តាមរយៈការអនុវត្តគម្រោងស្តីពី «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា យើងសង្កេតឃើញថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពមួយចំនួន មិនបានមកចូលរួមក្នុងកម្មវិធីវេទិកាអប់រំសុខភាព និងទទួលសេវាពិនិត្យសុខភាព និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យ រៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជាកាលពីពេលកន្លងមកថ្មីៗ ឡើយ។ ការខកខានមិនបានចូលរួមនេះ គឺដោយមូលហេតុពិការភាព ដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ឬស្លាប់មួយចំហៀងខ្លួន និងខ្វះខាតឧបករណ៍ជំនួយក្នុងការនាំយកគាត់មកកាន់ទីតាំងកម្មវិធី។
ដោយមូលហេតុនេះ មជ្ឈមណ្ឌលឯកសារកម្ពុជាបានបង្កើតកម្មវិធីផ្តល់រទេះរុញសម្រាប់ជនពិការ និងកាសជំនួយដល់ការស្តាប់សំឡេង ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពទាំងឡាយណា ដែលធ្លាប់បានផ្តល់ការសហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងការប្រមែប្រមូលការចងចាំពីបទពិសោធន៍ក្នុងរបបខ្មែរក្រហមនាពេលកន្លងមក។ ក្នុងដំណាក់កាលដំបូងនេះ មជ្ឈមណ្ឌលឯកសារកម្ពុជា បាននិងកំពុងផ្តល់រទេះរុញចំនួនជាង២០០ ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព នៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
នាថ្ងៃទី១០ និងទី១១ ខែសីហា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បាននាំយករទេះរុញសម្រាប់ជនពិការចំនួន៤គ្រឿងទៀត ទៅប្រគល់ជូនអ្នករស់រានមានជីវិតពីររបបខ្មែរក្រហមដែលមានពិការរភាព ចំនួន៤នាក់ គឺស្រី២នាក់ និងប្រុស២នាក់ រស់នៅឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ អ្នករស់រានមានជីវិតទាំង៤នាក់នោះគឺ ៖ ១) ប៉ាន់ រិន អាយុ៧១ឆ្នាំ ជាប្រធានភូមិស្នោរ ឃុំស្នោ, ២) សុង ហ៊ត អាយុ៨២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទង្គែ ឃុំស្នោ, ៣) ហ៊ាន ខុន អាយុ៧០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្នោ ឃុំស្នោ និង ៤) ប៉ាន់ សុខ អាយុ៦៨ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិស្នោ ឃុំស្នោ។
គោលបំណងនៃការចែករទេះរុញ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើរនិងបង្កើនការប្រាស្រ័យទាក់ទងជាមួយអ្នកជិតខាង ឬចូលរួមនៅក្នុងកិច្ចការងារផ្សេងៗ រាប់ទាំងការបន្តការចែករំលែកការចងចំាពីប្រវត្តិសាស្ត្រខ្មែរក្រហមដល់យុវជនជំនាន់ក្រោយផង។ ការផ្តល់រទេះរុញនេះក៏ជួយសម្រាលបន្ទុកមួយផ្នែកដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងការចំណាយថវិកាទិញរទេះរុញ ឬឧបករណ៍ដែលអាចសម្រួលដល់ការធ្វើដំណើររបស់ខ្លួន។
រាល់ពេលដែលក្រុមការងារផ្តល់រទេះរុញជូនអ្នករស់រានមានជីវិតម្នាក់ៗ យើងសង្កេតឃើញថា អ្នករស់រានមានជីវិតទាំងអស់បានបង្ហាញអារម្មណ៍រំភើប រីករាយ និងពោលពាក្យសម្តីជូនពរដល់ក្រុមការងារ និងមជ្ឈមណ្ឌលឯកសារកម្ពុជា សម្រាប់ការផ្តល់ជូននូវឧបករណ៍ជំនួយដល់ការរស់នៅរបស់គាត់។ អ៊ុំប្រុស ប៉ាន់ សុខ អាយុ៦៨ឆ្នាំ បាននិយាយថា «ខ្ញុំបានរួចផុតពីគុកឥតជញ្ជាំងហើយ»។ អ៊ំស្រីម្នាក់ទៀតឈ្មោះ សុង ហ៊ត អាយុ៨២ឆ្នាំ បានប្រាប់ថា គាត់អាចជិះរទេះនេះចេញក្រៅផ្ទះមើលគេមើលឯង និងទៅវត្តបានវិញហើយ។ ចំណែកអ៊ុំប្រុស ប៉ាន់ រិន អាយុ៧១ឆ្នាំ ដែលជាមេភូមិស្នោ បានបង្ហាញស្នាមញញឹមញញែម ហើយពោលពាក្យថា «ខ្ញុំចង់បានរទេះនេះយូរមកហើយ តាំងពីខ្ញុំធ្លាក់ខ្លួនឈឺដើរលែងរួចមក។ ឥឡូវខ្ញុំបានវាដូចបំណងហើយ។ កន្លងមក ខ្ញុំមានតែឈើច្រត់ឬស្សីមួយសម្រាប់កាន់ដើរទៅបន្ទប់ទឹក។ ដើរម្តងៗ ខ្ញុំពិបាកណាស់! ជួនកាលខ្ញុំដួលផងក៏មាន។ ខ្ញុំស្រឡាញ់រទេះរុញនេះណាស់។ ខ្ញុំមិនចាំបាច់ពឹងពាក់កូនចៅទៀតទេ។ ខ្ញុំនឹងរៀនជិះវាឲ្យស្ទាត់ ហើយខ្ញុំអាចចេញក្រៅផ្ទះធ្វើលំហាត់ប្រាណរៀងរាល់ព្រឹក និងល្ងាចបានដោយស្រួល។ ទោះបីជាខ្ញុំមិនជិះវា ក៏ខ្ញុំចាត់ទុកវាជាឈើច្រត់របស់ខ្ញុំ ព្រោះខ្ញុំអាចកាន់ដៃទាំងពីររបស់វាបាន។ វាមានហ្វាំងសម្រាប់ចាប់ ពេលដែលខ្ញុំចង់ឈប់។ វាងាយស្រួលណាស់។ ខ្ញុំសូមអរគុណក្មួយ និងមជ្ឈមណ្ឌលឯកសារកម្ពុជាជាខ្លាំង ព្រោះក្មួយ និងមជ្ឈមណ្ឌលឯកសារកម្ពុជា បានបំពេញក្តីស្រមៃរបស់ខ្ញុំ។ ខ្ញុំមិនភ្លេចគុណនេះទេ»។
អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា