បង្រៀនពីលោក ផេង ពង្សរ៉ាស៊ី។

កិច្ចបន្ទាប់លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានណែនាំខ្លួ​ន និងក្រុមការងារទៅកាន់សិស្សានុសិស្ស និងប្រាប់ពីគោលបំណងនៃការបង្កើតមជ្ឈមណ្ឌលឯកសារខេត្តតាកែវ។ មុនឈានដល់ការបង្រៀនលោក ផេង ពង្សរ៉ាស៊ី បានផ្ដល់ឱកាសឱ្យសិស្សានុសិស្សសួរសំណួរអ្វីដែលខ្លួនចង់ដឹង។ សំណួរដែលសិស្សលើកឡើងមានដូចជា ៖  តើហេតុអ្វីបានជាខ្មែរក្រហមធ្វើបាបប្រជាជន? តើគោលនយោបាយ «មហាលោតផ្លោះ មហាអស្ចារ្យ» របស់ខ្មែរក្រហមមានអត្ថន័យដូចម្ដេច? តើហេតុអ្វីបានជាខ្មែរក្រហមសម្លាប់អ្នកមានចំណេះដឹង? តើហេតុអ្វីបានជាខ្មែរក្រហមអាចកាន់កាប់ប្រទេសកម្ពុជាបាន? តើខ្មែរក្រហមបានធ្វើទង្វើអ្វីខ្លះដាក់ប្រជាជន? តើកងឈ្លបធ្វើអ្វីខ្លះ? តើហេតុធ្វើបានជាបង្កើតសាលាក្ដីខ្មែរក្រហម? តើខ្មែរក្រហមបែងចែកប្រទេសជាប៉ុន្មានភូមិភាគ? អ្វីខ្លះ?  តើខ្មែរក្រហមមានមន្ទីរសន្តិសុខចំនួនប៉ុន្មាន? តើរបបខ្មែរក្រហមបាននាំអ្វីខ្លះមកដល់ប្រទេសកម្ពុជា? រាល់សំណួររបស់សិស្សានុសិស្ស លោក ផេង ពង្សរ៉ាស៊ី បានឆ្លើយតប និងពន្យល់ម្តងមួយៗ ដើម្បីឱ្យសិស្សងាយយល់កាន់តែច្បាស់។ លើសពីការបង្រៀនក្នុងវេទិកាថ្នាក់រៀន លោក ផេង ពង្សរ៉ាស៊ី បានចាក់បញ្ចាំងវីដេអូខ្លីមួយទាក់ទងនឹងការជម្លៀសប្រជាជននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឱ្យសិស្សានុសិស្សទស្សនា ដើម្បីផ្សារភ្ជាប់និងប្រធានបទក្នុងថ្នាក់រៀននៅថ្ងៃនេះ។ ពេលទស្សនាវីដេអូចប់ សិស្សម្នាក់បានឆ្ងល់អត្ថន័យពាក្យស្លោករបស់ខ្មែរ​ក្រហមដែលសរសេរថា «គ្មានទេសញ្ញាប័ត្រ មានតែសញ្ញាឃើញ»។ លោក ផេង ពង្សរ៉ាស៊ី បានឆ្លើយសំណួរនេះ និងបាននិយាយពីការបិទសាលារៀនទាំងអស់ក្នុងរបបខ្មែរក្រហម។ បន្ទាប់មកទៀត លោក ផេង ពង្សរ៉ាស៊ី បានឆ្លើយនៅគ្រប់សំណួរទាំងអស់របស់សិស្សដែលបានសរសេរលើក្រដាស។

ក្រោយចប់វេទិកាថ្នាក់រៀន សិស្សានុសិស្ស និងគ្រូដឹកនាំ បានធ្វើដំណើរទៅកាន់ឃុំតាភេម និងឃុំគុស ស្រុកត្រាំកក់ ដើម្បីសិក្សាស្វែងយល់ពីទីតាំងសម្លាប់មនុស្សរបស់ខ្មែរក្រហមនៅអតីតមន្ទីរសន្តិសុខក្រាំងតាចាន់ ឬអតីតមន្ទីរសន្តិសុខស្រុក១០៥ និងចេតិយរំឮកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបខ្មែរក្រហម ព្រមទាំងផ្ទាំងពាក្យស្លោកស្តីពីការចងចាំប្រវត្តិសាស្ត្រខ្មែរក្រហម។

ខាងក្រោមនេះជាចំណាប់អារម្មណ៍របស់សិស្សានុសិស្សក្រោយពីបានចូលរួមវេទិកាថ្នាក់រៀន ៖

ខ្ញុំឈ្មោះ កែវ សុហេង ភេទប្រុស អាយុ១៨ គឺជាសិស្សមកពីវិទ្យាល័យ ហ៊ុនសែន អង្គប្រិយ៍។ បន្ទាប់ពីខ្ញុំបានចូលរួមវេទិកាថ្នាក់រៀន ខ្ញុំបានដឹងអំពីរបបប្រល័យពូជសាសន៍ ដូចជា ការសម្លាប់យ៉ាងរង្គាល សម្លាប់អ្នកនយោបាយ ធ្វើបាបប្រជាជនស្លូតត្រង់ ផ្សឹកព្រះសង្ឃ បំបាត់​ជំនឿសាសនា ការលុបបំបាត់ទីផ្សារ និងការធ្វើសង្រ្គាមជាមួយកងទ័ពវៀតណាម។ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ដោយបោកបញ្ឆោត។ ខ្ញុំធ្លាប់បានឮ យាយ តា ដែលរស់នៅឆ្លងកាត់ពីរបបខ្មែរក្រហមប្រាប់ថា «ក្នុ្ងងរបបខ្មែរក្រហមមានការសម្លាប់ប្រជាជនអស់ជាច្រើន បង្អត់អាហារប្រជាជន ធ្វើបាបប្រជាជនស្លូតត្រង់ ប្រជាជនមានជំងឺមិនមានថ្នាំសង្កូវព្យាបាល និងប្រើប្រជាជនធ្វើការងារហួសកម្លាំងពលកម្មថែមទៀត»។ ខ្ញុំមានអារម្មណ៍អាណិតអាសូរដល់ពួកគាត់ ដែលត្រូវខ្មែរក្រហមមកធ្វើបាប ព្រមទាំងសម្លាប់ដោយគ្មានមូលហេតុ។ ការបង្កើតវេទិកាថ្នាក់រៀននេះឡើង សម្រាប់ខ្ញុំគិតថាល្អ ព្រោះផ្ដល់ឱកាសឱ្យយុវជនទាំងអស់បានយល់ដឹងអំពីបញ្ហាដែលកើតឡើងក្នុងរបបខ្មែរក្រហម និងបានជួយបង្កើននូវចំណេះបន្ថែមមួយកម្រិតទៀតទាក់ទងនឹងប្រវត្តិសាស្ត្រឈឺចាប់សម្រាប់ប្រជាជនខ្មែរ។ មិនតែប៉ុណ្ណោះយុវជនទាំងអស់ត្រូវតែខិតខំរៀនសូត្រឱ្យបានជ្រៅជ្រះ ដើម្បីការពារកុំឱ្យមានរបបខ្មែរក្រហមកើតឡើងម្ដងទៀត។ ខ្ញុំគិតថា ការសិក្សារៀនសូត្រពីប្រវត្តិសាស្រ្តខ្មែរក្រហម គឺជាការរួមចំណែកក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងកុំប្រព្រឹត្ត អំពើប្រល័យពូជសាសន៍បន្តទៀត។ ប្រសិនជាមានការបង្កអំពើហិង្សា នឹងនាំឱ្យមានអំពើប្រល័យពូជសាសន៍ម្ដងទៀត ហើយបង្កភាពអន្តិសុខ អស្ថិរភាព សង្គមមានភាពវឹកវរ ធ្វើឱ្យប្រទេសជាតិគ្មានការរីកចម្រើន។ ដើម្បីលុបបំបាត់អំពើហិង្សាយើងត្រូវយល់​ដឹងនូវបញ្ហាទំនាស់ ត្រូវចេះដោះស្រាយទំនាស់ដោយសន្តិវិធី មិនត្រូវប្រើប្រាស់អំពើហិង្សាក្នុងសង្គម ហើយត្រូវចូលរួមចំណែកទប់ស្កាត់រវាងភាគីម្ខាងនិងភាគីម្ខាងទៀត។ ចុងក្រោយខ្ញុំចង់ឱ្យមានវេទិកាថ្នាក់រៀននៅតែបន្តមានលើកក្រោយៗទៀត ដើម្បីសិស្សានុសិស្សទាំងអស់ជាពិសេសសិស្សថ្នាក់ទី១២ សិក្សារៀនសូត្រឱ្យបានច្រើន និងបានដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ និងបានមកមើលផ្ទាល់ដល់ទីតាំងសម្លាប់របស់ខ្មែរក្រហមលើប្រជាជនអស់ជាច្រើនលាននាក់។

ខ្ញុំឈ្មោះ ឈឿន ពិសី ភេទស្រី អាយុ១៨ ជាសិស្សមកពីវិទ្យាល័យ ហ៊ុន សែន អង្គប្រិយ៍។ ខ្ញុំបានដឹងអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដូចជាការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញឱ្យទៅរស់នៅតាមទីជនបទដើម្បីទៅធ្វើស្រែចម្ការ។ ខ្ញុំបានដឹងពីទុក្ខលំបាករបស់ប្រជាជនខ្មែរនៅសម័យនោះដោយត្រូវបានខ្មែរក្រហមធ្វើបាប សម្លាប់យ៉ាងរង្គាល ប្រើឱ្យធ្វើការងារធ្ងន់ធ្ងរហួសកម្លាំង និងគ្មានពេលសម្រាក។ បើប្រៀបធៀបកាលពីរបបខ្មែរក្រហម គឺខុសគ្នាខ្លាំងណាស់ ដោយសារតែរបបខ្មែរក្រហមពិបាករស់នៅ បំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។ ខ្ញុំមានអារម្មណ៍អាណិតអាសូរដល់អ្នករស់រានមានជីវិតរបបខ្មែរក្រហម ព្រោះគាត់បានទទួលរងនូវទុក្ខលំបាកយ៉ាងខ្លាំង។ ខ្ញុំធ្លាប់បានឮជីដូនជីតាខ្ញុំប្រាប់ថា ខ្មែរក្រហមធ្វើបាប បង្ខំឱ្យគាត់ធ្វើការងារធ្ងន់ធ្ងរមិនមានពេលឈប់សម្រាក។ ខ្ញុំគិតថាវេទិកាថ្នាក់រៀនបានផ្ដល់សារសំខាន់យ៉ាងខ្លាំងដល់រូបខ្ញុំផ្ទាល់ និងមិត្តភក្ដិឯទៀត។ ខ្ញុំនៅតែចង់បន្តចូលរួមវេទិកាថ្នាក់រៀន ព្រោះការរៀនសូត្ររឿងប្រវត្តិសាស្រ្តវាល្អដល់យុវជនជំនាន់ក្រោយឱ្យដឹងពីប្រវត្តិសាស្ត្រខ្មែរកាន់តែច្បាស់។

ខ្ញុំឈ្មោះ កែវ ធារី ភេទស្រី អាយុ១៨ គឺជាសិស្សមកពីវិទ្យាល័យ ហ៊ុន សែន អង្គប្រិយ៍។ ក្រោយពីបានចូលរួមក្នុងវេទិកាថ្នាក់រៀន ខ្ញុំទទួលបានចំណេះដឹង អំពីវិធីសាស្រ្តក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ដឹងអំពីផលលំបាកនៃអំពើប្រល័យពូជសាសន៍។ វេទិកាថ្នាក់​រៀនអប់រំដល់យុវជនឱ្យចេះស្រឡាញ់ជាតិសាសន៍ខ្លួនឯង ដើម្បីជួយអភិវឌ្ឃន៍ប្រទេសជាតិ។ ខ្ញុំនៅតែចង់ចូលរួមក្នុងវេទិកាថ្នាក់រៀនបន្តទៀត បើសិនជាមានលើកក្រោយ ព្រោះល្អសម្រាប់សិស្សានុសិស្ស ក្នុងការឈ្វេងយល់ពីប្រវត្តិសាស្ត្រខ្មែរ និងបានចុះទស្សនកិច្ចផ្ទាល់ៗនៅទីតាំងសម្លាប់របស់ខ្មែរក្រហមជាដើម។ ខ្ញុំមានអារម្មណ៍អាណិតអាសូរដល់អ្នករស់រានមានជីវិតពពីរបបខ្មែរក្រហម ដែលបាត់បង់សមាជិកគ្រួសារសាច់ញាតិ។

ខ្ញុំឈ្មោះ បូ ច័ន្ទសក្កដា ភេទប្រុស អាយុ១៨ឆ្នាំ គឺជាសិស្សរៀនថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន អង្គប្រិយ៍។ បន្ទាប់ពីបានចូលរួមវេទិកាថ្នាក់រៀនរួចមក ខ្ញុំទទួលបានចំណេះដឹងជាច្រើន ដូចជា ខ្មែរក្រហមធ្វើបាបប្រជាជន សម្លាប់ប្រជាជន បង្អត់អាហារប្រជាជន និងបង្ខំប្រជាជនឱ្យធ្វើការងារធ្ងន់ៗ។ ប្រជាជនរស់នៅដោយគ្មានសិទ្ធិសេរីភាព គ្មានទីជម្រករស់នៅសមរម្យ និងពេលមានជំងឺគឺគ្មានថ្នាំព្យាបាល។ ខ្ញុំបានដឹងថាខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ដោយយកលេសថាបោសសម្អាតខ្មាំងអាមេរិក និងការទម្លាក់គ្រាប់បែកមកលើទីក្រុងភ្នំពេញ។ អំឡុងពេលជម្លៀសបណ្តាលឲ្យចាស់ជរា កុមារ និងស្រ្តីមានផ្ទៃពោះ ជាច្រើននាក់បានស្លាប់។ ក្រោយពីខ្ញុំបានសិក្សាអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ខ្ញុំមានអារម្មណ៍អាណិតអាសូរដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមយ៉ាងខ្លាំង ដោយសារតែរបបខ្មែរក្រហមសាហាវព្រៃផ្សៃ។ ខ្ញុំមានសំណាងណាស់ដែលកើតមិនទាន់ក្នុងរបបខ្មែរក្រហម។ បច្ចុប្បន្ននេះប្រទេសជាតិមានការរីកចម្រើន គ្រប់វិស័យ អាចឱ្យយើងសិក្សារៀនសូត្របាន មានមធ្យោបាយក្នុងការធ្វើដំណើរបានយ៉ាងងាយស្រួល និងហូប​អាហារគ្រប់គ្រាន់។ ការរៀបចំឱ្យមានវេទិកាថ្នាក់រៀនពីប្រវត្តិសាស្រ្តខ្មែរក្រហមគឺល្អសម្រាប់ខ្ញុំ និងយុវជនឯទៀត ដើម្បីឱ្យយើងសិក្សាឈ្វេងយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រខ្មែរ។ លើសពីនេះទៅទៀត ខ្ញុំបានមើលឃើញផ្ទាល់នៅភស្ដុតាងដែលបន្សល់ទុកពីរបបខ្មែរ​​ក្រហមដូចជា រណ្ដៅសាកសព និងលលាក្បាលដ៍ជាដើម។ ដើម្បីរួមចំណែកក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ យើងត្រូវខិតខំរៀនសូត្រឱ្យមានចំណេះដឹង បណ្ដុះនូវគំនិតល្អៗ កាត់បន្ថយការប្រើប្រាស់អំពើហិង្សា ដោះស្រាយជម្លោះដោយសន្តិវិធី និងត្រូវចេះគោរពសិទ្ធិគ្នាទៅវិញទៅមក។ ចុងក្រោយខ្ញុំចង់ឱ្យមានវេទិកាថ្នាក់រៀននេះមានបន្តទៀត ព្រោះធ្វើឱ្យយើងបានយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រខ្មែរ សម្រាប់ទុកជាចំណេះដឹងផ្ទាល់ខ្លួនតទៅថ្ងៃក្រោយទៀត។

អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវស្តីអំពី «ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន»